នៅប្រទេសចិន សកម្មជនសិទ្ធិស្រ្តីចំនួន៥នាក់ត្រូវបានដោះលែង ក្រោយពីបានជាប់ឃុំខ្លួនអស់រយៈពេលមួយខែ។
ប៉ូលិសបានដោះលែងស្ត្រីសកម្មជនចំនួន៥នាក់ពីមន្ទីរឃុំឃាំងកាលពីថ្ងៃច័ន្ទនេះ ក្រោយពេលដែលរាជអាជ្ញាសម្រេចប្រកាសមិនចោទប្រកាន់ទោសលើស្ត្រីទាំងនេះភ្លាមៗ។ កាលពីសប្តាហ៍មុន ប៉ូលិសបានស្នើឲ្យរាជអាជ្ញាចោទប្រកាន់សកម្មជន Li Tingting សកម្មជន Wu Rongrong សកម្មជន Zheng Churan សកម្មជន Wei Tingting និង សកម្មជន Wang Man ពីបទរំខានសណ្តាប់ធ្នាប់សាធារណៈ។ លោកស្រី Sophie Richardson គឺជានាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំនៅចិន។
លោកស្រីថ្លែងថា «អនាគតរបស់ស្ត្រីទាំងនេះមិនមានភាពប្រាកដប្រជាទេ។ តាមផ្លូវច្បាប់ ពួកគេអាចនឹងទទួលការចោទប្រកាន់ទោសដដែល ហើយសិទ្ធិរបស់គេអាចនឹងត្រូវបានរឹតត្បិត។ ហើយយើងមិនដឹងច្បាស់ថា រដ្ឋអាជ្ញានឹងគ្រោងធ្វើយ៉ាងដូចម្តេចចំពោះរឿងក្តីនេះទេ»។
ស្រ្តីសកម្មជនត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលដែលក្រុមប៉ូលិសបានចាប់ផ្តើមបង្រ្កាបភាពសកម្មនិយមជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៦ ខែមីនា នៅទីក្រុង Hangzhou និង Guangzhou។ ស្ត្រីទាំងនេះបានគ្រោងធ្វើយុទ្ធនាការជាតិមួយប្រឆាំងនឹងការបៀតបៀនផ្លូវភេទ ហើយបានចែកចាយខិតបណ្ណ និងតែមតាមយាន្តជំនិះសាធារណៈនៅថ្ងៃសិទ្ធិនារីអន្តរជាតិ។
ដំបូងក្រុមប៉ូលិសបានស៊ើបអង្កេតស្ត្រីទាំងនេះអំពី «ការបង្កជម្លោះ និងបង្កភាពចលាចល»។ ក្រោយមកទៀត ប៉ូលិសបានអះអាងថា ស្ត្រីសកម្មជនទាំងនេះគួរតែត្រូវបានចោទប្រកាសទោសអំពីបទរំខានដល់សណ្តាប់ធ្នាប់សាធារណៈ ដែលអាចជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។
លោកស្រី Richardson ថា៖ «ខ្ញុំយល់ថា ក្រុមអាជ្ញាធរកំពុងព្យាយាមបង្កើតភាពមិនប្រាកដប្រជា និងភាពស្រពិចស្រពិលជុំវិញអាកប្បកិរិយាសមរម្យ និងមិនសមរម្យ។ ការដែលស្ត្រីទាំងនេះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយមិនមានលក្ខខ័ណ្ឌច្បាស់លាស់ និងការដែលមានភាពមិនច្បាស់លាស់អំពីអាកប្បកិរិយាសមរម្យនេះបង្កឲ្យមានភាពមិនច្បាស់លាស់។ ច្បាស់ណាស់ ស្ត្រីសកម្មជនទាំងនេះអាចនឹងជាប់ឃុំម្តងទៀត»។
គណបក្សកុម្មុយនិស្តបានគាំទ្រសមភាពសម្រាប់ស្ត្រី។ លោក Mao Zedong បានថ្លែងថា ស្ត្រីអាចធ្វើឲ្យមេឃផ្អៀងមួយចំហៀងបាន ហើយនៅក្រោមការដឹកនាំរបស់លោក ប្រទេសចិនបានចាប់យកគោលនយោបាយ ដែលជម្រុញឲ្យមានសមភាពដល់ស្ត្រីនៅក្នុងសង្គមចិន។ សកម្មជនស្ត្រីដែលត្រូវបានដោះលែងកាលពីសប្តាហ៍នេះបានធ្វើយុទ្ធនាការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយគ្មានការជ្រៀតជ្រែកពីអាជ្ញាធរចិនទេ។
កាលពីឆ្នាំ២០១២ ស្ត្រីចំនួន៥នាក់បានឈរតាមបន្ទប់ទឹកបុរសដើម្បីទាមទារឲ្យមានការផ្តល់សេវាកម្មឲ្យមានសមភាពដល់ស្ត្រីដែរ។ កាលពីមុន មានស្ត្រីខ្លះបានធ្វើយុទ្ធនាការមួយដែលមានឈ្មោះថា «កូនក្រមុំប្រឡាក់ឈាម» ឬ (Bloodstained Bride) ដែលពួកគេបានប្រើរូបអាពាហ៍ពិពាហ៍ប្រឡាក់ពណ៌ក្រហម ដើម្បីបង្ហាញពីអំពើហិង្សាក្នុងគ្រួសារ។
លោកស្រី Richardson ថា៖ «មន្ត្រីរដ្ឋាភិបាលបានលើកឡើងជាសាធារណៈអំពីបញ្ហាការបៀតបៀនផ្លូវភេទក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយក៏បានឃើញថា ការប្រព្រឹត្តិបែបនេះមកលើស្ត្រីសកម្មជនដែលបានធ្វើយុទ្ធនាការផ្សេងៗមិនធ្លាប់បានកើតឡើងទេ។ ខ្ញុំយល់ថា វាបង្ហាញឲ្យឃើញថា រដ្ឋាភិបាលចិនរំលោភបំពានការបញ្ចេញមតិដោយឯករាជ្យបែបនេះ»។
ក្រុមប៉ូលិសនឹងតាមដានស្ត្រីសកម្មជនទាំង៥នាក់នេះរយៈពេលមួយឆ្នាំ ហើយស្ត្រីទាំងនេះត្រូវបានតម្រូវឲ្យរាយការណ៍ដល់អាជ្ញាធររាល់គម្រោងធ្វើដំណើររបស់ពួកគេ។ មេធាវីរបស់ស្ត្រីសកម្មជនទាំងនេះឲ្យដឹងថា ស្ត្រីសកម្មជនទាំងនេះមានសេរីភាពតែពេលបច្ចុប្បន្ននេះទេ ហើយពួកគេអាចនឹងជាប់ឃុំខ្លួននៅពេលខាងមុខទៀត៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត