ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ពិភពលោក​បង្ហាញ​ការ​ខក​ចិត្ត​ចំពោះ​ការ​ដក​ស.រ.អា.​ចេញ​ពី​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ


លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​អំពី​តួនាទី​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅ​សួន​ផ្កា​កុលាប​ក្នុង​សេតវិមាន។
លោក​ប្រធានាធិបតី​ Donald Trump ថ្លែង​អំពី​តួនាទី​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ កាលពី​ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧ នៅ​សួន​ផ្កា​កុលាប​ក្នុង​សេតវិមាន។

មេដឹកនាំ​ពិភពលោក និង​ក្រុម​ការពារ​បរិស្ថាន​បាន​សម្តែង​ការ​ស្រងាកចិត្ត​របស់​ពួក​គេ​ជាមួយ​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ស.រ.អា. Donald Trump ក្នុង​ការ​ដក​ស.រ.អា.​ចេញ​ពីកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តី​ពី​អាកាសធាតុ​ដែល​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សាកល​សម្រាប់​ដោះស្រាយផល​ប៉ះពាល់​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។​

នៅ​ក្នុង​ចំណាត់ការ​មួយ​មិន​ធម្មតា​ ពួក​មេដឹកនាំ​នៃ​ប្រទេស​អាល្លឺម៉ង់ បារាំង ​និង​ប្រទេស​អ៊ីតាលី​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយសម្តែង «ការ​សោកស្តាយ» ដល់​សេចក្តី​សម្រេច​នេះ។​

ពួក​មេដឹកនាំ​នៃ​ប្រទេស​ទាំង​បី​នេះ​បាន​និយាយ​ថា «យើង​ជឿជាក់​មាំ​ទាំ​ថា​កិច្ចព្រម​ព្រៀង​នេះ​មិន​អាច​ត្រូវ​ធ្វើ​ការ​ចរចា​ជា​ថ្មី​បាន​ទេ» ហើយការណ៍​នេះ​បាន​បញ្ឈប់​ជំនឿ​របស់​មេដឹកនាំ​អាមេរិកាំង​រូប​នេះ​ដែល​ថា​គាត់​អាច​ធ្វើ​ការ​ចរចា​ជា​ថ្មី​ដើម្បី​នាំ​ស.រ.អា.​ចូល​ទៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​ជា​ថ្មី​វិញ​បាន។​ លោក Trump បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​អំពី​ការ​ដក​ខ្លួន​របស់​ស.រ.អា.​ថា​គាត់​បើកចំហ​ឱ្យ​មាន «ការ​ចរចា​ដើម្បី​ចូល​ជា​ថ្មី​ទៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស»។

លោក​ Jean-Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​មាន​ប្រសាសន៍​ប្រាប់​សន្និសីទ​មួយ​នៃ​សហព័ន្ធ​នយោជក​អាល្លឺម៉ង់​នៅ​ក្នុង​ក្រុង​បែរឡាំង​ថា «ពួក​អាមេរិកាំង​មិន​គ្រាន់​តែ​មិន​អាច​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​បាន​ទេ» ដោយ​លោក​បាន​មាន​ប្រសាន៍​បន្ថែម​ថា «គេ​ត្រូវ​ការ​ពេលវេលា​ពី​បីទៅ​បួន​ឆ្នាំ» ដើម្បី​ដក​ថយ។

អ្នកស្រី​ Hua Chunying អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ចូល​រួម​របស់​ប្រទេស​ចិន​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ជា

«ការ​ទទួល​ខុស​ត្រូវមួយ​ដែល​ប្រទេស​ចិន​បាន​ទ្រាំទ្រ​ក្នុង​ឋានៈ​ខ្លួន​ជា​ប្រទេស​ធំ​មួយ​មាន​ការ​ទទួល​ខុស​ត្រូវ»។ ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​សុក្រ​នេះ អ្នកនាំពាក្យ​ចិន​រូប​នេះ​បាន​ពោល​ថា «យើង​យល់​ថា​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្លុះ​បញ្ចាំង​ការ​យល់​ស្រប​គ្នា​ទូលំទូលាយ​បំផុត​របស់​សហគមន៍​អន្តរជាតិ​ស្តី​ពី​ការ​បំបាត់​ការ​ប្រែប្រួល​អាកាសធាតុ​ ហើយ​ភាគី​ទាំងអស់​គួរ​អបអរសាទរ​ជាមួយ​លទ្ធផល​នេះ​ដែល​បាន​មក​ដោយ​ពិបាក»។

ប្រទេស​ចិន​ជា​ប្រទេស​ដែល​បាន​ធ្វើ​ឱ្យ​អាកាសធាតុ​កខ្វក់​ជាង​គេ​ក្នុង​ពិភពលោក។ ស.រ.អា.​ជា​ប្រទេស​លំដាប់​ទី​ពីរ បន្ទាប់ពី​ប្រទេស​ចិនក្នុង​ការ​ធ្វើឱ្យ​អាកាសធាតុ​មាន​ការ​ប្រែប្រួល​ក្នុង​ពិភពលោក៕

XS
SM
MD
LG