អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានអំពាវនាវឱ្យក្រុមហ៊ុនម៉ាកល្បីៗសាកលលោក និងអ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មកាត់ដេរដែលផ្តល់តម្លៃលើការគោរពសិទ្ធិការងារ ចេញមុខការពារសុច្ចរិតភាពនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពសិទ្ធិការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central)។
អង្គការសង់ត្រាល់ទើបតែបានចេញរបាយការណ៍មួយស្តីពីស្ថានភាពកម្មករ និងសហជីពក្នុងរោងចក្រចំនួន១៤។ របាយការណ៍នោះ បង្កឱ្យមានការរិះគន់ពីសហជីពមួយចំនួន ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សថាមាននិន្នាការស្របតាមរដ្ឋាភិបាល ហើយសហជីពទាំងនោះបានចោទប្រកាន់ថា របាយការណ៍មិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែងក្នុងឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២ ខែកក្កដា អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថា សហជីពដែល សម្របខ្លួននឹងរដ្ឋាភិបាលកម្ពុជា កំពុងយាយី និងគំរាមកំហែងតាមផ្លូវច្បាប់ប្រឆាំងនឹងអង្គការសង់ត្រាល់ និងថ្នាក់ដឹកនាំរបស់ខ្លួន បន្ទាប់ពីការចេញរបាយការណ៍របស់អង្គការនេះស្តីពីការរំលោភសេរីភាពចងក្រងសមាគមនៅប្រទេសកម្ពុជា។
របាយការណ៍របស់អង្គការសង់ត្រាល់ត្រូវបានចេញផ្សាយ ជាមួយដៃគូមកពីគម្រោងរោងចក្រកាន់តែប្រសើរកម្ពុជា (BFC) ដែលជាផ្នែកមួយនៃកម្មវិធីការងារកាន់តែល្អជាងមុនរបស់អង្គការអន្តរជាតិខាងការងារ ដែលមានប្រតិបត្តិការនៅតាមបណ្តាប្រទេសចំនួន១៣ ក្នុងនោះមានកម្ពុជាផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្ស។
នាយិការងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអ្នកស្រី Bryony Lau ត្រូវបានគេស្រង់សម្តីក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការយាយីតាមប្រព័ន្ធតុលាការ និងការបង្ខូចកេរ្តិ៍ឈ្មោះលើអង្គការសង់ត្រាល់ចំពោះការធ្វើការលើបញ្ហាសេរីភាពនៃការចងក្រងសមាគមសម្រាប់កម្មករ និងសហជីព គំរាមកំហែងមិនត្រឹមតែចំពោះសិទ្ធិការងារទេ តែចំពោះរាល់របាយការណ៍ដែលមានលក្ខណៈរិះគន់ដោយសង្គមស៊ីវិលនៅកម្ពុជា»។
អ្នកស្រីបានសង្កត់ធ្ងន់ថា អង្គការ ILO គម្រោងរោងចក្រកាន់តែប្រសើរកម្ពុជា ហើយនិងក្រុមហ៊ុនមួយចំនួនដែលពឹងផ្អែកលើរបាយការណ៍របស់អង្គការសង់ត្រាល់គួរថ្កោលទោសកិច្ចខិតខំប្រឹងប្រែងនានាដើម្បីបង្អាក់ដំណើរការងាររបស់ពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងទៀតថា អង្គការអន្តរជាតិខាងការងារ (ILO) ក្រុមហ៊ុនលក់ផលិតផលល្បីៗ និងដៃគូផ្សេងទៀត ដែលមានទំនាក់ទំនងជាមួយគម្រោងរោងចក្រកាន់តែប្រសើរកម្ពុជាដូចជា Adidas C&A Gap Inc. H&M Inditex and Nike គួរទទូចសុំឱ្យអាជ្ញាធរកម្ពុជាបញ្ឈប់រាល់ការខិតខំដើម្បីគំរាម ឬ ចាប់ពិរុទ្ធអង្គការសង់ត្រាល់ និងថ្នាក់ដឹកនាំរបស់ខ្លួន ហើយធ្វើទំនាក់ទំនងគ្នាជាមួយនឹងអនុសាសន៍របស់របាយការណ៍ដើម្បីពង្រឹងគម្រោងរោងចក្រកាន់តែប្រសើរកម្ពុជា។
របាយការណ៍របស់អង្គការសង់ត្រាល់ បានរកឃើញថា ក្នុងចំណោមសហជីពចំនួន១៤ដែលស្ថិតក្នុងការស្រាវជ្រាវអំពីស្ថានភាពសិទ្ធិ និងសេរីភាពនោះ មានសហជីពចំនួន១០រងការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឱ្យប៉ះពាល់ដល់ការបំពេញការងាររបស់ពួកគេ។ អង្គការសង់ត្រាល់ទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យមានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករនិយោជិត និងសហជីព។
ប្រធានសហភាពសិទ្ធិកម្មករកម្ពុជាលោក គឹម ចាន់សំណាង ដែលបានដាក់ញត្តិនៅក្រសួងមហាផ្ទៃឱ្យពិនិត្យលើសកម្មភាព និងប្រភពថវិការបស់អង្គការសង់ត្រាល់នៅជឿថា របាយការណ៍របស់អង្គការសង់ត្រាល់មិនឆ្លុះបញ្ចាំងពីស្ថានភាពពិតនៅក្នុងឧស្សាកម្មកាត់ដេររបស់កម្ពុជា ហើយថា សហជីពដែលមិនពេញចិត្តនឹងរបាយការណ៍របស់អង្គការសង់ត្រាល់ ជាអង្គការវិជ្ជាជីវៈ ដែលគ្មាននិន្នាការគាំទ្ររដ្ឋាភិបាល។
លោកថ្លែងថា៖ «កន្លងមកច្រើនតែចោទ អ្ហូ៎សហជីពនេះគាំទ្ររដ្ឋាភិបាល សហជីពនេះអ៊ីចេះ សហជីពនោះអ៊ីចុះ ប្រើពាក្យហ្នឹងគឺអត់សមរម្យតែម្តង។ ខ្ញុំអត់មានអីច្រើនទេ ខ្ញុំមានតែប៉ុណ្ណឹងសម្រាប់ដើម្បីបញ្ជាក់ជូនទៅវិញ ចៀសវាងកុំឱ្យការប្រើពាក្យហ្នឹង វាមិនសមហេតុសមផល វាអត់ត្រឹមត្រូវតាមនីតិវិធីច្បាប់ ហើយមួយទៀត ពាក់ព័ន្ធទៅនឹងរឿងថាគេមានយុទ្ធនាការ ឬមួយជាស្អីនោះ មិនមែនទេ អានេះ គឺជាទង្វើរបស់សង់ត្រាល់ ដែលធ្វើរបាយការណ៍មក វាមិនឆ្លុះបញ្ចាំងអំពីស្ថានភាពពិតនៅកម្ពុជា អានេះ ខ្ញុំសុំបញ្ជាក់ប៉ុណ្ណឹង អ៊ីចឹង ខ្ញុំអត់និយាយច្រើនទេមានតែប៉ុណ្ណឹង»។
ជុំវិញពាក្យបណ្តឹងទៅកាន់ក្រសួងមហាផ្ទៃឱ្យពិនិត្យសកម្មភាពរបស់អង្គការសង់ត្រាល់ នាយិការងទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអ្នកស្រី Bryony Lauបានលើកឡើងថា ក្រសួងមហាផ្ទៃគួរបញ្ជាក់ឱ្យច្បាស់ថា សេចក្តីរាយការណ៍អំពីសេរីភាពនៃការចងក្រងសមាគម មិនមែនជាសកម្មភាពខុសច្បាប់ទេ ហើយក៏គ្មានមូលដ្ឋានសម្រាប់ការស៊ើបអង្កេតសម្រាប់ការដាក់ទណ្ឌកម្មចំពោះប្រតិបត្តិការនៃអង្គការការពារសិទ្ធិការងារនោះដែរ។
