មន្រ្តីប៉ូលិស យោធានិងសន្តិសុខរាប់សែននាក់នឹងត្រូវដាក់ពង្រាយនៅក្នុងទីក្រុងនានានៅជុំវិញពិភពលោកដើម្បីរក្សាសុវត្ថិភាពយប់មុនថ្ងៃចូលឆ្នាំថ្មីសាកលនៅ ពេលដែលប្រជាពលរដ្ឋប្រមូលផ្តុំគ្នាដើម្បីស្វាគមន៍ឆ្នាំ២០១៨។
នៅក្នុងសហរដ្ឋអាមេរិក ពួកមន្រ្តីទីក្រុងញូយ៉កបានប្រកាសថា ពួកគេនឹងប្រើប្រាស់ការឆែកឆេរពីដំណាក់កាល ទាហានលបបាញ់ត្រង់ បិទផ្លូវនានាហើយជាពិសេសប្រើសត្វឆ្កែដែលទទួលបានការហ្វឹកហាត់ដើម្បីការពារទីលាន Time Square នៅពេលដែលគេប៉ាន់ស្មានថា មានមនុស្សប្រហែល២លាននាក់នឹងប្រមូលផ្តុំគ្នាមើលការទម្លាក់បាល់ប្រចាំឆ្នាំនៅពាក់កណ្តាលយប់។
ក្នុងទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក កងទ័ពឆ្មាំការពារជាតិ៣០០នាក់នឹងចូលរួមជាមួយមន្រ្តីប៉ូលិសជាង១៥០០នាក់ដើម្បីរក្សាសុវត្ថិភាពទីក្រុងដែលល្បីល្បាញខាងកាស៊ីណូ កន្លែងលំហែកាយនិងសណ្ឋាគារ។ ការប្រុងប្រយ័ត្នខាងសន្តិសុខជាមុនដើម្បីការពារមនុស្សជាង៣សែននាក់នឹងរួមមានទាហានលបបាញ់ត្រង់ដែលស្ថិតនៅលើដំបូលហើយនឹងបង្កើនក្រុមឆ្លើយតបក្នុងគ្រាអាស័ន្នទ្វេដងបើប្រៀបធៀបទៅនឹងឆ្នាំទៅ។
នៅតំបន់អាមេរិកខាងត្បូង ក្នុងទីក្រុង Rio de Janeiro ប៉ូលិសប្រេស៊ីល មានគម្រោងដាក់ពង្រាយកងកម្លាំងសន្តិសុខ១ម៉ឺន២ពាន់នាក់ មានចំនួនជិត២០ភាគរយច្រើនជាងកាលពីឆ្នាំទៅសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីសាកលនេះ។
ក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ចំនួនមន្រ្តីប្រដាប់អាវុធនិងអង្គភាពឆ្កែមានចំនួនច្រើនគួរឲ្យកត់សម្គាល់ នឹងយាមល្បាតក្នុងពិធីនោះនិងស្ថានីយរទេះភ្លើងរត់ក្រោមដី។
ក្នុងប្រទេសអាល្លឺម៉ង់ ទីក្រុងសំខាន់ៗទាំងអស់ រួមមានទីក្រុងប៊ែឡាំង, Munich, Hamburg និងទីក្រុង Cologne បានប្រកាសថា នឹងបង្កើនវត្តមានប៉ូលិសក្នុងពិធីចូលឆ្នាំថ្មីសាកលនេះ៕