ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​វិនិយោគិន​​អាមេរិក​ផ្តោត​​​ការ​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា​ដើម្បី​ធ្វើ​ការ​នាំចេញ


លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កម្មវិធី​ពាណិជ្ជកម្មមួយ ដែលផ្តោត​​លើវិស័យកសិកម្ម​ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច​នៅក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា” ក្នុង​រាជធានី​ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​សភា​ពាណិជ្ជ​កម្ម​អាមេរិកាំង​ប្រចាំ​កម្ពុជា​បាន​រៀបចំ​​វេទិកា​ ​«ឱកាស​ធុរកិច្ច​​នៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា»​ ​រយៈពេល​ពីរ​ថ្ងៃ​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​​ក្រុមហ៊ុន​អាមេរិក​ធំៗ​​ដែល​ធ្វើការ​ពាក់ព័ន្ធនឹង​វិស័យ​កសិកម្ម​ ​ជួយ​កម្ពុជា​ក្នុង​ការ​​បង្កើន​ការ​ផលិត​​ដើម្បី​ប្រកួត​ប្រជែង​ទៅផ្សារ​ក្នុង​តំបន់​ ​និង​អន្តរជាតិ។​

ក្រុម​អ្នក​វិនិយោគ​សហរដ្ឋ​អាមេរិក​ ​ចាប់​ផ្តើមផ្តោត​ការ​វិនិយោគលើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​ដើម្បី​ជួយបង្កើន​ផលិតភាព​ ​និង​ទិន្នផល​កម្ពុជា​ ​ក្នុង​ការ​ប្រកួត​ប្រជែង​ថ្នាក់តំបន់​និង​អន្តរជាតិ​ ​ស្រប​ពេលវិស័យ​កសិកម្ម​នៅ​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន។​ ​នេះបើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។​

លោក​ ​William Heidt​ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាថ្លែង​ក្នុង​វេទិកា​ស្តី​ពី «ឱកាស​ធុរកិច្ចនៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា»​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា នេះថា​ ចាប់​តាំង​ពី​ឆ្នាំ២០០៤​ ​ដល់​ឆ្នាំ​២០១២​ ​កំណើនទិន្នផល​ដំណាំ​ ​និង​ការនាំ​ចេញ​ផ្នែក​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ ​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​កត់​សំគាល់។​ ​ក៏ប៉ុន្តែ​លោកថា​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ​កំណើន​លើ​វិស័យ​នេះ​មាន​ការ​ថយ​ចុះ ​ដោយ​សារ​កម្ពុជា​ប្រឈម​នឹង​ការប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ ចំណែក​កម្រិត​អនាម័យ​ ​និង​សត្វ​ចង្រៃ​ក្នុង​ផ្លែឈើ​នាំចូល​ ​ដែល​ជា​បញ្ហា​ក្នុង​ការបង្កើន​ចំនួន​មុខ​ទំនិញ​នាំ​ចេញ ក៏​ជា​ឧបសគ្គ​សម្រាប់​កម្ពុជា​ផង​ដែរ។​

លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កម្មវិធីពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យកសិកម្ម​ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច​នៅក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា” ក្នុង​រាជធានី​ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)
លោក William Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​កម្មវិធីពាណិជ្ជកម្មមួយ ដែលផ្តោតលើវិស័យកសិកម្ម​ក្រោម​ប្រធាន​បទ “ឱកាសធុរកិច្ច​នៅក្នុងវិស័យ​កសិកម្ម​នៅកម្ពុជា” ក្នុង​រាជធានី​ ភ្នំពេញ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/VOA)

យ៉ាងណាក្តី​ ​លោក​ ​William Heidt​ ​បញ្ជាក់​ថា​ ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​អាមេរិកដែល​រៀបចំ​ឡើង​ជា​លើក​ដំបូង​នេះ​ នឹង​ជួយ​ឲ្យ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។​

លោក​ ​William Heidt​ ​បញ្ជាក់​ក្នុងន័យ​ដើម​ជា​ភាសា​អង់គ្លេស​ ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«យើង​ទាំងអស់​គ្នា​ដឹង​ថា​ ​ផលិតករ​កម្ពុជា​ប្រឈម​នឹង​ការប្រកួត​ប្រជែង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់។​ ​ក្រុម​ហ៊ុន​អាមេរិក​ ដែល​មាន​តំណាង​នៅ​ក្នុង​គណៈប្រតិភូ​ ​កំពុង​តែ​មាន​ជោគជ័យ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។​ គេ​ស្គាល់​ទីផ្សារ​នៅ​ក្នុង​តំបន់​នេះ​ច្បាស់។​ ​គេ​មាន​បច្ចេកទេស​ ​គ្រឿង​បរិក្ខារ​ ​ម៉ាស៊ីន​ ​និង​សេវា​ថ្នាក់​ពិភព​លោក​ ​ដែល​អាច​ជួយ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ការ​បង្កើន​ផលិតផល​ ​និង​ផលិតភាព​ ​ហើយ​លើក​កម្ពស់​សមត្ថភាព​កែច្នៃ​ស្បៀង​អាហារ​ ​និង​ការវេចខ្ចប់»។​

​លោក​ ​William Heidt​ ​បន្ថែមថា​ ​ក្រុមហ៊ុន​អាមេរិក​ដែល​មាន​វត្តមាន​ក្នុង​វេទិកា​នេះ​ ​កំពុង​រក​មើល​អតិថិជន​ ​និង​ដៃគូ​យូរអង្វែង​ ​ព្រមទាំង​ដៃគូ​ជាមួយ​កសិករ សហគមន៍​មូលដ្ឋាន​ ​និង​មន្រ្តី​រដ្ឋាភិបាល​ដែល​មាន​ការតាំងចិត្ត​ច្បាស់លាស់​ផងដែរ។

លោក​បញ្ជាក់​ថា៖​

«ក្រុមហ៊ុន​អាមេរិក​តំណាង​ឲ្យ​តម្លៃ​របស់​អាមេរិក។​ ​ពួកគេ​ប្រកាន់​ខ្ជាប់​នូវ​ស្តង់ដា​ខ្ពស់​ ​និង​ត្រូវ​បាន​គេ​គោរព​នៅ​ជុំវិញ​ពិភពលោក​ ​ដែល​មាន​វប្បធម៌​សាជីវកម្ម​ដែល​លើក​កម្ពស់​តម្លាភាព​ការអភិវឌ្ឍ​ ​ផ្តោត​លើ​សហគមន៍ និង​ការគោរព​តាម​ច្បាប់»។

វេទិកា​ស្តីពី«ឱកាស​ធុរកិច្ចនៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា»​ ​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​ចាប់​ផ្តើម​ពី​ ​នៅថ្ងៃទី២៦​ ​និង២៧​ ​ខែ​កញ្ញា ​ឆ្នាំ​២០១៨​ ​ត្រូវ​បានរៀបចំ​ឡើង​ដោយ​ ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ​ដោយ​មានការ​សហការ​ជាមួយ​សភា​ពាណិជ្ជ​កម្ម​អាមេរិកាំង​ប្រចាំ​កម្ពុជា។​

មាន​តំណាង​ក្រុមហ៊ុនធំៗ​របស់​អាមេរិក​ចំនួន​១៦​ដែល​បាន​ចូលរួមក្នុង​វេទិកា​នោះ​ ​រួមមាន​ក្រុម​ហ៊ុន​3M​ ​Absolute Packaging and Automation Cargill​ ​Humate USA ​Hydro-Thermal Corporation Intervet​ ​John Deere​ និងក្រុមហ៊ុន​ ​Syngenta​ ​ជាដើម។​ ​ក្រុមហ៊ុន​ទាំង​នោះ​ផ្តោត​លើការ​វិនិយោគ​ក្នុង​វិស័យ​បច្ចេកវិទ្យា​កសិកម្ម​ ​ឧបករណ៍​ ​អ្នកជំនាញ ជីវ​បច្ចេកទេស​ ​ជី​ ​ការ​វេចខ្ចប់ ផលិតផល​កសិកម្ម ការ​វិភាគ​ទិន្ន័យ ឱសថសត្វ និង​ឧបករណ៍​ប្រមូល​ផល​ផ្សេងៗ។​

លោក​ ​Bruce Blakeman​ ​ប្រធានក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន​ ​ផ្នែកអាហារ​ ​និង​កសិកម្ម​ និងជា​អនុ​ប្រធាន​ផ្នែក​កិច្ចការ​សារជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ ​Cargill​ ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ ​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ​ ​ប្រាប់​ ​VOA​ ​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​វិនិយោគិន​ក្នុង​ប្រទេស​កម្ពុជា​និង​គណៈប្រតិភូ​ផ្នែកកសិកម្ម​របស់​អាមេរិក​នៅ​យប់​ថ្ងៃ​ពុធ​ថា​ ​ការ​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ​ ​ដោយ​សារ​មើល​ឃើញ​អំពី​សក្តានុពល​របស់​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម។​

លោក Bruce Blakeman ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-​អាស៊ាន ផ្នែក​អាហារ ​និង​កសិកម្ម អនុប្រធាន​ផ្នែកកិច្ចការ​សារជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ Cargill ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ផ្តល់​សម្ភាសន៍​ជាមួយ VOA ​ក្នុង​ពិធី​ទួលទាន​អាហារ​ពេលល្ងាច នៅ​និវេសដ្ឋាន​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។
លោក Bruce Blakeman ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-​អាស៊ាន ផ្នែក​អាហារ ​និង​កសិកម្ម អនុប្រធាន​ផ្នែកកិច្ចការ​សារជីវកម្ម​សម្រាប់​ក្រុមហ៊ុន​ Cargill ក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក ​ផ្តល់​សម្ភាសន៍​ជាមួយ VOA ​ក្នុង​ពិធី​ទួលទាន​អាហារ​ពេលល្ងាច នៅ​និវេសដ្ឋាន​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។

លោក Bruce Blakeman​ បញ្ជាក់​ជា​ភាសាអង់​គ្លេស ​និ​ងត្រូវ​បាន​ប្រែសម្រួល​ជា​ភាសាខ្មែរក្នុង​ន័យ​ដើម​ថា៖​

«វាជួយ​កសាង​ទំនាក់ទំនង​ដ៏​រឹងមាំ​ជា​មួយ​មនុស្ស​ដែល​យើង​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នៅ​ទីនេះ។​ ​ដូច​ដែល​អ្នក​ដឹងស្រាប់ហើយ​ យើង​នឹង​ស្មោះត្រង់​ជាមួយ​ពួកគេ។​ ​នៅ​ពេល​កសិករ​នាំ​យក​ដំណាំ​របស់​ពួក​គាត់​ទៅ​ថ្លឹង​លើ​ជញ្ជីង​របស់​យើង​ ​ហើយ​ជញ្ជីង​របស់​យើង​នឹង​ដំណើរ​ការ​តាមវិធី​ត្រឹមត្រូវ​ ​ដែល​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​កម្រៃ​ ​ដែល​ពួក​យើង​ផ្តល់​ឱ្យ។ យើង​នឹង​ផ្តល់​ថវិការ​ឱ្យ​ពួក​គេ​ដូចអ្វី​ដែល​យើង​បាន​សន្យា​ សម្រាប់​ទិន្នផលដំណាំ​ដ៏​ច្រើន​ ​ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​យើង»។​

លោក​បន្ថែម​ថា​ ​ក្រុមហ៊ុន​អាមេរិក​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុងការប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ទៀត​នៅ​កម្ពុជា​ ​ជាមួយ​នឹង​ការធ្វើ​វិនិយោគ​ដោយ​ទទួល​បាន​ប្រយោជន៍​ ​ព្រមទាំង​ការ​ផ្តល់​ទៅ​ឲ្យ​ពិភព​លោក​វិញ។

លោក​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«ប្រហែល​ជា​យើងអាច​ជួយសាងសង់​សាលា​រៀន​សម្រាប់​អ្នកជិត​ខាង​ក្នុង​តំបន់​ ​ជាទី​ដែល​កូនៗ​របស់​កសិករ​ ​អាច​ទៅ​រៀនសូត្រឬ​ទទួល​អាហា​រូបករណ៍​ជាមួយ​បុគ្គលិករបស់យើង​និង​កូនៗ​របស់​បុគ្គលិក​យើង។​ ​ជាថ្មី​ម្តង​ទៀត​ ​ការ​កសាង​ទំនាក់​ទំនង​ ​និង​ភាព​ជា​ដៃគូ​ ​ដើម្បី​ឲ្យ​យើង​ទាំងអស់​គ្នា​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ការ​វិនិយោគ។​ ​ទន្ទឹម​គ្នា​នេះ​ ​អ្វី​ដែល​យើង​ធ្វើ​គឺ​ការ​ចំណេញ​ប្រាក់​ ​ហើយ​ជាមួយគ្នា​នេះ​ដែរ​ ​ក៏​ផ្តល់​ឲ្យ​ស្បៀង​អាហារ​ដល់​ពិភព​លោក​ផង​ដែរ»។

ក្រុម​ហ៊ុន​បរទេស​ជាច្រើន​បាន​និង​កំពុងវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅកម្ពុជា។​ ​ក្រុមហ៊ុនភាគ​ច្រើនជា​របស់​ប្រទេស​ចិន​ ​ថៃ​ ​និង​ជប៉ុន​ជាដើម។​

លោក​ ​ម៉ុង ឬទ្ធី​ ​ប្រធាន​ក្រុមហ៊ុន​ ​ម៉ុង ឬទ្ធី​ ​គ្រុប​ ​និង​ជា​ប្រធានគណៈកម្មការ​ទី​៣ ទទួល​បន្ទុក​ផែនការ វិនិ​យោគ​ ​កសិកម្ម ធនធាន​ទឹក ឧតុនិយម អភិវឌ្ឍន៍​ជនបទ និង​បរិស្ថាន​នៃ​ព្រឹទ្ធសភា​ ដែលបាន​ចូលរួម​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ជាមួយ​វិនិយោគិន​ក្នុង​ប្រទេស​កម្ពុជា​ ​និង​គណៈប្រតិភូ​ផ្នែក​កសិកម្មរបស់​អាមេរិក​នោះ​ដែរ​ថា​ ​ផលិត​ផល​ដែល​អាមេរិកនាំ​ចូល​មក​កម្ពុជា​ ​គឺ​ផ្តោត​លើ​គុណភាព​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​កម្ពុជា។​ លោក​បន្ថែម​ថា ការ​ចូល​មក​វិនិយោគ​ដើម្បី​ប្រកួត​ប្រជែង​ទីផ្សារ​ក្នុង​ប្រទេសកម្ពុ​ជា​ គឺ​មិន​ត្រូវ​ការ​កំណត់​ពី​ពេល​វេលា​នោះ​ទេ។

លោក ម៉ុង ឬទ្ធី ប្រធាន​គណៈកម្មការ​ទី​បី​ទទួល​បន្ទូក​ផែន​ការ​វិនិយោគ​កសិកម្ម​ធនធានទឹក​និង​ឧតុនិយម​អភិវឌ្ឍន៍​ជនបទ​និង​បរិស្ថាន ផ្តល់សម្ភាសន៍​ជាមួយ​ VOA ខ្មែរ​ក្នុង​ពិធី​ទួលទាន​អាហារ​ពេលល្ងាច នៅ​និវេសដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាកាលពីថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។
លោក ម៉ុង ឬទ្ធី ប្រធាន​គណៈកម្មការ​ទី​បី​ទទួល​បន្ទូក​ផែន​ការ​វិនិយោគ​កសិកម្ម​ធនធានទឹក​និង​ឧតុនិយម​អភិវឌ្ឍន៍​ជនបទ​និង​បរិស្ថាន ផ្តល់សម្ភាសន៍​ជាមួយ​ VOA ខ្មែរ​ក្នុង​ពិធី​ទួលទាន​អាហារ​ពេលល្ងាច នៅ​និវេសដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជាកាលពីថ្ងៃទី​២៦ ខែ កញ្ញា ឆ្នាំ ២០១៨។

លោក​មាន​ប្រសាសន៍​ថា៖​

«ផលិត​ផល​ថោក​ ​អាស្រ័យ​ទៅ​លើ​គុណភាព។​ ​ឯ​ផលិត​ផល​ដែល​វាថ្លៃ​ ​អាស្រ័យ​ទៅ​លើ​គុណភាព​ដែរ។​ ​អញ្ចឹង​ទៅ​តាម​គុណភាព​របស់​វា។​ ​ហើយ​មនុស្ស​គេ​មាន​លុយ​ទិញ​ ​អ្នក​ណា​មាន​លុយ​ច្រើន​ទិញ​ផលិត​ផល​ដែល​ថ្លៃ​ទៅ​ ​ហើយ​អាណា​លុយតិច​ទិញ​ផលិត​ផល​ថោក​ទៅ»។​

សហ​រដ្ឋ​អាមេរិក​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំបំផុត​មួយ​របស់​កម្ពុជា​ ​ហើយ​ក៏​ជាទីផ្សារ​នាំ​ចេញ​ដ៏ធំរបស់​កម្ពុជា​ផង​ដែរ។​ ​ក្នុង​ឆ្នាំ​២០១៧​ ​ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរសរុប​មាន​ចំនួន​៣,៥​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។​ ​សហរដ្ឋអាមេរិក​នាំ​ចូល​មក​កម្ពុជា​មាន​ទំហំ​សរុប​ចំនួន​៤០០លាន​ដុល្លារ ចំណែក​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ទំហំ​៣,១ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG