ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គម្រោង​ពង្វាត​ដី​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង បង្ក​ឧបសគ្គ​ដល់​ការ​ទាមទារ​របស់​ហ្វីលីពីន និង​ប្រទេស​ដទៃទៀត

  • Simone Orendain

រូបថត​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០១៣ ដោយ​យន្តហោះ​តាមដាន និង​ត្រូវ​បាន​បញ្ចេញ​នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ដោយ​ក្រសួង​ការ​បរទេស​​ហ្វីលី​ពីន នៃ​សំណង់​ធ្វើ​ឡើង​ដោយ​ប្រទេសចិន​នៅ​តំបន់​ផ្កាថ្ម Johnson។

រដ្ឋាភិបាល​ចិន កំពុង​បន្ត​គម្រោង​ពង្វាត​ដី​ យ៉ាង​ហោច​ណាស់​ទៅ​លើ​ទី​តាំងតូចៗ​តែ​រង​ការ​ទាមទារ​យ៉ាង​ខ្លាំងក្លា​ចំនួន​ប្រាំ​ពីរ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ដោយ​បង្ក​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​នៅ​ក្នុង​រឿង​ក្តី​មជ្ឈិត្តកម្ម​អន្តរជាតិ​របស់​ហ្វី​លី​ពីន​ ប្រឆាំង​នឹង​ចិន។ ការ​សិក្សា​ស្ទង់មើល​ផ្សេងៗ​នៅ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​ដែល​មាន​ជម្លោះ គឺ​ជា​គន្លឹះ​សំខាន់​មួយ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​ រូប​ភាព​ផ្សេងៗ​ពី​ផ្កាយ​រណបនៃ​សកម្មភាព​ពង្វាត​ដី​របស់​ប្រ​ទេស​ចិន នៅ​ប្រជុំ​កោះ​ Spratly ​បានបង្ហាញ​ឲ្យ​ឃើញ​ថា ​តំបន់​ថ្ម​ប៉​ប្រះ​ទឹក​ និង​តំបន់​ផ្កាថ្ម កំពុង​ត្រូវ​បាន​ប្រែផ្លាស់​ទៅ​ជា​កោះ​សិ​ប្ប​និ​ម្មិត។ កំពង់​ផែ​ដ៏​សំ​ខាន់​នានា​ដែល​អាច​ឲ្យ​នា​វា​យោ​ធា​ចូល​ចត​ជិត​សាងសង់​រួចរាល់​ហើយ​។ ​នេះ​ក៏​អាច​និយាយ​បាន​ផង​ដែរចំពោះ​កន្លែង​សម្រាប់​យន្ត​ហោះ​ចុះ​ចត ​និង​អាគារ​ច្រើន​ជាន់​យ៉ាង​ហោច​ណាស់​ចំនួន​បី​កន្លែង ដែល​ពីមុន​ជា​កន្លែង​ឈរជើង​មិន​មាំទាំ​នោះ។

រដ្ឋមន្រ្តី​ក្រ​សួង​ការ​បរ​ទេស​ប្រ​ទេស​ហ្វី​លី​ពីន​ លោក​ Albert del Rosario បាន​ថ្លែង​នៅ​ក្នុង​វេ​ទិ​កា​មួយ​ក្នុង​ទី​ក្រុង​ម៉ា​នីល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី២៦ ខែមីនា​កន្លង​ទៅ​នេះ​ថា រដ្ឋា​ភិ​បាល​របស់​លោក​បាន​ធ្វើ​ការ​ត​វ៉ា​ ​ចំ​ពោះ​អ្វី​ដែល​លោក​ហៅ​ថា​ «​សកម្មភាពរាន​ដី​ដ៏​ធំ​មួយ» របស់​ប្រទេស​ចិន​។​

«​ការ​កែ​ប្រែ​ទី​តាំងសំ​ខាន់​ទាំង​នោះ​ ​គឺ​មាន​គោល​បំ​ណង​ផ្លា​ស់​ប្តូរ​ ​លក្ខណៈ​សម្បត្តិ​ ​ស្ថាន​ភាព​ ​និង​កម្ម​សិទ្ធិ​ដែនសមុទ្រ​នៅ​ទី​តាំង​ទាំង​នោះ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​លម្អៀង​លើ​ការ​ធ្វើ​មជ្ឈិត្តកម្ម​ ​និងធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ងារ​របស់​សា​លា​ក្តី​ ក្នុង​ការ​ស្ដាប់​ ​និង​សម្រេចក្តីដោយ​សត្យានុម័ត​»។

នៅ​ខែ​មករា​ឆ្នាំ​ ២០១៣ ​ប្រ​ទេស​ហ្វី​លី​ពីន​ ​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​កាន់តុលា​ការ​អន្តរ​ជាតិ​ សម្រាប់​ច្បាប់​សមុទ្រ​ ​ដើម្បីស្វែង​រក​ការ​បញ្ជាក់​អំពី​ទីតាំង​សំខាន់​ផ្សេង​ៗ​ ​ដែល​ខ្លួន​កំពុងប្រ​ជែង​ជា​មួយ​នឹង​ប្រ​ទេស​ចិន​ ដោយ​ផ្អែក​លើ​និយមន័យ​នៃ​ច្បាប់​អន្តរជាតិ​។

ឥឡូវ​នេះ​ ​សកម្មភាព​រាន​ដី​របស់​ចិន​កំពុង​តែ​បន្ត​ឡើង​លើរាល់​ទី​តាំង​នានាដែល​ត្រូ​វ​បាន​ដាក់ពាក្យ​បណ្តឹង​ទៅ ​តុ​លា​ការ​ ។ ​ករ​ណី​នេះ​ ​ក៏​ត្រូវ​បាន​ចោទ​សួរ​ ​ពី​អ្វី​ដែលរដ្ឋា​ភិ​បាល​ក្រុង​ម៉ានីល​បាន​ហៅ​ថា​ «ការ​ទាម​ទារ​ហួស​ហេតុ​» រ​បស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។​

ប្រ​ទេស​ចិន​ ​បាន​ជ្រើស​ការចាក​ចេញ​ពី​ការ​ធ្វើ​មជ្ឈិត្តកម្ម ​នៅ​ក្នុង​ករណី​មួយ​ចំនួន​ នៅ​ពេល​ខ្លួនបាន​ចុះ​ហត្ថ​លេខា​លើ​អនុសញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ ​ហើ​យ​បាន​បដិ​សេធ​ការ​បណ្តឹង​ខាង​លើ​នោះ។

ប្រទេស​ចិន​បាន​ និ​យាយ​ថា​ ខ្លួន​មាន​ «អធិបតេយ្យ​ភាពដែល​មិន​អាច​ប្រកែក​បាន​» ​សឹង​នៅ​លើ​ដែន​សមុទ្រ​ទាំង​មូល​។​ ​ប្រ​ទេសព្រុយ​ណេ​ ​ម៉ា​ឡេ​ស៊ី​ តៃ​វ៉ាន់​ ​និងវៀត​ណាម​ ​ក៏​បាន​អះ​អាង​ទាម​ទារ​រៀង​ៗ​ខ្លួន​ ​នូវ​ដែន​សមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធាន​នេះ​ផង​ដែរ​។​

រដ្ឋាភិបាលហ្វីលី​ពីន​បាន​ជំ​ទាស់​ថា​ ទី​តាំង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ ដែល​បាន​កាន់​កាប់​គឺ​មាន​នីវ៉ូ​ទឹក​សមុទ្រ​ទាប ដែល​នេះ​មាន​ន័យ​ថា​ នៅ​ពេល​ទឹកជោរ ទីតាំង​ទាំង​នោះ គឺ​ត្រូវ​បាន​លិច​ទាំង​ស្រុង។ រដ្ឋាភិបាល​ហ្វីលីពីន បាន​បន្ត​ថា ទីតាំង​ទាំង​នោះ​ គឺ​នៅ​ឆ្ងាយ​ពី​សមុទ្ររបស់​ប្រ​ទេស​ចិន ដែល​នេះ​បាន​ធ្វើ​ឲ្យ​កន្លែង​ទាំង​នោះ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ខ្ពង់​រាប​បាត​សមុទ្រ​របស់​ប្រទេស​មួយ​ផ្សេង​ទៀត ឬ​ផ្នែក​មួយ​នៃ​បាត​សមុទ្រ​អន្តរ​ជាតិ​។ ​រដ្ឋាភិបាលហ្វី​លី​ពីន​ ​ក៏​បាន​ហៅ​ថ្ម​ប៉​ប្រះ​ទឹក​ចំនួន​បួន​ថា «បណ្តុំថ្ម» ដោយ​បាន​និយាយ​ថា បើ​ទោះ​បី​ជា​ថ្ម​ទាំង​នោះស្ថិត​នៅ​ខ្ពស់​ជាងនីវ៉ូ​ទឹក​សមុទ្រ​នៅ​ពេល​មាន​ទឹកជោរ​ក៏​ដោយ​ ក៏​តំបន់​ថ្មប៉ប្រះទឹក​នោះ​មិន​មានលក្ខខណ្ឌ​សមស្រប​សម្រាប់​ការរស់នៅ​ និង​ប្រកប​របរ​ជីវិត​ផ្សេងៗ​នៅក្នុង​សណ្ឋាន​ធម្មជាតិ​ដើម​របស់​តំបន់ថ្ម​នោះឡើយ»។

នៅ​ពេល​ដែល​ទីតាំងសំ​ខាន់​ទាំងនេះ​មាន​ជម្លោះ​កើត​ឡើង​ ​ច្បាប់​អន្ដរ​ជាតិ​មិន​បាន​ទទួល​ស្គាល់​ការ​ផ្លាស់​ប្តូរ​សណ្ឋាន​របស់​ទីតាំង​ទាំង​នោះ​ឡើយ។ ប៉ុន្តែត្រូវ​តែ​មាន​ភស្តុ​តាងសម្រាប់​បញ្ជាក់​ពី​សណ្ឋាន​មុន​របស់​ទីតាំង​ទាំង​នោះ​ ​មុន​ពេល​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​។

លោក ​Gregory Poling អ្នក​ជំនាញ​ក្នុង​ផ្នែក​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅ​មជ្ឈ​មណ្ឌល​សិក្សា​យុទ្ធសាស្រ្ត និង​អន្តរជាតិ​ ដែល​មាន​មូលដ្ឋាន​នៅក្រុង​វ៉ាស៊ីនតោន បាន​មាន​ប្រ​សាសន៍​ថា​ ករណី​បែប​នេះ​គឺ​កម្រ​ណាស់​ ​ហើយមាន​ករណី​ផ្សេង​ទៀត​តែ​មួយ​គត់​ដែល​លោកចាំ​បាន​ គឺ​ថា​កម្រិត​បទដ្ឋាន​តុ​លា​ការ​អន្ដរ​ជាតិ​មាន​លក្ខណៈ​តឹងរឹង​ខ្លាំង។

«​ពួក​គេ​ត្រូវ​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់ មិន​មែន​គ្រាន់​តែ​សិក្សា​ពី​ទីជំ​នោរខ្ពស់​នោះ​ទេ ប៉ុន្តែ​ជំនោរ​ខ្ពស់​បំផុត​នៃ​ឆ្នាំ​នោះ។ ការសិក្សានោះ គឺជា​ការ​សិក្សា​យ៉ាង​ដិតដល់​មួយ​ជាជាងការ​ត្រឹម​តែ​ហោះ​ពី​លើហើយ​ផ្តិត​យក​រូប​ភាព​ពី​ផ្កាយ​រណប»។

នាយក​វិទ្យាស្ថាន​កិច្ចការ​ដែន​សមុទ្រ​ ​និង​មហា​សមុទ្រ​នៃ​សា​កលវិ​ទ្យា​ល័យ​ហ្វី​លី​ពីន​ ​លោក Jay Batongbacal បាន​និយាយ​ថា ​រហូត​មក​ដល់​ឆ្នាំ ​២០១០​ ​ប្រទេស​ហ្វី​លីពីន​មាន​ការ​ ​សិក្សា​ដ៏​ដិតដល់​មួយ​ទៅ​លើ​ទី​តាំងសំ​ខាន់ៗ​ ​ដែល​ខ្លួន​បាន​ទាមទារ​នៅក្នុង​ប្រ​ជុំ​កោះ​ Spratly ​។

«ទោះ​យ៉ាង​ណាក៏​ដោយ​ ឧទាហរណ៍​ ប្រសិន​បើ​សាលា​ក្តី​និយាយ​ថា​ ​ពួកគេ​គិត​ថា​ភស្តុ​តាង​ដែល​បាន​បង្ហាញ​នោះ ​គឺ​មិនល្អ​គ្រប់​គ្រាន់​ទេ ពួកគេ​នឹង​ស្នើ​នូវ​ការ​សិក្សា​ថ្មី​ និង​ល្អ​ប្រសើរ​ជាងមុន។ ហើយច្បាស់ណាស់​នេះ គឺ​ជា​អ្វី​ដែល​មិន​អាច​ទៅ​រួច​ឡើយ»។

ដូច​គ្នា​នេះដែរ​ លោក​ Batongbacal ​ក៏​បា​ន​និ​យាយ​ដែរ​ថា ទី​តាំងដែល​ត្រូវ​បាន​សិក្សា​ស្ថិត​នៅ​ជិត​នឹង​ប្រទេស​ចិន និង​វៀត​ណាម​ពេក​។ រូបលោក​និង​ លោក Poling លើកឡើងថា​ ការ​កំណត់​ពេល​វេលា​នៃ​ការ​សិក្សាក៏​មាន​សារៈសំខាន់​ផង​ដែរ​ ព្រោះ​ការសិក្សា​ត្រូវ​សម្រេចឲ្យ​បាន ​មុន​ពេល​ដែល​គម្រោងរាន​ដីបាន​ចាប់​ផ្តើម។

លោក​ Henry Bensurto បាន​និយាយ​ថា​ ប្រទេស​ហ្វីលីពីន​កំពុង​ពង្រឹង​រឿង​ក្តី​របស់​ខ្លួន​នេះ ​តាម​រយៈ ​«វិធី​សាស្រ្ត​រួម»។

លោក ​Bensurto ​ អ្នក​ចាត់​ការ​ទូ​ទៅ​នៃ​កុងស៊ុល​ហ្វីលីពីន​នៅ​សាន​ហ្វ្រាន់ស៊ីស្កូ​ និង​ជា​ប្រធាន​ក្រុម​អ្នក​ច្បាប់លើ​រឿងក្តី​មជ្ឈិត្តកម្ម​របស់​ក្រសួង​ការ​បរទេស​ហ្វីលីពីន ​បាន​និយាយ​ថា ​ប្រទេស​ហ្វីលីពីន​បាន​ដាក់​បញ្ជូន​នូវ​រូប​ភាព​ដែន​កោះ​ទាំងនោះ​ កម្រិតឡើង​នៃ​ជំនោរទាប​ និងតំបន់ថ្ម​ ក៏​ដូច​ជា​រឿងរ៉ាវ​ប្រវត្តិ​សាស្រ្ត​ និង​មនុស្សសាស្រ្ត​របស់​ខ្លួន​។

«ពី​ព្រោះ​ វា​មាន​សារៈសំ​ខាន់​នៅ​ក្នុង​ការ​ទទួល​យក​នូវ​ទី​តាំងសំ​ខាន់ៗ ដោយមិន​ត្រឹមតែ​ក្នុង​កាលៈទេសៈមួយ​នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ចន្លោះ​រយៈពេល​មួយ​ផង​ដែរ។ ហើយ​ដោយសារតែ​ វាក៏​មាន​សារៈសំខាន់​ខ្លាំង​ណាស់ដែរ ជា​ពិសេស​ ប្រ​សិន​បើ​អ្នក​ចង់​កំណត់​ថា​ កោះ​មួយអាច​មាន​សមត្ថ​ភាព​ក្នុង​ការ​ទ្រ​ទ្រង់​ការ​រស់​នៅ​ដោយ​មនុស្ស​ឬ​ទេ​នោះ»។

តុ​លាការ​មជ្ឈិត្តកម្មអចិន្រ្តៃយ៍ ​នៅ​ទីក្រុង​ឡាអេ​ មិន​ទាន់​កំណត់​ថា​ ខ្លួន​មានយុត្តាធិការ​លើ​រឿង​ក្តី​នោះ​នៅ​ឡើយ​ទេ។ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​បាន​និយាយ​ថា ​តុលាការ​នោះ​មិនមាន​យុត្តាធិការ​ទេ ​ព្រោះ​តែ​ការ​ដាក់​ពាក្យ​បណ្តឹង​របស់​រដ្ឋាភិបាលក្រុង​ម៉ានីល​ គឺ​អំពី​ការ​កំ​ណត់​ព្រំ​ដែន​សមុទ្រ​ និង​ខណ្ឌសីមា។

​រដ្ឋាភិបាល​ក្រុង​ម៉ានីល​និយាយ​ថា​ ខ្លួន​មានជំនឿ​ទុក​ចិត្ត​ថា​ តុលា​ការ​ក្រុង​ឡាអេ​មាន​យុត្តាធិការ​ ហើយ​រំពឹងថា ​នឹង​មាន​ការ​សម្រេច​ទាំងលើ​យុត្តាធិការ និង​អង្គសេចក្តី​នៃ​ការ​ទាមទាររបស់​ខ្លួន​នា​ដើម​ឆ្នាំ​ក្រោយ។

លោក​ Poling ​បាន​និយាយ​ថា​តុលា​ការ​អាច​នឹង​ធ្វើ​ការ​កំ​ណត់​មួយ​ ត្រឹម​លើ​ទឡ្ហីករណ៍​ទាមទារ​ដែល​មាន​លក្ខណៈឆាប់​រហ័ស​មួយ​ និង​រក្សាទុក​រឿងក្តី​ទាក់ទិន​នឹង​ទី​តាំង​សំខាន់ៗ​ដោយឡែក ពី​ព្រោះ​«វា​កៀក​ខ្លាំង​នឹង​បញ្ហា​កំណត់​ព្រំដែន »៕

ប្រែ​សម្រួល​ដោយ ឆាយ គីមហ៊ង

XS
SM
MD
LG