ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ធំ​បំផុត​ក្នុង​ពិភពលោក កាត់បន្ថយ​ការផលិត​ដោយសារ​ជំងឺ​កូវីដ១៩


រូបឯកសារ៖ កម្មករ កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រោមដៃ​កៅស៊ូ Top Glove នៅ​ក្រុង Meru នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩។
រូបឯកសារ៖ កម្មករ កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រោមដៃ​កៅស៊ូ Top Glove នៅ​ក្រុង Meru នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩។

មន្ត្រី​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ នឹង​បិទ​រោងចក្រ​របស់​ខ្លួន​ចំនួន ២៨ បន្ទាប់ពី​កម្មករ​ជាង ២.០០០ នាក់ ធ្វើ​តេស្ត​ឃើញ​ថា ​ឆ្លង​ជំងឺ​កូវីដ១៩។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Top Glove បិទ​រោងចក្រ​ទាំង​នោះ​តាម​ដំណាក់​កាល ដើម្បី​អនុញ្ញាត​ឲ្យ​កម្មករ​ទាំងអស់​ទទួល​បាន​ការ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ និង​ការ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នក​ណា​ដែល​បាន​ឆ្លង​ជំងឺ​នេះ។

ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ថា កម្មករ​ចំនួន ២.៤៥៣ នាក់ ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់ពី​មាន​ការ​ធ្វើ​តេស្ត​លើ​កម្មករ​ជាង ៥.៧០០ នាក់​មក។

រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​រាយការណ៍​អំពី​ការ​កើនឡើង​ខ្លាំង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ក្រៅ​ទីក្រុង​គូឡាឡាំពួរ ដែល​ជា​តំបន់​ទីតាំង​របស់​រោងចក្រ​ផលិត​ស្រោមដៃ​ទាំង​នេះ និង​កន្លែង​ស្នាក់នៅ​របស់​កម្មករ​រោងចក្រ។

ក្រុមហ៊ុន Top Glove បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា ខ្លួន​នឹង «សហការ​យ៉ាង​ពេញ​ទំហឹង​ជាមួយ​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​អនុវត្ត​ការ​បិទ​រោងចក្រ​ជា​បណ្ដោះអាសន្ន» និង​ថា ដំណើរការ​បិទ​រោងចក្រ​ទាំង​នេះ​ បាន​ចាប់ផ្ដើម​ហើយ។ ក្រុមហ៊ុន​នេះបាន​ឲ្យ​ដឹង​ទៀត​ថា នឹង​មាន​ការ​ពន្យារ​ពេល​បញ្ជូន​ទំនិញ​ទៅ​គោលដៅ​ពី ២ ទៅ ៤ សប្ដាហ៍ ដោយសារ​ការ​បិទ​រោងចក្រ​នេះ។

ក្រុមហ៊ុន Top Glove បាន​បញ្ជាក់​ថា ខ្លួន​ផលិត​ស្រោមដៃ​បាន​ចំនួន ៩០ ពាន់​លាន​ស្រោមដៃ​ក្នុង​មួយ​ឆ្នាំ ហើយ​គ្រប់គ្រង​ជាង ២៥% នៃ​ចំណែក​ទីផ្សារ​ស្រោមដៃ​វះកាត់​នៅ​ក្នុង​ពិភពលោក។ ក្រុមហ៊ុន​នេះ​ មាន​កម្មករ​ប្រមាណ ២១.០០០ នាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ថៃ វៀតណាម និង​ចិន ហើយ​នាំ​ចេញ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ចំនួន ១៩៥៕

XS
SM
MD
LG