ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​របាយការណ៍​ធនាគារ​ពិភព​លោក​បង្ហាញ​ថា​គ្រោះ​ថ្នាក់​ចរាចរណ៍​រារាំង​ដល់​កំណើន​​សេដ្ឋ​កិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍


រូបឯកសារ៖ គ្រោះថ្នាក់ចរាចរណ៍ នៅ​រាជធានីភ្នំពេញ ​ខែ​មិថុនា ឆ្នាំ​២០១៦​។ (រូបថតផ្តល់ឲ្យ)
រូបឯកសារ៖ គ្រោះថ្នាក់ចរាចរណ៍ នៅ​រាជធានីភ្នំពេញ ​ខែ​មិថុនា ឆ្នាំ​២០១៦​។ (រូបថតផ្តល់ឲ្យ)

គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​ជី​វិត​ បាន​កើត​ឡើង​ច្រើន​ជាង​សោកនាដកម្ម​នានា​ទៅ​ទៀត។ គ្រោះ​ថ្នាក់​ចរាចរណ៍​ បាន​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភពលោក​ (World Bank)។​

របាយការណ៍​ថ្មី​មួយរបស់​ធនាគារ​ពិភពលោក​ គឺ​ជា​របាយការណ៍​ទី​មួយ​ក្នុង​ចំណោម​របាយការណ៍​ផ្សេង​ទៀត​ ដែល​បង្ហាញ​ថា​ ការ​វិនិយោគ​ទៅ​លើ​សុវត្ថិភាព​នៅ​លើ​ដង​ផ្លូវ​ នៅ​តាម​បណ្តា​ប្រទេស​ដែល​ក្រី​ក្រ​ នឹង​អាច​ធ្វើ​ឲ្យ​ប្រាក់​ចំណូល​ជាតិ​កើន​ឡើង។​

៩០%​ នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពិភពលោក​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ ១.២៥​ លាន​នាក់​បាត់​បង់​ជី​វិត​ក្នុង​មួយ​ឆ្នាំ​ កើត​ឡើង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ អង្គការ​សុខ​ភាព​ពិភពលោក​ (WHO)​ ថ្លែង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ គឺ​ជា​មូល​ហេតុ​ចំបង​នៃ​ការ​ស្លាប់​របស់​មនុស្ស​ដែល​មាន​វ័យ​រវាង​ ១៥​ ដល់​ ២៩​ឆ្នាំ​ ជុំវិញ​ពិភព​លោក។​ នេះ​រួម​បញ្ចូល​ទាំង​គ្រោះ​ថ្នាក់​ដែល​សម្លាប់​អ្នក​ថ្មើរ​ជើង​ អ្នក​ជិះ​កង់​ និង​អ្នក​ជិះ​ម៉ូតូ​ផង​ដែរ។

ប៉ុន្តែ​ បញ្ហា​នេះ​មិន​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អាជ្ញាធរ​នោះ​ទេ។ នេះ​បើ​យោង​តាម​លោក​ Dipan Bose​ អ្នក​ជំនាញ​ផ្នែក​គមនាគមន៍​របស់​ធនាគារ​ពិភពលោក។

លោក​ថ្លែង​ថា៖ «ប្រទេស​ក្រី​ក្រ​ មិន​សូវ​មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ដើម្បី​កាត់​បន្ថយ​ការ​ស្លាប់​ និង​របួស​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នោះ​ទេ»។

លោក​ Bose​ បាន​ធ្វើ​ការ​ស្រាវជ្រាវ​រួម​គ្នា​មួយ​ ដោយ​ផ្តោត​លើ​ប្រទេស​៥​ គឺ​ប្រទេស​ចិន​ ឥណ្ឌា​ ថៃ​ ហ្វីលីពីន​ និង​តង់​សានី។ អ្នក​ស្រាវ​ជ្រាវ​បាន​ប្រើ​គំរូ​សេដ្ឋកិច្ច​ ដើម្បី​ប៉ាន់​ស្មាន​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​ដែល​អាច​ទទួល​បាន​ បើ​សិន​ជា​កាត់​បន្ថយ​ការ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ពាក់​កណ្តាល​ក្នុង​រយៈពេល​២៤​ឆ្នាំ។

លោក​ថ្លែង​ថា៖ «លទ្ធ​ផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ គឺ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល»។

ប្រទេស​ថៃ​ អាច​មាន​កំណើន​ ២២%​ នៃ​ប្រាក់​ចំណូល​ជាតិ។ ប្រទេស​ដែល​មាន​អាត្រា​ខ្ពស់​ទាំង​កំណើន​សេដ្ឋកិច្ច​ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ នឹង​ទទួល​បាន​កំណើន​ច្រើន​ជាង​គេ​ ពី​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

ប្រទេស​តង់​សានី​ អាច​មាន​កំណើន​ ៧%​ នៃ​ប្រាក់​ចំណូល​ជាតិ។​ ហើយ​ប្រទេស​៣​ទៀត​អាច​មាន​កំណើន​រវាង​ ៧%​ និង​ ២២%។​

លោក​ Bose​ បន្ថែម​ថា​ កំណើន​សេដ្ឋកិច្ច​បែប​នេះ​ «គឺ​អ្វី​ដែល​មិន​មានរដ្ឋាភិបាល​ណា​ មិន​អើ​ពើ​បាន​ទេ។ របាយការណ៍​នេះ​ ផ្តល់​សារៈ​សំខាន់​ផ្នែក​សេដ្ឋ​កិច្ច​ ដែល​ជា​មូល​ហេតុ​មួយ​ ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍»។

របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ការ​ដាក់​កំហិត​ទៅ​លើ​ល្បឿន​យានយន្ត​ ច្បាប់​មួក​ការពារ​និង​ខ្សែ​ក្រវាត់​ និង​ការ​កាត់​បន្ថយ​អ្នក​បើកបរ​ស្រវឹង​ គឺ​ជា​កត្តា​ងាយ​ស្រួល​បំផុត​ ដែល​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

របាយការណ៍​ផ្សេង​មួយ​ទៀត​ ដែល​ស្រាវជ្រាវ​រួម​គ្នា​រវាង​ធនាគារ​ពិភពលោក​ និង​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ (World Resources Institute)​ បាន​ឲ្យ​ដឹង​ថា​ ប៉ុន្តែ​ អ្នក​បើកបរ​ទទួល​ខុស​ត្រូវ​តែ​ផ្នែក​ខ្លះ​ ចំពោះ​គ្រោះ​ថ្នាក់​ចរាចរណ៍​តែ​ប៉ុណ្ណោះ​។ អ្នក​រៀប​ចំ​ទីក្រុង​ និង​មន្ត្រី​រដ្ឋាភិបាល​ ក៏​ត្រូវ​ទទួល​ខុស​ត្រូវចំពោះ​រឿង​នេះ​ ដោយ​កសាង​ប្រព័ន្ធ​គមនាគមន៍​ឲ្យ​មាន​សុវត្ថិភាព។

អ្នក​នាង​ Anna Bray Sharpin​ អ្នក​ស្រាវជ្រាវ​រួម​គ្នា​នៅ​វិទ្យាស្ថាន​ធនធាន​ពិភពលោក​បាន​និយាយ​ថា៖​ «បើ​សិន​ជា​ប្រព័ន្ធ​គមនាគមន៍​ មិន​មាន​សុវត្ថិភាព​ទេ​ បើ​សិន​មនុស្ស​មិន​មាន​ឱកាស​ ក្នុង​ការ​ឆ្លង​ផ្លូវ​ដោយ​សុវត្ថិភាព​ ឬ ​មិន​មាន​ឱកាស​ក្នុង​បើក​បរ​យាន​យន្ត​ដែល​មាន​សុវត្ថិភាព​នោះ​ កំហុស​ទាំង​អស់​នេះ​ អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់។​ ហើយ​មិន​គួរ​មាន​កំហុស​ទាំង​នេះ​នោះ​ទេ»។

អ្នក​នាង​បន្ត​ថា​ ឧទាហរណ៍​ «ទីក្រុង​ជា​ច្រើន​ បាន​ប្រើ​ប្រាស់​ការ​ណែ​នាំ​របស់គម្រោង​មហាវិថី​ ទៅ​លើ​ផ្លូវ​ទី​ក្រុង​របស់​ពួក​គេ»។​ មហាវិថី​ ដែល​ទូលាយ​ និង​មាន​ចំណែក​ផ្លូវ​ច្រើន​ គឺ​សម្រាប់​ចរាចរណ៍​ច្រើន​ និង​ល្បឿន​លឿន​ ប៉ុន្តែ​មិន​មែន​សម្រាប់​អ្នក​ជិះកង់​ និង​អ្នក​ថ្មើរជើង​នោះ​ទេ។

អ្នក​នាង​បន្ថែម​ទៀត​ថា​៖ «មនុស្ស​ចូល​ចិត្ត ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ឆ្លង​ថ្នល់​។ ​តើ​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្លាល់​ខ្លួន​របស់​បុគ្គល​ ឬ​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​រវាង​រដ្ឋាភិបាល​ អ្នក​រៀបចំ​ទី​ក្រុង​ និង​ពលរដ្ឋ​ដែល​ប្រើ​ប្រាស់​ផ្លូវ»។

របាយការណ៍​នោះ​ បាន​ផ្តល់​ការណែនាំ​សម្រាប់​សុវត្ថិភាព​ទៅ​ក្នុង​ការ​រចនា​ផ្លូវ។​ មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ​ ការ​ដើរ​ និង​ការ​ជិះ​កង់​កាត់​បន្ថយ​ចំនួន​រថយន្ត​នៅ​លើ​ផ្លូវ​និង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។​ ការ​ដាក់​ឲ្យ​មាន​ចិញ្ចើម​ថ្នល់​ ពូន​ថ្នល់​ដើម្បី​បន្ថយ​ល្បឿន​ និង​ចំណែក​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់​ ជួយ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​មាន​សុវត្ថិភាព​ជាង​មុន។ នៅ​ផ្លូវ​ជន​បទ​ របាំង​បែក​ចែក​ផ្លូវ​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។

អ្នក​នាង​ Bray Sharpin​ កត់​សម្គាល់​ថា​ ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ច្រើន​ កំពុង​រៀប​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

អ្នក​នាង​ថ្លែង​ថា៖ «នេះ​ជា​ឱកាស​មួយ​ ដើម្បី​បញ្ចូល​វិធានការណ៍​ការពារ​សុវត្ថិភាព​ចូល​ទៅ​ក្នុង​គម្រោង​របស់​ពួក​គេ»។​ ការ​ធ្វើ​នៅ​ពេល​នេះ​ នឹង​ត្រូវ​ចំណាយ​ប្រាក់​តិច​ជាង​ នៅ ពេល​ក្រោយ។ នៅ​ពេល​ផ្លូវ​ទាំង​នេះ​សាង​សង់​រួច​រាល់​ ផ្លូវ​ថ្នល់​ទាំង​នេះ​នឹង​ត្រូវ​ដាក់​ប្រើ​រាប់​ទសវត្សរ៍។

អ្នក​នាង​បន្ថែម​ថា​ បើ​សិន​គេ​មិន​បញ្ចូល​វិធានការណ៍​ ការពារ​សុវត្ថិភាព​នៅ​ពេលនេះ​ទេ​ គេ​នឹង​មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​គ្រោះ​ថ្នាក់​ក្នុង​រយៈពេល​វែង»។

ប្រែសម្រួល​ដោយ លឹម​ ហ្គេចហៀង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG