ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិភព​លោក​មិន​ស្ថិត​លើ​ផ្លូវ​ត្រូវ​ឆ្ពោះ​ទៅ​សម្រេច ​SDGs​ ខណ:​ដែល​កម្ពុជា​បន្ត​ការ​ប្រឹង​ប្រែង


រូបឯកសារ៖ សិស្ស​​ជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺនចាស់» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបឯកសារ៖ សិស្ស​​ជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «សាលា​បឋម​សិក្សា​យឺនចាស់» ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក​​ António Guterres​ បាន​ប្រាប់​​តំណាង​ប្រទេសនៅមហា​សន្និបាត​លើក​ទី​៧៤​របស់​អង្គការ​សហ​ប្រជាជាតិ​ថា​​ គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ចំនួន​១៧​ចំណុច​មិន​​អាច​​​សម្រេច​បាន​​នៅ​ត្រឹម​ឆ្នាំ​២០៣០​​ទេ​ ប្រសិនបើ​រដ្ឋាភិបាល​នីមួយៗ​មិន​បង្កើន​ខ្ទង់​ចំណាយ​ទៅ​លើ​ចំណុច​គោលដៅ​ទាំង​១៧​នោះ។​​

នៅ​ក្នុង​កិច្ច​សន្ទនា​កម្រិត​ខ្ពស់​មួយ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ ​ លោក​អង់តូនីញ៉ូ​ ហ្គូតេរ៉េស​ (António Guterres) ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន​ព្រមាន​ចំៗ​នៅ​ចំពោះ​មុខ​តំណាង​ប្រទេស​ដែល​ចូល​រួម​មហា​សន្និបាត​លើក​ទី​៧៤​ថា​ ការ​សម្រេចគោល​ដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​កំពុង​ប្រឈម​នឹង​ផល​វិបាក ដោយសារ​តែ​កង្វះ​ធនធាន​ខាង​ហិរញ្ញវត្ថុ។​


គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មាន​១៧​ចំណុច​រួមមាន​ ការ​លើក​កម្ពស់​ការ​អប់រំ​ ការ​លុប​បំបាត់ភាព​ក្រីក្រ​ និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​សម​ភាព​យេនឌ័រ។ ​មាន​ការ​រៀប​ចំ​ជំនួប​កំពូល​ស្តីពីគោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​កិច្ច​ប្រជុំ​ពីប្រធាន​បទ​នេះ​ ខាង​ក្រៅ​មហា​សន្និបាត​របស់​អង្គការ​សហ​ប្រជា​ជាតិ​នា​បុរីញូវយ៉ក​ សហ​រដ្ឋ​អាមេរិក​ នៅ​ឆ្នាំ​២០១៩​នេះ។

អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​លោក​ António Guterres​ គូស​បញ្ជាក់ថា​ កង្វះ​ការ​ផ្គត់ផ្គង់​ហិរញ្ញវត្ថុបាន​ក្លាយ​ជា​រនាំង​មិន​ឲ្យ​ប្រទេស​នានា​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ដែល​គ្រោង​នឹងធ្វើ​ឲ្យ​បាន​នៅ​ឆ្នាំ​២០៣០។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres មាន​ប្រសាសន៍​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី៧៤ នៅក្រុងញូវយ៉ក។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres មាន​ប្រសាសន៍​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី៧៤ នៅក្រុងញូវយ៉ក។

លោក​មាន​ប្រសាសន៍​បញ្ជាក់ក្នុង​ន័យ​ដើម​ថា៖ ​«បើ​គ្មាន​ធនធាន យើង​នឹង​មិន​អាច​ផ្តល់​អ្វីៗ​ដល់​ប្រជាជន​ និង​ផែនដី​ទេ»។​

លោក​បាន​បន្ថែម​ថា៖ ​«យើង​មិន​បាន​ស្ថិត​លើ​ផ្លូវត្រូវ​មួយ​ដើម្បី​សម្រេច​គោល​ដៅ​ទាំង​អស់​នេះ​ទេ»។​

លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិបាន​បញ្ជាក់​ទៀត​ថា​ ការ​ធ្លាក់ចុះ​កម្រិតជំនួយ​សម្រាប់​ការ​អភិវឌ្ឍ​និង​ការ​កើន​ឡើង​បំណុល​បាន​ដាក់​សម្ពាធ​ការ​ចំណាយ​លើ​គោល​ដៅ​ទាំង​នេះ។​

ប្រទេស​កម្ពុជាកំពុង​ចូល​រួម​ក្នុង​ការ​សម្រេច​ឲ្យ​បាន​គោល​ដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដល់់ទៅ​១៨​ចំណុច​ ​រួម​បញ្ចូល​ការដោះ​មីន​និង​យុទ្ធភណ្ធ​មិនទាន់​ផ្ទុះ​។

លោក​ប្រាក់​ សុខុន​ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា បាន​រំលេច​ពី​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទាំង​នេះ​ នៅ​ក្នុង​ពេល​ថ្លែង​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ។

ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ​កត់​សម្គាល់​ថា​ សម្ពាធ​បរិស្ថាន​ថ្មីៗបាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​ចំពោះ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​ការ​អនុវត្ត​របៀប​វារ:​សម្រេច​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០។​

នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​មហា​សន្និបាត​លើក​ទី​៧៤​របស់​អង្គការ​សហ​ប្រជាជាតិ​នៅបុរី​ញូវយ៉កមាន​ការ​ពិភាក្សា​យ៉ាង​ផុសផុល​អំពី​ការ​ចម្រើន​ទៅមុខ​នៃការ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​នេះ​។

គេ​ឃើញ​មាន​ការ​តុបតែង​សសរ​ស្តម​ចំនួន​១៧​ មាន​លាយ​ពណ៌​ចម្រុះ​តំណាង​ចំណុច​សំខាន់ៗ​ទាំង​១៧​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ នៅ​ចំ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​សហ​ប្រជាជាតិ។ ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​ពិភាក្សា​គ្នា​ទៅ​លើ​គោល​ដៅ​ទាំង​នេះ​ ក្នុង​ការ​ជួប​ប្រជុំ​ដាច់​ដោយ​ឡែក​ ទៅ​តាម​ប្រធាន​បទ​នីមួយៗ​។

សសរស្តម្ភចំនួន​១៧បង្ហាញពីខ្លឹម​សារ​សំខាន់ៗ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ត្រូវ​គេ​ដាក់​តាំងនៅ​ចំ​កណ្តាល​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នាបុរី​ញូវ​យ៉ក​ សហរដ្ឋអាមរិក​ នៅ​ពេល​មហាសន្និបាត​លើកទី​៧៤​របស់​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​កាលពីថ្ងៃទី២៦ ​ខែកញ្ញា ឆ្នាំ២០១៩។
សសរស្តម្ភចំនួន​១៧បង្ហាញពីខ្លឹម​សារ​សំខាន់ៗ​នៃ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ត្រូវ​គេ​ដាក់​តាំងនៅ​ចំ​កណ្តាល​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នាបុរី​ញូវ​យ៉ក​ សហរដ្ឋអាមរិក​ នៅ​ពេល​មហាសន្និបាត​លើកទី​៧៤​របស់​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​កាលពីថ្ងៃទី២៦ ​ខែកញ្ញា ឆ្នាំ២០១៩។

លោក​ឡាច សាវី នាយក​អង្គការ​ Aide et Action​ ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍​ និង​ប្រទេស​ចិន​ ដែល​បាន​ចូលរួម​ពិភាក្សា​អំពី​កិច្ច​ការ​អប់រំនៅ​ក្រៅ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ប្រាប់ VOA​ ក្នុង​បទសម្ភាសន៍​មួយ​កាលពី​សប្តាហ៍​មុន​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ចូលរួម​ដោយ​សន្សឹមៗក្នុង​ការ​សម្រេច​ឲ្យ​បាន​ចំណុច​ទី៤​ ដែល​ផ្តោត​ជា​ចម្បង​លើ​ការ​អប់រំ ពោល​គឺ​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កុមារ​ទទួល​បាន​ឱកាស​សិក្សា​ស្មើៗ​គ្នា និង​ពោរ​ពេញ​ដោយ​គុណភាព​។

«ក្រសួង​អប់រំ​កំពុង​តែ​ធ្វើការ​ងារ​នេះ​ ដើម្បី​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​ ហើយ​វា​ត្រៀម​ ​ត្រៀម​ធ្វើដើម្បី​ថា ​តើ​ strategy goal​ [គោល​ដៅ​យុទ្ធ​សាស្ត្រ​] របស់​ SDG 4 ​យ៉ាង​ម៉េច​ ហើយ​ដែល​រដ្ឋាភិបាល​ត្រៀម​ implement goal ​[អនុវត្ត​គោល​ដៅ​ហ្នឹង]យ៉ាង​ម៉េច​ដើម្បី​ក្នុង​ការ​អភិវឌ្ឍ​នេះ​របស់​ខ្លួន»។

អ្នក​ធ្វើ​ការ​ជំរុញ​កំណែ​ទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​រូប​នេះ​គូស​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ឃើញ​ភាព​ប្រសើរ​ឡើង​របស់​ខ្លួននៅ​ក្នុង​វិស័យ​សិក្សា​ធិការ។​

តែ​ទោះ​ជាយ៉ាង​ណា​ លោក​ឡាច សាវី និយាយ​ថា​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះនៅ​មាន​កិច្ចការ​ងារ​ជា​ច្រើន​ទៀត​ ដូច​ជា​ការ​បង្កើន​វិនិយោគ​ទុនលើ​ធនធាន​អប់រំ​ និង​បង្កើន​សមត្ថ​ភាព​គ្រូ​បង្រៀន​ ​ដើម្បី​បំពេញ​ភាព​ខ្វះខាត​ក្នុង​ការ​ផ្តល់​សេវា​អប់រំ​ប្រកប​ដោយ​គុណភាព​ ដល់​ពលរដ្ឋ​គ្រប់​រូប​ ជាពិសេស​គឺ​ក្មេង​នៅ​ក្រៅ​សាលា។​

ក្នុង​ការ​ថ្លែង​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​ ​ លោក​ប្រាក់ សុខុន​ ឧបនាយករដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ អះអាង​ថា ​ក្មេង​ប្រុស និង​ស្រី​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ទទួល​ការ​អប់រំ​នៅ​កម្រិត​បឋម​សិក្សា​មាន​ប្រមាណ១០០​ភាគរយ។​

ដោយ​ឡែក​ អ្នកស្រី​ស៊ិន ពុទ្ធារី​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​គណ:កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា បាន​ចូល​រួម​ពិភាក្សា​ជាច្រើនរួម​មាន​បញ្ហា​សមភាព​យេនឌ័រ​ និង​យុត្តិធម៌​នៃ​ចំណុច​ទី​៥​និងទី​១៦​នៃ​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពនេះ។ អ្នកស្រីប្រាប់ VOA​ នៅទីក្រុង​ញូវយ៉ក​កាល​ពីសប្តាហ៍​មុន​ថា​ ​មាន​ការ​វិវត្ត​ទៅមុខ​ជាវិជ្ជមាន​ ចំពោះ​ការ​យល់​ដឹង​ពាក់ព័ន្ធ​ទៅ​នឹង​សិទ្ធិ​ស្មើគ្នា​រវាង​បុរស​ និង​ស្ត្រី​ ដោយ​ហេតុថា​ មាន​ការ​ផ្សព្វ​ផ្សាយ​ទូលំ​ទូលាយ​ជាង​មុន​អំពី​កិច្ចការ​ងារ​នេះ។

«បើសិន​ជា​យើង​ធ្វើការ​ប្រៀប​ធៀប​ យើង​ឃើញ​ថា​ ការ​យល់​ដឹង​ពី​សិទ្ធិ​ស្មើគ្នា​ ឬ​ក៏​បញ្ជ្រាប​យេនឌ័រ​ហ្នឹង​មាន​ភាព​ទូលំទូលាយ​ជាង​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ ដែល​យើង​ធ្វើកិច្ច​ការងារ​ហ្នឹង»។​

មិន​មាន​ការ​បញ្ជាក់​ច្បាស់​ណា​មួយ​ថា ​ប្រទេស​កម្ពុជា​ ដែល​បាន​ងើប​ពី​សង្គ្រាម​ជាង​២០ឆ្នាំមក​នេះ​ នឹង​មាន​លទ្ធភាពសម្រេច​បាន​ទាំង​ស្រុង​នូវ​ចំណុច​ទាំង​១៧​នៃ​គោល​ដៅអភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០​ទេ។​

ប៉ុន្តែ​អ្នកស្រី​ Armida Salsiah Alisjahbana ​លេខាធិការ​នាយក​ប្រតិបត្តិបត្តិ​នៃ​គណ:កម្មការ​សេដ្ឋ​កិច្ច​ និង​សង្គម​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក កត់​សម្គាល់​ក្នុង​អត្ថបទ​បញ្ចេញ​មតិ​មួយ​ថា​ ទាំង​កម្ពុជា​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក មាន​ផ្លូវ​ឈាន​ទៅ​សម្រេច​បាន​ចំណុច​គោល​ដៅ​ទាំង​១៧​នេះ​ ប្រសិន​បើ​មាន​ការ​បង្កើន​ការ​វិនិយោគ​ និង​កំណែ​ទម្រង់​នោះ។

អ្នកស្រី​អះអាង​ថា​ កម្ពុជា​បាន​សម្រេច​បាន​សមិទ្ធផល​ដ៏គួរឲ្យកត់​សម្គាល់ពាក់ព័ន្ធទៅ​នឹង​កំណើន​សេដ្ឋ​កិច្ច​ប្រមាណ​ជាង​៧​ភាគ​រយជាង​២​ទស​វត្សរិ៍​មក​នេះ​ ហើយភាព​ក្រីក្រត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន។​

យ៉ាងណាក្តី អ្នកស្រី Armida Salsiah Alisjahbana​ បញ្ជាក់​ថា​ ប្រសិន​បើ​កម្ពុជា ​និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ចង់​សម្រេច​បាន​របៀប​វារ:​នេះ​នៅ​ឆ្នាំ​២០៣០​នោះ​ ការ​បង្កើន​សកម្ម​ភាព​វិនិយោគ​គឺ​ជា​សេចក្តី​ត្រូវ​ការ​ចាំបាច់។​

អ្នកស្រី​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «យើង​ប៉ាន់​ស្មាន​ថា​ តម្រូវ​ការ​វិនិយោគ​បន្ថែម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងមូល​គឺ​ប្រមាណ១,៥​លាន​លាន​ដុល្លារ (ឬ 1.5 trillion)​ ក្នុង​មួយឆ្នាំ។​ សេចក្តី​វិភាគ​របស់​ពួក​យើងបង្ហាញ​ថា​ តំបន់​នេះ​មាន​លំហ​សារ​ពើពន្ធ​ដើម្បីឧបត្ថម្ភ​សកម្មភាព​វិនិយោគ​នេះ​បាន»។​

អ្នកស្រី​បញ្ជាក់​ទៀត​ថា​ កំណែ​ទម្រង់​ជាច្រើន​ដើម្បី​ប្រមូល​ពន្ធ​ និង​ការ​វិនិយោគ​ក្នុង​វិស័យ​ឯកជន​គឺ​មាន​ភាព​ចាំបាច់​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ខណ:ដែល​ជំនួយ​អភិវឌ្ឍន៍​ពីក្រៅ​ប្រទេស​មាន​ការ​ថយ​ចុះ។​

អ្នកស្រី​បាន​សរសេរ​ថា៖​ «នៅ​ប្រទេស​កម្ពុជា​ ការ​វិនិយោគ​បន្ថែម​ចំនួន​៣​ដុល្លារ​សហ​រដ្ឋ​អាមេរិក​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ជា​តម្រូវ​ការ​ដើម្បី​សម្រេច​ SDGs [ឬ​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព]។ ​ហើយ​កំណើន​៥,៤​ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មួយឆ្នាំអាចកាត់​បន្ថយ​ភាព​ក្រីក្រដោយ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​សម្រាប់​ការ​បង្វិល​សាច់​ប្រាក់​ និង​ការ​ផ្តល់​ការ​គាំពារ​សង្គម​ទូទៅ»។​

ការពិភាក្សា​អំពីគោលដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ នៅខាងក្រៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិលើក​ទី​៧៤ នៅបុរីញូវយ៉ក​ ថ្ងៃទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​ (ហ៊ុល រស្មី​/VOA)
ការពិភាក្សា​អំពីគោលដៅ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ នៅខាងក្រៅ​មហាសន្និបាតអង្គការ​សហប្រជាជាតិលើក​ទី​៧៤ នៅបុរីញូវយ៉ក​ ថ្ងៃទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​ (ហ៊ុល រស្មី​/VOA)

ដោយ​ឡែក​លោក​ António Guterres​ អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ បាន​លើក​ឡើង​ក្នុង​កិច្ច​សន្ទនា​ខាង​ហិរញ្ញ​វត្ថុ​កម្រិត​ខ្ពស់​មួយ នៅ​ខាង​ក្រៅ​មហា​សន្និបាត​ថា​ នៅ​ខែ​ក្រោយ​នេះ​ លោក​នឹង​កោះ​ប្រជុំ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចំនួន​៣៩​រូប​ពីគ្រប់​តំបន់ដើម្បី​ដំណើរ​ការ​សម្ព័ន្ធ​អ្នក​វិនិ​យោគ​សាកល​ដើម្បី​ការ​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ (Global Investors for Sustainable Development Alliance)​ ដែល​សម្ព័ន្ធ​នេះ​នឹង​អាច​ប្រមូល​ធនធាន​រួមគ្នា​បាន​ជិត​១៦​លាន​លាន​ដុល្លារ​ (ឬ​$16 trillion)។​

លោក​និយាយ​ថា៖​ ​«ខ្ញុំ​នឹងពឹង​ពាក់លើ​ការ​គាំទ្រ​របស់​ពួក​គេ​ ក្នុង​ការ​បង្វែ​ចំណុច​អាទិភាព​ទាំង​ឡាយ​ពី​ការ​ប្រាថ្នា​ចង់​បាន​ ទៅ​ជា​សកម្មភាព ​ហើយ​សម្រួល​ផ្នែក​ហិរញ្ញ​វត្ថុ​នេះ​ឲ្យស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»។​

លោក​និយាយ​ទៀត​ថា៖ «ការ​សន្ទនា​គ្នា​ថ្ងៃ​នេះ​ ទៅ​លើ​ចំណោទ​សំខាន់​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ ​អាច​ជួយ​យើង​ឲ្យ​វិល​មក​គន្លង​ត្រឹម​ត្រូវ​សម្រាប់​សកម្មភាព​មួយ​ទស​វត្សរិ៍​ទៅ​មុខ​ទៀត។ ​ចូរ​យើង​នាំ​គ្នា​បង្កើន​មហិច្ឆតា​ខាង​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​អភិវឌ្ឍហិរញ្ញ​វត្ថុ​សម្រាប់​អាកាស​ធាតុ​ និង​ហិរញ្ញ​វត្ថុ​ ដែល​នឹង​ជំរុញ​ឲ្យ​ទីផ្សារ​រីក​លូតលាស់​ ជំនួញ​បាន​ជោគជ័យ​ និង​ប្រជាជន​រស់​នៅ​ក្នុង​សេចក្តី​ថ្លៃ​ថ្នូរ»៕

XS
SM
MD
LG