ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២២​បាន​ចាប់ផ្ដើម​ហើយ​នៅ​ប្រទេស​កាតា


កាំជ្រួច​ត្រូវបាន​បាញ់ឡើង​នៅ​លើ​កីឡដ្ឋាន Al Bayt នៅ​មុន​ការចាប់ផ្ដើម​ការប្រកួត​បាល់​ទាត់​ពិភពលោក (World Cup) ដែល​ជា​ការ​ប្រកួត​បាល់ទាត់​ពូល A រវាង​ប្រទេស​កាតា និង​អេក្វាឌ័រ ក្នុង​ទីក្រុង Al Khor ប្រទេស​កាតា កាលពី​ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការ​ប្រកួត​បាល់​ទាត់​ពិភពលោក (World Cup) ដែល​រៀបចំ​ឡើង​នៅ​ប្រទេស​កាតា និងជា​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ដំបូង​បង្អស់​នៅ​តំបន់​មជ្ឈិមបូព៌ា បាន​ចាប់ផ្ដើម​ហើយ​កាលពី​ថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​ប្រទេស​នេះ​រង​ការ​រិះគន់​ពី​អន្តរជាតិ​រឿង​សិទ្ធិ​មនុស្ស។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ទស្សនិកជន​ជាង ៦៧.០០០ នាក់​បាន​ចូលរួម​នៅ​ក្នុង​កីឡដ្ឋាន Al Bayt ដើម្បី​ទស្សនា​ការ​សម្ដែង​នានា​ពោរពេញ​ដោយ​ភាព​រស់រវើក​ចម្រុះ​ពណ៌​នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​រាត្រី​ដ៏​ត្រជាក់​ស្រួល​ក្នុង​ទីក្រុង Al Khor ជាប់​មាត់​សមុទ្រ​នៃ​ប្រទេស​កាតា។

នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​នេះ គេ​មិន​ឃើញ​មាន​វត្តមាន​មេដឹកនាំ​នៃ​បណ្ដា​បស្ចិម​ប្រទេស​សំខាន់ៗ​ចូលរួម​នោះ​ទេ ស្រប​ពេល​ដែល​ប្រទេស​កាតា​កំពុង​រង់​ការ​រិះគន់​ខ្លាំងក្លា​ពី​អន្តរជាតិ ជាពិសេស​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ទាក់ទិន​នឹង​ការ​ប្រព្រឹត្ត​របស់​ខ្លួន​លើ​ពលករ​ចំណាក​ស្រុក​និង​លើ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

ការ​ប្រកួត​បាល់​ទាត់​ពិភពលោកលើក​នេះ​កំពុង​ធ្វើ​ឡើង​នៅ​ក្នុង​រដូវ​រងា​នេះ​ជាជាង​រដូវ​ក្ដៅ​ចន្លោះ​ពី​ខែ​មិថុនា​ដល់​ខែ​កក្កដា​ដូច​សព្វ​មួយ​ដង បន្ទាប់ពី​អ្នក​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ធ្វើ​ដូច្នេះ​កាលពី​ឆ្នាំ ២០១៥ គឺ​ក្នុង​ពេល ៥ ឆ្នាំ​ក្រោយ​មក​បន្ទាប់ពី​ប្រទេស​កាតា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​នេះ ដោយសារតែ​ក្ដី​បារម្ភ​ថា ​ទស្សនិកជន​និង​កីឡាករ​អាច​ពិបាក​ទ្រាំទ្រ​នឹង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ក្នុង​រដូវ​ក្ដៅ​របស់​កាតា។

ប្រទេស​កាតា​បាន​ចំណាយ​ថវិកា​អស់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​សាងសង់​កីឡដ្ឋាន​បើក​ចំហ​ចំនួន ៧ ដែល​បំពាក់​ដោយ​ម៉ាស៊ីន​ត្រជាក់ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នេះ។

ការ​ប្រកួត​បាល់​ទាត់​ពិភពលោក​នេះ​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​ជិត​មួយ​ខែ​រហូត​ដល់​ថ្ងៃ​ទី ១៨ ខែ​ធ្នូ​ខាង​មុខ៕

XS
SM
MD
LG