ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ថែទាំ​ផ្លូវ​ឱ្យ​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ


រូបឯកសារ៖ សិស្សានុសិស្សជិះកង់លើដងផ្លូវ ក្រោយចេញពីរៀន​នៅ​ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ សិស្សានុសិស្សជិះកង់លើដងផ្លូវ ក្រោយចេញពីរៀន​នៅ​ជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ធនាគារ​ពិភពលោក​ផ្តល់​ហិរញ្ញប្បទាន​ចំនួន​ ៣៥ លាន​ដុល្លារ​បន្ថែម​លើ​គម្រោង​ថែទាំ​ហេដ្ឋា​រចនាសម្ពន្ធ​ ដើម្បីធ្វើ​ឱ្យផ្លូវ​ថ្នល់​ក្នុង​ខេត្ត​ចំនួន​បីនៃ​ប្រទេស​កម្ពុជាកាន់តែ​រឹង​មាំ​ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​នៃប្រែ​ប្រួល​អាកាសធាតុ​។ នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​ ១៥ ខែ​មីនា​ ឆ្នាំ​ ២០២៤​។

ខេត្ត​ចំនួន​បី​ដែលទទួល​បាន​ហិរញ្ញប្បទាន​នេះ​ រួមមានខេត្ត​ក្រចេះ​ កំពង់​ចាម និង​ត្បូង​ឃ្មុំ​ ដែល​មាន​ចំនួន​ប្រជាជន​សរុប​ជាង ​២ លាន​នាក់​។ ការ​ផ្តល់​ឥណទាន​បន្ថែម​នេះ​ ​គឺស្ថិត​នៅក្នុង​គម្រោង​«កែលម្អ​ការ​តភ្ជាប់​ហេដ្ឋា​រចនា​សម្ពន្ធ​ផ្លូវថ្នល់​»ក្នុង​គោលដៅ​បង្កើន​ភាព​ធន់​របស់​ផ្លូវ​ សម្រាប់​ប្រជាពលរដ្ឋ​ប្រើ​ប្រាស់ចូល​ទៅរក​ទីផ្សារ​ ទៅ​សាលារៀន​ និង​ទៅរក​សេវា​សុខាភិបាល​។ ​

បើ​តាម​ធនាគារ​ពិភពលោក ​៨០% នៃ​ប្រជាជន​ក្នុង​ខេត្ត​ទាំងបី​ដែល​ជាប់​ទន្លេមេគង្គ​កំពុង​រស់នៅ​តាម​តំ​បន់​ជនបទ ហើយ​ការ​ផ្តល់​ហិរញ្ញប្បទាន ​៣៥ ​លាន​ដុល្លារ​បន្ថែម​ នោះ​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​ត្រូវបាន​អនុម័ត​កាលពី​ខែកក្កដា​ ឆ្នាំ​ ២០២០ ​ក្រោម​ហិរញ្ញ​ប្បទាន​ចំនួន ​១០០​ លានដុល្លារ​អាមេរិក​។

ប្រធាន​គ្រប់គ្រង​នៃធនាគារ​ពិភពលោក​ប្រចាំ​នៅកម្ពុជា​ អ្នក​ស្រី​ ម៉ារីយ៉ាម សាលីម​ លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃសុក្រថា​៖ «​លទ្ធភាព​ចូល​ទៅ​រកសេ​វាថែ​ទាំ​សុខភាព​ និង​សាលា​រៀន​ និងការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ផ្សារ​ សុទ្ធតែ​ជា​បញ្ហា​ប្រឈម​ធំ​ណាស់​សម្រាប់​ប្រជាពល​រដ្ឋ​រស់នៅ​តាម​ទីជនបទ​ ជាពិ​សេស​នៅ​ក្នុង​រដូវ​វស្សា​។ មិន​តែប៉ុណ្ណោះ​ ស្ថានភាព​ផ្លូវ​អន់​ និង​កាត់ផ្តាច់​ដោយ​ទឹក​ជំនន់​ និង​ចំណាយ​ខ្ពស់​លើ​ការដឹក​ជញ្ជូន​ បង្ក​ឧបសគ្គ​ធំៗ​ដល់​លទ្ធ​ភាព​ទទួល​បាន​សេវា​ថែទាំ​សុខភាព​ និង​ការស​ង្គ្រោះ​បន្ទាន់​ សម្រាប់​ស្ត្រី​មានផ្ទៃពោះ​»។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​របស់​ការិយាល័យ​ធនាគារ​ពិភពលោក​ប្រចាំនៅ​ប្រទេស​កម្ពុជា​ បាន​ឱ្យដឹង​ទៀតថា​ ភាព​ងាយ​រងគ្រោះ​នៃ​បណ្តាញផ្លូវ​ក្នុង​ខេត្តក្រចេះ កំពង់​ចាម និង​ត្បូងឃ្មុំ ​បង្ក​ហានិភ័យ​ដល់​លទ្ធភាព​ក្នុង​ការ​ទទួល​បាន​សេវា​សំខាន់ៗ​មានដូច​ជា​ ការអប់រំ​ និងការ​ថែទាំ​សុខភាព​ ជាមួយ​នឹង​ផលជះ​អវិជ្ជមាន​ឥត​ស្រាក​ស្រាន្ត​ទៅលើ​ការរស់នៅ​របស់​ពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​បី​។ ស្ថាន​ភាព​ផ្លូវ​អន់​ ក៏ជា​ហេតុនាំ​ឱ្យ​មាន​ចំណាយ​ខ្ពស់​លើការ​ដឹកជញ្ជូន​ និង​ឡូហ្ស៉ិស្ទិក​សម្រាប់​កសិផល​សំខាន់​ៗ​នៅក្នុង​ខេត្ត​គោលដៅ​ទាំង​នេះដែរ​។

​អ្នក​នាំពាក្យ​ក្រសួង​សាធារណៈការ​និង​ដឹកជញ្ជូន​ លោក ផន រ៉ឹម​ បដិសេធ​មិនផ្តល់​ការ​អត្ថាធិប្បាយ​ដោយ​ប្រាប់​អ្នកសារ​ព័ត៌មាន​វីអូអេឱ្យ​ទាក់ទង​ទៅ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​វិញ​។ វីអូអេ​មិន​ទាន់អាច​សុំ​ការ​អត្ថាធិប្បាយ​ពីលោក ​ពិត ករុណា អ្នកនាំពាក្យ​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​នៅឡើយ​ទេ​។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ លោក ហុង វណ្ណៈ​ ប្រាប់​វីអូអេ​ថា​ កម្ចីផ្តល់​ដោយ​ធនាគារ​ពិភពលោក​ ដែល​អាមេរិក​ជាម្ចាស់​នៅ​ពីក្រោយ​ នឹងរួម​ចំណែក​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព​នៃគម្រោង​ថែទាំ​ផ្លូវ​នៅ​ក្នុង​ខេត្ត​ទាំងបី​ ដែល​នឹង​មាន​ការពង្រីកផ្លូវ​ដើម្បី​ជំរុញ​សក្កានុពល​សេដ្ឋកិច្ច​នៅ​ក្នុង​ផ្នែកដឹកជញ្ជូន និង​បង្កើត​ការ​ងារ​ផ្សេង​ទៀតក្រៅពី​ការងារ​កសិកម្ម​។

លោក​បញ្ជាក់ថា​៖ «សុទ្ធ​តែ​ជាតំបន់​ដែលមាន​កសិឧស្សាហកម្ម​ជាខ្លាំង​និង​កសិកម្ម​ផងដែរ​ ដែល​អាច​ជាប្រភព​បង្កើត​ការងារ​ក៏ដូច​ជាបង្កើត​នូវប្រភព​នៃការ​កសាង​កម្លាំង​ផលិតកម្ម​នៃការ​ពាក់ព័ន្ធ​ជាច្រើន​ទៀត​ដែល​នឹង​អាចរួម​ចំណែក​ក្នុងការ​បង្កើត​ការងារ​និង​រួមចំណែក​ក្នុងការ​អភិវឌ្ឃ​សេដ្ឋកិច្ច​របស់​កម្ពុជា​យើង​ផង​ដែរ​»។

​ធនា​គារ​ពិពព​លោក​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ទៀតថា គម្រោង​នេះនឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​ស្ថាប័ន​សំខាន់ៗនៅក្រោម​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដែល​ទាំង​ពីរ​ជា​ភ្នាក់ងារ​អនុវត្តន៍​គម្រោង៕

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG