ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​អង្គការ​សង់ត្រាល់


រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (Web Screenshot)
រូបភាពដកស្រង់ពីគេហទំព័ររបស់មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស (CENTRAL) នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ (Web Screenshot)

ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ចំនួន ​១៨ ​បាន​អំពាវនាវ​រួម​គ្នា​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​ធ្វើ​សវនកម្ម​លើ​ប្រតិបត្តិ​ការ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​សិទ្ធិ​ការងារ​ និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​អង្គការ​សង់ត្រាល់ ​(Central)។​

ក្រុមហ៊ុន​ទាំង​នោះ ​មាន​ដូច​ជា​ Adidas, Levi's, ​Puma, ​ASICS Corporation​ និង​ Gap Inc.​ ហើយ​និង ​VF Corporation​ ដែល​ជា​អ្នក​បញ្ជា​ទិញ​ទំនិញ​កាត់​ដេរ​ដូចជា​សម្លៀក​បំពាក់ ​ស្បែក​ជើង ​និង​សម្ភារៈ​ធ្វើ​ដំណើរ​ ដែល​ផលិត​នៅ​ប្រទេស​កម្ពុជា។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ដែល​វីអូអេ​បាន​ទទួល​កាលពី​ពេល​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ទាំង​នោះ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ការ​កំណត់​ពេល​វេលា​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ​ទៅ​លើ​អង្គការ​សង់ត្រាល់​ បន្ទាប់​ពី​ការ​ចេញ​របាយ​ការណ៍​ស្តីពី «ឧបសគ្គ​រារាំង​ក្នុង​ការ​ទទួល​បាន​ភាព​ជា​តំណាង៖​ សេរី​ភាព​សហជីព​ក្នុង​ប្រទេស​កម្ពុជា​ ការ​វាយ​តម្លៃ​ពិនិត្យ​តាមដាន​អនុលោម​ភាព​ស្ដីពី​សេរីភាព​សហជីព​ និង​សមាគម ​(FOA)​ របស់​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​ (BFC)»។ ​គម្រោង​ BFC ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការងារ​កាន់​តែល្អ​ជាង​មុន​របស់​អង្គការ​អន្តរជាតិ​ខាង​ការ​ងារ​ ដែល​មាន​ប្រតិបត្តិ​ការ​នៅ​តាម​បណ្តា​ប្រទេស​ចំនួន​ ១៣​ ក្នុង​នោះ​មាន​កម្ពុជា​ផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា៖​ «ក្នុង​នាម​ជា​ក្រុមហ៊ុន​ម៉ាក​លំដាប់​ពិភពលោក​ដែល​មាន​ប្រភព​ទំនិញ​ដែល​ផលិត​ចេញ​ពី​ប្រទេស​កម្ពុជា ​យើង​សូម​ស្នើ​ដោយ​ក្តី​គោរព​និង​ទទូច​ដល់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ក្នុង​ន័យ​ និង​បំណង​ច្បាស់លាស់​មួយ​គឺ​ឱ្យ​លុបចោល​ជា​បន្ទាន់​នូវ​ការ​ធ្វើ​សវន​កម្ម​លើ​អង្គការ​សង់ត្រាល់​ ហើយ​បញ្ចៀស​ការ​ចាត់​វិធាន​ការ​ណា​មួយ​ដែល​អាច​ត្រូវ​បាន​គេ​យល់​ថា​ ជា​ការ​រឹតត្បិត​លម្ហ​សង្គម​ស៊ីវិល ​ឬ​សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ»។​

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ថែម​ថា៖​ «ដើម្បី​សម្រេច​បាន​រឿង​នេះ​ យើង​ក៏​សុំ​យ៉ាង​ទទូច​ផង​ដែរ​ឱ្យ​ទម្លាក់​ចោល​បណ្តឹង​ព្រហ្មទណ្ឌ​លើ​លោក ​ឃុន ថារ៉ូ​ ប្រធាន​កម្មវិធី​អង្គការ​សង់ត្រាល់។​ សង្គម​មួយ​ដែល​មាន​ភាព​រស់​រវើក​ត្រូវ​បាន​ធានា​មួយ​ផ្នែក​គឺ​សេរី​ភាព​បញ្ចេញ​មតិ​ ដែល​ជា​គន្លឹះ​មួយ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ជា​ដៃគូ​ផលិត​សំខាន់​មួយ​សម្រាប់​ឧស្សាហ​កម្ម​សម្លៀក​បំពាក់​ និង​ស្បែក​ជើង»។

កាលពី​ខែ​មិថុនា​ អង្គការ​សង់ត្រាល់​បាន​ចេញ​របាយ​ការណ៍​មួយ​ស្តីពី​ស្ថានភាព​កម្មករ​ និង​សហជីព​ក្នុង​រោងចក្រ​ចំនួន​ ១៤។​ បើ​តាម​របាយ​ការណ៍​នោះ ​ក្នុង​ចំណោម​សហជីព​ចំនួន​ ១៤ ​នេះ​ មាន​សហជីព​ចំនួន​ ១០ ​រង​ការ​បំភិត​បំភ័យ​ដោយ​ផ្ទាល់​មាត់ ​ការ​គំរាម​កំហែង ​ការ​បៀត​បៀន ​និង​ការ​ដាក់​ក្នុង​បញ្ជី​ខ្មៅ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​បំពេញ​ការ​ងារ​របស់​ពួក​គេ។ ​អង្គការ​សង់ត្រាល់​ទាម​ទារ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​គួរតែ​ពិនិត្យ​មើល​ឡើង​វិញ ​ដើម្បី​កុំ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​សេរីភាព​ការងារ​របស់​កម្មករ​និយោជិត ​និង​សហជីព។​

របាយ​ការណ៍​របស់​អង្គការ​សង់ត្រាល់​បង្ក​ឱ្យ​មាន​ការ​រិះគន់​ពី​សហជីព​មួយ​ចំនួន​ដែល​ក្រុម​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ខ្លះ​អះអាង​ថា​ មាន​និន្នាការ​ស្រប​តាម​រដ្ឋាភិបាល​ ហើយ​សហជីព​ទាំង​នោះ​បាន​ចោទ​ប្រកាន់​ថា ​របាយ​ការណ៍​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ជាក់​ស្តែង​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា​ រហូត​មាន​ការ​ប្តឹង​ផ្តល់​ពី​សហជីព​គាំទ្រ​រដ្ឋាភិបាល​ប្រឆាំង​នឹង​របាយ​ការណ៍​របស់​អង្គការ​សង់ត្រាល់។​

រូបឯកសារ៖ លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)
រូបឯកសារ៖ លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ ផ្តល់បទសម្ភាសន៍ដល់វីអូអេ នៅរាជធានីភ្នំពេញ។ (កាន់ វិច្ឆិកា/វីអូអេ)

បុគ្គលិក​មួយ​រូប​នៃ​អង្គការ​សង់ត្រាល់​គឺ​លោក ​ឃុន ថារ៉ូ ​ក៏​រង​ពាក្យ​បណ្តឹង​ពី​អ្នក​ជំទាស់​នឹង​របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​នេះ ​កាល​ពីខែ​មិថុនា​ ឆ្នាំ​២០២៤។​

ប្រធាន​កម្មវិធី​ការងារ​អង្គការ​សង់ត្រាល់​លោក​ ឃុន ថារ៉ូ​ ប្រាប់​វីអូអេ​ថា​ ក្រុមហ៊ុន​ម៉ាក​ល្បីៗ​លំដាប់​អន្តរជាតិ​ចំនួន​ ១៨ ​នោះ ​ជា​ទីផ្សារ​មួយ​ផ្នែក​ធំ​សម្រាប់​ទំនិញ​របស់​កម្ពុជា​ដែល​ជា​អ្នក​នាំ​ចេញ​ផលិត​ផល​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​សហភាព​អឺរ៉ុប​ សហ​រដ្ឋ​អាមេរិក​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ជារៀង​រាល់​ឆ្នាំ។​ លោក​បន្ថែម​ថា អ្វី​ដែល​ជា​ការ​ចង់​បាន​របស់​ក្រុមហ៊ុន​ទាំង​នោះ​ គឺ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​ ជាពិសេស​សេរីភាព​ជា​មូលដ្ឋាន​ដូច​ជា​ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​គំរាម​កំហែង​ជាដើម។

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ ខ្ញុំ​សង្ឃឹម​ថា​ រាជ​រដ្ឋាភិបាល​ អាជ្ញាធរ​រដ្ឋ​ ក្រសួង​ពាក់​ព័ន្ធ​នឹង​ធ្វើការ​ពិចារណា​ទៅ​លើ​សំណើ​ ក៏ដូច​ជា​ការ​អំពាវនាវ​រួម​ទាំង​មតិ​យោបល់​របស់​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​នេះ ​ដើម្បី​ធានា​ថា ​[កត្តា]​ប្រកួត​ប្រជែង​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ហ្នឹង​ក៏​ដូច​ជា​តួនាទី​របស់​សង្គម​ស៊ីវិល​ហ្នឹង​ដើរ​តួនាទី​សំខាន់​ណាស់​ដើម្បី​ចូលរួម​ចំណែក​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​អភិបាល​កិច្ច​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការ​ងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

វីអូអេ​ព្យាយាម​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ​ទូច សុខៈ ​តាម​សំណួរ​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​តែ​គ្មាន​ការ​ឆ្លើយ​តប។​

សេចក្តី​ថ្លែង​ការណ៍​រួម​របស់​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ពាក់ព័ន្ធ​នឹង​អង្គការ​សង់ត្រាល់​កើត​ឡើង​ ក្រោយ​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​មួយ​ចំនួន ​ដូច​ជា​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Rights Watch)​ ដែល​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ម៉ាក​ល្បីៗ​ក្នុង​សកល​លោក​ និង​អ្នក​ពាក់​ព័ន្ធ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ដែល​ផ្តល់​តម្លៃ​លើ​ការ​គោរព​សិទ្ធិ​ការងារ​ ចេញ​មុខ​ការពារ​សុច្ចរិត​ភាព​នៃ​ប្រតិបត្តិ​ការ​របស់​អង្គការ​សង់ត្រាល់។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ក៏​បាន​ប្រតិកម្ម​ទៅ​នឹង​សហជីព​មួយ​ចំនួន ​ដែល​ជំទាស់​នឹង​ការ​រក​ឃើញ​របស់​អង្គការ​សង់ត្រាល់​អំពី​ការ​រឹតត្បិត​លើ​សេរីភាព​នៃ​ចងក្រង​សហ​ជីព។​ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ថា​ សហជីព​ទាំង​នោះ​កំពុង​យាយី ​និង​គំរាម​កំហែង​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អង្គការ​សង់ត្រាល់​ និង​ថ្នាក់​ដឹកនាំ​របស់​អង្គការ​នេះ។​

ប៉ុន្តែ​តំណាង​សហជីព​មួយ​ចំនួន​ដែល​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជឿ​ថា​មាន​ទំនោរ​គាំទ្រ​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា​ របាយ​ការណ៍​នោះ​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាព​ ឬ​ស្ថាន​ភាព​ពិត​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ និង​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ​នៅ​កម្ពុជា។​

ក្រោយ​មាន​ការ​ចោទ​ប្រកាន់​បែប​នេះ​ សម្ព័ន្ធ​សហជីព​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដ៏​ធំ​បំផុត​ដែល​គេ​ស្គាល់​ថា​ Clean Clothes Campaign ​បាន​ប្រកាស​ថ្កោល​ទោស​យុទ្ធនាការ​នោះ​ថា​ ជា​យុទ្ធនា​ការ​បង្ខូច​កេរ្តិ៍ ​អង្គការ​ការពារ​សិទ្ធិ​ការងារ​ឯករាជ្យ​នៅ​កម្ពុជា​ ដែល​សំដៅ​ដល់​អង្គការ​សង់ត្រាល់។​

អង្គការ​សង់ត្រាល់ ​រួម​នឹង​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ ​កម្មករ​កាត់ដេរ​កម្ពុជា​ហៅ​កាត់​ថា​ ស៊ីខៅឌូ ​និង​សហព័ន្ធ​សហជីព​កម្ពុជា​ ហៅ​កាត់​ថា​កាទូ ​ដែល​ចូលរួម​ធ្វើ​របាយ​ការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា​ធ្លាប់​បាន​ការពារ​របាយ​ការណ៍​របស់​ខ្លួន​ថា ​របាយ​ការណ៍​នោះ​មិន​មាន​ចេតនា​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​កម្ពុជា​ឡើយ​ តែ​ជា​ការ​បង្ហាញ​នូវ​ការ​រក​ឃើញ​ការ​គំរាម​កំហែង ​និង​ការ​រឹតត្បិត​មួយ​ចំនួន​លើ​ការចង​ក្រង​សហជីព​នៅ​តាម​រោងចក្រ​ចំនួន​ ១៤ ​ដែល​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​ និង​មិន​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​តំណាង​ទាំង​មូល​ឱ្យ​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ទេ៕​

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG