ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី រ៉ូណា ស្មីត អំពាវនាវ​ឱ្យ​​រដ្ឋា​ភិបាល​កម្ពុជា​ទទួល​ខុសត្រូវ​​ការងារ​របស់​ខ្លួន ​ដើម្បី​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព


អ្នកស្រី រ៉ូណា ស្មីត​ ​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ធ្វើ​សន្និសីទ​ព័ត៌មាន​ នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី​/VOA)

អ្នកស្រី​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ដែល​មាន​រយៈពេល​១១ថ្ងៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។ ក្នុងថ្ងៃ​បិទ​បញ្ចប់​ទស្សនកិច្ច​នេះ​ អ្នកស្រី​បាន​ធ្វើសន្និសីទ​សារព័ត៌មាន​ ដែល​អ្នកស្រី​បាន​ធ្វើការ​កត់​សម្គាល់​ជា​ចម្បង​ទៅលើ​ វិថី​របស់​កម្ពុជា​ក្នុងការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​។ ​

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ អ្នកស្រី​រ៉ូណា ស្មីត​ ​(Rhona Smith)​ ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជាទទួល​ខុសត្រូវ​ក្នុង​កិច្ច​ការងារ​របស់ខ្លួន​ ​និងការ​បើក​ចំហរ​ឲ្យ​មាន​ការ​ចូលរួម​ជា​សាធារណៈ​ក្នុង​ការធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ដែល​ជាផ្នែក​ដ៏​សំខាន់​មួយ​ ក្នុងការ​ធានា​បាន​អភិបាល​កិច្ចល្អ​និង​ការ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ។​

អ្នកជំនាញ​ខាង​សិទ្ធិ​មនុស្ស​រូប​នេះ​ ​ក៏​នៅតែ​ទទូច​ឲ្យ​រដ្ឋាភិបាល​ ​ធានា​បាន​នូវ​ការ​គោរព​បទដ្ឋាន​សិទ្ធិ​មនុស្ស​នា​នា​ ​ដែល​អ្នកស្រី​យល់​ថា​ អាច​ជួយ​ឲ្យ​កម្ពុជា​រក្សា​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ដែល​គេស្គាល់​ថា​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ» ​ហៅកាត់​ថា​ ​(EBA)​ ​របស់​សហភាព​អឺរ៉ុប។ ​

ការ​អំពាវនាវ​របស់​អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​រូបនេះ​ ​កើត​មាន​ឡើង​ ក្នុង​សន្និសីទ​ព័ត៌មាន​នា​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បីបិទ​បញ្ចប់​ដំណើរ​ទស្សកិច្ច​របស់​អ្នកស្រី​ដែល​មាន​រយៈពេល​១១ថ្ងៃ​នៅ​កម្ពុជា។​

អ្នកស្រី​ស្មីត​ ​បានប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា​ ​ចំពោះ​បេសកកម្ម​របស់​អ្នកស្រី​លើក​នេះ​ ​គឺ​អ្នកស្រី​បាន​ផ្តោត​លើការ​ធ្វើ​មូលដ្ឋាន​រូបនីយកម្ម​នៃគោលដៅ​អភិវឌ្ឍន៍​ទី​១៦​ ស្តី​ពី​ «សន្តិភាព​ ​យុត្តិធម៌​ និង​ស្ថាប័ន​រឹងមំា»។​ ​ជាមួយ​នឹង​ការ​កសាង​មូលដ្ឋាន​រូបនីយកម្ម​នេះ​ អ្នកស្រី​ក៏​បាន​លើក​ឡើង​អំពី​សារៈសំខាន់​នៃ​អភិបាល​កិច្ច​ល្អ​ ដែលនឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី​៤ ​របស់​រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ។​

អ្នកស្រី​បាន​ពន្យល់​ថា​ ​អភិបាល​កិច្ច​ល្អ​តម្រូវ​ឲ្យ​មាន​នូវ​ស្ថាប័ន​រឹងមាំ​ ​និង​បើក​ទូលាយ​ហើយ​ដំណើរ​ការ​ស្រប​តាម​គោលការណ៍​សិទ្ធិមនុស្ស​ ​ដែល​រួមមាន​ ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ​តម្លាភាព​ការចូលរួម​ជា​សាធារណៈ​ក្នុងការធ្វើ សេចក្តី​សម្រេច​ចិត្ត​ ​និង​គណនេយ្យភាព​របស់​មន្រ្តី​សាធារណៈ ​និង​មន្រ្តី​រាជការ​ ​ការ​ទទួល​បាន​យុត្តិធម៌​ ដោយ​មាន​ការគាំទ្រ​ពី​សេរីភាព​សារព័ត៌មាន និង​សង្គមស៊ីវិល​ដែល​ធ្វើ​ការងារ​យ៉ាង​រស់រវើក​ ​ប្រកប​ដោយ​សេរីភាព​និង​នវានុវត្តន៍។

បន្ថែម​លើ​នោះ​ ដើម្បី​កម្ពុជា​សម្រេច​បាន​ចក្ខុវិស័យ​ប្រែក្លាយ​ទៅជា​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ​ឆ្នាំ២០៥០ ​ការសិក្សា​នានា​បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​ត្រូវមាន​បរិយាបន្ន ​និង​សមធម៌​ច្រើន​ថែមទៀត ​ដើម្បី​ជា​ប្រយោជន៍​នៃការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។​

អ្នកស្រី​បន្តថា​ ការណ៍​នេះ​មានន័យ​ថា «មិនមាន​មនុស្ស​ណា​ម្នាក់​ត្រូវបាន​គេទុក​ចោល​ឡើយ» ដោយ​ក្នុង​នោះ​រួម​ទាំង​ ស្រ្តី​ អ្នក​ក្រីក្រ​ អ្នក​ដែល​ស្ថិតជិត​បន្ទាត់​ក្រីក្រ​ អ្នកដែល​មិនមាន​ភាព​ជា​តំណាង ​និង​អ្នកមិន​ត្រូវ​បានយក​ចិត្ត​ទុកដាក់​ក្នុងសង្គម​ និង​អ្នក​ទាំងឡាយ​ដែលរស់​នៅក្នុង​ស្ថានភាព​ងាយ​រងគ្រោះ។ ​

ក្នុងពេល​ប្រទេស​កម្ពុជា​កំពុងស្ថិត​លើ​គន្លងនៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព​នោះ​ អ្នកស្រី​ស្មីត​យល់ថា​ រដ្ឋាភិបាល​ត្រូវ​កសាង​ស្ថាប័ន​ ​និង​ធនធាន​មនុស្ស​ ដែលមាន​សមត្ថិភាព​ បំពេញ​ការងារ​ជំនាញ​ចាំបាច់​បម្រើ​សាធារណៈជន​ ​ឈរលើ​គោល​ការណ៍​នៃ​ការ​គោរព​សិទ្ធិមនុស្ស។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ប្រសិន​បើប្រទេស​កម្ពុជា​ត្រូវបន្ត​លើវិថី​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​របស់​ខ្លួន​ រដ្ឋាភិបាល​ត្រូវធ្វើ​ការងារ​ដើម្បី​ឆ្លុះបញ្ចាំង​ពីឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ កសាង​ស្ថាប័ន​ដែល​ឆ្លើយតប​ទៅនឹង​សិទ្ធិរបស់​ប្រជាពលរដ្ឋ​ និង​កសាង​មនុស្ស​ដែល​មាន​ជំនាញ​ចាំបាច់​ ហើយ​ដែល​អាច​មាន​សំឡេង​ និង​អាច​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​ការ​អភិវឌ្ឍ​ និង​ក្នុង​សង្គម។​ នេះ​មានន័យ​ថា​ យើងត្រូវ​តែ​រក្សា​សិទ្ធិមនុស្ស​ជា​ចំណុច​ស្នូល​ដ៏សំខាន់​នៃ​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ និង​សន្តិភាព​ស្ថិត​ស្ថេរ​យូរ​អង្វែង»។​

ពាក់​ព័ន្ធ​នឹង​ភាព​ប្រទាំង​ប្រទើស​រវាង​ប្រទេស​កម្ពុជា​ និង​សហភាព​អឺរ៉ុប​ ​លើការ​ដើរថយក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ និងការ​ធ្លាក់​ចុះនៃការ​គោរពសិទ្ធមនុស្ស​នោះ​ អ្នកស្រី​បាន​ឆ្លើយ​ទៅនឹង​សំណួរ​មួយ​ចំនួន​របស់​អ្នកកាសែត​អំពី​បញ្ហា​នេះ​ថា​ កម្ពុជា​ត្រូវ​តែ​ធានា​ឲ្យបាន​នូវបទដ្ឋាន​សិទ្ធិមនុស្ស​ ដែលជា​គ្រឹះ​សំខាន់​នៃ​ការ​ទទួលបាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ របស់​សហភាព​អឺរ៉ុប​។ អ្នកស្រី​យល់​ថា ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធនេះ​ មានការ​ពាក់​ព័ន្ធ​គ្នា​ដែរ​ នឹង​ការ​ប្តេជ្ញា​របស់​កម្ពុជា​ ដើម្បី​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ។​

«ហេតុ​ដូច្នេះ​ដំណើរការ​ទាំងអស់​នេះ​ ​ពិតជា​មាន​ចំណង​ពាក់​ព័ន្ធ​គ្នា​ច្រើន​ ប៉ុន្តែ​ជា​ដំណើរការ ​ដែល​ខុស​ប្លែក​គ្នា​ខ្លាំង។​ ​មួយគឺ​អង្គការ​សហប្រជាជាតិ។​ ​បន្ទាប់មក​ទៀតនោះ​ គឺ​ប្រទេស​កម្ពុជា​ ដែល​មាន​ផែនការ​ខ្លួនឯង​ដើម្បី​បំពេញ​គោលដៅ​នានា។​ ​មួយវិញទៀត​ គឺការ​សម្រេច​ចិត្ត​ខាង​ពាណិជ្ជកម្ម​ និង​ពន្ធគយ​ ដោយ​អង្គការ​អន្តរជាតិ​មួយ​ គឺ​សហភាព​អឺរ៉ុប​ រួមទាំង​លក្ខខណ្ឌៈ​សម្បត្តិ​នានា​ ​ដែល​គេ​យក​មក​ពិចារណា​សម្រាប់​ការ​សម្រេច​ចិត្ត​ ថា​ត្រូវរក្សា​ទុក​ ឬ​ក៏​ព្យួរចោល​កិច្ច​ព្រម​ព្រៀង​ទាំង​នោះ»។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ថ្លែងថា​ ​កម្ពុជា​ធ្វើកិច្ចការ​ជាច្រើន​រួចមក​ហើយ​ដើម្បី​រក្សា​បាន​នូវ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មួយ​ប្រកប​ដោយ​ចីរភាព​ ដែល​បាន​ទាញ​ការ​គាំទ្រ​ជា​ច្រើន​ពីអ្នក​បោះ​ឆ្នោត​កាលពីខែ​កក្កដា​កន្លង​ទៅ​នោះ។​

លោក​ថ្លែង​ថា៖​

«អ្វីដែល​ជា​លទ្ធផល​ គឺ​ប្រជាពលរដ្ឋ​៨០ប្លាយ​ភាគរយ​ ចេញ​ទៅ​បោះឆ្នោត​ ទោះបី​ជា​លោកស្រី​ហ្នឹង​ដាក់​សម្ពាធ​យ៉ាងណា​ក៏ដោយ​។​ លទ្ធផល​ដែលបង្ហាញ​ពីការ​ពេញ​ចិត្ត​ ហើយ​និង​ការ​គាំទ្រ​នៃ​ចំណាត់​ការ​របស់​រាជរដ្ឋាភិបាល​ នៅក្នុង​អាណត្តិ​ទីប្រាំ​ ​គេបាន​បោះឆ្នោត​ ជូនដល់​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ហ៊ុន សែន​ក្នុង​អាណត្តិ​ថ្មីនេះ​ទៀត​ អាណត្តិ​ទីប្រាំមួយ។​ ដូច្នេះ​ចម្លើយ​ទាំងអស់​ហ្នឹង​គឺពេញ​គ្រប់គ្រាន់​ សម្រាប់​លោក​ស្រី​រ៉ូណា​ ស្មីត​»។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូបនេះ​ ក៏មិនទាន់​អាច​ឲ្យដឹង​ផងដែរ​ថា​ តើ​ការ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​នោះ​ អាច​នឹង​មាន​ផល​មិន​ល្អ​ ឬយ៉ាងណា​ មក​លើ​ផែនការ​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អង្គការ​សហប្រជាជាតិ​ផងដែរ។​ ​

លោកមាន​ប្រសាសន៍​បញ្ជាក់​ថា៖​

«ក៏ប៉ុន្តែ​អ្វី​ EBA ដែល​គេកំពុង​ជជែក​គ្នា ដោយសារ​កំណើន​ចំណូល​របស់​មហាជន​របស់​យើង​ វាកើន​ដល់​ជិត​១៥០០​ ដូច្នេះ​លក្ខខណ្ឌ​ហ្នឹង​ យើង​ត្រូវ​តែ​ចាក​ចេញ​ពីចំណុច​ កញ្ចប់​មួយចំនួន​របស់​ EBA នេះឯង​។​ ក៏ប៉ុន្តែ​រាជរដ្ឋាភិបាល​ក្នុងនាម​ជា​ដៃ​គូ​ជាមួយ​សហភាព​អឺរ៉ុប​ យើងកំពុង​តែ​ចរចា​ជជែក​គ្នា​ នៅក្នុង​សាច់​រឿងហ្នឹង​ សួរថា​វា​ប៉ះពាល់​អី​ វា​មិនទាន់​ដឹង​ទេ​ ក្នុងការ​ប៉ះពាល់​នោះ​ ព្រោះ​ប៉ះពាល់​ដែល​ខ្លាំង​បំផុត​ដែល​យើង​ធ្វើ​ព្យាករណ៍​បាន​ហ្នឹង​គឺ​ការ​ត្រូវបង់​ពន្ធ​ ការបង់​ៗ។​ពន្ធ​ហ្នឹងមិន​តម្រូវ​ឲ្យ​យើង​បង់​ពន្ធ​១០០​ភាគរយ​ទេ​ ហើយ​អ្វី EBA ​ហ្នឹង​គ្រាន់​តែ​ជា​ទិសដៅ​ នៃការ​ប្រើប្រាស់​ក្នុង​កិច្ច​ធ្វើ​នយោបាយ​ប្រឆាំង​ជាមួយ​រាជរដ្ឋាភិបាលបាទ​»។​

ក្នុងដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នា​គ្រានេះ​ អ្នកស្រី​រ៉ូណា​ ស្មីត​ ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅកម្ពុជា​ ក៏បាន​ស្វះស្វែង​ជួប​លោក​កឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ចោល​កាលពី​ឆ្នាំមុនផងដែរ​ ទៅ​តាម​ការ​ស្នើសុំ​របស់​រដ្ឋាភិបាល​កម្ពុជា។​

ក៏ប៉ុន្តែ​អ្នកស្រី​ បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ដដែល​នៅថ្ងៃ​ព្រហស្បតិ៍​នេះថា​ អ្នកស្រី​ត្រូវបាន​បដិសេធ ម្តងទៀត ​ក្នុង​ចូលជួប​ជន​ដែល​ត្រូវដាក់​ឱ្យ​ស្ថិតនៅ​ក្រោម​ការ​ឃុំខ្លួន​ ជាពិសេស​នៅ​ក្នុង​ឱកាស​នេះ​គឺ​ លោក ​កឹម សុខា​ ​ដែល​បច្ចុប្បន្ន​គាត់​កំពុង​ស្ថិត​ក្នុង​ការ​ឃុំខ្លួន​ក្នុងផ្ទះ​ ​ក្រោម​ការត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ ​យ៉ាង​ណា​ក៏ដោយ​អ្នកស្រី​ ​បាន​រំលឹក​រដ្ឋាភិបាល​ពីការ​ពិភាក្សា​លើកមុនៗ​ថាក្នុងនាម​ជា​ ​អ្នក​ជំនាញ​ឯករាជ្យ​មួយរូប ​ដែល​តែងតាំង​ដោយ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ អ្នកស្រី​គួរតែត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលជួប​ជា​លក្ខណៈ​ឯកជន​ជាមួយ​ជន​ទាំងឡាយ​ដែល​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការឃុំ​ខ្លួន។​

អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​លោក​កឹម សុខា​ ពីការ​ឃុំឃាំង​ដ៏រឹតត្បិត​ និង​បញ្ចប់​ការ​ស៊ើបអង្កេត​ឲ្យបាន​ឆាប់​នៅក្នុង​សំណុំ​រឿង​របស់​គាត់។​ អ្នកស្រី​ក៏បាន​សំដែង​ការ​ព្រួយ​បារម្ភអំពី​បទ​ចោទ​ ដែល​នៅបន្ត​ធ្វើឡើង​ប្រឆាំង​នឹង​អតីត​អ្នកកាសែត​វិទ្យុអាស៊ីសេរី។ ​អ្នកស្រី​ក៏អំពាវនាវ​ឲ្យ​មាន​ការ​លើក​លែង​ការ​ផ្តន្ទា​ទោស​ដល់អ្នក​ស្រី​ទេព វន្នី​ និង​មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​និង​អតីត​បុគ្គលិក​នៃ​អង្គការ​នះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ អ្នកស្រី​ស្មីត​ក៏បាន​ជួប​ក្រុមមន្ត្រី​កម្ពុជា​ជាច្រើន​រូប​ រូមមាន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស​ ខេង​ រដ្ឋមន្ត្រី​កស្រួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​លោក​អូន​ ព័ន្ធ​មុនីរ័ត្ន​ រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំដែន​ដី​លោក​ ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ អង្គវង្ស​ វឌ្ឍនា​ និង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ​ខៀវ កាញារីទ្ធ។

ក្រៅពី​លើកឡើង​អំពីបញ្ហា​នា​នា​ ​ដែល​មាន​ទំនាក់​ទំនង​ដល់ការ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចរីភាព​របស់​អង្គការ​សហប្រជាជាតិ​នោះ​ អ្នកស្រី​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កែលម្អ​នូវ​ មធ្យោ​បាយ​ទាំងឡាយ​ដើម្បី​ដោះស្រាយ​បញ្ហា​សិទ្ធិ​ដីធ្លី​ដ៍​ស្មុគស្មាញ​ ​តាមរយៈ​អភិក្រម​គ្រប់​ជ្រុងជ្រុង និង​ប្រកប​ដោយ​តម្លាភាព​ ​និង​ភាព​ត្រឹមត្រូវ​ ​ដើម្បី​ដោះស្រាយ​វិវាទដីធ្លី​ ​និងការ​តាំង​ទី​លំនៅ។​ ​មាន​តែ​តាម​រយៈ​មធ្យោបាយ​នេះទេ​ ​ទើបគ្មាន​នរណាម្នាក់​ត្រូវបាន​គេបោះបង់​ចោល​ឡើយ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​កាល​ពី​ពេល​មុនៗ​មក​នោះ​ អ្នកស្រី ​ស្មីត ​តែងតែ​បាន​លើក​ឡើង​ពី​ការ​បារម្ភ​របស់​អ្នកស្រី​ចំពោះ​ការ​បន្ត​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ និង​លំហ​សេរីភាព​ដែល​កាន់​តែ​រួញ​ទៅ​នៅ​ប្រទេស​កម្ពុជា។

នា​អំឡុង​ពេល​ទស្សនកិច្ច​ចុងក្រោយ​នៅ​កម្ពុជា​ នា​ដើម​ឆ្នាំ​២០១៨​នេះ​ អ្នកស្រី​ ស្មីត​ ​បាន​លើក​ឡើង​ថា ​«ប្រទេស​កម្ពុជា​បាន​មកដល់​ផ្លូវ​បំបែក​ហើយ»​ ​និង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ​តម្កល់​ការ​គោរព​សិទ្ធិ​មនុស្ស​ជាធំ​ ដែល​ជា​គ្រឹះ​មូលដ្ឋាន​នៃ​ការ​រក្សា​ឲ្យ​បាន​សន្តិភាព​ ស្ថិរភាព​ និង​ការអភិវឌ្ឍន៍​ យូរ​អង្វែង។​

អ្នកស្រី​ ​បាន​កត់​សម្គាល់​យ៉ាង​ដូច្នេះ​ ​នៅ​ក្រោយ​ការ​រំលាយ​ ​និង​ការ​បែង​ចែក​អាសនៈ​ជា​តំណាង​នៅ​សភា​ ​និង​នៅ​ថ្នាក់​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​បោះឆ្នោត ​ជាង​៤១​ភាគ​រយ​ក្នុង​ការ​បោះ​ឆ្នោត​ពីរ​លើក​ចុង​ក្រោយ​គឺ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ​២០១៣​ ​និង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ​ក៏​ដូចជា​ ​ការ​ហាម​ឃាត់​សមាជិក​១១៨​រូប​ ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ។

នា​ពេល​ធ្វើ​ទស្សនកិច្ច​ចុង​ក្រោយ​នៅ​កម្ពុជា​ដដែល​នោះ​ អ្នកស្រី​ ​បាន​ស្នើ​ឡើងវិញ​ដល់​រដ្ឋាភិបាល​ឲ្យ​ស្តា​លំហ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់រូប​ អាច​អនុវត្ត​សិទ្ធិ​ឈរ​ឈ្មោះ​ ឲ្យ​គេ​បោះឆ្នោត​ឡើងវិញ​ដោយ​គ្មាន​សេចក្ដី​ភ័យ​ខ្លាច​ ឬ​ការ​បំភិតបំភ័យ​ ហើយ​ក៏បាន​អំពាវនាវ​ផង​ដែរ​ ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​ជា​បន្ទាន់​មួយ ​ទៅលើ​បម្រាម​ជា​ទូទៅ​ដែល​ហាម​ឃាត់​តួអង្គ​នយោបាយ​ទាំង​១១៨​រូប​នោះ៕​

XS
SM
MD
LG