ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្លាប់​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន​នៅ​ទូទាំង​ពិភពលោក ឡើង​ដល់ ៨ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧


ទិដ្ឋភាព​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២០។
ទិដ្ឋភាព​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២០។

របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការបំពុល​បរិស្ថាន មាន​ចំនួន​ច្រើន​ជាង​បីដង បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​អេដស៍ ជំងឺ​របេង និង​ជំងឺ​គ្រុនចាញ់​បូកបញ្ចូល​គ្នា។ ការស្លាប់​ដោយសារ​ការបំពុល​បរិស្ថាន នេះ​នាំ​មុខគេ។ ក៏ប៉ុន្តែ ​ទោះ​ជា​មាន​ការរកឃើញ​យ៉ាង​នេះ​ក្តី ប្រទេស​ជាច្រើន នៅក្នុង​ពិភពលោក មិន​បានយកចិត្ត​ទុកដាក់​លើ​បញ្ហា​នេះ​ទេ។

របាយការណ៍​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ខ្យល់​និង​ទឹកកខ្វក់ ការពុល​ដោយ​សារធាតុ​សំណ និង​ការបំពុល​ខ្យល់​អាកាស​នៅ​កន្លែង​ធ្វើការ បាន​សម្លាប់​មនុស្ស​ប្រហែល ៨ លាន ៣សែន នាក់ នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៧។

ចំនួន​ស្លាប់​ខាង​លើ​នេះ គឺ​ច្រើន​ជាង អ្នកស្លាប់​ដោយសារ​ការជក់បារី​ទៅ​ទៀត ហើយ​ក៏​ច្រើនជាង​អ្នកស្លាប់​ដោយសារ​ការសេព​គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន ការបរិភោគ​អាហារ​មិនល្អ ជម្ងឺ​ឆ្លងធំៗ និង​សង្គ្រាម​ផងដែរ។

ក៏ប៉ុន្តែ ប្រទេស​ជាច្រើន​នៅក្នុង​ពិភពលោក មិន​បាន​យកចិត្ត​ទុកដាក់​លើ​បញ្ហា​នៃ​ការស្លាប់​ដោយសារ​ការបំពុល​បរិស្ថាន​នេះ​ទេ។

ការលើកឡើង​ខាង​លើ​នេះ គឺ​យោង​ទៅ​តាម​របាយការណ៍​របស់​សម្ព័ន្ធ​សកល​ស្តីពី​សុខភាព​និង​ការបំពុល​បរិស្ថាន (Global Alliance on Health and Pollution)។ សម្ព័ន្ធភាព​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នកស្រាវជ្រាវ ក្រសួង​សុខាភិបាល​ជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​សហ​ប្រជាជាតិ។

នាយិកា​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​សកល​ស្តីពី​សុខភាព​និង​ការបំពុល​បរិស្ថាន អ្នកស្រី Rachael Kupka បាន​ថ្លែង​ថា៖

«របាយការណ៍​បាន​បង្ហាញ​ថា ជាការពិត​ទៅ​វិបត្តិ​សុខភាព​សកល​នៅតែ​មិនទាន់​ត្រូវបាន​គេ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ដិតដល់ នៅតែ​មិនទាន់​បាន​ដោះស្រាយ​នៅឡើយ និង​នៅ​ខ្វះ​ធនធាន​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ»។

របាយការណ៍​នោះ​បាន​លើក​ឡើង​ថា ការបំពុល​បរិស្ថាន​ដោយសារ​ការខ្វះ​អនាម័យ និង​ការចម្អិន​ម្ហូប​ដែល​ធ្វើ​ឲ្យ​មាន​ផ្សែង​ច្រើន បាន​ធ្លាក់ចុះ ប៉ុន្តែ​ការបំពុល​ដោយសារ​រោងចក្រ រថយន្ត និងជាតិគីមីពុលផ្សេងៗ កំពុងតែ​កើន​ឡើង។

អ្នកស្រី Rachael Kupka បាន​ថ្លែង​ថា ការវិនិយោគ​អន្តរជាតិ​ បានផ្តោត​ទៅលើ​ការបំពុល​បរិស្ថាន ដែល​មកពី​ការខ្វះ​អនាម័យ និងផ្សែង​ចម្អិន​ម្ហូប​អាហារ។

«ផ្នែក​អនាម័យ​ទឹក ដូច​ដែល​ខ្ញុំ​បាន​និយាយ​ពី​ខាងដើម ត្រូវ​បានគេ​ធ្វើ​វិនិយោគ​ច្រើន​លើ​វា។ ដូច្នេះ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​បញ្ហា​ទឹក បាន​ថយ​ចុះ រីឯ​បញ្ហា​ផ្សេង​ទៀត​ ដែល​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន​ដោយសារ​រោងចក្រ រថយន្ត និង​ជាតិ​គីមី​ពុល​ផ្សេងៗ មិន​ត្រូវ​បាន​គេ​ធ្វើវិនិយោគ​ច្រើន និង​យកចិត្ត​ទុកដាក់ច្រើន​ដូច​នោះ​ឡើយ»។

ប្រទេស​ឥណ្ឌា និង​ចិន​មាន​ចំនួន​មនុស្ស​ស្លាប់​សរុប​ដែល​ទាក់ទង​នឹង​ការបំពុល​បរិស្ថាន​ច្រើនជាង​គេបំផុត បន្ទាប់មក​គឺ​ប្រទេស​នីហ្សេរីយ៉ា ឥណ្ឌូណេស៊ី និង​ប៉ាគីស្ថាន។ សហរដ្ឋ​អាមេរិក​ស្ថិត​នៅ​លំដាប់​ទី ៧ ។

អ្នកស្រី Kupka បានថ្លែងទៀតថា៖

«មាន​ប្រទេស​មក​ពី​ស្ទើរតែ​គ្រប់​តំបន់​នៃ​ពិភពលោក​ដែល​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស ១០ លើ​គេ។ យើង​ពិតជា​រង​ផលប៉ះពាល់​ទាំងអស់គ្នា មិន​ថា​យើង​នៅ​ទីណា​នោះ​ទេ»។

ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាងគេ​នៅ​ទូទាំង​ពិភពលោក​ គឺ​ដោយសារ​ការ​បំពុល​ខ្យល់​អាកាស ដែល​មាន​ចំនួន ៤០%។

អ្នកស្រី Kupka ​បាន​ថ្លែង​ទៀត​ថា ដំណឹងល្អ​នោះ​គឺថា ការគ្រប់គ្រង​ការបំពុល​ខ្យល់​អាកាស​គឺ​មាន​ហើយ ដែល​វា​អាច​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​បាន។

អ្នកស្រី Kupka ​បាន​បន្ថែម​ទៀត​ថា៖

«មាន​វិធានការ​មាន​ប្រសិទ្ធិភាព​ដែល​មិន​សូវ​ចំណាយ​ថវិកា​ច្រើន ដែល​ប្រទេស សហគមន៍ និង​ទីក្រុង​នានា​អាច​អនុវត្ត​បាន ដើម្បី​កាត់បន្ថយ​ជំងឺ​ដែល​បណ្តាល​មកពី​ការបំពុល​បរិស្ថាន»។

អាជ្ញាធរ អាច​អនុម័ត​និង​ពង្រឹង​ការគ្រប់គ្រង​ការបញ្ចេញ​ឧស្ម័ន​ពី​យានយន្ត និង​ពី​បំពង់​បញ្ចេញ​ផ្សែង​ទៀត តម្រូវ​ឱ្យ​កម្មករ​ពាក់​ឧបករណ៍​ការពារ​ខ្លួន និង​តម្រូវ​ឲ្យ​មាន​វិធានការ​ផ្សេងៗ​ទៀត​ដែល​មាន​ជាស្រេច​ហើយ​នោះ នៅក្នុង​ប្រទេស​ជាច្រើន​ទៀត។

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG