ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ដាក់​បម្រា​មលើ​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ធំ​ជាង​គេ​ ខណៈ​​ករណី​ឆ្លង​វីរុស​កូរ៉ូណា​កើន​ឡើង


រូបឯកសារ៖ កម្មករម្នាក់ប្រមូលស្រោមដៃកៅស៊ូនៅរោងចក្រមួយនៅជាយក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៨។
រូបឯកសារ៖ កម្មករម្នាក់ប្រមូលស្រោមដៃកៅស៊ូនៅរោងចក្រមួយនៅជាយក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០០៨។

សហរដ្ឋអាមេរិក​បាន​ដាក់​បម្រាម​លើ​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ធំជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក ខណៈ​ដែល​អ្នក​បម្រើការ​ផ្នែក​សុខាភិបាល​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​សារ​ជា​ថ្មី​នៃ​ករណី​ឆ្លងវីរុស​កូរ៉ូណានៅ​តាម​បណ្តា​រដ្ឋមួយ​ចំនួន។

ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ចេញបទ​បញ្ជា «ផ្អាកការចាំចូល» ទំនិញពីក្រុមហ៊ុន​ចំណុះចំនួន​ពីរ​នៃរោងចក្រ Top Glove នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ទី១៥ ខែកក្កដា កន្លង​ទៅ​នេះ ដោយសារ​ភស្តុតាង​បង្ហាញ​ពី​ពលកម្ម​ដោយ​បង្ខំ​នៅ​តាម​រោងចក្រមួយ​នេះ។

​ម៉ាឡេស៊ី​ផលិត​ស្រោមដៃ​កៅស៊ូ​ចំនួន​ប្រមាណ​ពីរ​ភាគ​បី​នៃ​ស្រោម​ដៃ​កៅស៊ូ​សរុប​នៅ​លើ​ពិភពលោក ដែល​ស្រោម​ដៃកៅស៊ូ​ជា គ្រឿង​ប្រដាប់​ការពារ​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ធ្វើ​ការ​នៅជួរ​មុខ​ក្នុង​វិស័យ​សុខាភិបាល ដើម្បី​ទប់ទល់​នឹង​ការ​រាតត្បាត​នៃ​វីរុសកូរ៉ូណា។ ក្រុមហ៊ុន Top Glove ផលិត​ប្រមាណ ២០​ភាគរយ​នៃ​ស្រោមដៃ​កៅស៊ូ​សរុប​នៅ​លើ​ពិភពលោក។

ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ភស្តុតាង​បាន​បង្ហាញ​តាម​រយៈសុចនាករ​របស់​អង្គការ​ពលកម្ម​ពិភពលោក​ពាក់ព័ន្ធ​នឹង​ករណី​ពលកម្ម​ដោយ​បង្ខំ ដែលរួម​មាន​ អន្ទាក់​បំណុល ការ​ធ្វើការ​លើស​ម៉ោង​ច្រើនជ្រុល ​ការដកហូតឯកសារ​អត្តសញ្ញាណ និង​ការ​រំលោភ​បំពាន​លក្ខខណ្ឌ​ធ្វើការ និង​រស់នៅ​ជាដើម»។ ​

សេចក្តីថ្លែងការណ៍​ខាង​លើ​បាន​បន្ថែម​ថា ការ​ដាក់​បម្រាម​ទៅ​លើ​ការ​នាំចូល​នេះ «បង្ហាញ​ជា​សារ​យ៉ាង​ច្បាស់ និង​ដោយ​ផ្ទាល់​ទៅ​កាន់​ក្រុមហ៊ុន​នាំ​ចូលទៅ​កាន់​សហរដ្ឋអាមេរិក​ថា ការ​ប្រព្រឹត្ត​អំពើ​ទាសភាព​សម័យ​ទំនើប ដែល​ខុស​ច្បាប់ គ្មាន​មនុស្សធម៌ និង​កេងប្រវញ្ច​ គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​នៅ​ក្នុង​ខែ្សសង្វាក់​ផ្គត់ផ្គង់ទៅ​កាន់​សហរដ្ឋអាមេរិក»។

ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​សហរដ្ឋ​អាមេរិក​ក៏​បាន​បន្ថែមថា ខ្លួន​បាន​ដឹង​ពី​តម្រូវការចាំបាច់​សម្រាប់​ស្រោមដៃ​កៅស៊ូ​អំឡុងពេល​មាន​ការ​រាតត្បាត​វីរុស​កូរ៉ូណា និង​ថា ការ​ដាក់​បម្រាម​លើ​ក្រុមហ៊ុន Top Glove នេះ«នឹង​មិនមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​ការ​នាំ​ចូល​ស្រោមដៃ​កៅស៊ូ​សរុប​របស់​សហរដ្ឋអាមេរិក​នោះ​ទេ»។

​ក្រុមហ៊ុន Top Glove បាន​ព្យាយាម​និយាយ​សម្រាល​ពី​ផលប៉ះពាល់​នៃ​ដាក់​បម្រាម​នេះ​ ដោយ​កត់​សម្គាល់​ថា នៅ​តែ​មាន​ទីផ្សារ​សម្រាប់​ក្រុមហ៊ុន​ផលិត​ស្រោម​ដៃ​កៅស៊ូ ខណៈ​ដែលករណី​ឆ្លង​ជំងឺ​កូវីដ១៩ កំពុង​បន្ត​កើនឡើង​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត។

លោក Lim Wee Chai នាយកប្រតិបត្តិ​របស់​ក្រុមហ៊ុន Top Glove បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា​ថា៖ «បណ្តាប្រទេស​ដទៃ​ទៀត​អាច​បំពេញ​ចន្លោះ​លើ​ការ​បញ្ជា​ទិញ​ស្រោមដៃ​កៅស៊ូ​យ៉ាង​ស្រួល»។

លោក​បាន​បន្ត​ថា៖ «យើង​ក៏​មាន​ផែនការ​ផ្សេងៗទៀតដែរ​ ប្រសិន​បើ​សហរដ្ឋអាមេរិក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ដឹក​ទំនិញ​ចូល​ក្នុង​ប្រទេស​របស់​ពួកគេ» ដោយ​លោក​បាន​លើក​ឡើង​ថា ប្រទេស​ប្រេស៊ីល ដែល​ឥឡូវ​នេះ​កំពុង​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក ក៏​ជា​ជម្រើស​ថ្មី​ជំនួស​ឲ្យ​សហរដ្ឋអាមេរិក​ផងដែរ។

​ការ​ដាក់​បម្រាម​នេះ​មិន​គ្រប​ដណ្តប់​ទៅ​លើ​ការ​នាំ​ចូល​ទាំងអស់​របស់​ក្រុមហ៊ុន Top Glove មក​កាន់​សហរដ្ឋអាមេរិកនោះ​ទេ។ ក្រុមហ៊ុន Top Glove បាន​និយាយ​ថា សហរដ្ឋអាមេរិក​រ៉ាប់រង​តែ​មួយ​ភាគ​បួន​នៃ​ការ​លក់​សរុប​ ហើយ​ថា ក្រុមហ៊ុនចំណុះ​របស់​ខ្លួន​ចំនួន​ពីរ​ដែល​រង​ការ​ប៉ះពាល់​ដោយ​សារ​ការដាក់​បម្រាម​នេះ​រ៉ាប់រងត្រឹម​តែ​ពាក់កណ្តាល​នៃ​ការ​លក់​សរុបនោះ​តែ​ប៉ុណ្ណោះ។

ក្រុម​គាំពារ​សិទ្ធពលកម្ម​បាន​និយាយ​ថា ចំណាត់ការ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​ Top Glove ​អាច​នឹង​មិន​ខ្វល់ខ្វាយ​ពី​ការ​ដាក់​បម្រាម​។

​លោក Andy Hall ​សកម្មជន​សិទ្ធិ​ពលកម្ម​ឯករាជ្យ​មួយ​រូប ​បាន​និយាយ​ថា នឹងមាន «ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ពី​សំណាក់​អ្នក​មាន​ភាគ​ច្រើន​នៅ​ក្នុងក្រុមហ៊ុន Top Glove ដើម្បី​ធានាថា​នឹង​មាន​ការ​បញ្ជា​ទិញ​ពី​កន្លែង​ផ្សេង​ ដើម្បី​អាច​ឆ្លង​ផុត​ពី​ការ​ដាក់​បម្រាម​លើ​ការ​បញ្ជា​ទិញ​ពីមន្ទីរ​គយ និង​ការពារ​ព្រំដែន​អាមេរិក» និងរក្សា​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក​ឲ្យ​ដូច​មុន​តាមរយៈ​ក្រុមហ៊ុន​ចំណុះ​ផ្សេង​ទៀត។​

អាមេរិកលោក​បាន​បន្ថែម​ថា ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក្រុមហ៊ុន​ Top Glove នឹង​ជួប​ការ​លំបាក​នៅ​ក្នុង​ការដើរជៀសពីផល​ប៉ះពាល់នៃ​ការ​ដាក់​បម្រាមនេះណាស់​ ខណៈ​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុននេះ​ទាំង​មូលកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងររួចទៅហើយ។

ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​សហរដ្ឋ​អាមេរិក​មិនបាន​ឆ្លើយតប​នឹង​សំណើ​សុំ​ឲ្យ​មាន​ការ​បកស្រាយ​បន្ថែម​លើ​ហេតុផល​នៃ​ការ​ដាក់​បម្រាម​លើការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ Top Glove នេះនោះ​ទេ។ ប៉ុន្តែ​ក្រុមហ៊ុន Top Glove ​បាន​ឆ្លើយ​តប​នឹង​ការ​ដាក់​បម្រាមនេះ ដោយ​លើកឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា បញ្ហា​នេះ​ប្រហែល​ទាក់ទង​នឹង​ថ្លៃ​ឈ្នួលដែល​កម្មករ​ចំណាកស្រុក​មួយ​ចំនួន​បាន​បង់​ឲ្យ​ឈ្មួញ​កណ្តាល​ដើម្បី​ទទួល​បាន​ការងារ​ធ្វើ​នៅ​តាម​រោងចក្រ​របស់​ខ្លួន។

វិស័យ​ផលិត​ស្រោមដៃ​កៅស៊ូ​នៅ​ម៉ាឡេស៊ី​ពឹងផ្អែកលើ​កម្មករ​ចំណាកស្រុក​ជា​ច្រើន​នាក់​មក​ពី​ប្រទេស​ក្រីក្រ​នៅ​ក្នុង​តំបន់ ដែលត្រូវ​បាន​ទាក់ទាញ​ដោយ​ប្រាក់ឈ្នួល​ខ្ពស់ជាង​ប្រាក់​ឈ្នួលនៅប្រទេស​កំណើតរបស់​ពួកគេ។ ដើម្បីបានធ្វើការនៅក្នុងរោងចក្រ កម្មករ​ចំណាកស្រុក​មួយ​ចំនួន​បាន​ជំពាក់​បំណុលពួកឈ្មួញកណ្តាលដែល​នាំ​ពួកគេ​មក​ធ្វើការ ដែល​បាន​ទារ​ថ្លៃ​ឈ្នួល​រហូត​ដល់​ទៅ​ ៥០០០​ដុល្លារ ដើម្បី​ទទួល​បាន​ការងារ​នៅ​រោងចក្រ​។ ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​ចំណាកស្រុក​ទាំងនោះ​ត្រូវ​ជាប់​នៅ​ធ្វើការ​ឲ្យម្ចាស់រោងចក្រ ​ដោយ​ទទួល​បាន​ប្រាក់ឈ្នួល​អប្បបរមា​ រហូត​ដល់​ពួកគេ​អាច​សងបំណុល​រួច។

ក្រុមហ៊ុន Top Glove បាន​និយាយ​ថា ខ្លួន​ «បាន​ដោះស្រាយបញ្ហាទាំងនេះ​រួចហើយ» ​ក្នុង​ចំណោម​កម្មករ​ចំណាកស្រុក​របស់​ខ្លួន លើកលែង​តែ​អ្នក​ដែល​បង់​ថ្លៃ​ឲ្យ​ឈ្មួញ​មុន​ឆ្នាំ ២០១៩។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ខ្លួន​កំពុង​តែ​រៀបចំ​ផែនការ​មួយ ដែល​អាច​ត្រូវ​ចំណាយ​រហូត​ដល់​ទៅ ១១.៧ លាន​ដុល្លារ​អាមេរិក ដើម្បី​ផ្តល់​សំណង​ដល់​កម្មករ​ទាំង​នោះ​វិញ ហើយ​សង្ឃឹម​ថា នឹង​អាច​បញ្ចុះបញ្ចូល​ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​សហរដ្ឋ​អាមេរិកឲ្យ​ដក​បម្រាម​លើ​ការ​នាំចេញក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​ពី​នេះ។

