ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រាក់​ខែ​​កម្មករ​កាត់ដេរ​ឡើង​២ដុ​ល្លារ​ខណៈ​ជំហរ​រោងចក្រ​ចង់​ឲ្យ​បន្ថយ​


រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិះ​រថយន្ត​ឈ្នួល​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ​២០១៩។ (AP Photo/Heng Sinith)
រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​កម្ពុជា​ជិះ​រថយន្ត​ឈ្នួល​ទៅ​ធ្វើការ​នៅ​រោងចក្រ​មួយ​ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ​២០១៩។ (AP Photo/Heng Sinith)

ក្រសួង​ការងារ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​លើក​ឡើង​ថាប្រាក់​ឈ្នួល​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​និងផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០២១​កើន​ឡើង​២​ដុល្លារ​គឺ​ដល់​១៩២​ដុល្លារ​ក្នុង​មួយ​ខែ។​

ប្រាក់​ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​មាន​ចំនួន​១៩០​ដុល្លារ​ក្នុង​មួយ​ខែ។​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពោល​គឺ​ចាប់​ពី​ឆ្នាំ​២០១៣​ ​ប្រាក់​ខែ​របស់​កម្មករ​ត្រូវ​បាន​ដំឡើង​យ៉ាង​តិច​៥​ដុល្លារ​ក្នុង​ខែ​ជារៀង​រាល់​ឆ្នាំ។​ប៉ុន្តែ​ឆ្នាំ​នេះ​កើន​ឡើង​តែ​២​ដុល្លារ​ប៉ុណ្ណោះ​ខណៈ​កម្ពុជា​និង​ពិភពលោក​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ១៩។​

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ ក្រសួង​ការងារ​បញ្ជាក់​ថា​២​ដុល្លារ​នេះ​ជា​ការ​បន្ថែម​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន។​ តាម​ពិត​ទៅ​ភាគី​ទាំង​អស់​រួម​មាន​តំណាង​សហជីព​រោងចក្រ​និង​រដ្ឋាភិបាល​បាន​ពិភាក្សា​គ្នា​ ហើយ​ចុង​ក្រោយ​សម្រេច​ថា​មិន​ដំឡើង​ឬ​មិន​បន្ថយ​ប្រាក់​ឈ្នួល​នោះ​ទេ​គឺ​រក្សា​នៅ​១៩០​ដុល្លារ​ដដែល​ក្នុង​មួយ​ខែ។​

ក្រសួង​ការងារ​បញ្ជាក់​ថាចាប់​ពី​ឆ្នាំ​២០២១​ ​កម្មករ​ពេញ​សិទ្ធិ​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​១៩២​ដុល្លារ​ក្នុង​មួយ​ខែ។​ចំណែក​កម្មករ​សាក​ល្បង​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​១៨៧​ដុល្លារ​ក្នុង​មួយ​ខែ។​

បើ​តាម​ក្រសួង​ការងារ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​រួម​មាន​ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ​និង​ស្នាក់​នៅ​ចំនួន​៧​ដុល្លារ​ក្នុង​មួយ​ខែ​ ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀង​ទាត់​ចំនួន​១០​ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​ថ្លៃ​បាយ​សម្រាប់​ធ្វើ​ការ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រ​ចិត្ត​ចំនួន​២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ឬ​ការ​ទទួល​បាន​បាយ​មួយ​ពេល​ដោយ​ឥត​គិត​ថ្លៃ​និង​ប្រាក់​រង្វាន់​អតីត​ភាព​ការងារ​ចំនួន​ពី​២​ដុល្លារ​ដល់​១១​ដុល្លារ​ក្នុង​មួយ​ខែ​នៅ​រក្សា​ដដែល។​

ក្រសួង​បញ្ជាក់​ថា​ជា​មធ្យម​កម្មករ​ម្នាក់ៗ​នឹង​ទទួល​បាន​ពី​២០៩​ដុល្លារ​ដល់​២២០​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក​ខេន លូ​អគ្គ​លេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា​GMAC​មាន​ប្រសាសន៍​ថា​ខាង​ភាគី​រោងចក្រ​មាន​តែ​ចង់​ឲ្យ​បន្ថយ​ប្រាក់​ឈ្នួល​ដោយ​សារ​បញ្ហា​កូវីដ១៩។​លោក​បន្ថែម​ថាភាគី​ចូលរួម​បាន​សម្រេច​ថា​មិន​ដំឡើង​ប្រាក់​ឈ្នួល​នោះ​ទេ​សម្រាប់​ឆ្នាំ​ក្រោយ​ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​បន្ថែម​២​ដុល្លារ​ហើយ​ភាគី​រោង​ចក្រ​ត្រូវ​តែ​គោរព​តាម។​

លោក​មាន​ប្រសាសន៍​ថា៖​«បើ​យើង​មើល​តាម​ស្ថិតិ​ត្រូវ​តែ​បន្ថយ។​បើ​យើង​មើល​តាម​រូបមន្ត​...​មាន​អវិជ្ជមាន​ច្រើន​ណាស់។​ យើង​បាន​ចរចា​ជាមួយ​សហជីព​ហើយ​បាន​យល់​ព្រម​គ្នា​ថា​យើង​រក្សា​ដដែល​នៅ​១៩០​(ដុល្លារ)»។​

លោក​ខេន លូ​និយាយ​ថា​ បើ​តាម​ទិន្នន័យ​ក្រៅ​ផ្លូវ​ការ​ដែល​លោក​ទទួល​បាន​បាន​ឲ្យ​ដឹង​ថា​កម្មករ​ចន្លោះ​ពី​១៥​ម៉ឺន​ទៅ​១៨​ម៉ឺន​នាក់​បាន​បាត់​បង់​ការងារ​ដោយសារ​រោងចក្រ​ព្យួរ​ការងារ​និង​បិទ​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ១៩។​

លោក​ឃុន ថារ៉ូ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​សង់ត្រាល់​មាន​ប្រសាសន៍​ថា​ ការ​បន្ថែម​ប្រាក់​ឈ្នួល​២​ដុល្លារ​«ជា​ការ​ដំឡើង​បែប​នយោបាយ»​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​របស់​កម្មករ​ដែល​កំពុង​ជួប​ប្រទះ​វិបត្តិ​ជំងឺ​កូវីដ១៩​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​«តួលេខ​ដែល​ដាក់​ទៅ​ហ្នឹង​ក៏​វា​មិន​ឆ្លើយ​តប​ទៅ​នឹង​តថភាព​សង្គម​លក្ខណៈ​វិនិច្ឆ័យ​សង្គម​និង​សេដ្ឋកិច្ច​ហើយ​នឹង​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ស្ថានភាព​កូវីដ​ហ្នឹង​ដែរ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​២​ដុល្លារ​ហ្នឹង​វា​គ្រាន់​តែ​ជា​តួលេខ​នយោបាយ​មួយ​សម្រាប់​រាជ​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ឲ្យ​កម្មករ​មាន​លក្ខណៈ​ស្ងប់​ចិត្ត​ថា​កុំ​ឲ្យ​អត់​ដំឡើង​សោះ»។

កម្មករ​ម្នាក់​ធ្វើ​ការ​នៅ​រោងចក្រ​Sun World​ក្នុង​តំបន់​វេង​ស្រេង​កញ្ញា​ម៉ឹង លីដា​អាយុ​៣៣​ឆ្នាំ​និយាយ​ថា​ការ​ដំឡើង​២​ដុល្លារ​នេះ​គឺ​តិច​តួច​សម្រាប់​កម្មករ។​កញ្ញា​ថា​គួរ​មាន​ការ​ដំឡើង​យ៉ាង​តិច​៥​ដុល្លារ។​

កញ្ញា​លីដា​ដែល​ធ្លាប់​បាត់​បង់​ការងារ​ម្តង​រួច​មក​ហើយ​ ហើយ​ទើប​ធ្វើ​ការ​នៅ​រោងចក្រ​ថ្មី​បាន​ប្រមាណ​៤​ខែ​ថ្លែង​ប្រាប់​VOA ​ថា៖​«អូយ!​អីវ៉ាន់​ឡើង​ថ្លៃ​ ឡើង​២​ដុល្លារ​ងាប់​ហើយ!​កម្មករ​រឹត​តែ​យ៉ាប់​ទៅៗ​ហើយ​អ៊ីចឹង​នោះ។​[ខ្ញុំ]​មាន​អារម្មណ៍​ថា​ឡើង​តិច​ពេក​សម្រាប់​កម្មករ»។​

កញ្ញា​បន្ត​ថា​កម្មករ​ជួប​ការ​លំបាក​កាន់​តែ​ច្រើន​ក្នុង​កាលៈទេសៈ​ជំងឺ​កូវីដ១៩​នេះ​ដែល​នាំ​ឲ្យ​អ្នក​ខ្លះ​បាត់​បង់​ការងារ​ហើយ​ត្រូវ​លក់​ទ្រព្យ​សម្បត្តិ​ដើម្បី​សង​បំណុល​គេ។

កញ្ញា​បន្ថែម​ថា៖​«មាន​អ្នក​បាត់​បង់​ការងារ​អត់​លុយ​ចាយ​ច្រើន​ណាស់។​ ហើយ​ខ្ញុំ​ឃើញ​អ្នក​ធ្វើ​ការ​ជាមួយ​ខ្ញុំ​គេ​ដាក់​លក់​ដី​លក់​អី​ដើម្បី​សង​បំណុល​ធនាគារ​ច្រើន​នាក់​ណាស់»។

កាល​ពី​ចុង​ខែ​មិថុនា​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣​គឺ​អង្គការ​លីកាដូ​អង្គការ​សង់ត្រាល់​និង​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ​ដែល​សិក្សា​អំពី​បំណុល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​បង្ហាញ​អំពី​«ភាព​ជំពាក់​បំណុល​ច្រើន​លើស​លប់»​ក្នុង​វិស័យ​នេះ​ដែល​អាច​នាំ​ឲ្យ​កម្មករ​បង្ខំ​ចិត្ត​លក់​ដី​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​និង​ខ្ចី​គេ​បន្ថែម​ទៀត​ដើម្បី​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ។​

របាយ​ការណ៍​ដែល​មាន​ចំណង​ជើង​ថា​«ធ្វើ​ការងារ​រហូត​ជំពាក់​បំណុល​វ័ណ្ឌ​ក»​ឲ្យ​ដឹង​ថា​ កម្មករ​រោងចក្រ​កាត់​ដេរ​រាប់​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា​នឹង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ការ​សង​បំណុល​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​បាន​បញ្ឈប់​ពី​ការ​ងារ​ហើយ​រោងចក្រ​ដែល​ពួក​គាត់​ធ្វើ​ការ​ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ១៩។​

វិស័យ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​កម្ពុជា​ដែល​មាន​កម្មករ​ធ្វើ​ការ​ប្រមាណ​៨០​ម៉ឺន​នាក់​កំពុង​រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​កូវីដ១៩​ដោយសារ​មិន​មាន​ការ​បញ្ជា​ទិញ​ស្រប​ពេល​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​នៃ​ការ​នាំ​ចេញ​សម្លៀក​បំពាក់​កាល​ពី​ថ្ងៃ​ទី​១២​ខែ​សីហា​បាន​សម្រេច​យក​ពន្ធ​២០%​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វាវុធ»​ ឬ​ EBA​ ដែល​កម្ពុជា​ទទួល​បាន​តាំង​ពី​ឆ្នាំ​២០០១៕​

XS
SM
MD
LG