នៅចុងសតវត្សរ៍ទី២១ ចំនួនប្រជាពលរដ្ឋនៅលើពិភពលោកនឹងធ្លាក់ចុះ បើតាមការសិក្សាស្រាវជ្រាវថ្មីមួយ។ ការណ៍នេះនឹងធ្វើឲ្យមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសាកលលោក ហើយប្រទេសនានានឹងត្រូវការកម្លាំងពលកម្មរបស់ជនអន្តោប្រវេសន៍ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។
សករាជនៃការកើនឡើងនៃប្រជាពលរដ្ឋប្រហែលជាជិតចប់ហើយ បើតាមការសិក្សាថ្មីមួយ។ ការណ៍នេះនឹងនាំឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចនិងបរិស្ថាន។
ប្រជាពលរដ្ឋរបស់ពិភពលោកអាចឡើងទៅដល់៩ពាន់៧រយលាននាក់នៅឆ្នាំ២០៦៤ ដោយកើនឡើងពីចំនួន៧ពាន់៨រយលាននាក់នៅពេលបច្ចុប្បន្ននេះ មុននឹងចុះថយមកនៅចំនួន៨ពាន់៨រយលាននាក់នៅចុងសតវត្សរ៍នេះ នេះបើតាមសេចក្តីរាយ ការណ៍មួយដែលបានចេញផ្សាយដោយទស្សនាវដ្តីពេទ្យ The Lancet។
ការប៉ាន់ស្មានរបស់វិទ្យាស្ថានសុខភាពនិងការវាយតម្លៃនៅឯសាកលវិទ្យាល័យវ៉ាស៊ីន តោន IHME ផ្ទុយពីការទស្សន៍ទាយរបស់ការិយាល័យផ្នែកប្រជាពលរដ្ឋរបស់អង្គការសហប្រជាជាតិដែលរំពឹងថា ប្រជាពលរដ្ឋនៅឆ្នាំ២១០០នឹងមានចំនួន១០ពាន់៩រយលាននាក់ ហើយចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់។
លោក John Wilmoth ប្រធានការិយាល័យនេះបានហៅ ការព្យាករណ៍នេះថា «ជ្រុលពេក»។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើការទស្សន៍ទាយនោះត្រូវផលវិបាកនៃការចុះថយចំនួនប្រជាពលរដ្ឋនេះនឹងមានទំហំធំធេងណាស់។
ការសិក្សាដោយសហអ្នកនិពន្ធ Chris Murray នាយកវិទ្យាស្ថានសុខភាពនិងការវាយ តម្លៃនៅឯសាកលវិទ្យាល័យវ៉ាស៊ីនតោន បាននិយាយថា៖ «ខ្ញុំគិតថា នេះជាការផ្លាស់ប្តូរកាន់តែខ្លាំងឡើងដែលមនុស្សជាតិត្រូវប្រឈមមុខ»។
ការណ៍នេះនឹងក្លាយជាព័ត៌មានដ៏ល្អអស្ចារ្យសម្រាប់បរិស្ថាន។ មនុស្សកាន់តែតិចទៅ នឹងនាំឲ្យមានឧស្ម័នផ្ទះកញ្ចក់និងសារធាតុកខ្វក់ផ្សេងៗទៀតក៏កាន់តែតិចដែរ។ សេចក្តីត្រូវការម្ហូបអាហារនឹងចុះថយ ដែលនឹងនាំឲ្យកាត់បន្ថយសេចក្តីត្រូវការដីនិងទឹកផងដែរ។ ក៏ប៉ុន្តែសេដ្ឋកិច្ចនឹងចុះថយដែរ។
ការធ្លាក់ចុះចំនួនប្រជាពលរដ្ឋមានន័យថា មានកម្មករតិចដែលមានន័យថា ផលិត ផលសរុបក្នុងស្រុក ឬ GDP ចុះទាប។ ការណ៍នេះក៏មានន័យដែរថា ពួកអ្នកប្រើប្រាស់ ទំនិញតិចដែលជាគ្រឹះនៃសេដ្ឋកិច្ចសាកល។
លោក Darrell Bricker ជាសហនិពន្ធនៃសៀវភៅដែលមានចំណងជើងថា «ផែនដីគ្មានមនុស្សនៅ៖ ភាពតក់ស្លុតនៃការចុះថយចំនួនប្រជាពលរដ្ឋសាកលលោក»។ លោកបាននិយាយថា៖ «អ្វីដែលកើតឡើងនៅពេលដែលលោកអ្នកមិនមានមនុស្សក្មេងៗដើម្បីទិញផ្ទះ ទិញទូរទឹកកក និងរថយន្តមុនដំបូងរបស់ខ្លួននោះ»។ លោក Bricker មិនបានទាក់ទិនក្នុងការសិក្សានោះទេ។
ហើយចំនួនមនុស្សចាស់នឹងកាន់តែកើនឡើង ខណៈដែលអត្រាបន្តកំណើតចុះថយ។
លោក Zhenchao Qian ជាសាស្ត្រាចារ្យសង្គមវិទ្យានៅសាកលវិទ្យាល័យ Brown ដែលមិនទាក់ទិនជាមួយការស្រាវជ្រាវនោះនិយាយថា៖ «ការណ៍នេះប្រាកដជានាំឲ្យមានគ្រោះថ្នាក់ជាងការធ្លាក់ចុះនៃចំនួនប្រជាពលរដ្ឋទៀត»។
លោក Qian និយាយបន្តទៀតថា កម្លាំងការងារកាន់តែតិចទៅ នឹងត្រូវជួយពលរដ្ឋចាស់ៗកាន់តែច្រើនឡើង បង្កើនបញ្ហានយោបាយ និងសាពើពន្ធអំពីថាតើត្រូវបង់ប្រាក់ការថែទាំសុខភាពនិងប្រព័ន្ធសន្តិសុខសង្គមយ៉ាងដូចម្តេច។
លោក Murray បាននិយាយទៀតថា ការធ្លាក់ចុះនៃចំនួនប្រជាពលរដ្ឋ ក៏អាចមានផលវិបាកខាងនយោបាយប្រជាសាស្ត្រដែរ។ មានកម្មករតិចតួចមានន័យថា មានទាហានកាន់តែតិចតួចដែរ។
លោក បាននិយាយទៀតថា «តុល្យភាពនៃអំណាចរវាងប្រទេសជាតិ ជានិច្ចកាលទាក់ ទិននឹងទំហំនៃពលរដ្ឋដែលធ្វើការ»។
ការផ្តល់អំណាចដល់ស្ត្រី
អត្រាបង្កើតកូនបានធ្លាក់ចុះទូទាំងសាកលលោក ពីព្រោះតែ ស្ត្រីកំពុងទទួលបានការ សិក្សាអប់រំកាន់តែច្រើនឡើងនិងមានវិធីពន្យារកំណើតច្រើនជាងមុន។
លោក Bricker ដែលជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ផែនដីគ្មានមនុស្សនៅឬ Empty Planet» បាននិយាយថា៖ «នេះជាការផ្តល់អំណាចដល់ស្ត្រី»។
ភាពខុសគ្នាសំខាន់រវាងការទស្សន៍ទាយថ្មីនិងការទស្សន៍ទាយពីមុនរបស់អង្គការសហប្រជាជាតិគឺ រឿងដែលគេរំពឹងថា នឹងកើតឡើងបន្ទាប់ពីអត្រាចាប់កំណើតធ្លាក់ចុះកម្រិតទាបបំផុតនោះ។
ចំនួនប្រជាពលរដ្ឋនៅនឹង នៅពេលដែលស្ត្រីមានកូនជាមធ្យមជាង២នាក់ក្នុងមួយនាក់ៗ។ ពួកអ្នកប្រជាសាស្ត្រហៅការណ៍នេះថា ជាអត្រាជំនួសអ្នកស្លាប់។ នៅបណ្តាប្រទេសអ្នកមាន អត្រាបង្កើតកូនមធ្យមនៅពេលបច្ចុប្បន្ននេះ មានជាង១,៦។ នៅក្នុងប្រទេសជប៉ុន សិង្ហបុរី និងអ៊ីតាលីមានជាង១,៣។
អង្គការសហប្រជាជាតិ សន្មត់ថា អត្រាបង្កកំណើតនឹងកើនឡើងម្តងទៀតទៅដល់១,៧៥។
លោក Murray មិនយល់ស្របទេ។
លោក Murray បាននិយាយទៀតថា៖ «យើងមិនឃើញសញ្ញានេះទេ។ យើងគិតថាអភូតហេតុដែលយើងកំពុងចាប់ផ្តើមសង្កេតក្នុងប្រទេសនានាដូចជាជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី និងផ្នែកនានានៃតំបន់អឺរ៉ុបនឹងក្លាយជារឿងធម្មតា»។
នៅឆ្នាំ២១០០ ក្រុមរបស់លោកប៉ាន់ប្រមាណថា ស្ទើរគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក ចំនួនអ្នកកើតនឹងមានតិចជាងចំនួនអ្នកស្លាប់។ មនុស្សនៅក្នុងប្រទេសចំនួន២៣ រួមមានជប៉ុន ថៃ និងអេស្ប៉ាញ នឹងមានចំនួនពាក់កណ្តាលនៃចំនួនដែលប្រទេសទាំងនោះមាននៅក្នុងឆ្នាំ២០១៧។ ប្រទេស៣៤ផ្សេងទៀតនឹងបាត់បង់ប្រជាពលរដ្ឋពីរវាង២៥ទៅ៥០ភាគរយ។ ហើយប្រទេសចិនត្រូវគេរំពឹងថា នឹងបាត់បង់ពលរដ្ឋចំនួន៤៨ភាគរយ។ នេះបើសិនជាការសន្មតរបស់លោក Murray និងសហការីរបស់លោកជាការត្រឹមត្រូវ។
ភាពមិនប្រាកដប្រជាយ៉ាងខ្លាំង
ប្រសិនបើប្រជាពលរដ្ឋប្រាកដជាធ្លាក់ចុះមែន លោក Murray និយាយថា ប្រទេស នានាមានជម្រើសចំនួន៣ ដើម្បីធ្វើឲ្យខ្លួនឯងចេញផុតពីផលលំបាកនេះ។
លោក Murray បាននិយាយទៀតថា៖ «ជម្រើសទីមួយគឺធ្វើឲ្យមានការងាយស្រួលកាន់ តែខ្លាំងឡើងសម្រាប់ស្ត្រីដែលធ្វើការនិងមានកូន រួមមានការអនុញ្ញាតឲ្យឈប់សម្រាកពេលសម្រាលកូននិងការគាំទ្រម្តាយធ្វើការងារដែលមានកូនតូច»។
ប្រទេសភាគច្រើនដែលបានអនុវត្តគោលនយោបាយទាំងនោះ បានយល់ឃើញថា គោលនយោបាយទាំងនេះមានប្រយោជន៍។ លោកបាននិយាយទៀតថា៖ «ប៉ុន្តែគោលនយោបាយទាំងនេះមិនបាននាំឲ្យមានការបង្កកំណើតជំនួសអ្នកស្លាប់ដូចកាលពីមុនបានទេ»។
ជម្រើសទី២គឺការបើកចំហរព្រំដែនរបស់ខ្លួនឲ្យពួកជនអន្តោប្រវេសន៍ចូល។
អារម្មណ៍របស់សាធារណជននៅពេលបច្ចុប្បន្ននេះគឺ ប្រឆាំងនឹងជម្រើសនេះនៅក្នុងផ្នែកនានានៃប្រទេសលោកខាងលិច។ ឧទាហរណ៍ រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំបានស្វះស្វែងទប់ស្កាត់ជនអន្តោប្រវេសន៍កុំឲ្យចូលក្នុងសហរដ្ឋអាមេរិក។ ការជំ ទាស់ប្រឆាំងដល់គោលនយោបាយអន្តោប្រវេសន៍របស់សហភាពអឺរ៉ុបបានជួយធ្វើឲ្យមានការបោះឆ្នោតរបស់ចក្រភពអង់គ្លេសចេញពីសហភាពអឺរ៉ុប។
លោក Ibrahim Abubakar នាយកវិទ្យាស្ថានសុខភាពសាធារណៈនៃសាកលវិទ្យាល័យ University College London នៃចក្រភពអង់គ្លេសដែលបានសរសេរបទអត្ថា ធិប្បាយមួយក្នុងអត្ថបទទស្សនាវដ្តី Lancet ថា៖ «ប្រសិនបើការទស្សន៍ទាយរបស់លោក Murray និងសហការីរបស់លោក ត្រូវបានត្រឹមតែពាក់កណ្តាលនោះ ជនអន្តោ ប្រវេសន៍នឹងក្លាយជាការសំខាន់សម្រាប់ប្រទេសទាំងអស់និងមិនមែនជាជម្រើសទេ»។
លោក Murray បាននិយាយទៀតថា ជម្រើសទី៣ដែលយើងគិតថា មានភាពគ្រោះថ្នាក់ពិតប្រាកដនោះគឺ ប្រទេសនានានឹងកាត់បន្ថយសិទ្ធិ បន្តពូជរបស់ស្ត្រីដើម្បីដាក់សម្ពាធលើពួកគេឲ្យមានកូនកាន់តែច្រើនឡើងដើម្បីបុព្វហេតុប្រទេសជាតិ។
ប្រែសម្រួលដោយលោកជឹង ប៉ូជីន