ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​​និយាយ​ថា​កូរ៉េខាង​ជើង​ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រ


រូបថត​ចេញ​ពីអេក្រង់​​បង្ហាញ​ពី​មេរោគ WannaCry ដែល​ក្រុម​ហ៊ុន​កម្ចាត់​មេរោគ​កុំព្យូទ័រ​ Symantec រក​ឃើញ នៅ​​រដ្ឋ California កាល​ពី​ខែ​ឧសភា។
រូបថត​ចេញ​ពីអេក្រង់​​បង្ហាញ​ពី​មេរោគ WannaCry ដែល​ក្រុម​ហ៊ុន​កម្ចាត់​មេរោគ​កុំព្យូទ័រ​ Symantec រក​ឃើញ នៅ​​រដ្ឋ California កាល​ពី​ខែ​ឧសភា។

លោក Ben Wallace រដ្ឋ​មន្រ្តី​ក្រសួង​សន្តិសុខ​អង់គ្លេស​បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា អង់គ្លេស​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា ​កូរ៉េខាង​ជើង​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទូទាំង​សាកល​លោក​នៅ​ដើម​ឆ្នាំ​នេះ។

​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​បាន​កើត​មាន​ឡើង​កាល​ពី​ខែ​ឧសភា​ដើម្បី​បង្អាក់​សេវាកម្ម​របស់​រដ្ឋាភិបាល​និង​ពាណិជ្ជកម្ម​ទូទាំង​សាកល​លោក ​រួមមាន​មន្ទីរ​ពេទ្យ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ចំនួន​១​ភាគ​៣។

​លោក Wallace ​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍ BBCថា៖ «កូរ៉េខាង​ជើងជារដ្ឋ​មួយ​ដែល​យើង​ជឿជាក់​ថា បាន​ពាក់​ព័ន្ធ​នៅ​ក្នុងការ​វាយ​ប្រហារ​ទូទាំង​សាកល​លោក​ទៅ​លើ​ប្រព័ន្ធ​របស់​យើង‍»។​ លោក​បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស​ជឿ​ជាក់​យ៉ាង​ពិត​ប្រាកដ។

កុំព្យូទ័រ​ជាង​៣​សែន​គ្រឿង​នៅ​ក្នុង​ប្រទេស​ចំនួន​១៥០​បាន​រង​ផល​ប៉ះពាល់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ប្រាស់​មេរោគ​ WannaCry។

របាយការណ៍​នោះ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រម្សិល​មិញ​ដោយ​ការិយាល័យ​ត្រួត​ពិនិត្យរបស់​ចក្រ​ភព​អង់គ្លេស​បាន​ប្រាប់​ឲ្យ​ដឹងថា ​មេរោគ​ WannaCry​ ជា​ការ វាយ​ប្រហារ​ធម្មតា​ដែល​ក្រសួងសុខាភិបាល​អង់គ្លេស​អាច​ការពារ​បាន ​ប្រសិន​បើ​ខ្លួន​ធ្វើ​ទៅ​តាម​ការ​អនុវត្ត​បច្ចេកវិទ្យា​តាម​ព័ត៌មាន​នោះ។

​លោក Dan Taylor ​ប្រ​ធាន​សន្តិសុខ​របស់​ក្រសួងសុខាភិបាល​ជាតិបាន​ពណ៌នា​ព្រឹត្តិការណ៍​នោះ​ថា​ ជា​ការ​វាយ​ប្រហារ​អន្តរជាតិក្នុង​ទំហំ​មួយ​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ហើយ​បាន​និយាយ​ទៀត​ថា ក្រសួងសុខាភិបាល​បាន​សិក្សា​យ៉ាង​ច្រើន។

លោករដ្ឋ​មន្រ្តី ​Wallace​ បាន​មាន​ប្រសាសន៍​ទៀត​ថា ​អង់គ្លេស​ត្រូវ​ចាត់​វិធានការ​ភ្លាមៗ​ដើម្បី​ពង្រឹង​កម្មវិធី​សន្តិសុខ​ប្រព័ន្ធ​កំព្យូទ័រ​របស់​ខ្លួន៕

XS
SM
MD
LG