ធនាគារពិភពលោក កាលពីថ្ងៃសុក្របាននិយាយថា ខ្លួនបានយល់ព្រមផ្តល់ហិរញ្ញប្បទានចំនួន៩០ លានដុល្លារដើម្បីកែលម្អការស្រាវជ្រាវនិងការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា។
ធនាគារពិភពលោកបាននិយាយថា ថវិកានេះនឹងត្រូវផ្តល់ទៅឱ្យគម្រោងកែលម្អសមត្ថភាពនៃគ្រឹះស្ថានឧត្តមសិក្សាសម្រាប់រយៈពេល៦ឆ្នាំ ហើយមានគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំនិងការស្រាវជ្រាវនៅតាមស្ថាប័នគោលដៅដើម្បីពង្រីកលទ្ធភាពទទួលបានការអប់រំថ្នាក់ខ្ពស់និងលើកកម្ពស់អភិបាលកិច្ច។
គម្រោងនេះនឹងផ្តោតលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យានិងកសិកម្មដើម្បីផ្តល់ឱ្យនិស្សិតកម្ពុជានូវជំនាញដែលពាក់ព័ន្ធ និងដែលអាចផ្ទេរបានដើម្បីជួយដល់ការផ្លាស់ប្តូរប្រទេសពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្មទៅសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង។
សកម្មភាពសំខាន់ៗចំនួនប្រាំរបស់គម្រោងរួមមាន៖ ការផ្តល់មូលនិធិស្រាវជ្រាវនៅក្នុងប្រធានបទអាទិភាពពង្រីកបន្ទប់រៀននិងបន្ទប់ពិសោធន៍ កសាងអន្តេវាសិកដ្ឋានសម្រាប់សិស្សានុសិស្សមកពីគ្រួសារក្រីក្រនិងមកពីតំបន់ដាច់ស្រយាលនិងសិស្សស្រី ពង្រឹងការធានាគុណភាពនិងប្រព័ន្ធព័ត៌មាន ហើយធ្វើការជាមួយដៃគូអន្ដរជាតិដើម្បីលើកកម្ពស់កម្មវិធីនិងវិធីសាស្រ្តសិក្សាលើវិស័យនិងប្រធានបទអាទិភាព៕