មានជនចំណាកស្រុកយ៉ាងតិចណាស់៤០នាក់បានស្លាប់ និង៣២០នាក់ទៀតត្រូវបានជួយសង្គ្រោះពីនាវារត់ពន្ធមនុស្សដែលមានដឹកមនុស្សកកកុញនៅក្នុងសមុទ្រ Mediterranee នៅខាងជើងប្រទេសលីប៊ី។
កងទ័ពជើងទឹកនៃប្រទេសអ៊ីតាលីបាននិយាយថា គេមានជំនឿថាមានមនុស្សស្លាប់ដោយសារអ្វីម៉្យាង ដូចជាការដកដង្ហើមចូលផ្សែងពីបំពង់ផ្សែងនៅក្នុងកន្លែងផ្ទុកទំនិញក្នុងកប៉ាល់នោះ។ ចំនួនមនុស្សស្លាប់អាចមានច្រើនជាងនេះ។
ក្រុមជនចំណាកស្រុកអស់សង្ឃឹមរាប់ម៉ឺននាក់ដែលបានរត់គេចខ្លួនចេញពីភាពទីទាល់ក្រ និងសង្គ្រាមក្នុងតំបន់ខាងជើងនៃទ្វីបអាហ្វ្រិក និងភូមិភាគមជ្ឈឹមបូព៌ាបាននាំគ្នាធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិដែលហៅកាត់ថា IMO បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនជនចំណាកស្រុក និងក្រុមជនស្វះស្វែងរកទីជម្រកដែលបានធ្វើដំណើរទៅដល់ទ្វីបអឺរ៉ុបមានចំនួន២៣០.០០០នាក់ដោយគិតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ហើយគេរំពឹងថាចំនួននេះនឹងឡើងដល់២៥០.០០០នាក់មិនហួសពីដំណាច់ខែសីហាទេ។ នេះជាកំណើនច្រើនក្រាស់ក្រែលមួយពីចំនួន២១៩.០០០នាក់ក្នុងឆ្នាំ២០១៤៕