ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក​ជំរុញ​ឱ្យ​កម្ពុជា​បង្កើន​ការ​ចំណាយ​លើ​សេវា​សង្គម​ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​និង​សុខាភិបាល


រូបឯកសារ៖ អ្នកប្រឹក្សាផ្នែកអាហារូបត្ថម្ភ​ផ្តល់​ព័ត៌មាន​ដល់​ជីដូន​របស់​កុមារ​ម្នាក់ នៅ​មន្ទីរ​កុមារ​អង្គរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ អ្នកប្រឹក្សាផ្នែកអាហារូបត្ថម្ភ​ផ្តល់​ព័ត៌មាន​ដល់​ជីដូន​របស់​កុមារ​ម្នាក់ នៅ​មន្ទីរ​កុមារ​អង្គរ ក្នុងខេត្ត​សៀមរាប កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២។

របាយ​ការណ៍​ថ្មី​មួយ​របស់​ធនាគារ​ពិភព​លោក​បាន​រក​ឃើញ​ថា​ ការ​បង្កើន​ថវិកា​ចំណាយ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​ការ​ដំឡើង​តែប្រាក់​ខែ​សម្រាប់​មន្ត្រី​រាជការ​មិន​គ្រប់គ្រាន់​ដើម្បី​បង្កើន​គុណផល​ការងារ​ក្នុង​វិស័យ​អប់រំ ​និង​សុខា​ភិបាល​នោះ​ទេ។ ​ធនាគារ​ពិភព​លោក​ថា​ ការ​បង្កើន​ការ​ចំណាយ​លើ​សេវា​សាធារណៈ​ក្នុង​វិស័យ​សង្គម​កិច្ច​មាន​សារៈ​សំខាន់​ដល់​ការ​លើក​កម្ពស់​គុណផល​ក្នុង​វិស័យ​សំខាន់ៗ​ទាំង​ពីរ​នេះ។​ ​

របាយ​ការណ៍​ធនាគារ​ពិភពលោក​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​ ១៥ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២៤​ បាន​បញ្ជាក់​ថា ​កាល​ពី​កន្លង​ទៅ​ កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​បញ្ចៀស​ផល​ប៉ះពាល់​អាក្រក់​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ១៩ ​និង​ក្នុង​ការ​ចាយ​វាយ​បាន​កាន់តែ​ច្រើន​ទៅ​លើ​ផ្នែកសង្គម​កិច្ច ​ដោយ​សារការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​បាន​ហ្មត់​ចត់ ​និង​ការ​កើន​ឡើង​នៃ​ការ​ប្រមូល​ចំណូល​ដែល​បាន​មក​ពី​កំណើន​ថេរ​នៃ​សេដ្ឋ​កិច្ច​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៩៥ ​និង​ ២០១៩។​

ធនាគារ​ពិភព​លោក​ដែល​មាន​ទីស្នាក់​កណ្តាល​នៅ​សហ​រដ្ឋ​អាមេរិក​បន្ត​ថា ​ការ​កើន​ឡើង​ខ្លាំង​នៃ​ការ​ចំណាយ​នេះ​គឺ​មួយ​ផ្នែក​ធំ​កើត​ឡើង ​ដោយ​សារ​ការ​ចំណាយទៅ​លើ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ទូទៅ​របស់​បុគ្គលិក​ក្នុង​វិស័យ​សាធារណៈ​ ដោយ​មិន​បាន​ផ្សារ​ភ្ជាប់ទៅ​នឹង​សមិទ្ធកម្ម​ការងារ​នោះ​ទេ។​

របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ ​«ជា​លទ្ធផល​បច្ចុប្បន្ន​នេះ ​ប្រាក់​បៀវត្សរ៍​គោល​ជា​មធ្យម​នៅ​ក្នុង​វិស័យ​សាធារណៈ​បាន​ឡើង​ហួស​ប្រាក់​បៀវត្សរ៍​គោល​របស់​បុគ្គលិក​ ដែល​កាន់​ការ​ងារ​ស្រដៀង​គ្នា​នៅ​ក្នុង​វិស័យ​ឯកជន»។​

របាយ​ការណ៍​ដដែល​បន្ត​ថា ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​មិន​ទាន់​បាន​ប្រែ​ក្លាយ​គុណផល​ការ​ងារ​ឱ្យ​មាន​ភាពកាន់​តែ​ប្រសើរ​នៅ​ឡើយ​ទេ​ ជា​ពិសេស​នៅ​ក្នុង​ផ្នែក​សង្គម​កិច្ច។​

របាយ​ការណ៍​នេះ​បញ្ជាក់​ថា៖ ​«គុណផល​ក្នុង​វិស័យ​អប់រំ​មាន​ភាព​ប្រសើរ​បន្តិច​បន្តួច​មែន​ ប៉ុន្តែ​នៅ​តែ​ទាបបើ​ប្រៀបធៀប​ជា​មួយ​ប្រទេស​ឯទៀត​ក្នុង​តំបន់។ ​ការ​ប្រើ​ប្រាស់​គ្រឹះស្ថាន​សេវា​ថែ​ទាំសុខភាពសាធារណៈ​នៅ​មាន​កម្រិត​ទាប​ ហើយ​ពលរដ្ឋ​កម្ពុជា​ចាយ​លុយ​ហោ​ប៉ៅ​ខ្លួន​ឯង​ទៅ​លើ​ការ​ព្យាបាល​ដោយ​ពេទ្យ​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាង​កម្រិត​មធ្យម​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ហេដ្ឋា​រចនា​សម្ព័ន្ធ​សេវា​សាធារណៈ​គួរ​ត្រូវ​បាន​កែ​លម្អ​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន»។​

រូបឯកសារ៖ សិស្សានុសិស្សដើរចូលក្នុងបរិវេណសាលារៀនមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។
រូបឯកសារ៖ សិស្សានុសិស្សដើរចូលក្នុងបរិវេណសាលារៀនមួយ នៅខេត្តសៀមរាប កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

អ្នកស្រី​ ម៉ារីយ៉ាម សាលីម ​នាយិកា​គ្រប់​គ្រង​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​ត្រូវ​បាន​ស្រង់​សម្តី​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយថា៖ ​«កម្ពុជា​គួរទទួល​បាន​មក​វិញ​នូវ​តម្លៃ​ប្រសើរ​ជាង​មុន​ ពីការ​ចំណាយ​របស់​ខ្លួន​ទៅ​លើ​ផ្នែក​សេវា​សាធារណៈ​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព ​និង​ភាព​បរិយាបន្ន​យូរ​អង្វែង»។​

អ្នកស្រី​បន្ត​ថា ​ការ​ចាយ​វាយ​ដែលមាន​ប្រសិទ្ធ​ផល​តម្រូវ​ឱ្យមាន​ការ​ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​នឹង​សមិទ្ធ​កម្ម​ការងារ​ ហើយ​ត្រូវ​មាន​ការ​ថ្លឹង​ថ្លែង​លើ​ការ​ចំណាយ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ ពេល​មាន​ការ​បែក​ចែក​ធនធាន​ថវិកា​នៅ​តាម​គ្រប់​កម្រិត​របស់​រដ្ឋាភិបាល។​

ការ​ចំណាយ​លើ​ប្រាក់​បៀវត្សរ៍​របស់​ប្រទេស​កម្ពុជា​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ គឺ​ ២៦%​ លើ​ការ​ចំណាយ​សាធារណៈ​ក្នុង​ឆ្នាំ​ ២០០៥ ​និង ​៣៣%​ នៃ​ការ​ចំណាយ​សាធារណៈ​ក្នុង​ឆ្នាំ ​២០២០។​

ទោះ​បី​ជា​ប្រទេស​ក្នុង​តំបន់​ខ្លះ​បង្ហាញ​និន្នាការ​កើន​ឡើង​ស្រដៀង​គ្នា​រវាង​ឆ្នាំ ​២០០៥ ​និង​ឆ្នាំ ​២០២០​ ដែល​អត្រា​នៃ​ការ​ចំណាយ​សាធារណៈ​លើ​ប្រាក់​បៀវត្សរ៍​បាន​កើន​ឡើង​ប្លែក​សម្រាប់​កម្ពុជា​ បើ​ធៀប​នឹង​ដៃ​គូ​ក្នុង​តំបន់​របស់​ខ្លួន។​ នេះ​បើ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក។​

បើ​តាម​របាយ​ការណ៍​ដដែល​ នៅ​ក្នុងវិស័យ​អប់រំ ​ការ​ចំណាយ​របស់​កម្ពុជា​គឺ​ទាប​បំផុត​ទី ២ ​នៅ​ក្នុង​តំបន់​គិត​ជា​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ហើយ​លទ្ធផល​សិក្សា​នៅ​កម្ពុជា​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ ​ចន្លោះ​ឆ្នាំ​ ២០១៣ ​និង​ឆ្នាំ​ ២០២១​ សិស្ស​ជា​មធ្យម​នៅ​ថ្នាក់​ទី ៦ ​អាច​ឆ្លើយ​ភាសាខ្មែរ​បាន​«តិច​ជាង ​៥២ ​ភាគ​រយ»​ ដែល​ជា​សំណួរ​ត្រឹម​ត្រូវ។ ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​គណិត​វិទ្យា​កាន់​តែ​អន់​ ដោយ​ជា​មធ្យម​ សិស្ស​ថ្នាក់​ទី​ ៦ ​អាច​ឆ្លើយ​សំណួរ​ត្រឹមត្រូវ​ «តិច​ជាង​ពាក់​កណ្តាល»។​

យ៉ាង​ណាមិញ​ ជុំវិញ​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ ​យុវជន ​និ​ង​កីឡា អ្នកស្រី ​ឃួន វិចិ្ឆកា ​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេក្រាម​ជា​អក្សរ​ថា ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​វិស័យ​អប់រំ​ជា​អាទិភាព​ចម្បង​ក្នុង​ការ​ឈាន​ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍ​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ ​២០៥០។​

អ្នក​ស្រី​បន្ត​ថា ​ក្នុង​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​រដ្ឋាភិបាល​បាន​ចំណាយ​លើ​វិស័យ​អប់រំ​ប្រមាណ​ជិត​បី​ពាន់​លាន​រៀល​ ឬ​ស្មើ​ជាង​ ៧៥ ​ម៉ឺន​ដុល្លារ ​ឬ​ប្រមាណ​ ១៧% ​នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ក្នុង​មួយ​ឆ្នាំៗ។​ អ្នកស្រី​បញ្ជាក់​ទៀតថា ​ក្នុង​ឆ្នាំ​ ២០២២ ​ថវិកា​ក្នុង​វិស័យ​អប់រំ​កម្ពុជា​មាន​ប្រមាណ ​២,៥%​ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។​

អ្នកស្រី​បាន​លើក​ឡើងថា៖​ «ផលិត​ផល​ក្នុង​ស្រុក​សរុប ​(GDP) ​របស់​កម្ពុជា​មាន​ចំនួន​តិច​ជាង​ប្រទេស​ក្នុង​តំបន់​ លើក​លែង​សាធារណ​រដ្ឋ​ឡាវ ​ដោយ ​GDP​ ​ប្រទេស​កម្ពុជា​មាន​ចំនួន​តិច​ជាង​ប្រទេស​ថៃ​ប្រមាណ​ ១៩ ​ដង​ តិច​ជាង​ប្រទេស​វៀតណាម​ប្រមាណ​ ១៣,៥​ ដង ​តិច​ជាង​ឥណ្ឌូណេស៊ី​ប្រមាណ ​៤៤ ​ដង ​តិច​ជាង​ហ្វីលីពីន​ប្រមាណ​ ១៥ ​ដង ​និង​តិច​ជាង​ម៉ាឡេស៊ី​ប្រមាណ​ ១៤ ​ដង»។​

អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​រូប​នេះ​បន្ថែម​ទៀត​ថា​ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ និងជីវភាព​គ្រូ​បង្រៀន​ ប្រាក់​បៀវត្សរ៍​អប្បបរមា​របស់​គ្រូ​បង្រៀន​កម្រិត​បឋម​សិក្សា​ត្រូវ​បាន​ដំឡើង​ពី ​៥៥ ​ម៉ឺន​រៀល​នៅ​ឆ្នាំ​ ២០១៤ ​ទៅ​ដល់​ចំនួន ​៨០ ​ម៉ឺនរៀល​នៅ​ឆ្នាំ ​២០១៦​ និង​បន្ត​កើន​ឡើង​ដល់​ចំនួន ​១,២៤​ លាន​រៀល​ នៅ​ឆ្នាំ ​២០២០ ​និង​ ១,៤ ​លាន​ក្នុង​ឆ្នាំ​ ២០២៣​ ដែល​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ និង​អាទិភាព​របស់​រដ្ឋាភិបាល​លើ​វិស័យ​អប់រំ។​

បើ​តាម​អ្នកស្រី ​ឃួន វិច្ឆិកា​ បច្ចុប្បន្ន​បុគ្គលិក​អប់រំ​មាន​ចំនួន​ជាង ​១២៤.៥០០ ​នាក់។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«ក្រសួង​នៅ​តែ​បន្ត​អនុវត្ត​រាល់​ឧត្តម​មានុវត្តន៍​កន្លង​មក ​រួម​មាន​ការ​ប្រឡង​ក្រោម​គោល​ការណ៍​អ្នក​ចេះ​គឺ​ជាប់ ​ព្រម​ទាំង​ផ្តោត​សំខាន់​ក្នុង​ឆ្នាំ​ថ្មី​នេះ​លើ​ការ​អនុវត្ត​ស្តង់ដារ​សាលា​រៀន​គំរូ​ ដោយ​ក្នុង​នោះ​គឺ​ការ​ពង្រឹង​កម្រិត​មូលដ្ឋាន​លើ​អភិបាល​កិច្ច ​វិធី​សាស្ត្រ​បង្រៀន​ ការ​គ្រប់​គ្រង​ធនធាន​មនុស្ស ​ថវិកា​ និង​កិច្ច​សហការ​ពី​សហគន៍»។​

ចំពោះ​ការ​ចំណាយ​លើ​វិស័យ​សុខាភិបាល​វិញ ​ធនាគារ​ពិភព​លោក​រក​ឃើញ​ថា ​ទោះ​បី​ជាការ​ចំណាយ​សរុបបាន​កើន​ឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ក៏​ដោយ ​ ក៏​នៅ​មាន​កន្លែង​សម្រាប់​បង្កើន​ប្រសិទ្ធ​ភាព​បន្ថែម​ទៀត ​ដោយ​ចាប់​ពី​ឆ្នាំ​ ២០១៧ ​ដល់​ឆ្នាំ​ ២០២១ ​បាន​កើន​ឡើង​ពី ​១,៨%​ ទៅ ​២,២% ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប។ ​ការ​កើន​ឡើង​នេះ​ ​ដោយ​សារ​តែ​ប្រាក់​បៀវត្សរ៍​ក្នុង​វិស័យ​សុខាភិបាល​ខ្ពស់​ជាង​មុន ​ហើយ​ក៏​មាន​ការ​បន្ថែម​ការ​ចំណាយ​លើ​សេវា​ព្យាបាល​របស់​អ្នក​ជំងឺ ​និង​ការចំណាយ​លើ​ប្រតិបត្តិ​ការ​ផ្សេងៗ​នៅ​តាម​មណ្ឌល​សុខភាព។ ​

ធនាគារ​ពិភព​លោក​បន្ត​ថា ​ការ​ប្រើប្រាស់​គ្រឹះ​ស្ថាន​ថែទាំ​សុខភាព​រដ្ឋ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​ពោល​គឺ​មាន​តែ ​១៥% ​ រីឯ​ការ​ប្រើប្រាស់​សេវា​នៅ​គ្រឹះ​ស្ថាន​ថែទាំ​សុខភាព​ឯកជន​មាន ៨៤%។​ ធនាគារ​ពិភព​លោក​បញ្ជាក់​ថា ​ពលរដ្ឋ​កម្ពុជា​ចាយ​លុយ​ហោប៉ៅ​ខ្លួន​ឯង​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ និង​សេវា​ថែទាំ​សុខភាព។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកស្រី ​ឱ វណ្ណឌីន ​រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។ ​

អ្នកធាក់ស៊ីក្លូ​កំពុង​ដឹក​ភ្ញៀវទេសចរកាត់វិមាន​ឯករាជ្យ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
អ្នកធាក់ស៊ីក្លូ​កំពុង​ដឹក​ភ្ញៀវទេសចរកាត់វិមាន​ឯករាជ្យ​ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

អ្នក​វិភាគ​សេដ្ឋកិច្ច ​លោក​ ង៉ែត ជូ ​ប្រាប់​វីអូអេ​ថា ​មួយ​រយៈ​ក្រោយ​នេះ​ រដ្ឋាភិបាល​បាន​បង្កើន​ប្រាក់​បៀវត្សរ៍​ជូន​មន្រ្តី​រាជការ​ ដោយ​សារ​កម្រិត​ប្រាក់​បៀវត្សរ៍​របស់​មន្រ្តី​រាជការ​កម្ពុជា​នៅ​ទាប​នៅ​ឡើយ។ ​លោក​បន្តថា ​ការ​បង្កើន​ថវិកា​ចំណាយ​នានា​គឺ​រដ្ឋាភិបាល​តែង​ធ្វើ​តាម​ដំណាក់​កាល​ ដោយ​ពឹង​ផ្អែក​លើ​ចំណូល​ជាតិ​ និង​ធ្វើ​កម្ចី​មួយ​ចំនួន​ផង​ដែរ។​

លោក​ថ្លែង​ថា៖​ «ទាក់​ទង​នឹង​កម្រិត​បៀវត្សរ៍​ដែល​បាន​ដំឡើង​ជា​បន្ត​បន្ទាប់​ សង្ឃឹម​ថា ​រដ្ឋាភិបាល​នឹង​នៅ​បន្ត​ផ្តល់​អាទិភាព​នៅ​ក្នុង​ការ​ដំឡើង​កម្រិត​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ការងារ។ ​ខ្ញុំ​ក៏​ចង់​ស​បញ្ជាក់​ដែរ​ថា​ ការ​បង្កើន​ប្រាក់​បៀវត្សរ៍​តែ​មួយ​មុខ​ក៏​មិន​អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ដែរ​ ប៉ុន្តែ​ក៏​ជា​ការ​ចាំ​បាច់​ត្រូវ​មាន​វិធានការ​ផ្សេងៗ​ ដូចជា​ការ​គ្រប់​គ្រង​បុគ្គលិក​របស់​រដ្ឋ​ឱ្យ​មាន​ភាព​ត្រឹម​ត្រូវ ​មាន​តម្លាភាព​អី​ជា​ដើម»។​

លោក​បញ្ជាក់​ទៀត​ថា ​ការពង្រឹង​លើ​ការ​ប្រើ​ប្រាស់​សេវា​សាធារណៈ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ តម្រូវ​ជា​សំខាន់​ឲ្យ​មាន​ការ​បម្រើ​សេវា​កម្ម​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​ត្រឹម​ត្រូវ ​ក៏​ដូច​ជា​ការ​ពិនិត្យ​លើ​ការ​បំពេញ​ការងារ​ និង​ការ​ទទួល​ខុស​ត្រូវរបស់​មន្រ្តី​រាជការ​ម្នាក់ៗ​ពេល​បំពេញ​តួនាទី​របស់​ខ្លួន។​

លោក​ ហុង វណ្ណៈ ​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ យល់​ឃើញ​ថា ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រាជការ​មិន​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​វិស័យ​ណា​មួយ​ឡើយ​នៅ​ក្នុង​ប្រទេស។ ​

ដោយ​ឡែក​លោក​ថា ​បើ​និយាយ​ពី​បញ្ហា​សេដ្ឋកិច្ច​គឺ​ដោយ​សារ​ការ​កើន​ឡើង​នៃ​អតិផរណា​ដែល​ជា​បន្ទុក​មួយ​សម្រាប់​មន្ត្រី​រាជការ។ ​ដូច្នេះ​ ការបន្ថែម​ប្រាក់​បៀវត្សរ៍​ជូន​មន្រ្តី​រាជការ​គឺ​ដើម្បី​សម្រួល​បន្ទុក​នោះ​ នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​ចរន្ត​សេដ្ឋកិច្ច​ក្នុង​សង្គម​ដំណើរ​ការ​ជា​ធម្មតា។​

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ទាំង​អស់​ហ្នឹង​ក៏​យើង​វិភាគ​ទៅ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច​ ខ្ញុំ​យល់​ឃើញ​ថា ​ល្អ​វិញ​ទេ​ ដោយសារ​តែ​រដ្ឋាភិបាល​យើង​បាន​បង្កើន​ ដោយ​យល់​ឃើញ​ពី​សភាព​ការណ៍​ ដោយ​យល់​ឃើញ​ពី​កិច្ច​សន្យា​រវាង​រាជ​រដ្ឋាភិបាល​ជាមួយ​នឹង​មន្រ្តី​រាជការ​ ហ្នឹង​គឺ​ការ​ផ្តល់​ថវិកា ​ឬ​ការ​បង្កើន​នូវ​ប្រាក់​បៀវត្សរ៍​ជូន​មន្រ្តី​រាជការ​ជា​សកម្ម​ភាព​មួយ​ល្អ​ ហើយ​ជំរុញ​ឱ្យ​មាន​សកម្ម​ភាព​សេដ្ឋកិច្ច​សង្គម​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ»។ ​

អ្នក​ជំនាញ​សេដ្ឋកិច្ច​រូប​នេះ​បន្ត​ថា​ បើ​ទោះ​បី​មាន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​រដ្ឋ​ក្តី ​ក៏​វា​មិន​បាន​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​វិស័យ​អប់រំ ​វិស័យ​សុខាភិបាល​ និង​វិស័យ​ដទៃ​ទៀត​ឡើយ ​ដោយ​សារ​តែ​តាម​ក្រសួង​នីមួយៗ​តែង​តែ​មាន​កញ្ចប់​ថវិកា​ និង​គម្រោង​នៅ​តាម​ឆ្នាំ​នីមួយៗ​ជាក់​លាក់។​

លោកបន្ថែមថា៖ ​«រាជ​រដ្ឋាភិបាល​កម្ពុជា​កៀរ​គរ​ដែល​ហៅ​ថា​ គ្រប់គ្រង​ចំណូល​ចំណាយ​របស់​ខ្លួន​បាន​ប្រាកដ​ប្រជា ​គឺ​ច្បាស់​លាស់​ណាស់​ ក្នុង​ការ​ចំណាយ ​ហើយ​នឹង​ការ​ផ្តល់​អនុសាសន៍​ល្អៗ​ដល់​ទៅ​សា្ថប័ន​សាធារណៈ​ដទៃ​ទៀត​ក្នុង​ការ​ផ្តល់​សេវា​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សេវា​សង្គម​ផ្សេងៗ​ រួម​ទាំង​ការ​ចេះ​សន្សំ​សំចៃ​ទៅ​លើ​ថវិកា​ជាតិ​លើ​ខ្ទង់​ណា​ដែល​មិន​ចាំបាច់»។

ឆ្លើយ​តប​ទៅ​នឹង​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក​ ប៉ែន បូណា​ លើក​ឡើង​ថា​ ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​មន្រ្តី​រាជការ​ជាការ​គិត​គូរត្រឹម​ត្រូវ​មួយរបស់​រដ្ឋាភិបាល​ ដោយ​សារ​កន្លង​ទៅ​មាន​ការ​រិះ​គន់​ថា ​រដ្ឋាភិបាល​បាន​ផ្តល់​ប្រាក់​បៀវត្សរ៍​តិច​តួច​ទៅ​ដល់​មន្ត្រី​រាជការ​ទើប​ការងារ​មិន​សូវ​មានប្រសិទ្ធ​ភាព។ ​លោក​បន្ត​ថា​ ប្រជា​ពលរដ្ឋ​បច្ចុប្បន្ន​នេះ​បាន​ផ្តល់​តម្លៃ​ទៅ​លើ​ការងារ​មន្រ្តី​រាជការ​ ហើយ​រដ្ឋាភិបាល​ក៏​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ផ្តល់​ប្រាក់​បៀវត្សរ៍​សមរម្យ​ជូន​ពួក​គេ​ផង​ដែរ។​

លោក​ ប៉ែន បូណា ​អះអាង​ទៀត​ថា​ រដ្ឋាភិបាល​ក៏​បាន​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ ​និង​សុខាភិបាល​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«ហើយ​ទាក់​ទង​ទៅ​នឹង​វិស័យ​អប់រំ ​និង​វិស័យ​សុខាភិបាល ​យើង​ឃើញ​ហើយ​រាជ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ ​ហើយ​ផ្តល់​តម្លៃ​ទៅ​ដល់​វិស័យ​សង្គម​កិច្ច​ អប់រំ​ សុខាភិបាល​នេះ​ខ្លាំង​ណាស់។​ យើងឃើញ​ជាក់​ស្តែង​ទាំង​អស់​គ្នា​ហើយ​ ព្រោះ​យើង​បាន​ឃើញ​ទាំង​អស់​គ្នា​ហើយ​ ព្រោះ​ស្រុក​សន្តិភាព​ អត់​មាន​ចំណាយ​លុយ​ទៅ​លើ​ការ​ធ្វើ​សង្គ្រាម​អី​ទៀត​ទេ​ គឺ​ចំណាយ​ទៅ​លើ​សង្គម​កិច្ច​ហើយ​ជាពិសេស​គឺ​អប់រំ ​និង​សុខាភិបាល​គឺ​ជា​អាទិភាព​ចម្បង។​ រាជ​រដ្ឋាភិបាល​បាន​នឹង​កំពុង​ធ្វើ​រួច​ហើយ»។ ​

ធនាគារ​ពិភព​លោក​ក៏​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ​ដោយ​រៀបចំ​ដំណាក់​កាល​ខាង​មុខ​នៃ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​របស់​ខ្លួន ​ដើម្បី​កសាង​ភាពធន់​ផ្នែក​សារ​ពើពន្ធ ​ដែល​ចាំបាច់​សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចំណាយ​រយៈ​ពេលវែង ​និង​ចំពោះ​បញ្ហា​ប្រឈម​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។ ​

ធនាគារ​ពិភព​លោក​លើក​ឡើង​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​បង្កើន​ការ​ផ្គត់ផ្គង់​សេវា​ដ្ឋាន​សុខាភិបាល​បាន​ តាម​រយៈការ​ដោះ​ស្រាយ​បញ្ហា​គុណភាព​ជា​មូលដ្ឋាន ​នៅតាម​គ្រឹះស្ថានសេវាដ្ឋាន​សុខា​ភិបាល​សាធារណៈ ​បង្កើន​ការ​ប្រើ​ប្រាស់​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ ​ការ​ធានា​ឱ្យមានលទ្ធភាព​ទទួល​បាន​សេវា​ដ្ឋាន​សុខាភិបាល​ប្រកប​ដោយ​សមធម៌​សម្រាប់​ជនក្រី​ក្រ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ចំណាយ​លើ​វិស័យ​អប់រំ​កាន់​តែ​មាន​ប្រសិទ្ធ​ផល។​

ធនាគារ​ពិភព​លោក​បន្ត​ថា​ អាជ្ញាធរ​អាច​ពង្រឹង​ដំណើរ​ការ​នៃ​ការ​ជ្រើសរើស ​ការ​ដាក់​ពង្រាយ​ និង​ការ​ហ្វឹកហ្វឺន​បណ្តុះ​បណ្តាល​គ្រូ​បង្រៀន ​ព្រម​ទាំង​តាម​រយៈ​ការ​ចាត់​ចែង​មូលនិធិ​ប្រតិបត្តិ​ការ​សាលារៀន ​ឱ្យ​កាន់​តែ​មាន​លក្ខណៈ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​សាលា​រៀន​នីមួយៗ។ ​

លើសពី​នេះ ​របាយ​ការណ៍​បាន​ផ្តល់​អនុសាសន៍​ថា ​ការ​កែ​លម្អប្រតិបត្តិការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន ​ការគ្រប់គ្រង​ធន​ធាន​មនុស្ស ​និងការពង្រឹង​សមត្ថ​ភាព​របស់​បុគ្គលិក​នៅ​តាម​គ្រប់​កម្រិត​នៃ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​ក៏​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​ការ​ចំណាយ​សា​ធារណៈ​អាច​ជះ​ឥទ្ធិពល​វិជ្ជមាន​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG