ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានព្រមានពីហានិភ័យមួយចំនួនដែលអាចកើតមាន រួមមានទាំងភាពមិនប្រាកដប្រជាជុំវិញលទ្ធភាពរបស់កម្ពុជា ក្នុងការនាំទំនិញក្រោមប្រព័ន្ធអនុគ្រោះ «គ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ» (EBA) ចូលទីផ្សារសហគមន៍អឺរ៉ុប ដែលស្រូបយក៤០ភាគរយនៃផលិតផលនាំចេញពីកម្ពុជា។
ហានិភ័យមួយទៀតនោះគឺការស្រុតចុះដោយគំហុកណាមួយនូវសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នឹងធ្វើឲ្យលទ្ធភាពកំណើនសេដ្ឋកិច្ចកម្ពុជាចុះខ្សោយវិញ នៅពេលដែលសេដ្ឋកិច្ចនេះ ពឹងផ្អែកខ្លាំងលើការវិនិយោគផ្ទាល់ពីបរទេស (FDI) និងភ្ញៀវទេសចរពីប្រទេសចិន។
ស្របពេលមានការព្រមានរបស់ធនាគាពិភពលោកពីភាពមិនប្រាកដប្រជាពាក់ព័ន្ធទៅនឹងប្រព័ន្ធឋានៈអនុគ្រោះ EBA ដែលជាកម្មសិទ្ធិផ្តាច់មុខរបស់សហភាពអឺរ៉ុប ចិនដែលជាអ្នកផ្តល់ជំនួយដ៏ធំមួយរបស់កម្ពុជា ក៏ផ្តើមជំរុញឲ្យចេញជារូបរាងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីមួយទៀត ដែលមានឈ្មោះថា «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដ៏ធំទូលាយក្នុងតំបន់» ឬហៅថា (RCEP)។
ប្រទេសកម្ពុជាដែលសេដ្ឋកិច្ចរបស់ខ្លួនត្រូវក្រុមអ្នកវិភាគជឿថា ពឹងផ្អែកកាន់តែឡើងលើចិននោះ មិនរារែក ទទួលយកកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ដែលអាចក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយនៅក្នុងសាកលលោកប្រសិនបើឥណ្ឌាទទួលយកកិច្ចព្រមព្រៀងនេះ។
ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំពឹងថា កិច្ចព្រមព្រៀង RCEP នឹងផ្តល់នូវឱកាសជំនួញថ្មីៗ ឆ្ពោះទៅរកប្រភពថ្មីនៃកំណើន សេដ្ឋកិច្ចខ្ពស់ ហើយផ្តល់សន្ទុះដល់ការធ្វើពាណិជ្ជកម្មទំនិញ សេវា និងការវិនិយោគ។
ក៏ប៉ុន្តែក្នុងក្រសែភ្នែកអ្នកជំនាញសេដ្ឋកិច្ច RCEP គឺអាចត្រឹមតែជាកិច្ចព្រមព្រៀងដែលកម្ពុជាអាចចូលរួមបាន តែពលរដ្ឋកម្ពុជានឹងមិនប្រាកដថា បានចំណេញពីកិច្ចព្រមព្រៀងដែលនាំមុខដោយប្រទេសចិននេះទេ។
ផ្ទុយទៅវិញ ការខាតបង់អាចមានច្រើនដល់សេដ្ឋកិច្ចកម្ពុជា ដែលនៅមានឱនភាពពាណិជ្ជកម្មបើធៀបជាមួយប្រទេសជិតខាង ហើយជំនាញពលករនៅមានកម្រិត។
លោក ង៉ែត ជូ អ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចប្រាប់ VOA ថា៖
«ដូចយើងបានឃើញទាំងអស់គ្នាហើយ គឺយើងមានតែផលិតផលកសិកម្មកែច្នៃមួយចំនួន ដូចជាស្រូវអង្ករ ហើយនិងកាត់ដេរទេ ដែលជាផលិតផល ដែលមានការកែច្នៃ របៀបបច្ចេកវិទ្យា កម្រិតទាបមែនទែន។ អ៊ីចឹង បើយើងពិនិត្យមើល យើងចង់...ជំរុញការផលិតដើម្បីនាំចេញទៅបណ្តាប្រទេសជា ជាសមាជិកកិច្ចព្រមព្រៀង RCEPនេះគឺ យើងពិបាកមែនទែន»។
កិច្ចព្រមព្រៀង RCEPមានការចូលរួមពីប្រទេសចំនួន១៥ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កាលពីដើមឡើយ កិច្ចព្រមព្រៀងនេះមានប្រទេសចូលរួមចំនួន១០នៅក្នុងសមាគមអាស៊ាន ប្រទេសអូស្ត្រាលី នូវែលសេឡង់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងចិន។
ប្រទេសឥណ្ឌា មិនទាន់បញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការចូលរួមកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះទេ។ប្រទេសឥណ្ឌានៅពេលនេះ កំពុងតវ៉ាដើម្បីការពារផលិតផលកសិកម្ម និងអាជីវកម្មខ្នាតតូចក្នុងស្រុករបស់ខ្លួនមួយចំនួន ដែលអាចរងផលប៉ះពាល់ប្រសិនបើខ្លួនចូលរួមក្នុងកិច្ចព្រមព្រៀងRCEPដែលប្រទេសចិនជាអ្នកនាំមុខនោះ។
លោក ង៉ែត ជូ អ្នកស្រាវជ្រាវខាងសេដ្ឋកិច្ចកត់សម្គាល់ទៀតថា កម្ពុជាគឺស្ថិតនៅឆ្ងាយពីសមាជិកនៃកិច្ចព្រមព្រៀង RCEP បើសម្លឹងមកលើសមត្ថភាពនិងផលិតផលដែលកម្ពុជាអាចផលិតបាន។ លោកបន្ថែមថា ភាពទន់ខ្សោយនៃជំនាញប្រើបច្ចេកវិទ្យាខ្ពស់ៗ និងមិនទាន់សម័យរបស់ក្រុមពលករកម្ពុជាក៏ជាចំណែកមួយផងដែរ។
អ្នកជំនាញខាងស្រាវជ្រាវសេដ្ឋកិច្ចរូបនេះអះអាងថា អ្វីដែលកម្ពុជាអាចធ្វើបាននៅពេលនេះ គឺចាប់ឲ្យជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកំពុងមានសុពលភាព ជាពិសេសនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមកម្មវិធីប្រព័ន្ធឋានៈអនុគ្រោះ EBA។
លោកបញ្ជាក់ថា ទីផ្សារនៅអឺរ៉ុបមានអំណោយផលល្អដល់ទំនិញកាត់ដេរកម្ពុជា ជាង ទីផ្សារនៅប្រទេសRCEP ដោយហេតុថា ប្រទេស RCEPមួយចំនួន ដូចជាចិន ក៏ផលិតសម្លៀកបំពាក់នាំទៅលក់នៅទីផ្សារសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។
«សេណារីយោ [ផែនការចំពោះមុខ] ល្អបំផុត គឺយើងគួរតែរក្សាឲ្យបាននូវ ប្រព័ន្ធអនុគ្រោះពន្ធនេះដែល ដែលយើងបានឆ្លើយតបស្រាប់នូវតម្រូវការលក្ខខណ្ឌ ស្តង់ដារនៃការផលិតសម្លៀកបំពាក់អីជាដើម។ អ៊ីចឹងវាប្រសើរជាងទៅទីផ្សារថ្មីសាឡាងដែលយើងមិនទាន់បានមើលឃើញពីសក្តានុពល ជាដុំកំភួន»។
សមាគមរោងចក្រកាត់ដេរកម្ពុជា ឬហៅថា GMAC ក៏ទំនងជាមិនសូវមានជំនឿទៅលើទីផ្សារថ្មីនេះដែរសម្រាប់ទំនិញកាត់ដេរដែលផលិតចេញពីប្រទេសកម្ពុជា។ សមាគមអ្នកនាំចេញកាត់ដេរ បន្តបញ្ជាក់ពីការចង់បានប្រព័ន្ធឋានៈអនុគ្រោះ EBA ដើម្បីទ្រទ្រង់វិស័យកាត់ដេរនៅកម្ពុជា។
GMAC អះអាងថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩ តម្លៃនៃការនាំចេញទៅកាន់អឺរ៉ុបបានធ្លាក់មកត្រឹមតែ ៦០០លានដុល្លារអាមេរិក បើធៀបនឹងពាក់កណ្តាលឆ្នាំមុន។ ការនាំចេញផលិតផលកម្ពុជាទៅសហភាពអឺរ៉ុបក្នុងមួយឆ្នាំៗ មានតម្លៃជាទឹកប្រាក់សរុបជាង៥ពាន់លានដុល្លារអាមេរិក។
លោក ខេន លូ (Ken Loo) អគ្គេលខាធិការនៃសមាគមរោងចក្រកាត់ដេរកម្ពុជា ឬហៅថា GMAC ប្រាប់វីអូអេថា កម្ពុជានឹងប្រឈមបញ្ហាខ្វះការងារធ្វើនៅឆ្នាំ២០២០ បើសិនជាសហភាពអឺរ៉ុបសម្រេចផ្អាក ឬដកឋានៈអនុគ្រោះពន្ធ EBA ចេញពីកម្ពុជាមែននោះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាកំពុងរង់ចាំការសម្រេចរបស់គណៈកម្មការអឺរ៉ុបដែលទទួលបន្ទុកវាយតម្លៃស្ថានភាពកម្ពុជា និងការផ្តល់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA នេះ។
នៅពេល VOA សួរអំពីការជំនួសគ្នារវាង EBA និង RCEP ចំពោះកម្ពុជា លោកបានឲ្យដឹងថា កម្ពុជាចង់បាន ការធ្វើពាណិជ្ជកម្មឲ្យកាន់តែទូលាយជាមួយបណ្តាប្រទេសផ្សេងទៀត។
«អ្វីដែលយើងចង់បាន គឺចង់បានធ្វើយ៉ាងណា ឲ្យកាន់តែទូលំទូលាយ។ យើងនៅមាន EBA យើងបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀង RCEP ហ្នឹង ហើយកិច្ចព្រមព្រៀងផ្សេងៗទៀត គឺជាការល្អហើយសម្រាប់ប្រទេសខ្មែរយើង»។
ក្រុមអ្នកការពារសិទ្ធិកម្មករនៅប្រទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងកាលពីពេលកន្លងមកថា ក្រុមការងាររបស់សហភាពអឺរ៉ុបមួយនឹងចេញរបាយការណ៍នៃការរកឃើញរបស់ខ្លួនអំពីបច្ចុប្បន្នភាពរបស់ កម្ពុជា ក្រោមក្របខ័ណ្ឌ EBAនេះ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ ហើយរបាយការណ៍នេះនឹងត្រូវបញ្ជូនឲ្យរដ្ឋាភិបាលកម្ពុជាឆ្លើយតប។
រដ្ឋាភិបាលកម្ពុជានឹងមានពេលបីខែដើម្បីឆ្លើយតប និងរបាយការណ៍នេះ និងពេលវេលាបន្ថែមទៀតសម្រាប់ការសន្ទនាអំពីប្រព័ន្ធឋានៈអនុគ្រោះដដែលនេះ នៅមុនពេលសហគមន៍អឺរ៉ុប ចេញសេចក្តីសម្រេចចុងក្រោយនៅខែកុម្ភៈឆ្នាំ២០២០ថា នឹងចេញកាតក្រហម កម្ពុជា មិនឲ្យបន្តទទួលបានប្រព័ន្ធឋានៈអនុគ្រោះនេះបន្តទៀត ឬក៏យ៉ាងណានោះ។
លោក ហ៊ុន សែនបានប្រឹងរកខែលការពារពីប្រទេសនៅអឺរ៉ុបខាងកើតចំនួនបីរួមមានសាធារណរដ្ឋឆែក ហុងគ្រី និងប៊ុលហ្គារី ដើម្បីជួយទប់មិនឲ្យសហភាពអឺរ៉ុបដកកម្ពុជាចេញពីប្រព័ន្ធឋានៈអនុគ្រោះនេះ។
ទោះយ៉ាងណា ក្រុមអ្នកការពារសិទ្ធិកម្មករនៅកម្ពុជា ជឿថា ទឹកមាត់មេដឹកនាំរដ្ឋាភិបាលប្រទេសទាំងបីនេះ មិនប្រៃនោះទេ។
ធនាគារពិភពលោក បានផ្តល់អនុសាសន៍មួយចំនួនដល់កម្ពុជា ដោយបានលើកឡើងថា ដើម្បីឲ្យកម្ពុជា អាចទប់ទល់នឹងស្ថានភាពលំបាកក្នុងករណីមានការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះ EBA នោះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ គួរតែពិចារណាលើការកែទម្រង់ដែលអាចធ្វើឲ្យបរិយាកាសធ្វើជំនួញមានភាពប្រសើរឡើង។ ហើយកម្ពុជាត្រូវបង្កើនសមត្ថភាព ក្នុងការប្រកួតប្រជែងនៅក្រៅប្រទេស តាមរយៈការលើកកម្ពស់ផលិតភាព។
យ៉ាងហោចណាស់ ប្រជាពលរដ្ឋជាងពីរលាននាក់នឹងត្រូវរងផលប៉ះពាល់ បើសិនជាសហភាពអឺរ៉ុបសម្រេចផ្អាក ឬដកឋានៈអនុគ្រោះពន្ធ។ វិស័យកាត់ដេរបានផ្តល់ការងារយ៉ាងហោចណាស់ចំនួន៧សែនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្ត្រី។
រដ្ឋាភិបាលកម្ពុជាបានព្យាករណ៍ថា វិស័យកាត់ដេរនឹងធ្លាក់ចុះពី៧,១ភាគរយទៅ៣,៥ភាគរយនៅក្នុងឆ្នាំ២០២០។
យោងតាមការវាយតម្លៃរបស់ធនាគារពិភពលោកកាលពីខែឧសភា កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ EBA ដល់កម្ពុជានោះ៕