ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភព​លោក៖ ការងារ​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង តែ​ត្រូវ​ពង្រឹង​គុណភាព​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ​សកល


រូបឯកសារ៖ កម្មករកំពុងធ្វើការនៅការដ្ឋានអគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ កម្មករកំពុងធ្វើការនៅការដ្ឋានអគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ធនាគារ​ពិភព​លោក (World Bank) នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​បង្ហាញ​ថា គុណភាព​ការងារ​នៅ​កម្ពុជា​កំពុង​មាន​ការ​កែ​លម្អរ ប៉ុន្តែ​ចាំបាច់ត្រូវ​មាន​គោល​នយោបាយ​ថ្មីៗ​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ទីផ្សារ​សកល។

​របាយការណ៍​របស់​ធនាគារ​ពិភព​លោក ស្តីពី «អនាគត​ការងារ​នៅ​ប្រទេស​កម្ពុជា៖ តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នា​ពេល​ខាងមុខ»បង្ហាញ​ថា ​កម្ពុជាមាន​ការងារ​ចំនួន​៨​លាន​កន្លែង។ ​ក្នុង​នោះ​មាន​៣៧​ភាគរយ ជា​ការងារ​មាន​ប្រាក់​ឈ្នួល​ ដែល​ភាគ​ច្រើន​ផ្តល់​ប្រាក់​ចំណូល​ខ្ពស់​គ្រាន់​បើ ​និង​អត្ថ​ប្រយោជន៍​ការពារ​បន្ថែម​ដល់​កម្មករ។ ប៉ុន្តែ​៦៣​ភាគរយទៀត នៅ​តែ​ជា​ការ​ងារ​បែប​ប្រពៃណី​ ដូចជាការ​ងារ​ដាំដុះ ឬ​អាជីវកម្មលក្ខណៈ​គ្រួសារ ដែល​មិន​សូវ​បាន​ធ្វើសមាហ​រណកម្ម​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ទំនើប​ និង​ផ្តល់​ឱ្យ​កម្មករ​នូវ​ប្រាក់​ចំណូល​ទាប។

របាយ​ការណ៍​នោះ​បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​មាន​ប្រាក់ឈ្នួល​ បានកើន​ឡើង​ពី​១,១​លាន​នាក់ ក្នុង​ឆ្នាំ​២០០៩​ ដល់ ២,៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៤។​ ប៉ុន្តែ​ពីរ​ក្នុង​ចំណោម​បី​នាក់​ គឺជា​អ្នកធ្វើ​ស្រែ​ចម្ការ ដែល​ជា​ការងារ​គ្មាន​ប្រាក់​ឈ្នួល ឬ​ធ្វើការ​ក្នុង​សហគ្រាស​ ឬ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ។ ក្នុង​នោះ​បញ្ហា​ប្រឈម​ផ្នែកការងារ​នៅ​កម្ពុជា​គឺ​ការងារ​មិន​ចំ​ជំ​នាញ​ ដែលនៅ​ឆ្នាំ​២០១៦​ ក្រុម​ហ៊ុន៣៧,៦​ភាគរយ​ បាន​និយាយ​ថា កម្លាំង​ពលកម្ម​ដែល​គ្មាន​ការអប់រំ​គ្រប់​គ្រាន់ ​គឺ​ជា​ឧបសគ្គ​ចម្បង​ដល់​ការធ្វើ​អាជីវកម្ម។

លោក ទន់ សុភណ្ឌ អ្នក​សម្រប​សម្រួល​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់ VOA ថា ​ស្ថានភាព​ការងារ​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយនភណ្ឌមាន​ភាព​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ​មិន​ទាន់​ទទួល​បាន​អត្ថប្រយោជន៍ ឬ​ការការពារ​នៅ​ឡើយ។​

លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​ជំរុញ​ការ​ពង្រឹង​សមត្ថភាព​ និង​លក្ខខណ្ឌ​ការងារ​សម្រាប់​ប្រជា​ពលរដ្ឋ​ជា​ទូទៅ ​វិនិយោគ​លើ​ស្ថាប័ន​ការងារ និង​បង្កើត​ការងារ​សមរម្យ​ដល់​ពលរដ្ឋ​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ។

«ការ​បណ្តុះបណ្តាល​ជំនាញ ធ្វើ​ម៉េច​ឲ្យ​គាត់មាន​ជំនាញ​មួយ​ដែល​ត្រូវ​នឹង​តម្រូវ​ការទីផ្សារ​ការងារ ដើម្បី​បង្កើន​ឱកាស​ឲ្យ​យុវជន​នៅ​កម្ពុជា​ជា​យើង​ អាច​រក​បាន​ការងារ​ធ្វើ​ ហើយ​ការងារ​ហ្នឹង​ចំ​ជំនាញ ហើយ​អាច​ជួយ​បង្កើន​ផលិត​ភាព​ជាតិ និងឧត្តម​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទាំង​អស់»។

ក្នុង​ឆ្នាំ២០១៨ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ចក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារមាន​ចំនួន​ ១២,២៨៧​គ្រឹះស្ថាន និង​មាន​កម្មករ​និយោជិត​សរុប​ចំនួន​ជាង​១លាន​៤​សែន​នាក់ (១,៤៣៧,៧៩៤នាក់)។ នេះ​បើតាម​របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

អ្នកស្រី យ៉ាង សោភ័ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ លើកឡើងថា ស្ថានភាព​ការងារ​របស់​កម្មករ​និយោជក​តាម​បណ្តា​រោង​ចក្រ នៅ​តែ​មាន​បញ្ហា​ប្រឈម​ជាច្រើន​នៅឡើយ ដោយសារ​ការ​អនុវត្ត​ច្បាប់​របស់​អ្នក​ពាក់ព័ន្ធ​នៅ​មាន​កម្រិត​។

«ពាក់ព័ន្ធ​ជាមួយ​ការងារ​របស់​កម្មករ​ដែល​គាត់​ធ្វើ​ការងារ​រាល់​ថ្ងៃ​នេះ នៅ​មាន​ស្ថានភាពក្នុងការ​បង្ខិត​បង្ខំ​គាត់​ឲ្យ​ធ្វើ​ការងារ ហើយ​បន្ទាប់​មក​កម្មករ​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ការងារ​លើស​ម៉ោង​លើស​អីមួយ​ចំនួនទៀត ហើយ​ប្រាក់​ឈ្នួល​មិន​ត្រូវ​បាន​ទទួល​បាន​សមស្រប​ ​ឆ្លើយ​តបទៅ​នឹង​តម្រូវ​ការ​ក្នុងការ​ចាយ​វាយ​ស្រប​តាម​ច្បាប់​អីទេ បាន​ន័យ​ថា​នៅ​មាន​កម្រិត​នៅ​ឡើយ»។

​របាយ​ការណ៍​របស់ធនាគារ​ពិភព​លោក​នោះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា​ និន្នាការ​ក្នុង​ស្រុក តំបន់ និង​ក្នុង​សកល​លោក កំពុង​មាន​ការ​ផ្លាស់​ប្តូរ​ដែលរួមមាន​ការ​កើន​ឡើង​នៃ​ចំណូល និងការ​ប្រើប្រាស់ កម្លាំង​ពលកម្ម​កាន់​តែ​រួម​តូច សន្ធិ​សញ្ញា​ពាណិជ្ជកម្មថ្មីៗ និង​បច្ចេកវិទ្យា​ជំនួស​កម្លាំង​ពលកម្ម​ជាដើម។ ទាំង​នេះ​ជា​មូលហេតុនៃ​ការ​តម្រូវ​ឲ្យ​មាន​ជំនាញ​កាន់​តែច្រើន​ជាង​មុន។​

ធនាគារ​ពិភព​លោក​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើការ​កែ​ទម្រង់​ជាក់លាក់​ជាច្រើន ដើម្បី​ធានា​ឲ្យ​មាន​ការងារ​កាន់​តែច្រើន កាន់តែ​ល្អ​និង​ការលើក​កម្ពស់​ស្ថានភាព​របស់​បុគ្គលក្នុង​ការចូលរួម និង​ទទួល​ផល​ពី​សកម្មភាព​សង្គម​ដោយ​មិន​រើសអើង។ ការ​ធ្វើ​កំណែទម្រង់​ទាំងនោះ​រួមមាន​ ការ​ធ្វើ​ពិពិធកម្ម​វិស័យ​នាំចេញ បង្កើត​បរិយាកាស​ធុរកិច្ច​ក្នុង​ស្រុក ពង្រឹង​ការ​តភ្ជាប់​វិស័យ​ការ​ងារក្នុង​ស្រុក​ និង​ការនាំចេញ និង​ការ​វិនិយោគ​លើ​ជំនាញ​អប់រំ​ដល់​កម្មករ។

VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​កម្ពុជា តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ មិន​ទាន់មាន​ការ​ឆ្លើយ​តបនៅ​ឡើយ។

វិស័យកាត់​ដេរ​សម្លៀក​បំពាក់​ និង​ស្បែក​ជើង​គឺជា​ក្បាល​ម៉ាស៊ីន​នៃ​ការ​នាំចេញ​ធំ​បំផុត​លំដាប់​ទី​១​របស់​កម្ពុជា។ កាល​ពី​ឆ្នាំ​២០១៨ ការ​នាំចេញ​សម្លៀក​បំពាក់​និង​ស្បែកជើង​របស់​កម្ពុជា​មាន​ទំហំ​១០ ពាន់​លាន​ដុល្លារ​អាមេរិក។ វិស័យ​នេះ​បាន​ស្រូប​យក​កម្លាំង​ពល​កម្ម​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺជា​ប្រជាពល​រដ្ឋ​មក​ពី​បណ្តា​ខេត្ត​ និង​ជន​បទ៕

XS
SM
MD
LG