ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញសេដ្ឋកិច្ច៖ តម្រូវការការកែទម្រង់សំខាន់ៗត្រូវធ្វើឡើងដើម្បីសម្រេចបាននូវចក្ខុវិស័យប្រទេសនៅឆ្នាំ២០៣០


រូបឯកសារ៖ ពលរដ្ឋ​កម្សាន្ត​នៅមុខ​ព្រះបរមរាជវាំង​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។
រូបឯកសារ៖ ពលរដ្ឋ​កម្សាន្ត​នៅមុខ​ព្រះបរមរាជវាំង​ នៅ​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ខណៈ​កំណើន​សេដ្ឋកិច្ច​កម្ពុជាមាន​សន្ទុះ​ខ្សោយ​ជាង​មុន ​ដែល​អាច​ធ្វើ​ឲ្យប៉ះ​ពាល់​លើ​ការ​សម្រេច​ចក្ខុ​វិស័យ​របស់​កម្ពុជា ​ក្នុង​ការ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ នោះ​ ការ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​បង្កើត​កម្លាំង​ពល​កម្ម​ដែល​មាន​សមត្ថភាព​គឺ​ជា​វិធី​ដើម្បីឆ្ពោះ​ទៅ​មុខ។ នេះ​បើ​តាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិពភព​លោក។​

បើ​តាម​អត្ថបទ​របស់​អ្នក​ជំនាញដែល​មាន​ចំណង​ជើង​ថា៖​ «កម្ពុជា​ឆ្នាំ​ ២០៣០៖ ​ការ​ធ្លាក់​ល្បឿន​សេដ្ឋកិច្ច​ជា​ឱកាស​សម្រាប់​បង្កើន​ល្បឿន​កំណែ​ទម្រង់» ​ការ​កែ​លម្អ​បន្ថែម​ទៀត​លើ​បរិយាកាស​ធុរ​កិច្ច ​មាន​សារៈ​សំ​ខាន់​ណាស់​សម្រាប់​ជំរុញ​ផលិត​ភាព ​និង​ការប្រកួត​ប្រជែង​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ​តាម​រយៈ​ការ​សម្រួល​លក្ខខណ្ឌ​តម្រូវ​ស្មុគ​ស្មាញ និង​តឹង​រ៉ឹង​សម្រាប់​ការ​បើកធុរកិច្ច​ ជា​ពិសេស​ការ​ចេញ​អាជ្ញា​បណ្ណ ​និង​ការ​អនុញ្ញាត​សម្រាប់​ការ​ធ្វើអាជីវ​កម្ម។​

អត្ថបទ​ដដែល​បន្ថែម​ថា ការ​ធ្វើ​ឲ្យ​ប្រ​សើរ​ឡើង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ឡូហ្ស៊ីស្ទិក​របស់​កម្ពុ​ជា ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់ ​សម្រាប់​ការ​បង្កើន​ផលិត​ភាព​ និង​សមត្ថ​ភាព​ប្រកួត​ប្រជែងអន្តរ​ជាតិ ​និង​ថា​ កម្ពុជា​ត្រូវ​បង្កើន​លទ្ធ​ផល​នៃ​ការ​រៀន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះ​ជំនាញ ​បង្កើត​កម្លាំង​ពល​កម្ម​ដែល​មាន​សមត្ថ​ភាព​ត្រៀម​សម្រាប់​អនាគត ​និង​ជំរុញ​កំណើន​ផលិត​ភាព​របស់​ប្រទេស។​

«កំណើន​ផលិត​ភាព​ពលកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​អំឡុង​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ​ហើយ​បណ្តា​ក្រុម​ហ៊ុន​ក៏​បាន​រាយ​ការណ៍​ឲ្យ​ដឹង​ដែរអំពី​ការ​កើន​ឡើង​នៃ​កង្វះ​ជំនាញ។​ មាន​កុមារ​កម្ពុជា​មិន​ច្រើន​ប៉ុន្មាន​ទេ​ដែល​បាន​ចុះ​ឈ្មោះ​ទទួល​ការ​អប់រំ​កូនក្មេង ​ដែលមាន​ន័យ​ថា​ ជា​ការ​បាត់​បង់ឱកាស​សម្រាប់​ការ​វិវឌ្ឍ​របស់​កុមារ​ក្នុង​វ័យ​ដំបូង ​ហើយ​វា​ក៏​ជា​ឧបសគ្គ​ដល់​ការ​វិល​ត្រឡប់​របស់​ម្តាយ​ទៅ​ធ្វើ​ការ​ដើម្បី​រក​ប្រាក់​ចំណូល​ដែរ»។ ​នេះ​បើ​តាម​អត្ថបទ​ខាង​លើ។​

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត​ លើក​ឡើង​កាល​ពី​កន្លង​ទៅ​ថា​ កម្ពុជា​នៅ​តែ​រក្សា​មហិច្ឆតា​នៅ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​ ២០៣០ ​និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០។​

ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​វីអូអេ​ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក ​មាស សុខសេនសាន​ លើក​ឡើង​ថា ​រដ្ឋាភិបាល​តែង​តែ​ពិចារណា​គ្រប់​យោបល់​របស់​ដៃ​គូ។​

លោក​បញ្ជាក់​ថា៖​ «យើង​ធ្វើការ​ជាមួយ​គ្រប់​ដៃគូ​ យោបល់​ទាំង​អស់​នឹង​ត្រូវ​យក​មក​ពិនិត្យ​ដើម្បី​ដាក់​ចេញ​ជា​វិធាន​ការ​បន្ត​បន្ទាប់​ ជាមួយ​គ្រប់​តួ​អង្គ​ពាក់ព័ន្ធ»។​

