ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការបង្ក្រាប​នយោបាយ​​នៅ​​កម្ពុជា​​​ ​បង្ក​ភាព​​ល្អក់​​កករ​​ដល់​​ទំនិញ​រួច​ពន្ធ​​ទៅ​​អឺរ៉ុប


រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនីកំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

ខណៈ​ដែល​ការ​បង្ក្រាប​នយោបាយ​​នៅ​​ប្រទេស​​កម្ពុជា​​បាន​​ឡើង​កម្ដៅ​ ​និង​​ផាត់​​ចេញ​​​ក្រុម​ជំទាស់​​នឹង​របប​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​អ្នក​វិភាគ​បាន​និយាយ​​ថា​​អនាគត​​នៃ​​​ការ​​​អនុគ្រោះ​ផ្នែក​ពន្ធ​គយ​នៃ​ទំនិញ​របស់​កម្ពុជា​ចូល​ទៅ​​កាន់​​ទីផ្សារ​អឺរ៉ុប​​ ​កំពុង​ស្ថិត​ក្នុង​ភាព​ស្រពេចស្រពិល។

រាល់ពេលដែលខ្លួនបញ្ចេញសំឡេង​សម្ដែងការមិន​ពេញចិត្តនឹងឥរិយាបថ​របស់​រដ្ឋាភិបាល​កម្ពុជា​ គណៈ​ប្រតិភូសហ​ភាព​អឺរ៉ុប​ជាច្រើន​ជាន់ថ្នាក់ ​តែង​បង្ហើរ​នូវ​សម្ដី​ផ្សារ​ភ្ជាប់​ជានិច្ច​នូវ​ភាព​អនុ​គ្រោះ​ពន្ធ​សម្រាប់​ទំនិញ​កម្ពុជា​រាប់ពាន់​លាន​ដុល្លារ ចូល​ទៅ​កាន់​ទីផ្សារ​របស់​ខ្លួន​ ​និង​ការ​ប្រព្រឹត្តិ​របស់​ទីក្រុង​ភ្នំពេញ​ ​ថា​ស្ថិត​ក្នុង​គន្លង​ប្រជាធិបតេយ្យ​ ​និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ​ឬ​អត់។​ ​ទោះ​ជា​យ៉ាង​ណា​ អ្នក​វិភាគ​បញ្ចេញ​យោបល់​ខុសគ្នា​ ​ចំពោះ​អនាគត​នៃ​ការអនុគ្រោះ​ផ្នែក​ពន្ធគយ​សម្រាប់​ទំនិញ​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប។​

​របប​គ្រប់​គ្រង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​បាន​បោះ​ជំហាន​នយោបាយ​ដ៏​ធំ​មួយ​ ​កាល​ពី​ឆ្នាំ​២០១៧​ ​កន្លង​ទៅ​ ​រហូត​ឈាន​ទៅ​ដល់​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ការ​ចាប់​ដៃ​គូ​ប្រជែង​នយោបាយ​ដ៏​ស្វិតស្វាញ​របស់​ខ្លួន​ដាក់​ពន្ធនាគារ​ ​និងការ​ហាម​ប្រាម​ក្រុម​អ្នក​នយោបាយ​ជំទាស់​ប្រមាណ​ជាង​១០០​នាក់ ​មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល​ប្រាំ​ឆ្នាំ។​

រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)
រូបឯកសារ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ (រូបផ្តល់ឲ្យ)

សកម្មភាព​បង្ក្រាប​យ៉ាង​ចាស់​ដៃ​បែប​នេះ​កើត​មាន​ឡើង​ចំ​ពេល​ដែល​មាន​ការ​រឹតត្បិត​លើ​លំហ​នយោបាយ​ ​និង​សង្គម​ស៊ីវិល​និង​សារ​ព័ត៌មាន​មិន​ចំណុះ​គណបក្ស​កាន់​អំណាច​ ​បាន​រុញ​ប្រទេស​កម្ពុជា​ឱ្យ​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​មួយ​ដែល​ត្រូវ​ប្រឈម​មុខ​ផ្ទាល់​នឹង​ប្រទេស​គោលដៅ​ទីផ្សារ​រួច​ពន្ធ​ធំៗ ​រួម​មាន​សហរដ្ឋ​អាមេរិក ​និង​ជា​ពិសេស​សហភាព​អឺរ៉ុប ​ដែល​ជា​អ្នកផ្ដល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ដល់​ទំនិញ​របស់​កម្ពុជា​ក្រោម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម ​«អ្វី​ក៏​បាន​វៀរ​លែង​តែ​អាវុធ»​ ​(EBA)។​

​គម្រោង​ក្របខ័ណ្ឌ​ពាណិជ្ជ​កម្ម​ ​«អ្វី​ក៏​បាន​វៀរ​លែង​តែ​អាវុធ» ​(EBA) ​ត្រូវ​បាន​ផ្ដល់​ជូន​ដោយ​សហភាព​អឺរ៉ុប​ ទៅ​ដល់បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ​នានា​ទូទាំង​ពិភព​លោក ​ដើម្បី​ជំរុញ​ភាពប្រកួត​ប្រជែង​ក្នុង​ការ​នាំ​ចេញ ​ដែល​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ​ ក៏​រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។​ ​រដ្ឋ​អំណាច​នៅ​ភ្នំពេញ​ក៏​ដឹង​ច្បាស់​អំពី​សារៈសំខាន់​នៃ ​EBA​ ដែរ។

រូបភាព​ឯកសារ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុងរាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)
រូបភាព​ឯកសារ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នៅ​ក្នុងរាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៨​ ខែ​មិថុនា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

នៅ​ក្នុង​របាយ​ការណ៍​មួយ​ធ្វើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​កាល​ពី​ដើម​ខែ​ធ្នូ​កន្លង​ទៅ​ ​លោក​រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជ​កម្ម​ ប៉ាន់ ​សូរស័ក្តិ ​បាន​រ៉ាយរ៉ាប់​ជូន​បុរស​ខ្លាំង​នៃ​កម្ពុជា​អំពី​សារៈសំខាន់​នៃ​ការ​អនុគ្រោះ​ពន្ធ​ចំពោះ​ពាណិជ្ជ​កម្ម ​និង​ដង្ហើម​នៃ​ការ​នាំ​ចេញ ​របស់​សេដ្ឋកិច្ច​ដ៏​រស់​រវើក​របស់​កម្ពុជា។​

​ពេញ​មួយ​ឆ្នាំ​២០១៦ ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​បាន​នាំ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​៦៧៦​លាន​ដុល្លារ ​មិន​ចាំ​បាច់​បង់ជូន​សហភាព​អឺរ៉ុប​ឡើយ ​ក្នុង​ការ​នាំ​ចេញ​សរុប​ក្នុង​តម្លៃ​៦.២​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​មួយ​នេះ។ ​នេះ​បើ​តាម​លិខិតរបស់​លោក​ ប៉ាន់ ​សូរស័ក្ដិ ​ចុះ​ថ្ងៃទី៤ ​ខែ​ធ្នូ ​ឆ្នាំ២០១៧ ​ដែល​បាន​បែក​ធ្លាយ​មក​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​នា​ពេល​ក្រោយ​មក។​

​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​លោក​ ​ប៉ាន់ ​សូរស័ក្ដិ​ បាន​ផ្ដល់​ជា​យោបល់​ដល់​លោក ​ហ៊ុន ​សែន ​ថា​គួរ​មាន​ការ​បញ្ចុះ​បញ្ចូល​បណ្ដា​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​នានា ​ដោយ​លៃ​យ៉ាង​ណា​កុំ​ឱ្យ​មាន​ការ​អាក់​ខាន​ដោយ​ប្រការ​ណា​មួយ ​ក្នុង​ដំណើរការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អនុគ្រោះ​ពន្ធ ​ទៅ​កាន់​ទីផ្សារ​ប្រទេស​អភិវឌ្ឍ​ទាំង​២៨​នេះ។

ការ​បារម្ភ​និង​ការ​ឱ្យ​យោបល់​របស់​លោក ​ប៉ាន់ ​សូរស័ក្តិ ​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ។ ​ទាំង​សហភាព​អឺរ៉ុប ​និង​ទាំង​សហ​រដ្ឋ​អាមេរិក​ បាន​បញ្ចេញ​សម្ដី​ធំ​សម្ដី​តូច​ដាក់​កម្ពុជា ​ជុំវិញ​សំណុំ​រឿង​បង្ក្រាប​នយោបាយ​ដ៏​ជំពាក់ជំពិន ​ដែល​រហូត​មានការ​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​គាំទ្រ​គម្រោង​ការ​ផ្លាស់​ប្ដូរ​របប​នយោបាយ​នៅ​ទីក្រុង​ភ្នំពេញ​ទៀត​ផង។

ក្រោយ​ពី​តុលាការ​កំពូល​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​តាម​ពាក្យ​បណ្ដឹង​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន ​សែន ​សហភាព​អឺរ៉ុប ​បាន​ប្រកាស​ផ្អាក​ជំនួយ​ដល់​កិច្ចការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ​ខណៈ​ដែល​អាមេរិក ​ក៏​បាន​ធ្វើ​ដូចគ្នា ​ហើយ​ថែម​ទាំង​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​ទិដ្ឋាការ​ដល់​ឥស្សរ​ជន​នយោបាយ​នៃ​បក្ស​កាន់​អំណាច​ទៀត​ផង។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ​សភា​អឺរ៉ុប​ ​ដែល​ជា​ស្ថាប័ន​មួយ​ផ្សេង​ទៀត​នៃ​សហភាព​អឺរ៉ុប ​បាន​ដាក់​ចេញ​នូវ​សេចក្ដី​សម្រេច​មួយប្រាប់​ជូនគណៈ​គ្រប់​គ្រង​របស់​ប្លុក​ក្នុង​ទីក្រុង​ប្រ៊ុចសែល​ឱ្យ​ពិនិត្យ​ពិច័យ ​រក​មើល​នីតិវិធី​ព្យួរ​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​បណ្ដោះ​អាសន្ន​សិន​ បើ​សិន​ជា​រដ្ឋាភិបាល​ខ្មែរ​មិន​បន្ធូរ​ដៃ ​បែរ​ត្រឡប់​ក្រោយ ​បង្អង់​ការ​បង្ក្រាប​ផ្នែក​នយោបាយ​ទេ​នោះ។​

​លោក​ ​Stephen ​Higgins ស្ថាបនិក​នៃ​ក្រុមហ៊ុន​ផ្ដល់​ប្រឹក្សា​អាជីវកម្ម ​Mekong ​Strategic ​Partners ​បាន​និយាយ​ថា ​ការ​ដក​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​មុខ​ជា​នឹង​ផ្ដល់​នូវ​ព្យុះ​បោក​បក់​ជា​ខ្លាំង​ដល់​វិស័យ​កាត់​ដេរ​របស់​កម្ពុជា។​

​អ្នក​វិភាគ​ផ្នែក​ពាណិជ្ជ​កម្ម​រូប​នេះ​ បាន​ប្រាប់​ VOA​ ​តាម​សារ​អេឡិចត្រូនិក​ក្នុង​ន័យ​ដើម​ទាំង​ស្រុង​ថា៖​

«ការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​កម្រិត​បន្ទាត់​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​បាន​ផ្ដល់ផល​ប៉ះពាល់​រួច​ទៅ​ហើយ​ដល់​ឧស្សាហ​កម្ម​[វាយនភណ្ឌ]​នៅ​ប្រទេស​កម្ពុជា។​ ​ម្ល៉ោះ​ហើយ​ការ​ដក​ចេញ​នូវ​សម្បទាន ​EBA ទំនង​ជា​ល្មម​គ្រប់​គ្រាន់​ក្នុងការ​រុញ​រោងចក្រ​មួយ​ចំនួន​ធំ​ទៅ​ដល់​ស្ថាន​ភាព​ដែល​ត្រូវ​បិទ​ទ្វារ»។​

​តាំង​តែ​ពី​ឆ្នាំ​២០១៣​ ​នៅ​ពេល​ដែល​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​នាំ​សំឡេង​គាំទ្រ​ភ្លូក​ទឹកភ្លូក​ដីដល់​គណបក្ស​ជំទាស់​មួយ​នេះ​ពី​សំណាក់​កម្មករ ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ ​កាល​ពី​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​អាណត្តិទី៥ ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អន្តរាគមន៍​ក្នុង​ការ​ចរចា​ដំឡើង​ប្រាក់​ខែ​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​១៧០ ​ដុល្លារ​អាមេរិក​ ​ក្នុង​មួយ​ខែ​ ​សម្រាប់​ឆ្នាំ​២០១៨​នេះ។

លោក​ ​កាំង ម៉ូនីកា​ ​អគ្គលេខាធិការ​រង​នៃ​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ ​(GMAC)​ ​បាន​និយាយ​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ «មាន​សារៈសំខាន់​ណាស់»​ ​សម្រាប់​ភាព​ប្រកួត​ប្រជែង​នៃ​វិស័យ​វាយនភណ្ឌ​កម្ពុជា ​ដ្បិត​អី​វា​បាន​ផ្ដល់​ការ​លើកទឹក​ចិត្ត​ផ្នែក​ទីផ្សារ​ដល់​អ្នក​បញ្ជា​ទិញ​ធំៗ​ ​ឱ្យ​កុម្ម៉ង់​ផលិតផល​ពី​រោង​ចក្រ​ក្នុង​ប្រទេស​កម្ពុជា។

តំណាង​វិស័យ​ឯកជន​រូប​នេះ​ ​បាន​ប្រាប់​ ​VOA​ ​តាម​សារ​អេឡិចត្រូនិក​ថា៖

​«បើ​សិន​ជា​មិន​មាន​ប្រព័ន្ធ​អនុគ្រោះ​ ​EBA​ ​ទេ​ ​កម្ពុជា​នឹង​បាត់​បង់​ក្នុង​កម្រិត​ដ៏​ជាក់​ច្បាស់​មួយ​នូវ​ភាព​ប្រកួត​ប្រជែង​របស់ខ្លួន​ ជ្រៀត​ចូល​ទៅ​កាន់​ទីផ្សារ​នៃ​សហគមន៍​អឺរ៉ុប ​ពី​ព្រោះ​ថា ​ជាមួយ​នឹង​កាតព្វកិច្ច​ពន្ធ​គយ​ដែល​ត្រូវ​បង់​នេះ ​ទំនិញ​ទៅពី​កម្ពុជា​ នឹង​មាន​តម្លៃ​កាន់​តែ​ថ្លៃ»។

យ៉ាង​ណា​ក្ដី ​លោក​ ​កាំង ​ម៉ូនីកា​ ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​នៅ​តែ​សង្ឃឹម​ថា ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA​ នឹង​មិន​ត្រូវ​បាន​ដក​ចេញ ​ឬ​ព្យួរ​នោះ​ទេ។ ​... ​សហភាព​អឺរ៉ុប ​ជានិច្ច​ជា​កាល ​មក​ទល់​នឹង​បច្ចុប្បន្ន​កាល​នេះ ​តែ​បាន​លើក​តម្កល់​ជា​ធំ​នូវ​តម្លៃ​នៃ​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្ដល់​នូវ​ការ​លើក​ទឹក​ចិត្តឱ្យ​មាន​ដំណើរ​ការ​សន្សឹមៗ​នៃ​ដំណោះ​ស្រាយ ​ទៅ​លើ​រាល់​បញ្ហា​នានា ​តាម​រយៈ​កិច្ច​សន្ទនា ​និង​ការ​អង្កេត ​ជា​ជាង​បោះ​ជំហាន​ឆៅៗ​ទៅ​ដក​ចោល​នូវ​ការ​អនុគ្រោះ​ពន្ធ​តែ​ម្ដង»។

​ម៉្យាង​ផ្សេង​ទៀត ​ដំណើរ​ទៅ​កាន់​ការ​ព្យួរនូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA​ ប្រៀប​បាន​ដូច​ជា​ការ​បោះ​សន្ទូច​រំលង​ភ្នំ ​ដោយហេតុ​ថា​វា​ត្រូវ​ការ​ឆ្លង​កាត់​ការ​សម្រេច​ចិត្ត​ជា​ច្រើន​ដំណាក់​កាល ​ដោយ​ប្រព័ន្ធ​ការិយាធិបតេយ្យ​ជា​ច្រើន​ស្រទាប់​របស់សហគមន៍​អឺរ៉ុប​ ដែល​នាំ​ឱ្យ​អ្នក​តាម​ដាន​មួយ​ចំនួន​មើល​ឃើញ​ថា ​ហាក់​ដូច​ជា​មិន​អាច​ទៅ​រួច។​

​លោក​បណ្ឌិត​ ​Bradley ​Jensen ​Murg​ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នយោបាយ ​នៅ​សាកល​វិទ្យាល័យ ​Seattle ​Pacific ​University ​បាន​និយាយ​ថា ​សហភាព​អឺរ៉ុប​ខ្លួន​ឯង​ ក៏​កំពុង​ជួប​នឹង​ភាព​ស្ពឹក​ស្រពន់ ​ដើរ​អូស​ជើង​នឹង​បញ្ហា​ខ្លួន​ឯង​រួមមាន​ ដំណើរ​ចាក​ចេញ​ពី​សមាហរណកម្ម​របស់​ចក្រភព​អង់គ្លេស ​និង​ការ​រីក​ធំធាត់​នៃ​ចលនា​អភិរក្ស​បែប​ស្ដាំ​និយម ​ដែលនាំ​ឱ្យ​សហភាព​អឺរ៉ុប​ខ្លួន​ឯង​ថម​ថយ​កម្លាំង​ពលំ ​ក្នុង​ការ​ដើរ​តួនាទី​ជា​តួអង្គ​សំខាន់​មួយ​លើ​ឆាក​អន្តរ​ជាតិ នៅ​លើ​បញ្ហា​ផ្សេងៗ​ ដូច​ជា​បញ្ហា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ដើម។

សាស្ត្រាចារ្យ​រូប​នេះ ​បាន​ប្រាប់ ​VOA ​តាម​សារ​អេឡិចត្រូនិក​ថា៖​

​«ខ្ញុំ​ជឿ​ជាក់​ថា​ការ​ដាក់​ទណ្ឌ​កម្ម​តម្រង់​មុខ​ព្រួញ​ទៅ​ចំ​បុគ្គល ​ដោយ​យក​វិធី​សាស្ត្រ​តាម​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ វា​ហាក់​ដូច​ជា​ទំនង​ជា​កើត​ឡើង​ជាង ​ហើយ​ក៏​នឹង​ជា​វិធី​សាស្ត្រ​ដែល​មាន​ប្រសិទ្ធ​ភាព​ជាង​វិធានការ​នានា​ផ្សេង​ទៀត​ផង​ដែរ»។

​លោក Bradley ​Jensen ​Murg​ បាន​បន្ថែម​ថា ​ការ​កាត់​ជំនួយ​ ក៏​នឹង​មិន​បង្ក​ជា​ផល​រមាស់​អ្វី​ដល់​រដ្ឋ​អំណាច​ទីក្រុង​ភ្នំពេញ​ដែរ ព្រោះ​ថា​រាល់​អវត្តមាន​នៃ​ជំនួយ​ហិរញ្ញប្បទាន​របស់​សហភាព​អឺរ៉ុប ​សុទ្ធ​តែ​អាច​ត្រូវ​បាន​ជំនួស​ប៉ះ​ប៉ូវ​ដោយ​ប្រទេស​ចិន​ ដែល​កាន់​តែ​ក្លាយ​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​ចាក់​ទឹក​មិន​លិច​របស់​កម្ពុជា។​

​នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ពាណិជ្ជកម្ម​ លោក​រដ្ឋ​មន្ត្រី ​ប៉ាន់ សូរស័ក្ដិ ​បាន​និយាយ​ថា ​សម្រាប់​ឆ្នាំ២០១៨​នេះ​ នឹង​មិន​មាន​អ្វី​ជា​ការ​បារម្ភ​សម្រាប់​ការ​បិទ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នោះ​ទេ ​ដ្បិត​អី​រាល់​ការ​បញ្ជា​ទិញ​នានា​ ត្រូវ​បានធ្វើ​រួច​ជា​ស្រេច​ដើម្បី​កុម្ម៉ង់​ផលិតផល​របស់​កម្ពុជា​ចូល​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​ពន្ធ។​

​លោក​ ​សេក សុផល​ ​អ្នក​ស្រាវ​ជ្រាវ​នៅ ​មជ្ឈមណ្ឌល ​Ritsumeikan​ ដើម្បី​ការ​សិក្សា​អាស៊ី​ប៉ាស៊ីហ្វិក ​នៅ​ប្រទេស​ជប៉ុន​ ​បាន​និយាយ​ថា​ ​កាល​វេលា​នៃ​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា ​មាន​កម្រិត​ស៊ីមេទ្រី​ល្មម​សហគមន៍​អន្តរ​ជាតិ​មិន​អាច​ធ្វើអ្វី​ទាន់​ ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ឆ្នាំ២០១៨ ​នឹង​រំកិល​មក​ដល់​នៅ​ចុង​ខែ​កក្កដា​ខាង​មុខ។ ​

លោក​បាន​និយាយថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​ នឹង​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ ​ខណៈ​ដែល​កម្ពុជា​នៅ​មាន​ច្រក​ដង្ហើម​ចេញ​ចូល​ផ្នែក​ពាណិជ្ជ​កម្មជាមួយ​ប្រទេស​ចិន ​ប្រទេស​រុស្ស៊ី ​និង​បណ្ដា​រដ្ឋ​ជា​សមាជិក​អាស៊ាន ​ដែល​នៅ​ក្បែរ​ខាង។​

​«អ្វី​ដែល​គណបក្ស​កាន់​អំណាច​គាត់​ចង់​បាន ​គឺ​ការ​ធានា​ឱ្យ​មាន​ការ​នៅ​ក្នុង​អំណាច​បន្ត​ទៀត ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​២០១៨។​ ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ ​គាត់​អាច​នឹង​មាន​ការ​ចរចា ​ហើយ​ផ្ដល់​សម្បទាន ​ស្ថាន​ការណ៍​អាច​ប្រសើរ​ឡើង​វិញ»។​

​អ្នក​វិភាគ​រូប​នេះ​ បាន​និយាយ​ថា ​ការណ៍​ដែល​សភា​អឺរ៉ុប​លើក​ឡើង​ពី​សំណើ​សុំ​ត្រឹម​ឱ្យ​មាន​«ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន»នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​បង្ហាញ​ថា​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា​នឹង​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយ​នៅ​កម្ពុជា​រវាង​ភាគី​ពាក់​ព័ន្ធ​នានា។​

​VOA​ មិន​អាច​ទាក់​ទង ​ស្ថាន​បេសកកម្ម​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ​ស្នើ​សុំ​សេចក្ដី​អធិប្បាយ​បាន​ទេ​កាល​ពី​សប្ដាហ៍​កន្លង​ទៅ។​

​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​៤៩​ទូទាំង​ពិភព​លោក ​ដែល​ទទួល​បាន​បុព្វសិទ្ធិ​នៃ​ការ​អនុគ្រោះ​ពន្ធ​ ​EBA​ ​នាំ​ទំនិញ​ចូលទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដោយ​រួច​រនាំង​ពន្ធ​គយ។ ​នៅ​អាស៊ីអាគ្នេយ៍ ​មាន​ប្រទេស​តែ​បួន​ប៉ុណ្ណោះ​ដែល​ទទួល​បាន​សិទ្ធិពិសេស​នេះ​រួម​មាន​ ​កម្ពុជា​ខ្លួន​ឯង ​ឡាវ ​មីយ៉ាន់ម៉ា ​និង​ទីម័រ​ខាង​កើត។​

ក៏​ប៉ុន្តែ ​អ្នក​វិភាគ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​អនាគត​យ៉ាង​ណា​យ៉ាង​ណី​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​របស់​អឺរ៉ុប​ សម្រាប់​កម្ពុជា​ ​វា​អាច​នឹង​ស៊ីសង​ទៅ​លើ​សុខ​ភាព​នៃ​ទំនាក់​ទំនង​ការ​បរ​ទេស​រវាង​ភាគី​រដ្ឋ​អំណាច​ភ្នំពេញ ​និង​នៅ​ប្រ៊ុចសែល។​

លោក​ ​Bradley ​Jensen ​Murg​ បាន​សរសេរ​បន្ថែម​ក្នុង​សារ​អេឡិចត្រូនិក​មក​កាន់​ ​VOA​ ​ក្នុង​ន័យ​ដើម ​យ៉ាងដូច្នេះ​ថា៖​

​«ខណៈ​ដែល​វា​មិន​ទៅ​ជិត​កម្រិត​ធ្ងន់ធ្ងរ​ដូច​ជា​ការ​ធ្លាក់​ចុះ​នៃ​ទំនាក់​ទំនង​ខ្មែរ​អាមេរិកាំង​យ៉ាង​ណា​ក្ដី ​យើង​អាច​នឹង​រំពឹងមើល​ឃើញ​ថា​នឹង​មាន​បញ្ហា​ស្រដៀង​គ្នា​រះ​ឡើង​នាំ​ឱ្យ​ស្រអាប់​ទំនាក់​ទំនង​កម្ពុជា​ជាមួយ​សហភាព​អឺរ៉ុប។ ​ក្នុង​រយៈ​ពេលខ្លី​ វា​ពិបាក​ណាស់ ​សម្រាប់​អ្នក​វិភាគ​ក្នុង​ការ​រំពៃ​មើល ​ប្រកប​ដោយ​សុទិដ្ឋិនិយម​នៃ​ការ​វិវឌ្ឍ​ប្រសើរ​ឡើង​នៃ​ទំនាក់​ទំនងក្នុង​ពេល​ឆាប់ៗ​នេះ»។​

​ស្រប​ពេល​នឹង​ការ​បង្ក្រាប​នយោបាយ​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ រដ្ឋាភិបាល​លោកនាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​បាន​អំពាវនាវ​ឱ្យពល​រដ្ឋ​មាន​ស្មារតី​ជាតិ​និយម​ ​ប្រឆាំង​ការ​លូក​ដៃ​ពី​បរទេស ​និង​ទាម​ទារ​ឱ្យ​មន្ត្រី​ជំនាញ​ការ​អ្នក​តាក់​តែង​យុទ្ធសាស្ត្រគោល​នយោបាយ​របស់​លោក ​រៀប​ចំ​ផែន​ការ​សេដ្ឋកិច្ច​ខ្លួន​ទី​ពឹង​ខ្លួន ​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​នាំ​ចេញ​ក្នុង​អ្វី​ដែល​លោកហៅ​ថា​ ​ដើម្បី​ធានា​ឯករាជ​ភាព​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស៕

XS
SM
MD
LG