ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ រង​ពាក្យ​បណ្តឹង​នៅ​តុលាការ


រូបឯកសារ៖ លោក ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់ត្រាល់។ (រូបថត៖ ផ្តល់​ដោយ​លោក ឃុន ថារ៉ូ)
រូបឯកសារ៖ លោក ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់ត្រាល់។ (រូបថត៖ ផ្តល់​ដោយ​លោក ឃុន ថារ៉ូ)

មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​នៃ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា ហៅ​កាត់​CWPUCបាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ប្តឹង​លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​អង្គការ​សង់ត្រាល់​ពី​បទ​«បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យមាន​ការរើសអើង»។

ការ​ប្តឹង​នេះ​ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក ឃុន ថារ៉ូ ជាមួយ​វិទ្យុ​អាស៊ីសេរី កាល​ពី​កន្លង​ទៅ អំពី​ការ​តវ៉ា​របស់​សហជីព​មួយ​ចំនួន​លើ​របាយការណ៍​របស់​អង្គការ​សង់ត្រាល់។

យោង​តាម​ពាក្យ​បណ្ដឹងចុះ​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០២៤ ម្ចាស់​ពាក្យ​បណ្តឹង លោក ហង្ស រ៉ាវី អ្នក​តំណាង​ឱ្យ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា បញ្ជាក់​ថា​លោក ឃុន ថារ៉ូ បាន​និយាយ​នៅ​ក្នុង​កិច្ចសម្ភាសន៍​ជា​មួយ​វិទ្យុអា​ស៊ីសេរី​ថា​«យក​សហជីព​ក្លែង​ក្លាយ​មក​វាយ​ប្រហារ​សហជីព​ឯករាជ្យ និងប្រើប្រាស់​យុវជន​ ឬ​សង្គម​ស៊ីវិល​ឱ្យ​វាយ​ប្រហារ​យុវជន និង​សង្គម​ស៊ីវិល​ឯករាជ្យ»។ ម្ចាស់​ពាក្យ​បណ្តឹង​បញ្ជាក់​ថា​ការ​ផ្តល់​បទ​សម្ភាសន៍​នេះ«ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស កេរ្តិ៍ឈ្មោះសហជីព​ដែល​ពាក់​ព័ន្ធ​យ៉ាង​ខ្លាំង»។

បើ​តាម​ពាក្យ​បណ្តឹង លោក ហង្ស រ៉ាវី បាន​ទាមទារ​ឱ្យលោក ឃុន ថារ៉ូ សង​ជំងឺ​ចិត្ត​ដល់​ស្ថាប័ន​ចំនួន ១០០​លាន​រៀល ស្មើ​នឹង​ប្រមាណ​២៥០០០​ដុល្លារ​អាមេរិក ហើយ​ម្ចាស់​ពាក្យ​បណ្តឹង​បញ្ជាក់​ថា​នឹង​យក​លុយ​នេះ​បរិច្ចាគ​ជូនមន្ទីរពេទ្យ​គន្ធបុប្ជា។

បើ​តាម​អត្ថបទ​ព័ត៌​មាន​របស់​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ២០២៤​ដែល​មាន​ចំណង​ជើង​ថា​«សហជីព​គាំទ្រ​រដ្ឋាភិបាលតវ៉ា​ប្រឆាំង​អង្គការ​សង់​ត្រាល់​រឿង​ចេញ​របាយ​ការណ៍​សេរីភាព​សហជីព» លោក ឃុន ថារ៉ូ មិន​ត្រូវ​បាន​ដក​ស្រង់​សម្តី ដូចពាក្យ​ពេចន៍​ដែល​មាន​នៅ​ក្នុង​ពាក្យ​បណ្តឹង​ឡើយ។

អត្ថបទ​របស់​វិទ្យុលើក​ឡើង​ថា៖ «ចំពោះ​ការ​ចេញ​មុខ​តវ៉ា​ពី​សំណាក់​សហជីព​គាំទ្រ​រដ្ឋាភិបាល​វិញ អ្នក​ឃ្លាំមើលយល់​ថា​ពួក​គេ​កំពុង​ធ្វើ​ឡើង​តាម​ខ្សែ​ញាក់​របស់​គណបក្ស​កាន់​អំណាច។ វិធី​ដែល​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន និយម​ប្រើ​ប្រាស់​សព្វថ្ងៃ​នេះ គឺ​យក​សកម្មជន​បក្ស​ប្រឆាំង​ឱ្យវាយ​ប្រហារ​បក្ស​ប្រឆាំង យក​សហជីព​ក្លែងក្លាយ​ឱ្យវាយប្រហារ​សហជីព​ឯករាជ្យ និង​ការ​ប្រើប្រាស់​យុវជន ឬ​សង្គម​ស៊ីវិល​ក្លែងក្លាយ​ឱ្យវាយ​ប្រហារ​យុវជន និង​សង្គម​ស៊ីវិល​ឯករាជ្យ ដែល​ធ្វើ​ការងារ​បម្រើ​ប្រយោជន៍​សាធារណៈ​ពិត​ប្រាកដ»។ នេះ​ជា​ឃ្លាឃ្លោង​ដែល​មាន​នៅ​ក្នុង​អត្ថបទ​របស់អាស៊ី​សេរី។

អ្នក​គ្រប់​គ្រងកម្មវិធីការងារ​នៃអង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ដែល​រង​ពាក្យ​បណ្តឹង ប្រាប់​វីអូអេ​ជា​អក្សរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ថា​ម្ចាស់​ពាក្យ​បណ្តឹង​គួរ​ប្តឹង​ទៅ​ខាង​វិទ្យុ​អាស៊ី​សេរី​វិញ ដោយ​លោក​ថា​សម្រង់​សម្តី​នោះ​មិន​មែន​ជា​អ្វី​ដែល​លោក​បាន​និយាយ​ឡើយ។

ប្រធាន​សហភាព​សហជីព​រក្សា​សិទ្ធិកម្មករ​កម្ពុជា លោក ហង្ស រ៉ាវី ដែល​ជា​ម្ចាស់​ពាក្យ​បណ្តឹង ប្រាប់​វីអូអេ​ថា​លោក​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ចោទ​ទៅ​កាន់​សហជីព​ថា​ជា​«សហជីព​ក្លែងក្លាយ»។

លោក​ថ្លែង​ថា៖ «គ្រប់ភាគី​ពាក់ព័ន្ធ​ផ្សាយ​ពេល​ដែល​គាត់​សរសេរ​ព័ត៌មាន គាត់​នឹង​សម្ភាស​ន៍គ្រប់​ភាគី​ពាក់ព័ន្ធ​ឬ​ក៏​សាមីខ្លួន។ អញ្ចឹង​ខ្ញុំមិន​ដឹង​ថា​វិទ្យុ​អាស៊ី​សេរី និងឃុន ថារ៉ូ គាត់​ពាក់ព័ន្ធ​គ្នា​ការ​ផ្សាយ​ក៏​ដូច​ជា​ការ​បរិហារ​កេរ្តិ៍​ការ​ញុះ​ញង់​ឱ្យ​មាន​ការ​រើស​អើង​បុគ្គល​ណា​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​ក្នុង​ខ្លឹមសារ​នឹង​មាន​ឈ្មោះ​បង ឃុន ថារ៉ូ នៅ​ក្នុង​ហ្នឹង»។

នៅ​ថ្ងៃ​សុក្រ​នេះ អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​ធ្វើ​ទុក​បុក្ខ​ម្នេញ​លើ​អង្គការ​សង់​ត្រាល់ ពាក់ព័ន្ធ​នឹង​របាយ​ការណ៍​របស់​អង្គការ​ដែល​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​មិថុនា។ សហជីព​មួយ​ចំនួន​បាន​ប្រតិកម្ម​ទៅ​នឹង​របាយ​ការណ៍​នោះ ហើយ​បាន​ធ្វើ​សកម្ម​ភាព​ប្រមូល​ផ្តុំ​តវ៉ា​ជា​បន្ត​បន្ទាប់​នៅ​ខាង​មុខ​អង្គការ​សង់ត្រាល់៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG