ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​គួរ​សម្លឹង​មើល​ប្រទេស​វៀតណាម​ក្នុង​ការអភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ខ្លួន


រូបឯកសារ៖ ទិដ្ឋភាព​ទីក្រុង​ហូជីមិញ ដែល​ជា​ទីក្រុង​ប្រជុំ​ដោយ​ពាណិជ្ជកម្ម​នានា ​នៅក្នុង​ប្រទេស​វៀតណាម។
រូបឯកសារ៖ ទិដ្ឋភាព​ទីក្រុង​ហូជីមិញ ដែល​ជា​ទីក្រុង​ប្រជុំ​ដោយ​ពាណិជ្ជកម្ម​នានា ​នៅក្នុង​ប្រទេស​វៀតណាម។

ប្រទេស​កុម្មុយនីស្ត​វៀតណាម​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​  ​និង​ភាព​ក្រីក្រ​កំពុង​តែ​មាន​សន្ទុះ​សេដ្ឋ​កិច្ច​ខ្លាំង ​បើ​ប្រៀប​ធៀប​ទៅ​ប្រទេស​មួយ​ចំនួន​​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ​អ្នកវិភាគ​និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​យល់​ថា​ ​ពីព្រោះ​ប្រទេស​កម្ពុជា​និង​វៀតណាម​ធ្លាប់​ឆ្លង​កាត់​ប្រវត្តិ​ជូរ​ចត់​ ​និង​មាន​កត្តា​សេដ្ឋកិច្ច​ស្រដៀង​គ្នា​​​ កម្ពុជា​គួរ​សិក្សា​​ការ​អភិវឌ្ឍ​​សេដ្ឋ​កិច្ច​ពី​ប្រទេស​វៀតណាម​ដើម្បី​ដោះស្រាយ​ភាព​យឺតយ៉ាវ​​​​ក្នុង​​ការ​ធ្វើ​ពិពិធកម្ម​​ ​ កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និ​ង​កម្សោយ​នៃ​ផលិតភាព។

នៅ​ក្នុង​ឆ្នាំ​១៩៨៦ ប្រទេស​វៀតណាម​បាន​អនុម័ត​កំណែ​ទម្រង់​ដូយម៉ូយ​ដែល​មាន​បំណង​បើក​ចំហ​ប្រទេសខ្លួន​ទៅ​កាន់​ពិភព​លោក​ ​ខណៈ​រក្សា​ប្រព័ន្ធ​នយោបាយ​សង្គម​និយមរបស់​ខ្លួន។​ ​នេះ​គឺ​ជា​ចំណុច​របត់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កុម្មុយនិស្ត​មួយ​នេះ​ ក្នុង​ការ​ទាក់​ទាញ​ពាណិជ្ជកម្ម​ ការ​វិនិយោគ​បរទេស​ ​ហើយ​ក្រុមហ៊ុន​ ដែល​មិនមែន​ជា​ក្រុមហ៊ុន​រដ្ឋ​ បាន​ចាប់​ផ្តើម​រីក​ចម្រើន​យ៉ាង​គំហុក។​

៣០ឆ្នាំ​ក្រោយ​មក​ ​ប្រទេស​វៀតណាម​ដែល​ធ្លាប់​តែ​ជា​ប្រទេស​ក្រីក្រ​ពោរពេញ​ដោយ​សង្គ្រាម​នោះ​ ​បាន​ធ្វើ​ការ​ផ្លាស់ប្តូរ​យ៉ាង​ជោគជ័យ​ ប្រែក្លាយ​ពី​ប្រទេស​ដែលធ្លាប់​មាន​ចំណូល​ទាប​ទៅ​ជាប្រទេសដែល​មាន​ប្រាក់​ចំណូល​កណ្តាល​ ហើយ​ប្រែក្លាយ​ទៅ​ជា​មានសេដ្ឋកិច្ចដ៏​ចម្រុះ​និង​រស់រវើក​ជាង​គេ​នៅ​ក្នុង​ភូមិ​ភាគ​អាស៊ី​អាគ្នេយ៍។​

ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​ ដែល​ធ្លាប់​មាន​ប្រវត្តិ​ឆ្លង​កាត់​របប​ប្រល័យ​ពូជ​សាសន៍​ និង​សង្គ្រាម​ស៊ីវិល​មិន​ដាច់​ នៅ​ទសវត្ស​១៩៩០ ​ហើយ​ដែល​មាន​ប្រវត្តិ​ជូរ​ចត់​ឆ្លង​កាត់​រឿង​រ៉ាវ​សង្គ្រាម​ ​ភាពក្រីក្រ​ ​និង​ការ​អភិវឌ្ឍ​មិន​ល្អ​ដូច​ប្រទេស​វៀតណាម​ដែរ​នោះ ​បែរជា​មាន​សន្ទុះ​នៃ​ការ​រីក​លូត​លាស់​ហាក់​មិន​សូវ​ល្អ​ដូច​វៀតណាម​នៅ​ឡើយ។​ ​ប្រទេស​កម្ពុជា​ដែល​ប្រមុខ​ដឹកនាំ​ធ្លាប់​តែ​ថ្លែង​សរសើរ​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​សេដ្ឋ​កិច្ច​ ​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​ ​ទំនង​ជាត្រូវមាន​ការ​កែ​ទម្រង់​មួយ​ចំនួន​បន្ថែម​ទៀត​ ​ដើម្បី​ឈាន​ទៅ​រក​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ដូច​ប្រទេស​វៀតណាម។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់អ្នក​ជំនាញ​សេដ្ឋកិច្ច​និងអ្នក​វិភាគ។

ជាង​ពីរ​ទសវត្ស​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ឆ្នាំ១៩៩១​ ​ដែល​ត្រូវ​បាន​សម្រប​សម្រួល​ដោយអាជ្ញាធរ​បណ្តោះ​អាសន្ន​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា​អ៊ុន​តាក់​ ​ប្រទេស​កម្ពុជា​នៅ​តែ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​វិស័យ​កសិកម្ម​ដែល​មាន​តម្លៃ​ថោក​ ​និងឧស្សាហ​កម្ម​វាយនភ័ណ្ឌ​ដែល​កំណើន​ទំនង​ជា​ធ្លាក់​ចុះ​មក​ត្រឹមលើស​៦​ភាគរយ​បន្តិច​ក្នុង​មួយ​ឆ្នាំៗ។

របាយ​ការណ៍​របស់​ ​Stratista​ ​ឆ្នាំ២០១៧​បាន​បង្ហាញ​ថា​ វិស័យ​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​រួម​ចំណែក​ជាង​៣០,៨៨​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​ ​ហើយ​វិស័យ​នេះ​ត្រូវ​បាន​បែង​ចែក​ជាវិស័យ​កាត់ដេរ​ ​សេវា​កម្ម និង​កសិកម្ម។

រូបឯកសារ៖ កម្មការិនី កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។
រូបឯកសារ៖ កម្មការិនី កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយនៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦។

វិស័យ​ឧស្សាហ​កម្ម​របស់​ប្រទេស​កម្ពុជា​រួមមាន​វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​ ​អាហារ​ ​និង​ភេសជ្ជៈ​ និងវិស្ស័យ​ដែល​កំពុង​ដែល​លូត​លាស់​បណ្តើរៗ​ ដូច​ជា​គ្រឿង​អេឡិច​ត្រូនិក ​កង់ ​រថយន្ត ​រោង​កិន​ស្រូវ ​និង​កៅ​ស៊ូ​ជា​ដើម។​ រី​ឯ​វិស្ស័យ​សេវា​កម្ម​របស់​ប្រទេស​នេះ​វិញ​ រួម​មាន​មួយ​ផ្នែក​ធំ​គឺ​វិស្ស័យ​ទេស​ចរណ៍​ និង​កាស៊ីណូ។​ ​វិស័យ​ឧស្សាហ​កម្ម​កម្ពុជា​វិញ​ផ្តោត​ចម្បង​ទៅ​លើ​ការ​ដាំ​ស្រូវ​ជា​មួយ​នឹង​ផលិតផល​រាយ​រង​មួយ​ចំនួន​ ដូច​ជា​ ​ដំឡូង​ ​សណ្តែក​ ដំឡូងមី​ ល្ង​ និង​កៅស៊ូ។ របាយ​ការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឆ្នាំ២០១៦បង្ហាញ​ថា ​ការ​នាំចេញ​សរុប​របស់​ប្រទេស​នេះ​បាន​កើន​ពី៦,៦៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១៣ដល់១០,០៧ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦។​

ក្នុង​ខណៈ​ពេល​ដែល​មួយ​ភាគ​បួន​នៃ​ការងារ​សរុប​នៅ​ក្នុង​ប្រទេស​នេះ​ស្ថិត​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ដែល​រួម​ចំណែក​ដល់​ការ​នាំ​ចេញ​ដល់​ទៅ៧០ភាគ​រយ​នោះ ​តួលេខបាន​បង្ហាញ​ថា ​ការ​នាំ​ចេញ​នៃ​សម្លៀក​បំពាក់​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​ផលិត​ភាព​ទាប​ ​និង​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ ​ដែល​បាន​ដាក់​សម្ពាធទៅ​លើ​អ្នក​វិនិយោគ។​ អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​គឺ​ប្រទេស​កម្ពុជា​ត្រូវ​ការ​កត្តា​ទាំង​ពីរ​នេះ​ដើម្បីរក្សា​លទ្ធភាពប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​តំបន់​ ​និង​អន្តរជាតិ។

លោក ​ង៉ែត ជូ​ ​ដែលជា​ទីប្រឹក្សា​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​នៅ​ក្នុង​ក្រុម​ហ៊ុន​ធំ​មួយ​នៅ​រាជ​ធានី​ភ្នំពេញ​ និយាយ​ថា​ ​ការ​ទស្ស​ទាយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​ថា​វិស័យ​កាត់​ដេរ ​ដែល​កំពុង​ប្តូរ​ទៅ​កាន់​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​នោះ​ តម្រូវ​ឲ្យ​ប្រទេស​កម្ពុជា​រៀបចំ​ត្រៀម​ខ្លួន​ឲ្យរួច​ជា​ស្រេច​នៅ​ពេល​ដែល​តម្រូវ​ការ​កម្មករចាប់ធ្លាក់​ចុះ។​

លោក ង៉ែត ជូ និយាយ​ថា៖​

«រាជ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ទៅ​លើ​បញ្ហា​ដែល​ជះ​ទៅ​ក្រុម​ហ៊ុន​កម្រិត​តូច​ ​និង​មធ្យម ​វិស័យ​កសិឧស្សា​ហ​កម្ម ​ផលិតភាព​ទាប​ ​និង​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ដោយ​ផ្តោត​លើ​គោល​នយោបាយ​ទៅ​លើ​ការ​អភិវឌ្ឍ​ជំនាញ​ ​និង​អនុវត្ត​គោល​នយោបាយ​ដែល​ត្រឹម​ត្រូវ»។​

តើ​កម្ពុជា​ជួប​ប្រទះ​នឹង​បញ្ហា​អ្វី​ខ្លះ?​

បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាន​ងើប​ពី​ឈ្មោះ​ថា ​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​មក​ជា​ប្រទេស​ដែល​មាន​ចំណូល​ទាប​មធ្យម​ ​ហើយកំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ពិតប្រាកដ​ដល់​ទៅ​៧​ភាគ​រយ​ក៏​ដោយ​ ​ក៏ប្រទេស​នេះ​នៅ​តែ​ជួប​ប្រទះ​នឹង​ភាព​មិន​ចម្រុះ​សម្បូរ​បែប​នៃ​សេដ្ឋកិច្ច​ដដែល​មាន​ន័យ​ថា​ នៅ​តែ​ផ្តោ​លើ​វិស័យ​មួយ​ចំនួន​តូច​ដូច​ជា​វិស័យកាត់​ដេរ​ ​និង​កសិកម្ម​ជា​ដើម។​

ទស្សន​វិស័យ​នៃការ​អភិវឌ្ឍអាស៊ី​ឆ្នាំ​២០១៦​បាន​ព្រមាន​ថា ​ទោះបី​សេដ្ឋកិច្ច​កម្ពុជា​ហាក់​ដូច​ជា​មាន​ភាព​ចម្រុះ​កាន់​តែ​ច្រើន​រវាង​វិស័យ​កាត់​ដេរ​ ​និង​ឧស្សាហ​កម្ម​ខ្នាត​ស្រាល​ក្តី​ ក៏កំណើន​នៅ​តែ​មាន​លក្ខណៈ​តិច​តួច​បំផុត។​

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ ​World Bank​ ឲ្យដឹង​ថា​ ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​នៅ​តែ​ស្ថិត​ត្រឹម​ពី​លើ​ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ដែល​ការ​លូត​លាស់​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ពឹង​ផ្អែក​ខ្លាំង​នៅ​តែ​ទៅ​លើ​វិស័យ​មួយ​ចំនួន​ដូច​ជា​វិស័យ​កាត់​ដេរ​អចលនទ្រព្យ​ និង​សំណង់​ដែល​កំពុង​តែ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​ ពិសេស​ជា​មួយ​ប្រទេស​វៀតណាម​ ​បង់ក្លាដេស​ ​និង​ភូមា​ដែល​បរិមាណ​កម្លាំង​ពលកម្ម​តម្លៃ​ថោក​មាន​កម្រិត​ខ្ពស់​ ​និង​មាន​ផលិត​ភាព​ច្រើន​ជាង​ប្រទេស​កម្ពុជា។

ទិន្នន័យ​របស់​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ប្រទេស​កម្ពុជា​ឆ្នាំ​២០២៥ ​ដែល​ហៅ​កាត់​ថា​ IDP​ បង្ហាញ​ថា​ ជាង​៨០ភាគ​រយ​នៃ​សហគ្រាស​ឧស្សាហ​កម្ម​ធំៗ​របស់​កម្ពុជា​នៅ​តែ​ផ្តោត​ទៅ​លើ​ការ​ផលិតសម្លៀក​បំពាក់​ ​វាយន​ភណ្ឌ​ ​និង​ ​ស្បែកជើង។​ ​ស្រប​ពេលនោះ​ដែរ​ ​វិស័យ​នេះ​កំពុង​តែ​ជួប​ប្រទះ​នឹង​កំណើនសេដ្ឋកិច្ចយឹត​ ជាក់​ស្តែង​ការ​នាំ​ចេញ​សម្លៀក​បំពាក់វាយនភណ្ឌ​ ​និង​ ​ស្បែក​ជើង​ធ្លាក់​ពី​ ​៧៥,៦ភាគរយ​មកត្រឹម​៥៨​ភាគ​រយ​ក្នុង​ចន្លោះ​ឆ្នាំ២០០៨​ ​និង ​២០១៣។

តម្លៃ​អគ្គិសនី​រវាង​ប្រទេស​ទាំងពីរ​នេះ​ក៏​មាន​ភាព​ខុសគ្នាគួរឲ្យ​កត់សម្គាល់​ផង​ដែរ។ ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍ដែល​ចេញ​ដោយ​ក្រសួង​ឧស្សាហ​កម្ម​ ​និង​ពាណិជ្ជ​កម្ម​វៀតណាម​ ​តម្លៃ​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​គឺស្មើ​នឹង​0,០៧៦​ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ ​ដោយ​ឡែក​នៅ​កម្ពុជា​ស្មើ​នឹង​០,១៨ដុល្លារ​ឯ​ណោះ​នេះ ​បើ​យោង​តាម​រដ្ឋាករ​ភ្លើង​កម្ពុជា។​

វិស័យ​ផ្សេង​ទៀត​ ដែល​រួម​មាន​ឧស្សាហ​កម្ម​ខ្នាត​ស្រាល ​អេឡិចត្រូនិក​ ​ម៉ាស៊ីន​អេឡិចត្រូនិក​ ​ផលិត​ផល​ប្លាស្ទិក​ ផលិត​ផល​គីមី​ជាដើម​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​អភិវឌ្ឍ​ខ្លាំង​ ឬ​ត្រូវ​បាន​ផលិត​បម្រុង​ទុក​តិច​បំផុត​សម្រាប់​តែ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ជា​ទម្រង់​ជំនួស​ការ​នាំ​ចូល។

អ្នក​ជំនាញ​ជឿ​ជាក់​ថា​ ​ទោះ​បីវិស័យកាត់ដេរ​ និង​កសិកម្ម​នឹង​បន្ត​ធ្លាក់​ចុះ​ ហើយ​ឧស្សាហកម្ម​និង​សេវា​កម្ម​នឹង​បន្ត​កើន​ឡើង​ដូចការ​ព្រាង​ទុក​ដោយ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​របស់​ប្រទេស​កម្ពុជា​ឆ្នាំ២០២៥​ក៏ដោយ​ ​ក៏​កំណើន​នៃ​ប្រាក់​ខែ​អប្បបរិមា​ ​គំនាប​ពន្ធ​អាករ ​និង​ការ​ប្រកួត​ប្រជែង​ខ្លាំង​រវាង​ក្រុមហ៊ុន​នៅ​ប្រទេស​ចិន​នឹង​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​នៅ​តែ​ស្រូប​យក​នូវ​វិនិយោគិន​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ដដែល។​

លោក​ ​Miguel​ ​Chanco​ ​ដែល​ជា​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​អាស៊ី​នៅ​ស្ថាប័ន​ ​Patheon​ ​Macroeconomics ​បាន​ប្រាប់​ ​VOA​ ​ថា៖​

«ខ្ញុំ​គិត​ថា​ ​ការ​ពឹង​ផ្អែក​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​កាត់​ដេរ​នឹងមិន​មាន​ការ​ថយ​ចុះ​លឿន​ដូចការ​ព្រៀង​ទុក​ដោយ​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម​របស់​ប្រទេស​កម្ពុជា​ឆ្នាំ២០២៥​នោះ​ទេ»។​

លោក​ ​Miguel​ ​បញ្ជាក់​ថា ​ភស្តុតាង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​នឹង​បន្ត​ជាន់​កែង​ខ្លួន​ឯង​នៅក្នុង​វិស័យ​កាត់​ដេរ​នេះ​ដោយ​សារ​សន្ទុះ​នៃ​កំណើន​ប្រាក់​ឈ្នួល​អប្បបរិមា​នៅ​មាន​ការ​កើន​ឡើង​ខ្លាំង។​

ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​វិស័យ​វាយ​នភណ្ឌ​ទៅ​ជា​វិស័យ​ឧស្សាហ​កម្ម​កម្រិត​ស្រាល ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ប្រទេស​វៀតណាម​នោះ​ នឹង​ធានា​ថា​ ​ប្រទេស​កម្ពុជា​នឹង​នៅ​តែ​អាច​ឈរ​ជើង​ប្រកួត​ជាមួយ​នឹង​ប្រទេស​ដែល​កម្មករ​មានប្រាក់​ឈ្នួល​ទាប​ ​និង​ផលិត​ភាព​ខ្ពស់​ ​ដូច​ជា​ប្រទេស​វៀត​ណាម​ ​បង់​ក្លាដេស​ ​និង​ភូមា​ជាដើម។​ ​លោក​ ​Miguel​ ​បាន​បន្ថែម​ថា ​ទស្សន​វិស័យ​របស់​លោក​ក៏ត្រូវ​បាន​យល់​ស្រប​ដោយ​សេដ្ឋវិទូ​ និង​អ្នក​ស្រាវ​ជ្រាវ​ដទៃ​ទៀត​ផង​ដែរ។​

លោក​បណ្ឌិតគី សេរីវឌ្ឍន៍​ ​ដែល​ជា​អ្នក​ស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​ បាន​និយាយ​ថា៖​

«ខ្ញុំ​គិត​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​ផ្លាស់​ប្តូរ​ទៅ​ជា​វិស័យ​ឧស្សាហ​កម្ម​កម្រិត​ស្រាល​ និង​អេឡិចត្រូនិក​ភ្លាមៗ​នោះ​ទេ​ ដោយ​សារ​ជំនាញ​ និង​ផលិត​ភាព​របស់​កម្មករ​យើង​នៅ​មាន​កម្រិត​នៅ​ឡើយ‍»។

លោក​បន្ថែម​ថា៖​

«​យើង​ខ្វះ​ទាំង​ភាព​ច្នៃ​ប្រឌិដ្ឋ​ និង​សាលា​បណ្តុះ​បណ្តាល​ជំនាញ​ដើម្បី​ជំរុញ​វិស័យ​នេះ។​ យើង​អាច​ធ្វើ​បាន​លុះត្រា​តែ​រាជ​រដ្ឋាភិបាល​បង្កើត​សាលា​ ​និង​ឡាបូ​ដើម្បី​បង្ហាត់​ប្រជាជន​កម្ពុជា​បន្ថែម​ទៀត»។​

រូបឯកសារ៖ លោក​បណ្ឌិត អៀ សុផល​ ជាសាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​ ​Occidental College​ ​នៅ​ឯ​ទីក្រុង​ ​Los Angeles​ រដ្ឋកាលីហ្វ័រញ៉ា។
រូបឯកសារ៖ លោក​បណ្ឌិត អៀ សុផល​ ជាសាស្ត្រាចារ្យ​នៅ​មហា​វិទ្យាល័យ​ ​Occidental College​ ​នៅ​ឯ​ទីក្រុង​ ​Los Angeles​ រដ្ឋកាលីហ្វ័រញ៉ា។

លោក​បណ្ឌិត អៀ សុផល​ ​សាស្ត្រាចារ្យ​នៅ​ឯ​មហា​វិទ្យាល័យ​ ​Occidental College​ ​នៅ​ឯ​ទីក្រុង​ ​Los Angeles​ ​បាន​ថ្លែង​ប្រាប់​ ​VOA៖​

«នៅ​ចុង​បញ្ចប់​នោះ​គឺ​គ្មាន​ប្រទេស​ណា​មួយ​អាច​ប្រកួត​ប្រជែង​ដោយ​ប្រើ​ប្រាស់​ពលកម្ម​ជំនាញ​ទាប​ហើយ​ថោក​បាន​យូរ​អង្វែង​នោះ​ទេ។​ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​របស់​កម្មករ​យើង»។​

ចេញ​ពី​ផ្លូវ​មួយ​ស្រដៀង​នឹង​ប្រទេស​កម្ពុជា​ដែរ​ ​ប្រទេស​វៀតណាម ​ដែល​ធ្លាប់​តែ​ពឹងផ្អែក​លើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ បានផ្លាស់ប្តូរ​មុខមាត់​ថ្មី​ទៅជា​អ្នក​ផលិត​ទូរស័ព្ទ​ទំនើប​ គ្រឿង​អេឡិចត្រូនិក​ និង​កុំព្យូទ័រ​ ហើយ​ប្រទេស​កម្ពុជា​អាច​មើល និង​សិក្សា​ឧទាហរណ៍​សេដ្ឋកិច្ច​ប្រទេស​វៀតណាម​នេះ។​

បើ​តាម​តួ​លេខ​របស់​ ​Trading​ ​Economics​ ​ដែល​ជា​គេហ​ទំព័រ​សេដ្ឋកិច្ច​សកល​ ប្រាក់​ឈ្នួល​អប្បបរមា​របស់​ប្រទេស​កម្ពុជា​ទំនង​ជា​មាន​ការ​កើន​ឡើង​ប្រហែល​ ១១​ភាគ​រយ​រវាង​ឆ្នាំ២០១២​និង​២០១៨​ ​ចាប់​ពី​៦១ដុល្លារ​ក្នុង​ឆ្នាំ២០១២ដល់១៤០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៦​ ​ហើយឡើងដល់១៧០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨។​ ​រី​ឯ​នៅ​ប្រទេស​វៀត​ណាម​វិញ​ ​ប្រាក់​កម្រៃ​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​ចាប់​ពី​២០៩,៤១ដុល្លារ​ក្នុង​ឆ្នាំ​២០១៥​ដល់២១៦,៧៣​ដុល្លារ​ក្នុង​ឆ្នាំ២០១៨។

លោក អៀ សុផល​បន្ថែម​ថា៖​

«កម្ពុជា​មាន​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ទាប​យ៉ាង​ច្រើន​ ប៉ុន្តែ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង កម្ពុជានៅ​តែ​មានតម្លៃ​ថ្លៃជាង​ដដែល»។

លោក​បន្ត​ថា ​កំណើន​ប្រាក់​ឈ្នួល​នេះ​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​បាត់​អានុភាព​របស់​ខ្លួន​ទៅ​ហើយ។

«ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ក្នុង​រណ្តៅ​មួយ ​ប៉ុន្តែ​អ្វី​ដែល​អាច​នឹង​កើត​ឡើង​នោះ​គឺ​យើង​អាច​ជាប់​គាំង​រយៈ​ពេល​ប្រហែល៥ឆ្នាំ​ ហើយ​អាច​នឹង​ទាញ​បាន​មក​វិញ​នូវ​អានុភាព​ដែល​បាត់បង់​ទៅ»។​

នៅ​ពេល​ឆ្លើយសំណួរ​ថា​ តើ​ឥទ្ធិពល​របស់​ប្រទេស​ចិន​នឹង​អាច​ប៉ះ​ពាល់​ដល់​សេដ្ឋ​កិច្ច​កម្ពុជា​ឬទេ ​ ​លោក Chanco​ ​បញ្ជាក់​ថា៖

«ក្នុង​រយៈ​ពេល​ខ្លី​ យើង​ចំណេញ​ដោយ​សារ​វិស័យ​សំណង់​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​កម្ពុជា​មាន​ភាព​ចម្រុះ​ជាង​មុន។​ ​ដោយ​ឡែក​ក្នុង​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​អំពី​បំណុល​ដែល​កម្ពុជា​នឹង​ត្រូវ​សង​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ»។

សេដ្ឋ​វិទូ​ដទៃ​ទៀត​ក៏យល់​ឃើញ​អំពី​បញ្ហា​ប្រឈម​ដទៃ​ទៀត​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​ប្រទះ​ផង​ដែរ​ រួម​មាន​តម្លៃ​អគ្គិសនី​ថ្លៃ​ ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សោយ​ និង​ប្រព័ន្ធ​តុលាការ​ដែល​ខ្វះ​ខាត។​

រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (VOA)
រូបឯកសារ៖ លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (VOA)

លោក ​អ៊ូ វីរៈ​ ​ប្រធាន​វេទិកា​អនាគត​ និយាយ​ទៅ​កាន់​ ​VOA ​ថា៖​

«ប្រទេស​កម្ពុជា​ត្រូវ​ដោះ​ស្រាយ​បញ្ហា​បី​សំខាន់ៗ។​ ទីមួយ​គឺ​យើង​ត្រូវ​ធ្វើ​ឲ្យ​អគ្គិសនី​របស់​យើង​ថោក​ ​និង​ទៀត​ទាត់។​ ​ទីពីរ​យើង​ត្រូវ​ការ​ផ្លូវ​ល្អ​ ​ផែល្អ ​និង​សេវា​កម្ម​ដឹក​ជញ្ជូន​ល្អ។​ ​ទី​បី​យើង​ត្រូវ​ការ​នីតិរដ្ឋ​ក្នុង​ប្រព័ន្ធ​តុលាការ​ដើម្បី​ការពារ​ភាព​ប្រកួត​ប្រជែង​របស់​អ្នក​ជំនួញ»។

លោក​ សុផល​យល់​ស្រប ​ដោយ​លោក​មាន​មតិ​ថា៖

«វា​ហាក់​ដូច​ជា​មិន​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ទាល់​តែ​សោះ​ ទៅ​លើ​បញ្ហា​អភិបាល​កិច្ច​មិន​ល្អ និង​អំពើ​ពុក​រលួយ។​ សព្វថ្ងៃ​យើង​កំពុង​តែ​ទាក់​ជាប់​នៅ​ក្នុង​អន្ទាក់​អភិបាល​កិច្ច​មិន​ល្អ។​ ការ​ធ្វើ​ជំនួញ​ផ្តាច់​មុខ និង​មាន​ការ​យាម​ទ្វារ​គ្រប់​កន្លែង​ មិន​មែន​ជា​បរិយាកាស​ល្អ​មួយ​សម្រាប់​អាជីវកម្ម​លូត​លាស់​នោះ​ទេ»។​

លោក​បាន​បង្ហាញ​ថា ​កម្ពុជា​អាច​មើល​ទៅ​កាន់​ប្រទេស​នានា​ ​ដូច​ជា​វៀត​ណាម​ជា​ដើម ​ដែល​ធ្លាប់​ត្រាប់​តាម​គន្លង​របស់​ប្រទេស​ចិន​រយៈ​ពេល២ទសវត្ស​មុន។

តើប្រទេស​វៀតណាម​បាន​ធ្វើ​អ្វី​ខ្លះ?​

ជោគជ័យជាក់​ស្តែង​ទីមួយរបស់​ប្រទេស​វៀតណាម​គឺ​ពិពិធ​កម្ម​ដែល​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ប្រទេសនេះ​មានភាពចម្រុះ​នៅ​អាស៊ី​អា​គ្នេយ៍។​ បើ​តាម​របាយ​ការណ៍​របស់​វិទ្យាស្ថាន​ ​Brookings ​ដែល​ជា​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​គោល​នយោបាយ​សាធារណៈប្រចាំ​ទីក្រុង​វ៉ា​ស៊ីន​តោន ​ រាជ​រដ្ឋា​ភិបាល​វៀតណាម​បាន​បង្កើត​ការងារ​នៅ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ប្រហែល​ជាង១,៥​លាន​ការងារ​រវាង​ឆ្នាំ២០១៤​និង​២០១៦។​

ប្រទេស​នេះ​បាន​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ទៅ​ជា​ប្រភព​នៃ​ឧស្សាហកម្ម​ធនស្រាល​ដ៏​សំខាន់​មួយ​ដែល​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ គ្រឿង​អេឡិចត្រូនិក​ និង​ទូរស័ព្ទ​សម្រាប់​ម៉ាក​ធំៗ​ ដូចជា​ Samsung​ ជា​ដើម។​

ក្រុមហ៊ុន​យក្ស​ Samsung​ បាន​រួម​ចំណែក​ប្រមាណ​២២៧ពាន់​លាន​ដុល្លារ​ដល់​ការ​នាំ​ចេញ​របស់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ២០១៧។​ វិស័យ​ឧស្សាហ​កម្ម​ធន​ស្រាល​នេះ​កំពុងរីក​ដុះដាល​ខ្លាំង​នៅក្នុង​ខេត្ត​ដាណាង​ដែល​ជា​ជម្រក​នៃ​សហ​គ្រិន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ថ្មីៗ​ដ៏​សម្បូរ​បែប។​

ប្រទេស​វៀតណាម​អាច​រក្សាកំណើន​សេដ្ឋកិច្ច​ខ្លួន​បាន​៦ភាគ​រយ​ ហើយ​ហាក់​ដូចជា​មិន​មាន​សញ្ញា​ធ្លាក់​ចុះ​នោះ​ឡើយ​ ​ទោះបី​ជា​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​ រួមទាំង​ប្រទេស​កម្ពុជា​ផង​ កំពុង​តែ​ជួប​ប្រទះ​នឹង​វិបត្តិ។​

មូលហេតុ​ទីពីរ​ដែល​នាំ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ជោគជ័យសមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ដែល​ត្រូវការ​ទាំង​ពលកម្ម​ដែល​មាន​និង​មិនមាន​ជំនាញ​ ហើយ​មាន​តម្លៃ​ទាប។

ដោយមានប្រជាជន​៩៥​លាន​ដែល​កំពុង​តែ​កើនឡើង​ច្រើន​ទៅៗ​ ​ ប្រទេស​វៀតណាម​ដើរ​តួ​យ៉ាង​ចម្បង​ក្នុង​ការ​ស្រូប​យក​នូវ​ផលិតកម្ម​ដែល​បាន​រត់​ចេញ​ពី​ប្រទេស​ចិន ​ជាពិសេស​ក្រុមហ៊ុន​យក្ស​អន្តរជាតិ​ធំៗ​ដែល​ត្រូវការ​ពលកម្ម​ថោក​ និង​មាន​ផលិតភាព​ខ្ពស់។​ អ្នក​ជំនាញ​ខ្លះ​បាន​ហៅ​លំហូរ​នៃ​រោង​ចក្រ​នេះ​ថា«ចិន​បូក​មួយ»​ដោយ​ប្រទេស​វៀតណាម​ជា​ប្រទេស​មួយ​នោះ។​

«ខ្ញុំ​គិត​ថា ​ប្រទេស​កម្ពុជា​អាច​ត្រាប់​តាម​ឧទាហរណ៍​ប្រទេស​វៀតណាម​បាន ​ដោយ​ផ្តោត​ទៅ​លើ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​តួ​អង្គ​សំខាន់ៗ»។​ នេះ​បើតាម​សេដ្ឋវិទូ​គឺ​លោក​ ​Chanco។

លោក​បន្ថែម​ថា៖​

«ប៉ុន្តែ​នេះ​មិនមែន​ជា​មធ្យោបាយ​ដែល​ងាយ​ស្រួល​នឹង​ធ្វើ​នោះ​ឡើយ​ ដោយ​សារ​ធនធានមនុស្ស​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា​នៅមាន​កម្រិត។​ ​កត្តា​ទាំង​ពីរ​នេះ​នឹង​នៅ​តែ​រារាំង​ប្រទេស​កម្ពុជា​ពី​ការ​ងើប​ឡើង​ទៅរកសង្វាក់​ផលិត​កម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​មុន»។​

ជោគ​ជ័យ​នៃ​សេដ្ឋកិច្ច​វៀតណាម​អាច​កើត​ទៅ​បាន​ពី​កត្តា​មួយ​ទៀត​គឺប្រទេស​នេះ​អាច​ប្រែ​ខ្លួន​ទៅ​ជា​ប្រទេស​សេដ្ឋកិច្ច​ដ៏​សម្បើម​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ដោយ​សារ​តែ​កំណែ​ទម្រង់​វិស័យ​អប់រំ​ដែល​បាន​បន្ថែម​ជំនាញ​សំខាន់​ថ្មីៗ​ដល់​វិស័យ​ឧស្សាហ​កម្ម​ប្រទេស​វៀតណាម។​

លោក​អ៊ូ វីរៈ​និយាយ​ថា ​វិស័យ​អប់រំ​ប្រទេស​វៀតណាម​នឹង​ដើរ​សំខាន់​បំផុត​សូម្បី​តែ​ប្រៀប​ធៀប​នឹង​ប្រទេស​ថៃ​ ​ហើយ​មិន​ដល់​ពីរ​ទសវត្ស​ទៅ​មុខ​ទៀត​ ​ប្រទេស​នេះ​នឹង​អាច​តាម​ទាន់​កំណើន​សេដ្ឋកិច្ចប្រទេស​ថៃ​ជា​មិន​ខាន។​

លោក​បណ្ឌិត​គី សេរីវឌ្ឍន៍​ក៏​មាន​គំនិត​ស្រដៀង​គ្នា​ដែរ។ លោក​និយាយថា៖​

«ដើម្បី​សម្រេច​បាន​នូវ​គោល​នយោបាយ​ឧស្សាហកម្ម​ឆ្នាំ២០២៥​ ​រាជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ទាំងមូល​ដើម្បី​ធានា​បាន​នូវ​គុណភាព មិន​ត្រឹមតែ​កំណែ​ទម្រង់​រដ្ឋបាល​អប់រំ​នោះ​ទេ។​ យើង​ត្រូវ​ធានា​ថា ​សិស្ស​មាន​ភាព​រីករាយ​ក្នុង​ការ​ទៅ​រៀន»។​

បើ​តាម​បទ​ពិសោធន៍ស្រាវ​ជ្រាវ​ផ្ទាល់​របស់​លោក​បណ្ឌិត​គី សេរីវឌ្ឍន៍​ ​លោក​បាន​ធ្វើ​ការ​សន្និដ្ឋានថា គ្រូ​បង្រៀន​នៅ​តាម​ជនបទ​នៅ​ខ្វះ​សមត្ថ​ភាព​ក្នុង​ការ​បង្រៀន​សិស្ស​ ​ហើយ​សិស្ស​ដែល​បាន​បញ្ចប់​សញ្ញាបត្រ​ថ្នាក់​ទី​១២​ជាច្រើន​នៅ​តែ​មិន​ចេះ​ធ្វើ​លំហាត់គណិតវិទ្យា​ ​និង​រូប​វិទ្យា​ត្រឹម​ត្រូវ​នៅ​ឡើយ។​

លោក​មាន​យោបល់​ថា ​រាជ​រដ្ឋាភិបាល​កម្ពុជា​គប្បី​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើត​នូវ​សាលា​បច្ចេក​ទេស​សម្រាប់​ជន​ទាំងអស់​នេះ​ ជា​ពិសេស​អ្នក​ដែល​ឈប់​រៀន​មុន​បញ្ចប់​ថ្នាក់​វិទ្យាល័យ ដើម្បី​ជួយ​បំពេញ​តម្រូវ​ការ​វិនិយោគិន​ផង​ ​ហើយ​លើក​ស្ទួយ​ជីវភាព​ពួក​គេ​ផង។​

កត្តា​មួយ​ទៀតដែល​ចូលរួម​ចំណែក​ជោគជ័យ​នៃ​សេដ្ឋកិច្ច​វៀតណាម​នោះ​គឺ​ដោយ​សារ​គោល​នយោបាយរដ្ឋាភិបាលវៀតណាម​ផ្តោតខ្លាំង​ទៅ​លើ​សេដ្ឋ​កិច្ច។​

«អ្វី​ដែល​ខុសគ្នា​សម្រាប់​ខ្ញុំ​នោះ​គឺ​ការ​យកចិត្ត​ទុក​ដាក់។​ ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​រវល់​រក្សា​ជំហរ​នយោបាយ​របស់​ខ្លួន​ហើយ​ជួន​កាល​ដោយ​ត្រូវ​លះ​បង់​នូវ​អ្វី​ដែល​ចាំបាច់​ជាង ​ដូច​ជា​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ សេដ្ឋ​កិច្ច​នោះ​ ​អ្នក​បង្កើត​គោល​នយោបាយ​វៀតណាម​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខ្លួន»។​ ​នេះ​បើតាម​សម្តី​របស់ លោក​ ​Chanco។​

ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​នៅ​មាន​ឱកាស​រីកចម្រើន​ច្រើន​ ​បើ​សិន​ជា​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​ត្រឹមត្រូវ​នូវ​គោល​នយោបាយ​ឆ្នាំ២០២៥របស់​ខ្លួន​ជា​មួយ​នឹង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់។ អ្នក​វិភាគ​ជឿ​ជាក់​ថា​ កត្តា​ផ្សេង​ទៀត​ក៏​មាន​ភាព​ចាំ​បាច់​ដែរ​ ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុកដាក់​ភ្លាមៗ។​

យោង​តាម​លោក ​អ៊ូ វីរៈ​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានាថា ​យន្តការ​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ការពារ​មិន​ឲ្យ​មាន​ការ​ប្រមូល​ទិញដី​ទុក​សម្រាប់​លក់​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ដី​ស្រែ​ស្ថិត​នៅ​ក្នុង​ដៃ​កសិករ​ ហើយ​ត្រូវ​ធានា​ឲ្យ​បាននូវការ​វិនិយោគ​ក្នុង​វិស័យ​កសិ​ឧស្សាហ​កម្ម​ ដូចជា​រោងកិន​ស្រូវ​ រោង​ចក្រ​ផលិត​ និង​កែច្នៃ​កៅស៊ូ​ ​រោងចក្រ​ផលិត​ស្ករស​ជាដើម។​ ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​នូវ​ការ​ប្រកួត​ប្រជែង​រវាង​កសិករ​ដែល​ផលិត​ផលិតផល​ទាំង​នោះ៕

XS
SM
MD
LG