ទីភ្នាក់ងារ​ការពារ​ព្រំដែន​ និង​គយ​សហរដ្ឋ​អាមេរិកធ្លាប់​បានដាក់​បម្រាម​លើ​ការ​នាំ​ចូល​ដូចគ្នា​នេះ​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ម៉ាឡេស៊ី​មួយ​ទៀត​ឈ្មោះ​ថា WRP Asia Pacific កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន ពាក់ព័ន្ធ​នឹង​ការ​ព្រួយបារម្ភ​ពី​ករណី​ពលកម្ម​ដោយ​បង្ខំ ហើយ​បន្ទាប់​មក​បាន​ដក​បម្រាម​នោះ​ចេញ​កាល​ពី​ខែ​មីនា​ឆ្នាំ​នេះ ដោយ​លើកឡើង​ថា នា​ពេល​បច្ចុប្បន្ន រោងចក្រ​នោះលែងមាន​ការ​រំលោភ​បំពាន​ពលកម្ម​ទៀត​ហើយ។

កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ក្រុមហ៊ុន WRP បាន​ដាក់ចេញ​នូវ​គម្រោង​មួយ​ដើម្បីផ្តល់​សំណងលើ​ថ្លៃឈ្នួលនាំ​មក​ធ្វើ​ការងារ​ឲ្យ​កម្មករ​ចំណាកស្រុករបស់​ខ្លួន​សម្រាប់​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​មក​នេះ។ ​

លោក Hall សកម្មជន​សិទ្ធិ​ពលកម្ម​ឯករាជ្យ បាន​លើកឡើង​ថា ការ​ដាក់​បម្រាម​លើ​ក្រុមហ៊ុន WRP ដែល​ជា​ក្រុមហ៊ុន​ដំបូង​គេ​មក​ពី​តំបន់​អាស៊ីអាគ្នេយ៍ ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ព្រមាន​ទៅ​ដល់​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ដទៃ​ទៀត ឲ្យ​ធ្វើ​ការ​ដោះស្រាយ​ជាមួយ​នឹង​កម្មករ​ចំណាកស្រុក​របស់​ខ្លួន។ លោក​មាន​ជំនឿ​ថា ក្រុមហ៊ុន​ផលិតស្រោមដៃ​កៅស៊ូភាគច្រើន​មិនអើពើ​លើ​រឿង​នេះ​ ដោយ​គិត​ថា សហរដ្ឋអាមេរិក​នឹង​មិន​ប្រថុយ​ផ្តាច់​ការ​ផ្គត់ផ្គង់​ស្រោមដៃ​កៅស៊ូ​អំឡុងពេល​មានការ​រាតត្បាត​ជំងឺ​ជា​សាកល​នោះ​ទេ។ ស្រប​ពេល​ដូចគ្នា​នេះ​ដែរ លោករំពឹង​ថា ក្រុមហ៊ុន​ផ្សេង​ទៀតនឹង​ពិចារណា​ឡើង​វិញ នៅ​ពេល​ដែល​ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ឈាន​មុខ​គេ​នៅ​ម៉ាឡេស៊ី​ត្រូវ​រង​ការ​ដាក់បម្រាម។ ​

លោក Hall បាន​និយាយ​ថា៖ «យើង​រំពឹង​ថា ឥឡូវ​នេះ ក្រុមហ៊ុន​ផលិត​ស្រោមដៃ​កៅស៊ូ​ទាំងអស់​នឹង​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹងថ្លៃឈ្នួលនាំ​កម្មករ​មក​ធ្វើ​ការ ដើម្បី​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​បន្ត​ទៀត»៕

ប្រែសម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG