មហាអំណាចពិភពលោក បានបញ្ចប់ជំនួបជាមួយក្រុមអ្នកតំណាងនៃភាគីច្បាំងគ្នា២នៃប្រទេសលីប៊ី ជាមួយនឹងការបញ្ជាក់មួយនៃការគាំទ្រសម្រាប់ផែនការដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដែលនឹងបង្កើតរដ្ឋាភិបាលរួបរួមគ្នាមួយ។
អ្នកតំណាងមកពីប្រទេស១៧ហើយនិងតំណាងអង្គការពិភពលោក៤ បានធ្វើការចរចាជាមួយក្រុមមន្រ្តីលីប៊ីនៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីកាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងជំនួបមួយដែលមានលោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក John Kerry ធ្វើជាអធិបតីភាព ហើយនិងលោករដ្ឋមន្រ្តីការបរទេសអ៊ីតាលី Paolo Gentiloni។
ជំនួបនោះ បានកើតមានឡើងនៅពេលដែលរដ្ឋាភិបាលប្រកួតប្រជែងគ្នា២របស់លីប៊ី ប្រុងប្រៀបចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយនៅក្នុងប្រទេសម៉ារ៉ុកនៅថ្ងៃពុធ។
នៅក្នុងសន្និសីទកាសែតជាមួយលោករដ្ឋមន្រ្តីការបរទេសអ៊ីតាលី Gentiloni និងលោក Marti Koblerបេសកជនរបស់អង្គការសហប្រជាជាតិ លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry បានមានប្រសាសន៍ថា «វាជាពេលវេលាដើម្បីបំបែកភាពទាល់ច្រក» ហើយនិងធ្វើឲ្យជឿនលឿនដល់អនាគតមួយសម្រាប់ប្រទេសលីបី។
លោករដ្ឋមន្រ្តីការបរទេសអាមេរិក John Kerryមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅក្នុងទីក្រុងរ៉ូម ដែលបានចុះហត្ថលេខាដោយមហាអំណាច ដោយបានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យសុខចិត្តទទួលយកការឈប់បាញ់គ្នាជាបន្ទាន់និងធំទូលាយមួយ នៅពេលដែលកិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខា។
លោក Kobler បេសកជនរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍បន្ថែមទៅកាន់រដ្ឋាភិបាលប្រកួតប្រជែងថា កិច្ចព្រមព្រៀងនេះក៏នឹងត្រូវចុះហត្ថលេខាដោយក្រុមមេដឹកនាំភាគីខាងនយោបាយនិងមន្រ្តីផ្សេងទៀតដែរ៕