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការងារ​ លោក ​កត្តា អន ​ប្រាប់​វីអូអេ​ថា​ តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ជំនាញ​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​ ២០២៤​ នឹង​កើន​ឡើង​ដល់ ​៦,៦ ​ភាគរយ​ និង​ថា ​វិនិយោគ​ក៏មាន​ការ​កើន​ឡើង​ផង​ដែរ។ ​លោក​បន្ថែម​ថា ​ដើម្បី​ដើរ​ស្រប​ទៅ​តាម​ទីផ្សារ​ការ​ងារ​ រដ្ឋាភិបាល​បានបើក​វគ្គ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កំពុង​តែ​ប្រឈម។​

លោក​ថ្លែង​ថា៖​ «យើង​ឃើញ​ថា​ មាន​យុវជន​ប្រហែល​បីម៉ឺន​នាក់​បាន​ចុះ​ឈ្មោះ​ ហើយ​ដំណាក់​កាល​ដំបូង​នៃ​ការ​បើក​ការ​បណ្តុះ​បណ្តាល​មាន​ ៧០០ ​ថ្នាក់។ អ៊ីចឹង​ចាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យុវជន​យើង​បន្ត​ចុះ​ឈ្មោះ​ ហើយ​យើង​បន្ត​នៃ​ការ​បើកថ្នាក់​សិក្សា។ ដូច្នេះ​ហើយ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ យុវជន​យើង​នឹង​មាន​ជំនាញ​ច្បាស់​លាស់​ក្នុង​ជីវិត​ និង​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ចូល​ទៅ​បម្រើការ​ងារ​នៅ​ក្នុង​វិស័យ​រោងចក្រ​ សហ​គ្រាស​ ដែល​ជា​តម្រូវ​ការ​ចាំបាច់​របស់​ប្រទេស​ជាតិ​ចាប់​ពីពេល​នេះ​ត​ទៅ»។​

បើ​តាម​អត្ថបទ​បែប​វិភាគ​ខាង​លើ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​អះអាង​ថា ​កំណើន​សេដ្ឋកិច្ច​កាន់​តែខ្ពស់ ​គឺ​ជា​សេចក្តី​ប្រាថ្នា​ដែល​អាច​សម្រេច​បាន។ ​វា​គ្រាន់​តែ​តម្រូវ​ឲ្យ​កម្ពុជា​ងាក​ទៅ​រក​គំរូកំណើន​សេដ្ឋកិច្ច​ដែលមាន​ចីរភាព​ជាង​មុន ដែល​យក​ផលិត​ភាព​ខ្ពស់​ជា​មូលដ្ឋាន ​មាន​ភាព​អង់អាច​ក្នុង​ការ​កែទម្រង់​រចនា​សម្ព័ន្ធ​ បង្កើនការ​វិនិយោគ​មានគុណ​ភាព​ទៅលើហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ធន​ធាន​មនុស្ស​ និង​អនុវត្ត​គោល​នយោបាយ​អភិវឌ្ឍន៍​ដែល​មាន​ភាពឆ្លាត​វៃ​ផ្នែក​អាកាស​ធាតុ។​

គួរ​រំឭក​ថា ​គិត​ចាប់​តាំង​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​មាន​សមាសភាព​ភាគ​ច្រើន​ជា​មនុស្ស​វ័យ​ក្មេង កម្មវិធី​នយោបាយ​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​កំណត់​ឡើង​ នៅក្រោម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដែល​មាន​គោល​ដៅ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ប្រែក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ ​២០៣០ ​និង​ឆ្ពោះ​ទៅ​សម្រេច​បាន​ចក្ខុវិស័យ​កម្ពុជា​មាន​ចំណូល​ខ្ពស់​ឆ្នាំ​ ២០៥០។​

ស្រប​ពេល​មាន​ការ​ដាក់​ចេញ​គោល​នយោបាយ​ថ្មីៗ​របស់​រដ្ឋាភិបាល​អាណត្តិ​ទី ៧ ​នេះ​ អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ក៏​បាន​ផ្តល់ការ​ធ្វើ​អត្ថាធិប្បាយ​កន្លង​មក​ថា​ កម្ពុជា​ត្រូវ​ប្រកាន់​ជំហរ​បើក​ចំហ​ទទួល​យក​ការ​វិនិយោគ​ដើម្បី​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន ​នៅ​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​នានា។ ​ហើយ​ប្រទេស​នេះ​ក៏ត្រូវ​បន្ត​ពង្រឹង​វិស័យ​អប់រំ​ចាប់​តាំង​ពី​ការ​អប់រំ​នៅ​មុន​វ័យ​កុមារភាព​ ដល់​កម្រិត​វិទ្យាល័យ​ ដើម្បី​បង្កើន​ផលិតភាព​ការងារ​ និង​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ទៅ​ថ្ងៃ​ខាង​មុខ។​

ធនាគារ​ពិភពលោក​ក៏បាន​ព្យាករ​ផង​ដែរ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​ ៥,៨​ ភាគ​រយ​ ក្នុង​ឆ្នាំ ​២០២៤​ និង ​៦,១ ​ភាគ​រយ​ក្នុង​ឆ្នាំ​ ២០២៥​ ជាមួយ​ការ​រំពឹង​ទុក​អំពី​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​អត្ថប្រយោជន៍​ដែល​នឹង​កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នានា ​ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG