ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទណ្ឌកម្ម EU លើ​ទំនិញ​កម្ពុជា ចូល​ជា​ធរមាន​ក្នុង​គ្រា​សិទ្ធិ​សេរីភាព​បន្ត​រង​ការគាប​សង្កត់


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិះ​រថយន្ត​ឈ្នួល​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃ​សៅរ៍ ទី២៦ ខែតុលា ឆ្នាំ​២០១៩។ (AP)

ប៉ុន្តែ​បើទោះបីជា​ទណ្ឌកម្ម​ចូលជា​ធរមាន​ ក៏​សហភាព​អឺរ៉ុប ​នៅតែចង់​ឃើញ​ការកែលម្អ​ស្ថានការណ៍​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

មន្ត្រី​សហភាព​អឺរ៉ុប​បាន​ថ្លែង​ថា ​ទណ្ឌកម្ម​សេដ្ឋកិច្ចលើ​ប្រទេស​កម្ពុជា​ចូល​ជាធរមាន​នៅថ្ងៃពុធ​ទី១២​ ខែសីហា​ នេះ​ បន្ទាប់​ពី​គ្មាន​សមាជិក​សហភាព​អឺរ៉ុប​ណាម្នាក់​ជំទាស់​នឹង​ការសម្រេច​របស់​គណៈកម្មការ​អឺរ៉ុប ​ហើយ​រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​កែលម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ពលកម្ម​ទេ។ ​

ប៉ុន្តែ​បើទោះបីជា​ទណ្ឌកម្ម​ចូលជា​ធរមាន​ ក៏​សហភាព​អឺរ៉ុប ​នៅតែចង់​ឃើញ​ការកែលម្អ​ស្ថានការណ៍​នៅ​កម្ពុជា​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ។

អ្នកស្រី​ គីងហ្កា ម៉ាលីនណូវស្កា​ (Kinga MALINOWSKA)​ មន្ត្រី​ព័ត៌មាន​ខាង​ផ្នែកពាណិជ្ជកម្ម​ បាន​បញ្ជាក់​ប្រាប់វីអូអេ​តាម​សារអេឡិកត្រូនិក​កាលពី​សប្តាហ៍​មុន​ថា៖

«គណៈកម្មការ​ និង​សេវា​សកម្មភាព​ការបរទេសនៃ​សហភាព​អឺរ៉ុប​នឹង​បន្ត​ធ្វើការ​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា​ដើម្បី​តាម​ដាន​យ៉ាង​ដិតដល់​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​និង​ពលកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។ យើង​នៅ​បន្ត​បញ្ជាក់​ជាថ្មី​នូវគោល​ជំហរ​របស់​យើង​ដែល​អំពាវនាវ​ឲ្យ​អាជ្ញាធ​កម្ពុជា​ចាត់​វិធានការ​ជាក់លាក់​ដើម្បី​ដោះស្រាយ​ការព្រួយបារម្ភ​របស់​សហភាព​អឺរ៉ុប​ដូច​ដែល​បាន​បង្ហាញ​ជូន​ក្នុង​ច្បាប់​ប្រតិភូកម្ម​អំណាច»។

សហភាព​អឺរ៉ុប​ គឺជា​ទីផ្សារ​ដ៏​ធំ​ជាង​គេ​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ដោយ​ទទួល​ទិញ​ទំនិញ​គ្រប់មុខ​ក្នុង​ទឹកប្រាក់​ជាង៦,៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ​ដោយ​ក្នុង​នោះ​ទំនិញ​ចំនួន​ជាង៦,១​ពាន់​លាន​ដុល្លារ​មិន​ត្រូវបង់​ពន្ធ​ទេ​ដោយស្ថិត​នៅក្រោម​ កិច្ចព្រមពៀង​«គ្រប់មុខទំនិញ​លើក​លែង​សព្វាវុធ» (EBA)​ ដែល​កម្ពុជា​ទទួលបានតាំងពីឆ្នាំ២០០១។ តាម​រយៈកិច្ចព្រមព្រៀង​នេះ​កម្ពុជា​ចំណេញ​ប្រាក់ពន្ធ​យ៉ាងហោចណាស់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​

ចាប់ពីពេល​ទណ្ឌកម្ម​នេះ​ចូល​ជា​ធរមាន​ គឺ​ទំនិញ​កម្ពុជា​ដែល​នាំ​ចូល​សហភាព​អឺរ៉ុប​ចម្បង​គឺផលិតផល​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ចំនួន​២០​ភាគរយ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ជាង​១ពាន់​លាន​ដុល្លារ​នឹង​ត្រូវ​បង់ពន្ធ​ធម្មតា​ដោយ​គ្មាន​ការអនុគ្រោះ​ឡើយ។

ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់អំណាច​ហាក់​ទទួល​យក​ទណ្ឌកម្ម​នេះ​ដោយ​អះអាង​ពី​ជំហរ​ដដែលៗ​ថា​កម្ពុជា​មិន​អាច​លះបង់​អធិបតេយ្យភាព​ជាតិ​ដោយសារតែ​សម្ពាធ​ពី​បរទេស​ឡើយ។

លោកសុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​យល់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាចយក​អធិបតេយ្យ​ភាព​ទៅ​ដូរ​នឹង​ EBA ​របស់​សហភាព​អឺរ៉ុប​បាន​ទេ​ពីព្រោះ​លោក​បាន​បញ្ជាក់​តាំងពី​ដើម​ទី​មក​ហើយ​។ ដូច្នេះ​វាអត់​មាន​សញ្ញា​ណា​មួយ​ដែល​បញ្ជាក់​ថា​នឹង​រក​ចំណុច​រួម​បាន​ឬ​មួយ​ក៏​រាជរដ្ឋាភិបាល​បន្ទោរ​បន្ទន់​ឥរិយាបទ​ចំពោះ​ការដាក់​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ទេ»។​

ការដាក់ទណ្ឌកម្ម​នេះ​ដោយសារ​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​រកឃើញ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ឲ្យខូចលទ្ធិ​ប្រជាធិបតេយ្យ​ ការគោរព​សិទ្ធិមនុស្ស​និង​នីតិរដ្ឋ​ដែល​ក្នុងនោះ​មាន​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​និង​ជា​ប្រព័ន្ធ​លើ​គណបក្ស​ប្រឆាំង ​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ីវិល។

គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ចាប់​ផ្តើម​នីតិវិធី​ពិនិត្យ​មើល​ការអនុវត្ត​កិច្ចព្រមព្រៀង​«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ» បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោកកឹម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៧ហើយ​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​នេះ​ដែល​បាន​បង្ខំ​ឲ្យ​មន្ត្រី​គណបក្ស​ជាច្រើន​រត់​ភៀសខ្លួន​ចេញ​ក្រៅ​ប្រទេស​ដើម្បី​ជៀស​វាង​ការធ្វើ​ទុក្ខ​បុក​ម្នេញ។​

លោក សម រង្ស៊ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​នីរទេសខ្លួន​នៅ​ប្រទេស​បារាំង​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​ធ្វើ​សកម្មភាព​អ្វី​ដើម្បី​កែលម្អ​ស្ថានការណ៍​ទេ​ហើយ​បណ្តែត​បណ្តោយ​ឲ្យ​ទណ្ឌកម្ម​នេះ​ចូលជា​ធរមាន​ដែល​នឹង​មាន​ផលប៉ះពាល់​ដល់​កម្មករ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក សម រង្ស៊ី​ បានរិះគន់​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​មិន​ឆ្លើយ​តប​ សូម្បីតែ​ជា​និម្មិតរូប​ចំពោះ​កង្វល់​របស់​សហភាព​អឺរ៉ុប​ទេ ​ហើយ​លោក​ចោទ​ថា ការប្រើ​ពាក្យ​«អធិបតេយ្យភាព» គឺ​គ្រាន់តែ​ជា​ខែល​បិទបាំង​ការបន្ត​រក្សា​អំណាច​ប៉ុណ្ណោះ។​

«អីចឹង​ហើយ​បាន​យើង​ឃើញ​ថា​ លោក ហ៊ុន សែន​ គាត់​អត់ខ្វល់​ទេ។ គាត់​អត់ខ្វល់​រឿង​ EBA ។ គាត់​អត់​ខ្វល់​រឿង​កម្មករ​បាត់បង់​ការងារ​។ គាត់​អត់​ខ្វល់​រឿង​ពលរដ្ឋ​ក្រីក្រ​វេទនា។ គាត់​អត់​ខ្វល់​ទេ។ គាត់​ធ្វើ​យ៉ាងម៉េច​ឲ្យ​តែ​រក្សា​អំណាច​របស់​គាត់។ បើគាត់​ធ្វើ​តាម​អឺរ៉ុប​ នោះ​ប្រជាជន​ធូរស្រាល​ហើយ គាត់​មាន​សង្ឃឹម​អាច​មាន​ជីវភាព​រស់នៅ​ធូរស្រាល​ឡើង​វិញ​ ប៉ុន្តែ​បើគាត់​ធ្វើតាម​អឺរ៉ុប ​គឺ​គាត់​អាច​បាត់​បង់​អំណាច»។

អង្គការ​សិទ្ធិមនុស្សនានា​វាយតម្លៃថា​ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅបន្តរងការគាបសង្កត់​ក្នុង​នោះ​មាន​ការ​បន្ត​បង្រ្កាប​លើ​អ្នក​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ ​ ការ​បំបិទការ​បញ្ចេញ​មតិ​ដែល​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការ​បញ្ចេញ​មតិ​នេះ​មាន​ការ​រឹត​ត្បិត​ ការ​អនុវត្ត​ក្រម​ព្រហ្ម​ទណ្ឌ​តាម​ទំនើង​ចិត្ត ​ពោល​ គឺ​បទ​បរិហារ​កេរ្តិ៍ ​ បទ​រួម​គំនិត​ក្បត់ ​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ និង​បទ​ក្លែង​បន្លំ​ព័ត៌មាន។ ការ​ប្រើប្រាស់​ក្រម​ព្រហ្មទណ្ឌ​នេះ​ កើត​ឡើង​ចំពោះ​ក្រុម​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី​កាលពី​ថ្ងៃទី​៩ វិច្ឆិកា​ឆ្នាំ​មុន។​

តាំងពី​ដើម​ឆ្នាំ២០២០​មក​ មានអ្នកគាំទ្រ​និង​អតីត​មន្ត្រី​មូលដ្ឋាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​សិទ្ធិកម្មករ​ចំនួន​២១​នាក់ត្រូវ​បាន​ចាប់ដាក់ពន្ធនាគារដោយសារតែ​ការបញ្ចេញមតិពីរឿង​សង្គម​និង​ចែក​រំលែក​ព័ត៌មាន​តាម​បណ្តាញ​ហ្វេសប៊ុក។ ក្នុង​នោះ​មាន​លោករ៉ុង ឈុន​ប្រធាន​សហភាព​សហជីព​កម្ពុជា​និង​លោក​ស៊ុន ធន់​អតីត​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ជាដើម។ ដោយ​ឡែក​សកម្មជន​១៧​នាក់​ទៀត​ត្រូវ​គេ​លួច​វាយ​ប្រហារ​ឲ្យ​រងរបួស។ នេះ​បើ​តាម​ការបញ្ជាក់​របស់​គណបក្ស​។

រីឯ​សកម្មជនការពារ​សិទ្ធិ​មនុស្ស​និង​អ្នកសារព័ត៌មាន​ក៏​រង​ការគំរាម​កំហែង​និង​ជាប់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់។

រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)
រូបឯកសារ៖ លោក កឹម សុខា មេដឹក​នាំ​បក្ស​ជំទាស់​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​មុន​នឹង​ចេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​សវនាការសវនាការ​សប្តាហ៍​ទីពីរ លើ​សំណុំរឿង ដែល​លោក​ត្រូវបាន​ចោទបទ «ឃុបឃិតជាមួយរដ្ឋបរទេស» កាល​ពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។ (ទុំ ម្លិះ/VOA)

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ លោក កឹម សុខា ​ទទួលបាន​សេរីភាព​ខ្លះៗ​ផុតពី​ការឃុំខ្លួន​នៅក្នុង​លំនៅដ្ឋាន ​ដោយ​អាច​ធ្វើ​ដំណើរ​ក្នុង​ប្រទេស ​ហើយ​លោក​បាន​ឆ្លើយ​នឹង​អ្នកសារព័ត៌មាន​ម្តងម្កាល​ពាក់ព័ន្ធ​នឹងសវនាការ​កាត់ក្តី​លោក​ពី​បទឃុបឃិត​នឹង​រដ្ឋ​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។ ប៉ុន្តែអ្នកនយោបាយ​ជើង​ចាស់​វ័យ៦៧ឆ្នាំ​ដែលគេ​ទទួល​ស្គាល់​ថា​សម្បូរវោហាសាស្ត្រ ​ដែល​មាន​លក្ខណៈ​សាមញ្ញ​ធ្វើ​ឲ្យ​ពលរដ្ឋ​ងាយ​ស្តាប់​យល់​ មិនអាច​ធ្វើ​សកម្មភាព​ធំដុំ​អ្វី​បាន​នៅ​ឡើយ​ទេ។​ សូម្បីតែ​លោក​ទៅ​សួរសុខទុក្ខ​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត ​ក៏​ត្រូវ​បាន​តុលាការ​ព្រមាន​ថា ​លោក​បាន​ធ្វើ​ខុស​នឹង​បទបញ្ជា​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ដែរ។​

ក្នុង​ពេល​ជាមួយគ្នា​នេះ​វិបត្តិ​សុខភាព​ដែល​បង្ក​ឡើង​ដោយជំងឺ​កូវីដ១៩ ​បាន​ធ្វើ​ឲ្យ​ការគោរព​សិទ្ធិ​មនុស្ស​កាន់តែ​ធ្លាក់ចុះ។ ​ពី​ខែមករា​ដល់​ខែ​មិថុនា​ អាជ្ញាធរ​កម្ពុជា​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​១៥នាក់​ ដែល​បាន​ពិភាក្សា​ពី​វីរុស​និង​ចែកចាយ​អត្ថបទ​តាម​បណ្តាញ​សង្គម។ ពលរដ្ឋ​ចំនួន​៨០នាក់​ទៀត ​ត្រូវបាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ​អាច​ត្រូវ​ចាប់​ខ្លួន​វិញ​ពេល​ណា​ក៏បាន​។ នេះ​បើតាម​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch។​

សូម្បីតែ​អ្នកការពារ​សិទ្ធិមនុស្ស​ ​ក៏​បាន​រង​ការគំរាម​កំហែង​។ លោក អំ​ សំអាត​ អនុប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​ត្រូវ​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បំភិតបំភ័យ​កាលពី​ចុង​ខែមីនា​ បន្ទាប់ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ការ​ចាប់ខ្លួន​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​ពាក់ព័ន្ធ​នឹង​ជំងឺ​រាតត្បាត​នេះ។​ ការណ៍​នេះ​ នាំឲ្យ​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ចំនួន​បួន​នាក់​ បាន​សម្តែង​ក្តីព្រួយ​បារម្ភ​ដល់​រដ្ឋាភិបាល​កម្ពុជា។​

អ្នកស្រី​ សុខ​ បូលី​ម៉ា ​ភរិយា​លោក​ ឃឹម ភាណា ​អតីត​ចៅ​សង្កាត់​ផ្សារ​ដេប៉ូ​ទី៣​ និង​ក្រុម​គ្រួសារ​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​សរុប​១៧​នាក់ ​តែងតែ​ចេញ​មក​តវ៉ា​ជា​ប្រចាំ​ជាច្រើន​សប្តាហ៍មកហើយ ​ដោយ​បាន​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស​នានា​ដែលមាន​ដូចជា​សហរដ្ឋ​អាមេរិក​ បារាំង​ អង់គ្លេស និង​សហគមន៍​អឺរ៉ុប​ ដើម្បី​ឲ្យជួយធ្វើ​អន្តរាគមន៍​ដោះលែងស្វាមី និង​ឪពុក​របស់​ពួកគេ។​

អ្នកស្រី​ សុខ​ បូលី​ម៉ា ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំសង្ឃឹម​លើ​ទូត​មហាអំណាច​ធំៗ​ ទូត​អាមេរិក អង់គ្លេស​ កន្លងមក​ដែល​ខ្ញុំបានដាក់ញត្តិជូន​គាត់​ទាំងអស់ ​សូម​ឲ្យ​គាត់​ជួយ​ធ្វើ​អន្តរាគមន៍ ​ដោះលែង​ស្វាមី​ខ្ញុំ​និង​អ្នកទាំង​១៧​ដោយ​អត់​លក្ខខណ្ឌ​ដោយ​គាត់​គ្មាន​កំហុស។ នេះ​ទី១​ ហើយ​ទី២​ សុំឲ្យ​គាត់​បើក​សិទ្ធិ​នយោបាយ​ឡើងវិញ​ ហើយ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប៉ុន្មាន​ត្រូវ​ដោះលែង​ដោយ​អត់លក្ខខណ្ឌ​ទាំងអស់»។

ការរឹត​បន្តឹង​មាន​សូម្បី​តែលើ​ការធ្វើបុណ្យខួប​លោកបណ្ឌិតកែមឡីអតីត​អ្នក​វិភាគ​នយោបាយ​និង​កិច្ចការ​សង្គម​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​ក៏ត្រូវបាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​រំខាន​ដែរ​ដោយ​គណបក្ស​កាន់អំណាច​ចោទ​ថា​អ្នករៀបចំ​ពិធី​ប្រើជា​លេសនយោបាយ។

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/វីអូអេ)

លោក សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា៖

«យើង​យល់​ថា​ នេះ​គឺ​ជា​ចេតនា​ទុច្ចរិត​ខាងនយោបាយ​។ ពេល​មនុស្ស​រស់នៅ​មិន​សូវ​មាន​អ្នកណា​រាប់​អាន​ទេ។ ដូច​មិន​សូវ​ល្បី​ទេ ​ក៏ប៉ុន្តែ​ពេល​មនុស្ស​ស្លាប់​មក​ហើយ​ឆ្លៀត​យក​សាកសព​មកធ្វើ​ចំណេញ​ខាង​នយោបាយ​របស់​ខ្លួន ​និង​ក្រុមបក្ស​ពួកខ្លួនទៅវិញ។ នេះ​ជា​រឿង​មួយ។ គេធ្វើ​បុណ្យ​នៅ​ទូទាំង​ប្រទេស​មាន​អ្នកណា​ទៅហាមឃាត់​ មានអ្នកណា​ទៅតាមឃ្លាំមើលអី​ ប៉ុន្តែ​មកពី​ចេតនា​ទុច្ចរិតមិនល្អ បង្ក​អរិភាព​ក៏​ដូច​ជា​បាតុភាព​អសកម្មនៅក្នុង​សង្គម​ គឺ​នេះ​ជា​កិច្ចការ​ដែល​សមត្ថកិច្ច​គេ​មិន​អនុញ្ញាត​ឲ្យ​បាន​ទេ។ នេះ​មិនមែន​ជារឿង​បិទ​សិទ្ធិ​សេរីភាព​ទេ»។

យ៉ាងណាក៏ដោយ​អ្នកវិភាគនានា​មើលឃើញ​ថា​ ការខាតបង់​សេដ្ឋកិច្ច​ពី​ការកាត់ពន្ធ​អនុគ្រោះ​ EBA ​មិន​ជា​ការគំរាម​កំហែង​ដល់ការដឹកនាំ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ឡើយដោយសារតែ​តម្លៃ​ខាតបង់​ពិតប្រាកដ​ គឺ​តែក្នុង​រង្វង់​១០០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ចំនួន​នេះ​ គឺ​តិច​ជាង​១ភាគរយនៃ​ផលិតផល​សរុប​របស់​កម្ពុជា​ហើយ​រដ្ឋាភិបាល​ ក៏បានស្វែងរកវិធី​បន្ធូរបន្ថយ​នីតិវិធី​ពន្ធគយ​ ​និង​កាត់បន្ថយ​ការចំណាយ​នានា​ក្នុង​នោះ​មាន​តម្លៃ​អគ្គិសនី​ជាដើម ដើម្បី​ជួយ​ដល់​រោងចក្រ​ទាំង​នោះ។

ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​កម្ពុជា​ បាន​ងាក​ទៅ​រក​ប្រទេស​កុម្មុយនីស្ត​ចិន​ជួយ​គាំទ្រ​ដោយ​សម្រេច​បានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ។

លោក សុខ ឥសាន ​បាន​បញ្ជាក់​ថា៖

«យើង​មិន​សុខចិត្ត​ស្លាប់​ដោយសារ​សហគមន៍​អឺរ៉ុប​រករឿង​យើង​ដោយសារ​ការកាត់បន្ថយ​២០​ភាគរយ​នៃ ​EBA ​នោះទេ​ អ៊ីចឹងទេ ​ទីផ្សារអង្ករ​ក៏ដូច​ជា​កសិផល​ផ្សេងៗ​ទៀត​ វា​មាន​ទីផ្សារច្រើន​ទៀត​នៅលើ​ពិភពលោក​។ បើប្រទេស​មួយ ​ឬ​ មួយចំនួន​ទៀត​មិន​ត្រូវការផលិត​ផល​ពីកម្ពុជា​ទេ ​វា​អាច​មាន​ប្រទេស​ជាច្រើន​ទៀត​ដែល​ត្រូវការ​ អ៊ីចឹងទេ​ ជានយោបាយ​របស់​រាជរដ្ឋាភិបាល​លោក​ បាន​ប្រកាស​ហើយថា នឹងខិតខំ​រកដៃគូ​ថា​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​នានា​ផ្សេង​ទៀត​ក្រៅ​ពី​សហភាពអឺរ៉ុប»។

​ផលិត​ផល​កសិកម្ម​ដែល​មាន​ដូចជា​ត្រី​ អង្ករ​ ដំឡូងមី​ ស្វាយ​និង​ចេក គឺ​ជាសក្តានុពលសម្រាប់​នាំ​ទៅ​ប្រទេស​ចិន។ នេះបើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​នានា។

លោក សម រង្ស៊ី​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​មើលឃើញ​ថា ​នេះ​ជា​ការយល់​ខុស៖

«លោក ហ៊ុន សែន ​គាត់​យល់​ខុស​ធំ​ណាស់ ​គាត់​នឹកស្មាន​ថា ​ប្រទេស​ចិន ​អាច​មក​ជំនួស​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ប៉ុន្តែមិនមែន​អ៊ីចឹង​ទេ​ ពីព្រោះ​ប្រទេស​ចិន​អត់មាន​ទិញ​អ្វី​ដែល​កម្ពុជា​ផលិត​បាន​ច្រើន​ជាងគេ ​គឺសម្លៀកបំពាក់ ស្បែកជើង​ អីវ៉ាន់​ប្រើប្រាស់​ពេល​ធ្វើ​ដំណើរ​អីហ្នឹង​ គឺប្រទេស​ចិន​អត់​ទិញ​ទេ​។ ប្រទេស​ចិន​ជាអ្នកផលិត​ដូចគ្នា ហើយប្រទេស​ចិន​ គឺជា​គូប្រកួត​នៃ​ប្រទេស​កម្ពុជា​ ទៅដណ្តើមទីផ្សារ​នៅ​សហភាពអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិកដូចគ្នា»។

យ៉ាងណា​ក៏ដោយ​ការដាក់ទណ្ឌកម្ម​ក្នុង​ទ្រង់ទ្រាយ​តូច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​វាឆ្លុះ​បញ្ចាំង​ពី​ការព្រួយ​បារម្ភ​របស់​សហភាព​អឺរ៉ុប​ ដែល​មិនចង់​ធ្វើឲ្យ​ខូច​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជាទេ។

អ្នកស្រី Kinga MALINOWSKA ក៏​បាន​បន្ថែម​ប្រាប់​វីអូអេ​ថា ​ទ្វារ​នៅតែ​បើក​ចំហរ​សម្រាប់​កម្ពុជា៖

«ក្នុង​ករណី​ដែល​ប្រទេស​កម្ពុជា​បង្ហាញ​ការរីកចម្រើន​ដ៏​សំខាន់​លើផ្នែក​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ​ គឺ​គណៈកម្មការ​អាច​ នឹង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​ការសម្រេចចិត្ត​និង​ឋានៈអនុគ្រោះពន្ធ​ក្រោម​កិច្ចព្រមព្រៀង​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ»។

វិស័យ​កាត់ដេរ​នៅ​កម្ពុជា​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជាង​៧០​ម៉ឺន​នាក់​និង​មាន​ទំហំ​១៦​ភាគរយ​នៃ​ផលិតផល​សរុបហើយ​គ្រប​ដណ្តប់​លើ​៨០ភាគរយ​នៃ​ការនាំចេញ​ទាំងអស់​របស់​កម្ពុជា៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG