ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា-ចិន គ្រោង​នឹង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ដើម​ខែ​ធ្នូ


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

ប្រទេស​កម្ពុជា និង​ប្រទេស​ចិន គ្រោង​នឹង​ចាប់ផ្ដើម​កិច្ចចរចា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។

​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា៖

«‍ពេលណា​ដែល​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទីផ្សារ​ចិន​ នឹង​បើក​ចំហ​សម្រាប់​ទំនិញ​របស់​កម្ពុជា»។

ប៉ុន្តែ កម្ពុជា មិន​ទាន់​ក្លាយ​ជា​ប្រទេស​នាំ​ចេញ​ផលិតផល​សម្បូរ​បែប​ទៅ​ក្រៅ​ប្រទេស​ដូច​ជា​ប្រទេស​ចិន​នៅឡើយ​ទេ។ បច្ចុប្បន្ន ទំនិញ​នាំ​ចេញ​របស់​កម្ពុជា​ភាគ​ច្រើន​គឺ​ជា​ទំនិញ​វាយនភណ្ឌ​ដូច​ជា​សំលៀក​បំពាក់​និង​ស្បែកជើងជាដើម​ ដែល​ផលិត​ដោយ​កម្មករ​ កម្មការិនី​រោងចក្រ​កាត់ដេរ​ខ្មែរ​ប្រមាណ​៨​សែន​នាក់​ទូទាំង​ប្រទេស។ ទំនិញ​ទាំង​នេះ ភាគច្រើន ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប មិន​មែន​ទៅ​កាន់​ទី​ផ្សារ​ចិន​នោះ​ទេ។ បណ្ដូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​កម្ពុជា បាន​កើន​ដល់​៥,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ដោយ​៨០​ភាគរយ​នៃ​ចំនួន​នេះ គឺ​ចិន​នាំ​ចូល​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

​ក្រុម​អ្នក​រិះគន់​ លើកឡើង​ថា​កម្ពុជា នឹង​ក្លាយ​ជា​ទីផ្សារ​សម្រាប់​មិន​ត្រឹម​តែ​ទំនិញ​ចិន​ទេ តែ​ថែម​ទាំង​ជនជាតិ​ចិន​ផង​ដែរ ដូច​ដែល​កំពុង​តែ​កើតមាន​ឡើង​ក្នុង​ក្រុង​ព្រះសីហនុ​ស្រាប់។

​ជន​ជាតិ​ចិន បាន​កាន់កាប់​ជំនួញ​កាស៊ីណូ សណ្ឋាគារ និង​ភោជនីយដ្ឋាន​ស្ទើរ​តែ​ទាំង​ស្រុង​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ នេះ​បើ​យោង​តាម​បណ្ដាញ​ព័ត៌មាន​នានា​រួម​ទាំង​អ្នក​យក​ព័ត៌មាន​វីអូអេ​ជា​ភាសា​ចិន ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​ដល់​ទីកន្លែង​ផ្ទាល់​ផង​ដែរ។

ប៉ុន្តែ លោក ហ៊ុន សែន​ បាន​ថ្លែង​ថា​ការ​រិះគន់​វត្តមាន​និង​ជំនួញ​របស់​ចិន​នៅ​កម្ពុជា គឺ​គ្រាន់តែ​ការ​បង្កើត​រឿង ដោយ​លោក​លើកឡើង​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន កើត​មាននៅ​តាម​ប្រទេស​ដទៃ​ទៀត​ជាច្រើន​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ៕

XS
SM
MD
LG