ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នក​ឃ្លាំ​មើល​ស្នើ​ឲ្យ​មាន​ការ​ចាត់ចែង​ប្រាក់​ពិន័យ​ចរាចរណ៍​ឲ្យ​មាន​តម្លាភាព


ក្រុម​ប៉ូលិស​បញ្ជា​ចរាចរណ៍​នៅ​ខាង​ក្រៅ​ទី​កន្លែង​នៃ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៨​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០០២។
ក្រុម​ប៉ូលិស​បញ្ជា​ចរាចរណ៍​នៅ​ខាង​ក្រៅ​ទី​កន្លែង​នៃ​​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​លើក​ទី​៨​នៅ​ទី​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០០២។

ប្រាក់​ពិន័យ​សរុប​ក្នុង​រយៈពេល​ពេញ​មួយ​ខែ​មករា​នេះ​​ ​​​មាន​ចំនួន​ជាង​២​ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង​៥០ម៉ឺន​​ដុល្លារ​សហរដ្ឋ​អាមេរិក។

ខណៈ​ពេល​ដែល​ ប្រាក់​ពិន័យ​បទ​ល្មើស​ចរាចរណ៍ កំពុង​កើន​ឡើង​យ៉ាង​គំហុក​នោះ នីតិ​វិធី​នៃ​ការ​ប្រើប្រាស់​ប្រាក់នេះ ​កំពុង​ស្ថិត​នៅ​ក្រោម​កិច្ចពិភាក្សា​ពី​សំណាក់​ក្រុម​អ្នក​តាម​ដាន​គោល​នយោបាយ​ និង​ការ​វិវត្ត​សង្គម​កម្ពុជា។

ច្បាប់​ចរាចរណ៍​ថ្មី ដែល​មាន​ទំនោររឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​ការ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ ដែល​មាន​ចំនួន​ច្រើន​ ត្រូវ​បាន​អនុវត្ត​ចាប់តាំង​ពី​ដើម​ឆ្នាំ​២០១៦នេះ។

ប្រាក់​ពិន័យ​សរុប​ក្នុង​រយៈពេល​ពេញ​មួយ​ខែ​មករា​នេះ ​មាន​ចំនួន​ជាង​២​ពាន់​លាន​រៀល ឬ​ប្រមាណ​ជាង​៥០ម៉ឺនដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​របាយ​ការណ៍​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ប្រចាំ​ខែ​មករា​ ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។

នៅ​ក្នុង​ប្រកាស​អន្តរ​ក្រសួង​នៃ​ក្រសួង​មហា​ផ្ទៃ​ ​និង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៥​ កំណត់​ថា​ ប្រាក់​ពិន័យ​ចំពោះ​អំពើ​ល្មើស​ចរាចរណ៍​៧០​ភាគរយ​ នឹងត្រូវ​បាន​ទៅ​លើមន្ត្រី​នគរបាល​ចរាចរណ៍​ដែល​បំពេញ​ភារកិច្ច​នៅ​តាម​គោល​ដៅ​នីមួយៗ។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ លោក​ រុន រ័ត្នវាសនា ​ឲ្យដឹងថា ​ជា​គោល​ការណ៍ ប្រាក់​ពិន័យ​ដែល​ទទួល​បាន​ ត្រូវ​ធ្វើ​ការ​បែង​ចែក​ទៅ​ដល់​ដៃ​មន្ត្រី​នគរ​បាល​ក្រោយ​១៥​ថ្ងៃនៃ​ការ​បង់​ប្រាក់​ពិន័យ​នៅ​តាម​ស្នាក់​ការ។

លោក ​រុន​ រ័ត្ន​វាសនា ពន្យល់​ពី​នីតិ​វិធី​នៃ​ការ​បង់​ប្រាក់​ផាក​ពិន័យ​យ៉ាង​ដូច្នេះ​ថា៖

«ទី១​គាត់​ចេញ​បង្កាន់ដៃ។ បង្កាន់ដៃ​ពិន័យ មិន​មែន​ជា​បង្កាន់ដៃ​បង់​ប្រាក់​ទេ។ ហើយ​ទើប​យក​បង្កាន់​ដៃ​ពិន័យ​ទៅ​បង់​ប្រាក់។​ គាត់​រក​ប៉ុស្តិ៍ ​ស្នាក់​ការ​បង់​ប្រាក់​ហ្នឹង​នៅកន្លែង​ណា​ដែរ​ ជិត​សម្រាប់​គាត់។ អញ្ចឹង គាត់​ទៅ​បង់​នៅ​ហ្នឹង​ទៅ។ អញ្ចឹង ថវិកា​ទាំង​អស់ហ្នឹង គឺ​ប្រមូល​ទៅ​ខាង​ស្នងការ​ ហើយ​បាន​បែង​ចែក​គ្នា។​ កាល​ណា​គេ​បែង​ចែក​គ្នា​ហើយ​ គេ​ទូទាត់​នឹង​ក្រដាស​ស្នាម។ ធម្មតា​ វា​មាន​បង្កាន់ដៃ​បង់​ប្រាក់»។

ក្នុង​អំឡុង​ពេលមួយ​ខែ​នៃ​ការ​រឹត​បន្តឹង​ច្បាប់​ថ្មី​នេះ​ មន្ត្រី​នគរ​បាល​ចរាចរណ៍​បាន​ត្រួត​ពិនិត្យ​យាន​យន្ត​សរុប​ចំនួន​ប្រមាណ​ជិត​មួយ​លាន​គ្រឿង​ ក្នុង​នោះ​យាន​យន្ត​ដែល​ល្មើស ​មាន​ចំនួន​ជាង​២សែន​គ្រឿង​ ជនល្មើស​ជាតិ​ស្រវឹង​ចំនួន​ជិត​២​ពាន់​នាក់ និង​បាន​បញ្ជូន​ទៅ​តុលាការ​ចំនួន​៥៨នាក់។

គិត​ត្រឹម​ខែ​មករា​នេះ​ នាយកដ្ឋាន ​នគរបាល​ចរាចរណ៍​ទទួល​បាន​៧៣%​នៃ​ប្រាក់ផាក​ពិន័យ​សរុប។

ក្រុម​អ្នក​តាម​ដាន​គោល​នយោបាយ​ និង​ការ​វិវត្ត​សង្គម​កម្ពុជា ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​យន្តការ​នៃ​ការ​បែង​ចែក​ប្រាក់ពិន័យ​នេះ ក៏​ប៉ុន្តែ​ពួកគេ ទទូច​ឲ្យ​មាន​ការ​ចំណាយ​ដោយ​ប្រុង​ប្រយ័ត្ន។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ ​គាំទ្រ​យន្តការ​ផាក​ពិន័យ​ថ្មី​នេះ។

ប៉ុន្តែ ​លោក​គិត​ថា ​រូបមន្ត​ថ្មី​នេះ ​ទំនង​ជា​ចំណាយ​ពេល​យូរ​ទម្រាំ​ប្រាក់​នោះ​ទៅ​ដល់​ដៃ​មន្ត្រី​នគរបាល​ជាក់​ស្ដែង ។

«រូបមន្ត​ថ្មី​នេះ​ វា​យូរ។ ទម្រាំ​អ្នក​ពិន័យ​នេះ​គេ​ទៅ​បង់។ ហើយ​ការ​ទូទាត់ថវិកា​ទៅដល់​ប៉ូលិស ​វា​យូរ​ដែរ។ នេះ​ ជា​ឧបសគ្គ​មួយ​ ហើយ​យើង​ក៏​បារម្ភ​ដែរ​ថា​រូបមន្ត​បែប​ហ្នឹង ​អាច​ធ្វើឲ្យ​ហានិភ័យ ឬ​ក៏​ប៉ូលិស​មិន​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ផាក​ពិន័យ​ ដោយសារ​តែ​ការគ្រប់គ្រង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ មាន​ទម្លាប់​នៃ​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ​ ធ្វើ​ឲ្យ​ប្រព័ន្ធ​ដែល​គេ​ស្នើ​សុំ​ ត្រូវ​បាន​វាយតម្លៃ​ជោគជ័យ​ទាប»។

លោក​ សន​ ជ័យ ពន្យល់​ថា ទិដ្ឋភាព​រួម​នៃ​ការ​បែង​ចែក​ប្រាក់​ពិន័យ​៧០%​ដល់​មន្ត្រី​ចរាចរណ៍​តាម​គោលដៅ​ ហាក់​ដូច​ជា​កំពុង​រួម​ចំណែក​ក្នុង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍។

ប៉ុន្តែ ​អតុល្យភាព​នៃ​ការ​បែង​ចែក​ផល​ចំណេញ​ពី​ការ​ផាក​ពិន័យ​ គឺ​ជា​ក្តី​បារម្ភ​របស់​លោក។​

លោក​ មាន​ប្រសាសន៍​ថា​ ការ​បែងចែក​ប្រាក់​ពិន័យ​ទៅ​តាម​ចំនួនករណី​ដែល​ប៉ូលិស​ចរាចរណ៍នីមួយៗ​ បាន​ធ្វើការ​ផាក​ពិន័យ​នេះ អាច​នឹង​បង្ក​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​នា​ពេល​ខាង​មុខ។

«អត្តសញ្ញាណ​មន្ត្រី​រាជការ​ដូច​គ្នា តែ​ជោគវាសនា​ផ្សេងគ្នា។ ប៉ូលិស​ ត្រូវ​ប៉ាន់ ​តែ​ប៉ូលិស​ចរាចរណ៍​នៅ​ទី​ប្រជុំជន​ ចុះ​ប៉ូលិស​ចរាចរណ៍​តាម​ទី​ជនបទ? ប៉ូលិស​ដូច​តែ​គ្នា​ហ្នឹង។​ ថ្ងៃ​ក្រោយ​ អាច​នាំ​ឲ្យ​មាន​ទំនាស់​រវាង​ប៉ូលិស​ចរាចរណ៍។ អញ្ចឹង ប៉ូលិស​តាម​ជនបទ ​សុំ​ដូរ​មក​កណ្ដាល​ភ្នំពេញ​ក្រែង​បាន​ប្រាក់​ផាក​ច្រើន​ដូច​គេ»។​

លោក​ សន​ ជ័យ ស្នើ​ឲ្យ​រដ្ឋាភិបាល ​បែង​ចែក​ផល​ចំណេញ​នេះ​ឲ្យ​មាន​ភាព​ស្មើ​គ្នា​ក្នុង​រង្វង់​ភាគី​ពាក់ព័ន្ធ ចៀស​វាង​មាន​ការ​បាក់​ទឹក​ចិត្ត​ពី​សំណាក់​មន្ត្រី​អនុវត្ត​ច្បាប់ក្នុង​រូបភាពណា​មួយ។

លោក​ ណែប ស៊ីនថៃ នាយក​វិទ្យាស្ថាន​តស៊ូ​មតិ ​និង​គោល​នយោបាយ ​គាំទ្រ​ការផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍​នេះ ក៏​ប៉ុន្តែ​រូប​លោក ក៏​ចង់ឲ្យ​មាន​ការ​បែង​ចែក​ថវិកា​មួយ​ចំនួន​ចំពោះ​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​ចរាចរណ៍​ និង​មួយ​ចំនួន​ទៀត ប្រើប្រាស់​ទៅលើ​ផលប្រយោជន៍​ការងារ​ចរាចរណ៍​ តួយ៉ាង​ការ​បន្ថែម​ស្លាក​សញ្ញា​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ​ជាដើម។

ទន្ទឹម​នឹង​ការ​ចង់​ឃើញ​ប្រាក់​បៀវត្ស​សមរម្យ​សម្រាប់​មន្ត្រី​ចរាចរណ៍​ លោក​ ណែប​ ស៊ីនថៃ ​អះអាង​ថា​ ការ​បំពេញ​ភារកិច្ច​របស់​មន្ត្រី​ចរាចរណ៍ មិន​គួរ​គប្បី​ចាំទាល់តែ​មាន​ប្រាក់​លើក​ទឹក​ចិត្ត​នោះ​ទេ។

«បើ​និយាយ​មួយ​ភ្លែត​យើង​យល់ថា​ នេះ​ជា​រង្វាន់​លើក​ទឹកចិត្ត​ដល់​មន្ត្រី ​ដើម្បី​ធ្វើការ​ឲ្យ​បាន​សស្រាក់​សស្រាំ។ តែ​បើ​ក្រឡេក​មួយ​ផ្នែក​ទៀត វា​បង្ហាញ​ថា​ស្ថាប័ន​ដែល​មាន​កាតព្វកិច្ច ​ធ្វើ​ការងារ​នេះ​ បែរ​ជា​ធ្វើការ​មិន​បាន​ពេញ​លេញ ទាល់​តែ​មាន​ប្រាក់​បន្ថែម ​បាន​ធ្វើការ»។

យ៉ាងណាមិញ​ លោក​ រុន​ រ័ត្ន​វាសនា អះអាង​ថា​ នីតិវិធី​នៃ​ការ​បង់​ប្រាក់ និង​បែង​ចែក​ប្រាក់​ពិន័យ​នេះ មាន​ការ​ទូទាត់​បញ្ជី​ជា​រៀង​រាល់​ថ្ងៃ។ ហើយ​លោក​ថា​ ការ​ធ្វើ​ដូច្នេះ​ វា​មាន​តម្លាភាព ​ជាងការ​ទូទាត់​ការ​ផាក​ពិន័យ​ជា​សាច់​ប្រាក់​ភ្លាមៗ​ដូច​លើក​មុន។

«យើង​ឃើញ​អនុវត្ត​មួយ​ខែ​នេះ​ មិន​មាន​បញ្ហា។ មាន​តម្លាភាព​ ដោយសារ​ទី១ អ្នក​ចេញ​បង្កាន់ដៃ​ពិន័យ​ មិន​មែន​ជា​អ្នក​ទទួល​ប្រាក់ពិន័យ។ អញ្ចឹង ​គាត់​អត់​ដឹង​ថា ​បង់​ប៉ុន្មាន​អី​ប៉ុន្មាន​ទេ។ គាត់​មាន​សិទ្ធិ​ចេញ​តែ​ក្រដាស​ហ្នឹង។ គាត់​អត់​មាន​បាន​ទទួល​ថវិកា​ទេ។ អញ្ចឹង ​វា​មាន​តម្លាភាព​ហើយ ហើយ​អ្នក​ដែល​យក​បង្កាន់ដៃ​ទៅ​បង់​ប្រាក់​ កាល​ណា​គាត់​ឃើញបង្កាន់​ដៃ​ពិន័យ​ប៉ុណ្ណា​ គាត់​ចេញ​បង្កាន់ដៃ​បង់​ប្រាក់​ប៉ុណ្ណឹង»។

លោក​ រុន​ រ័ត្ន​វាសនា​ បញ្ជាក់​ថា​ រដ្ឋាភិបាល​ មាន​គម្រោង​រៀប​ចំ​ឲ្យ​មាន​ការ​បង់​ប្រាក់​ពិន័យ​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​នា​ពេល​អនាគត ​ដើម្បី​បន្ថែម​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ និង​ធានា​តម្លា​ភាព​នៃ​ការ​បង់​ប្រាក់​ឲ្យ​កាន់​តែ​ខ្ពស់​ថែម​ទៀត។

នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​កាល​ពី​ថ្ងៃ​ច័ន្ទ​នោះ ក្រសួង​មហាផ្ទៃ​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​ចំនួន​៧​ក្រុម​បន្ថែមទៀត។ ក្នុង​នោះ​ រួម​មាន​ ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​សាលា​បង្រៀន​បើកបរ ​ក្រុម​ការងារ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ក្រុម​ការងារ​ផ្សព្វផ្សាយ​អប់រំ ក្រុម​ការងារ​ត្រួតពិនិត្យ​ល្បឿន និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​ជាតិ​ស្រវឹង ក្រុម​ការងារ​ចល័តត្រួតពិនិត្យ​បទ​ល្មើស​ចរាចរណ៍​ ក្រុម​ការងារ​គ្រប់គ្រង​ទិន្នន័យ​យានយន្ត​ ហើយ​និង​ក្រុម​សង្គ្រោះ​បន្ទាន់។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​នេះ​ដែរ លោក​ ស ខេង ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក៏​លើក​ឡើង​ពី​គម្រោង​នៃ​ការ​ដាក់​ក្រុម​ការងារ​នៅ​តាម​ហាង​លក់​គ្រឿង​ស្រវឹង​ ឬ​រង្គសាល​នានា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ក្រោម​ឥទ្ធិពល​នៃ​គ្រឿងស្រវឹង​ផង​ដែរ៕

XS
SM
MD
LG