ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​ថ្មី៖ សកម្មភាព​រុករក​រ៉ែ​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ


ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)
ទិដ្ឋភាព​ពី​លើ​ឧទ្ធម្ភាគចក្រ​បង្ហាញ​ពី​ការ​ខូចខាត​របស់​ព្រៃឡង់ ដោយ​សារ​សកម្មភាព​កាប់​ឈើ កាលពី​ថ្ងៃច័ន្ទ ទី១៨ ខែ​មេសា ឆ្នាំ២០១៦។ (រូបថត​ដក​ស្រង់​ចេញ​ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​អាមេរិក)

របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​អង្គ​ការ​អន្តរ​ជាតិឈ្មោះ ​Bruno Manser Fonds ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​បាន​រក​ឃើញ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​សកម្មភាព​រុករក​រ៉ែ​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​ Late Cheng Mining Development Co Ltd ដែល​ម្ចាស់​ក្រុម​ហ៊ុន​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ដែល​ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​និង​បរិស្ថាន ចុះ​ថ្ងៃទី​២៤​ ខែ​តុលា​ ឆ្នាំ​២០២៣ ក្រុម​ហ៊ុន Late Cheng Mining Development កំពុង​តែ​អភិវឌ្ឍ​អណ្តូង​រ៉ែ​មាស​ខ្នាត​ធំ​ចំនួន​ពីរ នៅ​ក្នុង​ភូមិ​ស្នង​អន ឃុំ​សុចិត្រ​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ។ សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បន្ថែម​ថា ​ការ​អភិវឌ្ឍ​ទាំង​នេះ​បាន​បង្ក​ការ​គំរាម​កំហែង​ដោ​យ​ផ្ទាល់​ទៅ​លើ​បរិ​ស្ថាន​ជីវៈ​ចម្រុះ​ ជា​ពិ​សេ​ស​ព្រៃ​បៃ​តង់​នៃ​អាស៊ី។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ក្នុង​ន័យ​ដើ​ម​ថា​៖ «​ការ​អភិវឌ្ឍថ្មីៗ​ទាំង​នេះ​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​នៃ​គម្រោ​ង​ទាំង​នេះ។ ដែន​ជ​ម្រក​សត្វ​ព្រៃ​ឡង់​ចំនួន​៤០​ម៉ឺន​ហិកតា ត្រូវ​បាន​បង្កើត​ឡើង​កាល​ពីឆ្នាំ​២០១៦ ដើម្បី​ការ​ពារ​បេះ​ដូង​របស់​ព្រៃឡង់ ហើយ​គម្រោង[នៃ​ការ​រុក​រក​រ៉ែមាស]​ទាំង​នេះ ​ប្រាកដ​ណាស់​មិន​ស្រប​នឹង​ការ​ការពារ​នៃ​តំបន់​នោះ»។

លោក ងួន​ រតនៈ អភិ​បាលខេត្ត​កំពង់​ធំ ប្រាប់​វី​អូ​អេ​ថា​ ក្រុម​ហ៊ុន​បរ​ទេសដែល​ធ្វើ​អា​ជីវ​កម្ម​រ៉ែ​មាស​នៅ​ក្នុង​ខេត្ត​កំពង់​ធំ មាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់។ លោក​បន្ដ​ថា ​ក្រុម​ហ៊ុន​ដែល​មាន​អា​ជ្ញា​បណ្ណ​តែង​រាយ​ការណ៍​ពី​ស​កម្ម​ភាព​របស់​អា​ជីវ​កម្ម​ខ្លួន​ជា​រៀង​រាល់​ឆ្នាំ​មក​កាន់​អ​ភិ​បាល​ខេត្ត។

លោក​ថ្លែង​ថា៖ «នៅ​ទី​នេះ​យើង​មាន​ក្រុម​ហ៊ុន​ធ្វើ​អា​ជីវ​កម្ម​រ៉ែ​មាស​ដែល​មាន​អាជ្ញា​បណ្ណ​ត្រឹម​ត្រូវ។បាទ​គឺ​មាន​អាជ្ញា​បណ្ណ​ យើងកុំ​គិត​ថា​ក្រុម​ហ៊ុន​ចិន​ កូរ៉េ​ ជប៉ុន​ យើង​គិត​ថា​មាន​អាជ្ញា​បណ្ណ​ក្រុម​ហ៊ុន​បរ​ទេស»។

វីអូអេមិន​ទាន់​អាច​សុំការអត្ថាធិប្បាយ​ពីលោក កែវ រតនៈ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាម​ពល និង​លោក​ អ៊ឹង ឌីប៉ូឡា អ្នកនាំ​ពាក្យ​ក្រសួងរ៉ែ​និងថាមពល​បាន​នៅឡើយ​ទេ។

កាលពី​ឆ្នាំ​មុន លោក​ អ៊ឹង ឌីប៉ូឡា ធ្លាប់​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​វាយ​តម្លៃហេតុផល​ប៉ះពាល់​បរិស្ថាន និងសង្គមពេញ​លេញ មុន​នឹង​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន Late Cheng ដើម្បីរុក​រករ៉ែ​មាស។

វីអូអេ​ទាក់​ទង​ទៅ​លោក​ ផៃ ប៊ុនឈឿន​ អ្នក​នាំ​ពាក្យ​ក្រសួ​ង​បរិស្ថាន ប៉ុន្តែ​លោ​ក​ថា​ នៅ​មិន​ទាន់​មើល​របាយ​ការ​ណ៍​នោះ​ទេ ដោយ​ឱ្យ​រង់​ចាំ​សិន។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក តុប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​បាន​ដែរ។

យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា Late Cheng Mining Development ជា​គម្រោង​វិនិ​យោគ​អាជីវ​កម្ម​រ៉ែ​មាស ស្រុក​សណ្តា​ន់ ខេត្ត​កំពង់​ធំ ក្នុង​ទុន​វិនិ​យោគ​ប្រមា​ណ១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​៣០០​កន្លែង។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន​ Late Cheng បាន​នៅ​ឡើយ​ទេ។

យោង​តាម​របាយការណ៍​ផ្លូវ​ការ​របស់​រដ្ឋាភិបាល ក្រុមហ៊ុន Late Cheng ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជន​ជាតិ​ចិន៤​នាក់ ដែល​មាន​ឈ្មោះ​ដូចជា ​Dong Shuangyong, Feng Zhirong, Yin Guozhong និង Zhao Ying Ming។ យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ជន​ជាតិ​ចិន​ឈ្មោះ Dong, Feng និង Yin សុទ្ធ​តែ​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ក្នុង​ឆ្នាំ២០២០។

លោក ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវ​ជ្រាវ និង​តស៊ូ​មតិនៃ​សមា​គម​បណ្តាញ​យុវ​ជន​កម្ពុជា សម្តែង​ការព្រួយ​បារម្ភ​ពាក់ព័ន្ធ​នឹងការជីក​រក​រ៉ែនៅ​តំបន់​ព្រៃឡង់​ ដោយ​សារ​តែ​មាន​ប្រើប្រាស់​ជាតិ​គីមី ដែល​បង្ក​ការ​រំខាន​ដល់​ប្រជា​ពលរដ្ឋ។

លោក​បញ្ជាក់​ថា​៖ «ជាមួយគ្នា​នេះដែរ​ ខ្ញុំ​ធ្វើការ​ទទូច​ឱ្យ​រដ្ឋាភិបាល​មេត្តា​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ជាមុន ហើយ​ធ្វើការ​ពិគ្រោះ​ជាមួយ​ភាគី​ពាក់ព័ន្ធ ជាពិសេស​គឺអ្នក​ជំនា​ញ​ឯក​រាជ្យ និងក្រុម​ប្រជាពល​រដ្ឋ​នៅមូលដ្ឋាន​ ហើយ​នៅមុ​នពេល​ធ្វើអាជីវកម្មរ៉ែ ផ្តល់​អាជ្ញាបណ្ណ​ឱ្យ​ក្រុមហ៊ុន​ណាមួយ​ធ្វើការ​រុករក​ ឬក៏​ធ្វើ​អាជីវកម្ម​ ជាពិសេស​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​ទាំង​អស់​នោះ​ត្រូវ​មាន​តម្លាភាព​ជាមួយ​សកម្ម​ភាព​របស់​ខ្លួន»។

អង្គការ​ Bruno Manser Fonds ក៏​ផ្តល់​យោបល់​ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​អាជ្ញា​បណ្ណ​ក្រុមហ៊ុន​រ៉ែ ហើយ​ហាម​ឃាត់​គម្រោង​អាជីវកម្មរ៉ែធំៗ​នៅ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​នាពេល​អនាគត និង​ថា ការ​ជីក​យក​រ៉ែ​មាស ការ​កាប់​ឈើ​ខុស​ច្បាប់ ការ​ជីក​យក​រ៉ែ​ថ្ម​កំ​បោរ ការ​អភិវ​ឌ្ឍ​ខ្សែ​បញ្ជូន និង​ការ​បរ​បាញ់​ក៏​បង្ក​ការ​គំរាម​កំហែង​ដល់​ព្រៃ​ឈើ និង​ជីវិត​របស់​ប្រជាជ​ន​ក្នុង​តំបន់។

គួរ​បញ្ជាក់​ថា ​ព្រៃឡង់​មាន​ផ្ទៃដី​ប្រមាណ​៥០ម៉ឺន​ហិកតា ​គ្រប​ដណ្ដប់​ខេត្ត​ចំនួន​៤ ​គឺ​ខេត្តព្រះ​វិហារ ​កំពង់ធំ ​ក្រចេះ ​និង​ស្ទឹង​ត្រែង។ ព្រៃឡង់​ជា​ព្រៃ​ធំ​ជាង​គេ​នៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​រដ្ឋា​ភិបាល​កំណត់​ជា​តំបន់​ការពារ​នៅ​ក្នុង​ឆ្នាំ២០១៦៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG