ធនាគារពិភពលោក (World Bank) ជំរុញឱ្យកម្ពុជាកែលម្អភាពធន់លើហេដ្ឋារចនាសម្ព័ន្ធដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងទប់ស្កាត់កំណើនភាពក្រីក្រ ខណៈកម្ពុជាជាប្រទេសដែលងាយរងគ្រោះដោយទឹកជំនន់ និងគ្រោះរាំងស្ងួត។
របាយការណ៍របស់ធនាគារពិភពដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែតុលា បញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលមានអត្រានៃការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតក្នុងពិភពលោក ហើយកម្ពុជាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់កម្រិតទាប ប៉ុន្តែមានកំណើននៃអត្រាបំភាយឧស្ម័នផ្ទះកញ្ចក់លឿនបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោកដដែលបន្ថែមថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៥ និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម២៥ខេត្ត/រាជធានី និងប៉ះពាល់ដល់មនុស្សជាង២,៥លាននាក់ ហើយផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លារអាមេរិកដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នាំ២០១៩។
របាយការណ៍ដដែលបន្ថែមថា នៅខែកញ្ញា ឆ្នាំ២០២២ ជាខែដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតនារយៈពេល៣ឆ្នាំ បានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណជា៨៥ម៉ឺនគ្រួសារ និងមានការបាក់ដីដែលនាំឱ្យមានការជម្លៀសប្រជាជន៥,០០០គ្រួសារ។
របាយកាណ៍របស់ធនាគារពិភពលោកបញ្ជាក់ក្នុងន័យដើមថា៖ «យោងតាមការព្យាករណ៍អាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្សាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ ផ.ស.ស (ផលិតផលក្នុងស្រុកសរុប) អស់៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០»។
ផលប៉ះពាល់នៃអាកាសធាតុបង្កហានិភ័យច្រើនដល់ប្រទេស និងប្រជាជន ហើយធ្វើឱ្យបញ្ហាប្រឈមដល់ការអភិវឌ្ឍមានសភាពកាន់តែធ្ងន់ធ្ងរ ដោយទឹកជំនន់នឹងបង្កការខាតបង់កាន់តែច្រើនឡើងដល់រោងចក្រ ផ្លូវថ្នល់ ផ្ទះសម្បែង និងសាលារៀន និងបណ្តាលឱ្យសេវាកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗជួបភាពរអាក់រអួល។ បម្រែបម្រួលអាកាសធាតុត្រូវបានព្យាករណ៍ថា នឹងបណ្តាលឱ្យទិន្នផលដំណាំ និងជលផលធ្លាក់ចុះ ដែលបង្កបញ្ហាប្រឈមដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ សីតុណ្ហភាពកាន់តែខ្ពស់ និងភ្លៀងធ្លាក់ខ្លាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព ហើយជាដើមចមនៅពីក្រោយការកើនឡើងនៃករណីជំងឺផងដែរ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
ក្នុងរបាយការណ៍នោះ ធនាគារពិភពលោកបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលកម្ពុជាដូចជា ការបន្សាំការរួមបញ្ចូលការកែលម្អឱ្យកាន់តែប្រសើរនូវភាពធន់នឹងអាកាសធាតុរបស់បណ្តាញផ្លូវថ្នល់ដែលមានស្រាប់ និងការបង្កើនស្តង់ដានៃភាពធន់សម្រាប់ហេដ្ឋារចនាសម្ព័ន្ធសេវាសុខាភិបាល និងអប់រំ។ សម្រាប់សកម្មភាពរបស់វិស័យឯកជនអាចបញ្ចូលការវិនិយោគលើប្រព័ន្ធត្រជាក់ដែលមានប្រសិទ្ធផលថាមពល និងសំណង់អគារដែលធន់នឹងទឹកជំនន់ផងដែរ។
ធនាគារពិភពលោកក៏ណែនាំឱ្យកម្ពុជាពង្រឹងសមត្ថភាពបន្ថែមក្នុងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ ឬប្រព័ន្ធសូឡា ដើម្បីកាត់បន្ថយការចំណាយច្រើនទៅលើថាមពលអគ្គិសនីផងដែរ។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ផៃ ប៊ុនឈឿន និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាននៅឡើយទេទាំងតាមទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាម។
វីអូអេក៏ពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានដែរ។
មន្ត្រីសម្របសម្រួលគំរោងនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ប្រាប់វីអូអេថា របាយការណ៍របស់ធនាគារពិភពលោកដែលបង្ហាញពីបម្រែបម្រួលអាកាសធាតុក្នុងប្រទេសកម្ពុជានេះ ជារឿងដែលត្រឹមត្រូវ ដោយសារតែបច្ចុប្បន្នកម្ពុជាមានការកាប់ទន្ទ្រានព្រៃឈើជាច្រើន ដែលបានជះប៉ះពាល់ដល់បញ្ហាអាកាសធាតុ។ លោកបន្តថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមិនសូវមានការរំពឹងច្រើនទៅលើការធ្វើស្រែចំការ ដោយសារពួកគេមានការលំបាកក្នុងការប៉ាន់ស្មានពីទំហំទឹកភ្លៀង។
លោកថ្លែងថា៖ «ពួកគាត់ធ្វើស្រែចំការពឹងផ្អែកទៅលើទឹកភ្លៀង ប៉ុន្តែវាមានការបម្រែបម្រួលជាបន្តបន្ទាប់ធ្វើឱ្យពួកគាត់បាត់បង់នូវចំណូលដែលទទួលបានពីការធ្វើស្រែធ្វើចំការហ្នឹង។ ខ្ញុំមើលឃើញថា ការបម្រែបម្រួលអាកាសធាតុនេះគឺវាជះឥទ្ធិពលធ្ងន់ធ្ងរទៅដល់ការប្រកបរបរកសិកម្មរបស់ប្រជាជនកម្ពុជា ហើយក៏វាជះឥទ្ធិពលទៅដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែរ»។
បើតាមការលើកឡើងរបស់លោក អូត ឡាទីន រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តក្នុងការការពារគម្របព្រៃឈើឱ្យបាន៦០%គិតត្រឹមឆ្នាំ២០៣០ ប៉ុន្តែលោកថា លោកតែងឃើញមានការកាប់បំផ្លាញបន្ថែមទៅវិញ។
លោកថ្លែងថា៖ «ជាក់ស្តែងខ្ញុំសង្កេតឃើញការបេ្តជ្ញាវាហាក់បីដូចជាផ្សេង តែស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើគឺវានៅតែបន្តកើតមាន។ អ៊ីចឹងខ្ញុំយល់ថារដ្ឋាភិបាលមានចេតនានៅក្នុងការការពារព្រៃឈើ ការពារគម្រាបព្រៃឈើឱ្យបានល្អប្រសើរ ចំណុចសំខាន់ទី១ រដ្ឋាភិបាលត្រូវមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រជាពលរដ្ឋក្នុងការការពារព្រៃឈើដែលមានស្រាប់ ចំណុចទី២មានការលើកទឹកចិត្តទៅដល់ក្រុមហ៊ុនឯកជន ទៅដល់ស្ថាប័នដែលពាក់ព័ន្ធឱ្យគាត់ធ្វើការវិនិយោគដោយភ្ជាប់ជាមួយការអភិវឌ្ឍបែបបៃតង»។
ក្នុងចន្លោះឆ្នាំ ២០០១ ដល់ឆ្នាំ ២០២០ កម្ពុជាបាត់បង់គម្របព្រៃឈើជិត ២ លាន ៥ សែនហិកតា ឬស្មើនឹងប្រមាណ ២៨% នៃគម្របព្រៃឈើសរុប។ នេះបើតាមរបាយការណ៍ត្រួតពិនិត្យព្រៃឈើលើកទី ១ ចេញផ្សាយជាសាធារណៈកាលពីខែមករា ឆ្នាំ ២០២២ ដោយបណ្តាញសហគមន៍ព្រៃឡង់ ក្រោមគម្រោង «ប្រជាពលរដ្ឋចូលរួមក្នុងយុត្តិធម៌បរិស្ថានសម្រាប់ទាំងអស់គ្នា (CEEJA)»។
ការបាត់បង់នេះធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ប៉ះពាល់ដល់ការអភិរក្សធនធានជីវៈចម្រុះ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពលរដ្ឋដែលពឹងផ្អែកលើព្រៃឈើ៕