យ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោកឃុន ថារ៉ូ ថ្លែងថាចំពោះលិខិតរបស់ក្រសួងមហាផ្ទៃ សង់ត្រាល់ និងធ្វើការឆ្លើយតបនៅក្នុងពេលឆាប់ៗខាងមុខ ហើយគឺជាអ្វីដែលយើងត្រូវធ្វើ និង សហការក្នុងការផ្តល់ជូនព័ត៌មានស្តីពីកុងធានាគារ ប្រតិបត្តិការងារ របស់អង្គការសង់ត្រាល់ ហើយថាសង់ត្រាល់មិនទទួលការបកស្រាយទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់អង្គការការពារសិទ្ធិការងារមួយនេះ។
លោកថ្លែងថា៖ «យើងជំទាស់ដាច់ខាតរាល់ការចុះផ្សាយនានាដែលមិនមែនជាការពិត ដែលធ្វើឱ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ កិត្តិយស ក្នុងនាមជាស្ថាប័ននីតិបុគ្គល ដែលបានចូលរួមក្នុងការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សប្រកបដោយវិជ្ជាជីវៈ លើកកម្ពស់តម្លាភាព គណនេយ្យភាពសង្គម ស្របតាមលក្ខន្តិកៈដែលយើងបានតម្កល់នៅក្រសួងមហាផ្ទៃ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់វីអូអេថា តាមមាត្រា១០នៃច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបានបានចែងថា អង្គការ និងសមាគម ត្រូវផ្តល់ព័ត៌មានពាក់ព័ន្ធគណនីធនាគារ ឬក៏ក្រសួងមហាផ្ទៃស្នើឱ្យផ្តល់ព័ត៌មាននោះទៅដល់ក្រសួងក្នុងរយៈពេល៣០ថ្ងៃ ហើយថាការអនុវត្តច្បាប់មិនមែនជាការគំរាមកំហែងទេ។
លោកថ្លែងថា៖ «ការដែលលើកឡើងឱ្យក្រសួងមហាផ្ទៃធ្វើបែបនេះធ្វើបែបនោះ នោះបញ្ជាក់អំពីការមកដាក់សម្ពាធឬក៏បង្ខិតបង្ខំឱ្យស្ថាប័នរដ្ឋមួយឱ្យស្តាប់បង្គាប់យើងហើយ ដូច្នេះគឺយើងមិនអាចធ្វើបែបនោះបានទេក្នុងទិដ្ឋភាពច្បាប់»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ខ្លួនថា អង្គការសង់ត្រាល់ធ្លាប់ប្រឈមនឹងការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោលកាលពីពេលមុន ប៉ុន្តែយុទ្ធនាការបង្កូចកេរ្តិ៍ឈ្មោះនៅពេលនេះគឺមានលក្ខណៈប្លែកពិសេសជាងគេ ដោយវាហាក់ដូចជា ការវាយប្រហារដែលមានការសម្របសម្រួលដើម្បីបង្ខំឱ្យសង់ត្រាល់ផ្លាស់ប្តូររបាយការណ៍ខ្លួន ឬក៏រងហានិភ័យប្រឈមនឹងវិធានការច្បាប់ ឬក៏ត្រូវបិទទ្វារ។
ដោយឡែក នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំ សំអាតយល់ថា ភាគីរដ្ឋាភិបាល និងក្រុមសហជីពគួរផ្តើមឱ្យមានការសន្ទនាទៅលើរបាយការណ៍របស់អង្គការសង់ត្រាល់ដែលបានសហការជាមួយសហជីពពីរទៀតក្នុងការរៀបចំរបាយការណ៍នោះ ជាជាងការប្តឹងផ្តល់ ឬចោទប្រកាន់គ្នាទៅវិញមក៕
អង្គការការពារសិទ្ធិមនុស្សអាមេរិកស្នើឱ្យក្រុមហ៊ុនធំៗថ្កោលទោសការគំរាមកំហែងលើអង្គការសង់ត្រាល់
ភ្នំពេញ —
វេទិកាបញ្ចេញមតិ