ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ប្រទេស​អាស៊ាន​បង្កើន​វិធានការ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ


ក្រុម​ជួយ​សង្រ្គោះ​សែង​សាកសព​មួយ ដែល​គេ​ជឿ​ថា ជា​អ្នក​នេសាទ​ម្នាក់​ដែល​បាត់​ខ្លួន​ដោយសារ​តែ​ព្យុះទីហ្វុង Phanfone ដែល​បោកបក់​លើ​ប្រទេស​ហ្វីលីពីន នៅ​ថ្ងៃ​បុណ្យ​ណូអែល កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩។

ក្រុម​សមាជិក​សភា​នៅ​ក្នុង​តំបន់​អាស៊ាន បាន​ជំរុញ​ប្រទេស​ជា​សមាជិក​អាស៊ាន​ឲ្យ «បង្កើន​វិធានការ​ជា​បន្ទាន់​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ»។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (ASEAN Parliamentarians for Human Rights) ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។

សេចក្ដី​ប្រកាស​នេះ​បាន​បញ្ជាក់​ថា ដោយសារ​កាល​បរិច្ឆេទ​ផុត​កំណត់​សម្រាប់​ការ​បញ្ជូន​ផែនការ​សកម្មភាព​ប្រែប្រួល​អាកាសធាតុ​របស់​ប្រទេស​នីមួយៗ​ទៅ​ឲ្យ​ក្រុម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ជិត​ចូល​មក​ដល់ ប្រទេស​ជា​សមាជិក​អាស៊ាន​គួរតែ​ចាត់​វិធានការ​បន្ថែម​ទៀត​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ។

សេចក្ដី​ប្រកាស​នេះ​បាន​ស្រង់​សម្ដី​របស់​អ្នកស្រី Anthea Ong សមាជិក​មួយ​រូប​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ដែល​បាន​និយាយ​ថា៖ «តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​តំបន់​ងាយ​រងគ្រោះ​បំផុត​មួយ​នៅ​លើ​ពិភពលោក​ចំពោះ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ជា​ច្រើន​បាន​ទទួល​ស្គាល់​បញ្ហា​គំរាមកំហែង​បន្ទាន់​នេះ​ក៏​ដោយ ក៏​អ្នក​ជំនាញ​នានា​មាន​ការ​ខក​ចិត្ត​ជាមួយ​នឹង​ផែនការ​អាកាសធាតុ​ដែល​មិន​សូវ​មាន​មហិច្ឆតា​ខ្ពស់​របស់​រដ្ឋាភិបាល​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ»។

ការ​បញ្ជូន​ផែនការ​សកម្មភាព​អាកាសធាតុ​គឺ​ជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់​ប្រទេស​នីមួយៗ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពី​អាកាសធាតុ។

រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន​បញ្ជូន​ផែនការ​សកម្មភាព​របស់​ខ្លួន​រួច​ហើយ ប៉ុន្តែ​រហូត​ដល់​ខែ​កុម្ភៈ​ខាង​មុខ​នេះ បណ្ដា​ប្រទេស​ទាំង​នេះ​នៅ​អាច​បញ្ជូន​ផែនការ​សកម្មភាព​របស់​ខ្លួន​ដែល​ប្រសើរ​ជាង​មុន​បាន​ទៅ​កាន់​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​នេះ។

អ្នកស្រី Kunthida Rungruengkiat ដែល​ជា​សមាជិក​សភា​របស់​ប្រទេស​ថៃ និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​នោះ​ថា៖ «ប្រជាពលរដ្ឋ​របស់​យើង​បាន​រងគ្រោះ​រួច​មក​ហើយ​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។ កាល​ពី ៣ សប្ដាហ៍​មុន ខ្យល់​ព្យុះ​ទីហ្វុង​មួយ​ទៀត​បាន​បោកបក់​ចំ​ប្រទេស​ហ្វីលីពីន ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច ២៨ នាក់។ យើង​ដឹង​ថា ការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ខ្យល់​ព្យុះ​ខ្លាំង​ជាង​មុន និង​ញឹកញាប់​ជាង​មុន។ ប៉ុន្តែ ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​របស់​ពួក​យើង​នៅ​ក្នុង​តំបន់​ចំពោះ​រឿង​នេះ គឺ​ពួកគេ​ថា ពួកគេ​នឹង​មិន​ធ្វើ​ឲ្យ​ផែនការ​សកម្មភាព​អំពី​អាកាសធាតុ​នេះ​ប្រសើរ​ជាង​មុន​នោះ​ទេ ទោះបីជា​អ្នក​វិទ្យាសាស្ត្រ​ថា ផែនការ​ទាំង​នេះ​មិន​ទាន់​គ្រប់គ្រាន់​ក៏​ដោយ»៕

XS
SM
MD
LG