ធនាគារពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ បានប៉ាន់ស្មានទុកជាមុនថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងនៅតែមានភាពរឹងមាំ និងមានកំណើន ៦,៩ភាគរយនៅឆ្នាំ ២០១៨ ដោយសារតែការនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់ បានស្ទុះឡើងវិញ ខណៈដែលវិស័យទេសចរណ៍ និងកសិកម្មបានបន្តងើបឡើងតទៅទៀត។ កំណើននេះគឺខ្ពស់ជាង កំណើនសេដ្ឋកិច្ចពិតក្នុងឆ្នាំ២០១៧ ដែលត្រូវបានប៉ាន់ស្មានថានឹងថមថុយចុះមកត្រឹម៦,៨ភាគរយ។
ដោយសារឆ្នាំ២០១៨ ជាឆ្នាំនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រដ៏ចម្រូងចម្រាសនោះ ធនាគារពិភពលោក មានការប្រយ័ត្នប្រយែង ចំពោះការអធិប្បាយទៅលើផលប៉ះពាល់នានា ដែលអាចបណ្តាលមកពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងករណីដែលការបោះឆ្នោតត្រូវបានរៀបចំឡើងដោយមិនមានការចូលរួមពីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីឆ្នាំមុន។
ដោយការព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តរីកចម្រើនខ្លាំងក្លាសម្រាប់ឆ្នាំ២០១៨ ធនាគារពិភពលោកដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក៏បានឲ្យដឹងពីហានិភ័យដែលអាចនឹងបង្កឡើងនៅឆ្នាំនេះ។
យោងតាមរបាយការណ៍សង្ខេបស្តីពីការប្រមើមើលនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៨ បានឲ្យដឹងថា៖
«ហានិភ័យដែលធ្វើឲ្យប៉ះពាល់ដល់លើទស្សនវិស័យសេដ្ឋកិច្ច រួមមានភាពធ្លាក់ចុះនៃការប្រកួតប្រជែងក្នុងការនាំចេញ ដោយសារតែការកើនឡើងនៃប្រាក់ឈ្នួលពិតឆាប់រហ័ស ហានិភ័យនានាដែលទាក់ទងនឹងការអូសបន្លាយនៃការរីកចម្រើនដ៏ខ្លាំងក្លានៃវិស័យសំណង់ និងភាពមិនប្រាកដប្រជា ដែលអាចកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត»។
របាយការណ៍បានបញ្ជាក់ឲ្យដឹងទៀតថា បន្ថែមពីលើនេះ ទស្សនវិស័យសម្រាប់ពេលអនាគតនៃកំណើនការងារពុំសូវមានភាពប្រាកដប្រជា។ ដោយសារប្រាក់ឈ្នួលពិតកើនឡើងយ៉ាងឆាប់រហ័ស ភាពប្រកួតប្រជែងរបស់កម្ពុជា លើពាណិជ្ជកម្មក្រៅប្រទេស ដែលពឹងផ្អែកជាចម្បងលើកម្លាំងពលកម្មថោក កំពុងរងការប៉ះពាល់។
ការនាំចេញទំនិញកាត់ដេរទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក គឺជាផ្នែកសំខាន់មួយនៃការទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា តែការនាំចេញនេះ ក៏កំពុងឃើញនូវល្បឿនយឺតយ៉ាវមួយ។
របាយការណ៍របស់ធនាគារពិភពលោកមានចំណងជើងថា «បង្កើនសក្តានុពល» (Enhancing Potential) ចេញផ្សាយនៅខែមេសា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ការនាំចេញវាយនភ័ណ្ឌ និងសម្លៀកបំពាក់ទៅកាន់សហភាពអឺរ៉ុប (រួមទាំងចក្រភពអង់គ្លេស) ក្នុងខែធ្នូ ឆ្នាំ២០១៧ បានកើនឡើងដល់ ១៩,៦ភាគរយ ធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញ ក្នុងខែកក្កដា ឆ្នាំ ២០១៧នេះមានត្រឹមតែ៧,៥ភាគរយ។
របាយការណ៍ដដែលបានសរសេរថា៖ «ជារួមកំណើននៃការនាំចេញ ផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់ថយល្បឿនពី ៨,៤ភាគរយក្នុងឆ្នាំ២០១៦ មកត្រឹម ៧,៧ភាគរយក្នុងឆ្នាំ ២០១៧»។
លោក ស៊ុឌៀ សេតទី (Sudhir Shetty) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ថ្លែងថា ប្រសិនបើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បិទទីផ្សារទំាងស្រុង សម្រាប់ការនាំចេញផលិតផលសម្លៀកបំពាក់របស់កម្ពុជា ផលប៉ះពាល់នឹងកើតមានដល់សេដ្ឋកិច្ច កម្ពុជា។
ក៏ប៉ុន្តែ លោកមិនអាចឲ្យដឹងពីទំហំនៃផលប៉ះពាល់នោះឡើយ។ លោកថា ការប៉ាន់ស្មានអំពីកំណើនសេដ្ឋកិច្ចកម្ពុជា មិនបានធ្វើឡើងដោយភ្ជាប់នឹងការបិទទីផ្សារធំៗទាំងពីរនេះ សម្រាប់ទំនិញកាត់ដេររបស់កម្ពុជានោះឡើយ។
«ការប៉ាន់ស្មានរបស់ពួកយើងអំពីកំណើននៅកម្ពុជា ត្រូវបានផ្អែកលើការវាយតម្លៃមួយដែល អ្វីៗនឹងមិនឈានដល់ដំណាក់កាល ដែលការនាំចេញរបស់កម្ពុជាត្រូវបានបិទទាំងស្រុងពីទីផ្សារទាំងនេះទេ។ ប៉ុន្តែអ្នកបានលើកឡើងអំពីចំណុចល្អ ដែលផ្សារទាំងនេះ គឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់កម្ពុជា។ ដូច្នេះវានឹងមានផលប៉ះពាល់ ប្រសិនបើការពិត ទីផ្សារទាំងនេះ ត្រូវបានបិទមែននោះ»។
បន្ទាប់ពីការអះអាងរបស់គណបក្សប្រជាជនកម្ពុជាថា ខ្លួនទទួលបានអាសនៈទាំងអស់នៅព្រឹទ្ធសភាពីការបោះឆ្នោតព្រឹទ្ធសភាកាលពីចុងខែកុម្ភៈ ដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួមនោះ សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រទេសកម្ពុជា។
នាគ្រានោះ អ្នកស្រី Federica Mogherini មេដឹកនាំគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានប្រាប់សន្និសីទព័ត៌មានមួយថា ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានពិចារណាវិធានការប្រឆាំងរដ្ឋាភិបាលកម្ពុជា។
អ្នកស្រីនិយាយថា សហភាពអឺរ៉ុបកំពុងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មអនុគ្រោះពន្ធលើទំនិញគ្រប់បែបយ៉ាងលើកលែងអាវុធសម្រាប់ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យកម្ពុជាទទួលបានការអនុគ្រោះពន្ធនៅទីផ្សារអឺរ៉ុប ដែលមានប្រជាជនប្រមាណ ៥០០លាននាក់។
ជាងនេះទៅទៀត ក្រុមហ៊ុនសម្ព័ន្ធមិត្តមួយដែលមានសមាគមឧស្សហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសមាគមផ្សេងទៀតរបស់ ស.រ.អា និងអង់គ្លេស ហើយនិងសហភាពអឺរ៉ុប បានទទូចឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាចាត់វិធានការកែទម្រង់ស្ថានភាពសិទ្ធិមនុស្សនិងពលកម្ម។
ការទទូចពីក្រុមសមាគមដែលមានឥទ្ធិពលលើក្រុមអ្នកបញ្ជាទិញធំៗក្នុងប្រទេសទាំងនេះ បានធ្វើឡើងក្នុងលិខិតចំហមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា។
នៅក្នុងលិខិតចំហដដែលនោះ បានបង្ហាញពីក្តីបារម្ភកាន់តែខ្លាំងចំពោះការធ្វើទុក្ខបុកម្នេញ ការរឹតត្បិតលើសកម្មភាពសហជីព និងស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល ការបង្ក្រាបលើគណបក្សជំទាស់ និងសង្គមស៊ីវិលឯករាជ្យ ហើយនឹងការយាយីដល់មេដឹកនាំសហជីពមួយចំនួន មុនការបោះឆ្នោតខាងមុខផងដែរ។
គណបក្សប្រឆាំងដ៏សំខាន់នៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិបង្កើតឡើងដោយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានរំលាយដោយតុលាការកំពូលកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧ តាមបណ្តឹងរបស់រដ្ឋាភិបាលកម្ពុជា ហើយសមាជិកសភា៥៥រូប និងសមាជិកក្រុមប្រឹក្សាឃុំ៥០០៧នាក់ បានបាត់សិទ្ធិបោះឆ្នោតព្រឹទ្ធសភា។
ការរំលាយនេះធ្វើឡើង បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដោយចោទថា គ្រោងនឹងផ្តួលរំលំរដ្ឋាភិបាលដោយមានជំនួយពីសហរដ្ឋអាមេរិក ជាការចោទប្រកាន់ដែលលោក កឹម សុខា និងសហរដ្ឋអាមេរិកបានបដិសេធ។
យ៉ាងណាក៏ដោយ ស្ថិតនៅក្រៅភាពមិនប្រាកដប្រជានៃស្ថានភាពនយោបាយនេះ ធនាគារពិភពលោកបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតនៃការអភិវឌ្ឍថ្មីៗ របស់សេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានលំហូរនៃភ្ញៀវទេសចរចិនមកកាន់កម្ពុជា ការងើបឡើងវិញនៃវិស័យកសិកម្ម និងកំណើនឥណទានក្នុងវិស័យសំណង់។
របាយការណ៍ធនាគារពិភពលោក បានសរសេរថា ចំនួនភ្ញៀវទេសចរបានកើនឡើងពី ៥ភាគរយក្នុងឆ្នាំ២០១៦ ដល់១១,៨ភាគរយក្នុងឆ្នាំ២០១៧ ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ក្នុងការទាក់ទាញភ្ញៀវទេសចរចិន តាមរយៈការដាក់ចេញគំនិតផ្តួចផ្តើម «ត្រៀមខ្លួនជាស្រេចសម្រាប់ចិន»។ បន្ថែមលើនេះ ផលិតផលក្នុងវិស័យកសិកម្មបានងើបឡើងវិញតាមរយៈការពង្រីកដំណាំស្រូវ និងកៅស៊ូដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផល និងការងើបឡើងវិញជាបណ្តើរៗនៃថ្លៃទំនិញកសិផលនានា។
ទាក់ទិនវិស័យសំណង់ ឥណទានផ្តល់ឲ្យវិស័យសំណង់ និងអចលនទ្រព្យ បានកើនឡើងជាថ្មីម្តង ទៀតក្នុងឆមាសទីពីរនៃឆ្នាំ២០១៧ ពោលគឺកើនឡើងពី២៨,៤ ភាគរយនៅក្នុងខែឧសភាឆ្នាំ ២០១៧ ដល់ ៣៧,១ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ដោយសារចំណង់ចំណូលចិត្តនៃការវិនិយោគលើ វិស័យសំណង់ និងអចលនទ្រព្យបានងើបឡើងវិញ។
យ៉ាងណាក៏ដោយ ធនាគារពិភពលោកបានព្រមានថា សន្ទុះរីកចម្រើនយ៉ាងខ្លាំងក្លានៃវិស័យសំណង់ និងអចលនទ្រព្យដែលកំពុងដំណើរការ តម្រូវឲ្យមានការតាមដានឲ្យបានដិតដល់។
របាយការណ៍ដដែលរបស់ធនាគារពិភពលោកបានសរសេរក្នុងន័យដើមថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនឥណទានដែលផ្តល់ឲ្យវិស័យសំណង់ និងអចលនទ្រព្យបានកើនឡើង។ ដូច្នេះ ការកាត់បន្ថយវិសាលភាពនៃសកម្មភាពទិញប្រថុយប្រថាន គឺជាតម្រូវការមួយដ៏សំខាន់»។
របាយការណ៍បានបន្ថែមថា នៅក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ កិច្ចការសំខាន់ គឺត្រូវអនុម័តគោលការណ៍ណែនាំ ក្នុងការផ្តល់ប្រាក់កម្ចី និងត្រូវមានការត្រួតពិនិត្យឡើងវិញនូវចំណាត់ថ្នាក់ឥណទានមិនដំណើរការ៕