ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បរិស្ថាន​នៅអាស៊ីអាគ្នេយ៍ថា តំបន់​នេះ​ត្រូវ​តែ​ប្រឹង​ប្រែង​បន្ថែម


រូបភាព​កោះ​ជាច្រើន​នៅ​ខេត្ត​ភូកេត​ ប្រទេស​ថៃ
រូបភាព​កោះ​ជាច្រើន​នៅ​ខេត្ត​ភូកេត​ ប្រទេស​ថៃ

សកម្មជន​​បរិស្ថាន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ រួម​ទាំង​សមភាគី​វ័យ​ក្មេង សកម្មជន​វ័យជំទង់ និង​នាង Greta Thunberg ដែល​ជា​មនុស្ស​ល្បី​ប្រចាំ​ឆ្នាំ​នៃ​ទស្សនាវដ្តី​ Time ព្រួយបារម្ភ​ថា សារធារណជន​នៅក្នុង​ទ្វីបអាស៊ី មិន​ផ្តោតការ​យក​ទុកដាក់​ទៅ​លើ​ភាព​បន្ទាន់​ក្នុង​ការដោះស្រាយ​បញ្ហា​​បម្រែ​បម្រួល​អាកាសធាតុ។

សក​ម្មជន​បរិស្ថានក្នុង​តំបន់​ត្អូញត្អែរ​ថា អាជ្ញាធរ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ បាន​ចាកចេញ​ពី​ការ​ចរចា​លើ​បញ្ហា​អាកាសធាតុ​ក្នុង​កិច្ចប្រជុំ​កំពូល​ដែល​គេ​ស្គាល់​ថា COP25 ក្នុង​ទីក្រុង Madrid កាលពី​ខែ​ធ្នូ កន្លង​ទៅ​នេះ ដោយ​មិន​បានធ្វើការ​ប្តេជ្ញាចិត្ត​ធ្វើ​ផែនការ​អាកាសធាតុ​ថ្មី​សម្រាប់​ឆ្នាំ​២០២០ ដូច​ដែល​ប្រទេស​ផ្សេងៗ​ទៀត​បាន​ធ្វើ​នោះ​ទេ។

ការចរចា​ទាំងនោះ គឺ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​មួយ​ដើម្បី​អនុវត្ត​ផែនការ ដែល​បាន​ព្រមព្រៀង​នៅក្នុង​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​២០១៥ ដើម្បី​កាត់បន្ថយ​ការបំភាយឧស្ម័ន​ផ្ទះកញ្ចក់​សកល។ ក៏ប៉ុន្តែ ការចរចា​ជា​លក្ខណៈ​អន្តរជាតិ​ទាំងឡាយ​មិន​បាន​ជោគជ័យ​នោះ​ទេ ដោយសារ​តែ​អ្នក​ចរចា​មិន​អាច​ព្រមព្រៀង​នឹង​គ្នា​បាន​ថា តើ​ប្រទេស​អ្នកមាន​គួរតែ​ចំណាយ​ប៉ុន្មាន ដើម្បី​ជួយ​ប្រទេស​ដែល​ខ្វះខាត​ក្នុង​ការ​អនុវត្ត​ផែនការ​ទាំងនោះ។

រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ជាច្រើន ចង់បាន​មូលនិធិ​ជំនួយ​ពី​ប្រទេស​អ្នកមាន ប៉ុន្តែ​អ្នកចូលរួម​នៅក្នុង​ការចរចា ក៏​បាន​និយាយ​ផងដែរ​ថា រដ្ឋាភិបាល​នានា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក៏​គួរតែ​សន្យា​ថា នឹង​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ឲ្យ​កាន់តែ​ច្រើន​ផងដែរ។

អ្នកស្រី Sarah Elago សមាជិក​ម្នាក់​នៃ​សភា​តំណាងរាស្រ្ត​ហ្វីលីពីន បាន​និយាយ​ថា៖

«ស្ថានភាព​នេះ​សំខាន់។ យុវជន​របស់​យើង កំពុង​បំផុស​ចលនា និង​បាតុកម្ម​ ដោយសារ​ពួកគេ​ដឹង​ថា រដ្ឋាភិបាល​មាន​ពេល​តែ​១០ឆ្នាំ​ទៀត​ប៉ុណ្ណោះ ក្នុងការ​ធ្វើការ​ដើម្បី​ឲ្យ​ពួកគេ​មាន​អនាគត​ល្អ។ តើ​មូលហេតុអ្វី​បានជា​ក្មេងៗ ធ្វើ​សកម្មភាព​ច្រើន​ជាង​មនុស្ស​ពេញវ័យ ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នោះ?»។

ដូចជា​ប្រទេស​ហ្វីលីពីន​ដែរ ស្ទើរតែ​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ​មាន​កោះ​ជាច្រើន ឬ ឆ្នេរ​សមុទ្រ​វែង​ ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងនោះ​ងាយ​នឹង​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ។

ហេតុផល​ខាងលើ​នេះ​ហើយ បានជា​សកម្មជន​ក្នុង​តំបន់​នេះ​ មាន​ការព្រួយបារម្ភ នៅ​ពេលដែល​រដ្ឋាភិបាល​របស់​ពួកគេ មិន​បាន​ផ្តល់​នូវ​ផែនការ​តឹងរឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​អាកាស​ធាតុ ដែល​ត្រូវ​បាន​គេ​ស្គាល់ពី​មុន​ថា ជា​សន្និសីទ​ស្តីអំពី​បម្រែបម្រួល​អាកាស​ធាតុរបស់​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​បញ្ចប់​ទៅ​កាលពី​ពាក់កណ្តាល​ខែធ្នូ។

សកម្មជន​នានា បាន​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​ក្នុង​តំបន់​ឲ្យបង្កើត​ផែនការ​ដើម្បី​ដោះស្រាយបញ្ហា​បម្រែបម្រួល​អាកាសធាតុ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​នោះ និយាយ​ថា ពួកគេ​កំពុង​ធ្វើការ​អស់ពី​សមត្ថភាព​ហើយ ដោយ​សង្កត់​ធ្ងន់​ថា ប្រទេស​កំពុង​អភិវឌ្ឍ​មិន​បាន​បង្កើត​បញ្ហា​នេះ​នោះ​ទេ។

ប្រទេស​ខ្លះ​និយាយ​ថា​ វា​មិន​បាន​ប្រយោជន៍​អ្វី​ច្រើន​មក​វិញ​ទេ​ក្នុង​ការ​ផ្តល់​វិធានការ​ដើម្បី​ដោះស្រាយ​នោះ បើ​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រភព​បំភាយ​ឧស្ម័ន​ផ្ទះកញ្ចក់​ច្រើន​ជាង​គេ​បំផុត ដែល​ទើប​តែ​ត្រូវ​បាន​នាំ​មុខ​ដោយ​ចិន​វិញ​នៅពេល​ថ្មីៗ​នេះ ​មិន​បាន​ធ្វើ​អ្វី​សោះ​នោះ។

លោក Basav Sen នាយក​ផ្នែក​គោល​នយោបាយ​អាកាស​ធាតុ​នៃ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​ ដែល​មាន​ទីតាំង​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែង​ថា ប្រទេស​កំពុង​អភិវឌ្ឍ​ជុំវិញ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​តំបន់ផ្សេង​ទៀត​កំពុង​រង​ផលប៉ះពាល់​ដោយសារតែ​ប្រទេស​មានឧស្សាហកម្ម​រីកចម្រើន​ ​កំពុង​ធ្វើការ​បំពុល។​

លោក​ Basav Sen បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​ផ្សាយក្នុងកាសែតUSA Today ថា៖

«គោលនយោបាយ​របស់​ប្រទេស​របស់​យើង គឺ​សហរដ្ឋ​អាមេរិក យើង​ផ្តល់​អាទិភាព​លើ​ការ​ពង្រឹង​ឧស្សាហកម្ម​ប្រេង​និង​ឧស្ម័ន ជាជាង​ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​មនុស្ស​ជា​ច្រើន​ពាន់លាន​នាក់ពឹង​ផ្អែក ដើម្បី​ទទួល​បាន​អាហារ ទឹក និង​ទីលំនៅ​នោះ»។​

លោក​បាន​ផ្តល់​ជា​អនុសាសន៍​ថា៖

«រដ្ឋាភិបាលក្នុង​ពិភពលោក​ដែល​មាន​ការទទួល​ខុសត្រូវ អាច​បំបាក់​មុខ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ជា​សារធារណៈ ចំពោះ​គោលនយោបាយ​អាកាសធាតុ​របស់​ប្រទេស​នេះ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Abel Da Silva ​សមាជិក​សភា​របស់​ទីម័រ​ខាង​កើត​បាន​និយាយ​ថា តំបន់​អាស៊ី​អាគ្នេយ៍​គួរ​តែ​ធ្វើ​ច្រើន​ជាង​នេះ។

«យើង​មិន​អាច​ឈរ​មើល​គ្រោះមហន្តរាយ​នេះ​បាន​ទេ។ អាស៊ី​អាគ្នេយ៍​កំពុង​រួម​ចំណែក​ក្នុងការ​ធ្វើ​ឲ្យ​មាន​បម្រែបម្រួល​អាកាសធាតុ តាមរយៈ​ការ​ពឹង​លើ​ធ្យូង ការ​កាប់​ព្រៃឈើ និង​វិបត្តិ​នៃ​ខ្យល់​កខ្វក់ និង​កង្វះ​មហិច្ឆតា​ក្នុងការផែនការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​របស់​ខ្លួន»។

លោក Da Silva បន្ត​ថា តំបន់​នេះ​ត្រូវ​តែ «ផ្លាស់ប្តូរ​និន្នាការ​ប្រវត្តិសាស្រ្តដ៏​គួរ​ឲ្យ​អាម៉ាស​មួយ​នេះ និង​កែតម្រូវឡើង​វិញ​នូវ​អតីតកាល​ដែល​ខុស​ចំពោះ​បញ្ហា​អាកាសធាតុ​នេះ»។

ប្រទេស​នានា​ជាទូទៅ​បាន​ដាក់​បញ្ចូល​ផែនការ​សកម្មភាព ថា​តើ​ពួកគេ​នឹង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័នផ្ទះ​កញ្ចក់​យ៉ាង​ណា នៅឯ​សន្និសីទ​ប្រចាំឆ្នាំ​ស្តី​ពី​អាកាសធាតុ​របស់អ.ស.ប.។ ទោះ​ជា​ប្រទេស​ខ្លះ បាន​ធ្វើ​កិច្ចការ​ច្រើន​ផ្សេងទៀត​ដើម្បី​ទប់ទល់​នឹង​បម្រែបម្រួល​អាកាសធាតុ ដូចជា​ការ​សាងសង់​ជញ្ជាំង​ដើម្បី​ទប់​នឹង​ការ​ឡើង​កម្ពស់​ទឹក​ក៏ដោយ ក៏​ការបំភាយ​ឧស្ម័ន គឺ​ជា​បញ្ហា​ចម្បង។

ប្រទេស​ឡាវ ដែល​កំពុង​ព្យាយាម​អភិវឌ្ឍ​ទំនប់​វារីអគ្គិសនី ជា​ឧស្សាហកម្ម​ចម្បង​នោះ គឺ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍តែ​មួយ​គត់ ដែល​បាន​ដាក់​គោលដៅ​ក្នុង​ការមិនបំភាយ​ឧស្ម័ន​កាបូន​ទាល់តែ​សោះ​ឲ្យ​បាន ត្រឹម​ឆ្នាំ​២០៥០ ហើយ​ឡាវ​ក៏​ជា​ប្រទេស​តែ​មួយ​ដែរ​ក្នុង​តំបន់​នេះ ដែល​មិន​ជាប់​សមុទ្រ៕

ប្រែសម្រួល​ដោយកញ្ញា ទុំ ម្លិះ

XS
SM
MD
LG