ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ សេដ្ឋកិច្ច​កម្ពុជា​នឹងកើន​ជាង៥% នៅឆ្នាំ​២០២៣ ខណៈ​វិស័យ​ខ្លះ​ងើប​ឡើង​វិញ


កិច្ចពិភាក្សា​ស្តីពីស្ថានភាពទូទៅ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និងបញ្ហាប្រឈម​ក្នុង​ការ​បង្កើន​ផលិតភាព​ និង​ការ​ប្រកួតប្រជែង រៀបចំ​ដោយ​ធនាគារពិភពលោក​ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​
កិច្ចពិភាក្សា​ស្តីពីស្ថានភាពទូទៅ​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និងបញ្ហាប្រឈម​ក្នុង​ការ​បង្កើន​ផលិតភាព​ និង​ការ​ប្រកួតប្រជែង រៀបចំ​ដោយ​ធនាគារពិភពលោក​ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣។​ (ហ៊ុល រស្មី/វីអូអេ)​

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​ព្យាករថា​នឹងមាន​កំណើន​៥,៤ភាគរយ​នៅក្នុង​ឆ្នាំ​២០២៣​ ដែល​ជា​កម្រិត​ទាបជាង​បន្តិច​ពី​៥,៥ភាគរយ​ ដែល​ត្រូវបាន​ព្យាករ​ទុកកាល​ពីខែ​ឧសភា​កន្លងទៅ​ ស្របពេល​មាន​ការ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ទេស​ចរណ៍​ និង​សេវា​ដទៃ​ទៀត។ នេះ​បើ​តាម​របាយការណ៍ចុង​ក្រោយស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ដែល​ត្រូវបាន​ចេញផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ពុធនេះ​។ កំណើននេះ​ខ្ពស់ជាង​នៅ​ឆ្នាំ​២០២២​ ដែល​សេដ្ឋកិច្ច​កម្ពុជា​ទទួលបាន​កំណើន​៥,២ ភាគរយ។​

ធនាគារ​ពិភពលោក​ក៏បានព្យាករ​ផង​ដែរ​ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ដល់​៥,៨ភាគរយ​ ក្នុង​ឆ្នាំ​២០២៤​ និង​៦,១ភាគរយ​ក្នុង​ឆ្នាំ​២០២៥​ ជាមួយការ​រំពឹង​ទុក​អំពី​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​ហេដ្ឋា​រចនាសម្ពន្ធ​ និង​អត្ថប្រយោជន៍​ដែល​នឹង​កើត​ចេញពីកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​នានា​ដែល​កម្ពុជា​មាន​ជាមួយ​បណ្តា​ប្រទេស​នៅក្នុងតំបន់​។

ថ្លែង​នៅក្នុងពិធី​ចេញផ្សាយ​របាយការណ៍​ខាង​លើ​ នាយិកាគ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​ អ្នកស្រី ម៉ារីយ៉ាម សាលីម​ (Maryam Salim) ​លើក​ឡើង​ថា​ដើម្បី​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ កម្ពុជា​ចាំបាច់​ត្រូវ​ជួយ​ដល់​វិស័យ​ឯកជន​ឲ្យ​បំពេញ​មុខ​ងារ​ជាក្បាល​ម៉ាស៊ីន​កំណើន​មួយ​ ហើយ​កិច្ច​ការ​នេះ​អាច​សម្រេច​បាន​ ដោយ​ធ្វើ​សកម្មភាព​ភ្លាមៗ​ ក្នុង​ការ​កែលម្អ​ការ​បំពេញ​កិច្ច​របស់​វិស័យ​សាធារណៈ។ អ្នកស្រី​បន្ថែមថាកំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​នៅឆ្នាំ​២០២៣​ក្នុង​អត្រា​៥,៤ភាគរយ​ តែ​ថា​កំណើន​នេះ​ កើន​យឺត​ជាង​ការរំពឹង​ទុក​ដោយ​សារ​បញ្ហា​ប្រឈម​ផ្នែក​រចនា​សម្ពន្ធ។

អ្នកស្រី ម៉ារីយ៉ាម​ សាលីម​ នាយក​គ្រប់​គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​សុន្ទរកថា​ក្នុងពិធីប្រកាសចេញផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)​
អ្នកស្រី ម៉ារីយ៉ាម​ សាលីម​ នាយក​គ្រប់​គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ថ្លែង​សុន្ទរកថា​ក្នុងពិធីប្រកាសចេញផ្សាយ​របាយការណ៍​ស្តីពីបច្ចុប្បន្នភាព​សេដ្ឋកិច្ច​របស់​កម្ពុជា​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​២០២៣។ (ហ៊ុល រស្មី/វីអូអេ)​

អ្នកស្រីថ្លែង​ថា៖ «​ការងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ត​មាន​ជាមួយ​នឹង​កំណើន​ពិតប្រាដក​ដែល​ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ដល់​៥,៤ភាគរយ​នៅឆ្នាំ​២០២៣​ ដែល​កើន​ខ្ពស់​ជាង​អត្រា​៥,២​ ភាគ​រយ​នៅ​ឆ្នាំ​២០២២។ យ៉ាង​ណាក៏​ដោយ​ វា​មានការ​ចាំបាច់​ដែលត្រូវ​កត់​សម្គាល់​ថា​សកម្មភាព​សេដ្ឋកិច្ច​នៅ​ឆ្នាំ​នេះ​ មានភាព​យឺតយ៉ាវ​ជាងការ​ប៉ាន់​ស្មាន​ទុក​កាលពី​ពេលមុន​ ដោយសា​បញ្ហា​ប្រឈម​ផ្នែករចនាសម្ពន្ធ​ និង​ការ​ធ្លាក់​ចុះ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ក្រៅ​ប្រទេស​»។

នៅក្រោយការចេញផ្សាយរបាយការណ៍​ចុងក្រោយ​របស់ខ្លួន​ស្តីពីបច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ ធនាគារ​ពិភពលោក​បានឲ្យ​ដឹង​នៅ​ក្នុងសេចក្តីប្រកាស​មួយថា​ផ្នែក​ដឹកជញ្ជូន​និងប្រព័ន្ធ​ឡូ​ហ្ស៊ី​ស្ទិក​ដែល​សមត្ថភាព​នៅ​មានកម្រិត​ និង​ការ​ផ្គត់​ផ្គង់​ថាមពល​ដែល​ពិបាក​ទុក​ចិត្ត​បាន​ នៅ​តែ​បន្ត​ជា​បន្ទុក​ខ្ពស់​លើ​ចំណាយ​ថ្លៃ​ដើម​របស់​ធុរកិច្ច​ និង​របស់​អ្នកប្រើប្រាស់​ទូទៅ បើ​ទោះបី​ជាមាន​ការ​វិនិយោគ​ច្រើន​ទៅ​លើ​ហេដ្ឋា​រចនា​សម្ពន្ធ​សាធារណៈ​កន្លង​មក​ក្តី។

សេចក្តីប្រកាស​ដដែល​បានលើក​ឡើង​ទៀត​ថា​ នៅក្នុង​រយៈពេល​មធ្យម​ វិបត្តិ​ខាង​ក្រៅ​ដែល​មាន​ក្នុង​ពេល​តែ​មួយ​រួម​បញ្ចូល​ ការរាតត្បាត​ជំងឺ​ជា​សកល​ សង្គ្រាម​លុកលុយ​របស់​ប្រទេស​រុស្ស៊ី​ ទៅ​លើប្រទេស​អ៊ុយ​ក្រែន​ និង​អត្រា​ខ្ពស់​របស់​ការប្រាក់​លើ​ទីផ្សារ​អន្តរជាតិ​ ត្រូវបានរំពឹង​ថានឹង​នៅ​តែ​បន្ត​ធ្វើ​ជា​ឧបសគ្គ​ដល់​កំណើន​សេដ្ឋកិច្ច។

អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​របស់​ធនាគារ​ពិភពលោក​លោក លី សុដេត​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា​ កម្ពុជា​ត្រូវ​ប្រកាន់ជំហរ​បើក​ចំហ​ទទួល​យក​ការ​វិនិយោគ​ ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន នៅក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​នានា​។។

លោកថ្លែងថា៖ «ប្រទេស​យើង​ប្រទេស​តូច​ យើង​ត្រូវ​បើក​ សំខាន់​យើង​មិន​ត្រូវ​បិទ​ទេ​ ប្រទេស​យើង​ ប្រទេស​យើង​តូច។ កាលណា​ប្រទេស​យើង​តូច​ យើង​បិទ​ យើង​ដូច​ថា​ យើង​សម្លាប់​ខ្លួន​ហើយ​។ យើង​បើក​ យើង​ទទួល​ បាន​ន័យ​ថា​ ដូច​ខ្ញុំនិយាយ​មិញអ៊ីចឹង​។ បើសិន​ជា​ខាង​កាត់​ដេរនាំ​ចេញ​ អត់​សូវ​ ​នាំ​ចេញ​អត់សូវ​បាន​ អ៊ីចឹង​ អ្នកវិនិយោគ​គាត់​ដឹង​ហើយ​ កាត់​ដេរ​អត់​សូវ​បាន​ គាត់​មក​វិនិយោគ​រឿង​អី​ផ្សេង​។ គាត់​វិនិយោគ​រឿង​ធ្វើ​ solar panel [ផ្ទាំងសូឡា]​ គាត់​វិនិយោគ​រឿង​ធ្វើ​ខាង​សង្ហារិម វិនិយោគ​រឿង​អី​ផ្សេង រឿង​អេឡិកត្រូនិច​ ទាក់​ទង​គ្រឿង​ឡាន​គ្រឿង​អី»។

អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់ការិយាល័យ​ធនាគារពិភពលោក​ប្រចាំនៅកម្ពុជា លោក​លី​ សុដេត​ ផ្តល់​បទសម្ភាសន៍​ជាមួយអ្នកកាសែត​ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​
អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់ការិយាល័យ​ធនាគារពិភពលោក​ប្រចាំនៅកម្ពុជា លោក​លី​ សុដេត​ ផ្តល់​បទសម្ភាសន៍​ជាមួយអ្នកកាសែត​ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)​

លោក​បន្ថែមថា៖«អ៊ីចឹង​ គឺ​យើង​ កាល​ណា​យើង​បើក​ យើង យើង​ធ្វើ​ម៉េច​ឲ្យ​business [​ជំនួញ​] ហ្នឹង​វា​ គេមក​រក​ស៊ី​នៅ​ស្រុក​យើង​ បាន​ស្រួល​ ដូចយើង​និយាយ​អ៊ីចឹង​ doing business [ការ​ធ្វើជំនួញ​] អ៊ីចឹង​ ឲ្យ​business ហ្នឹង​ចូល​មក​ គេ​រក​ស៊ីបាន យើងជួយ​គេ​ ខាង​រដ្ឋាភិបាល​យើង​ជួយ​គេ​ ឲ្យ​គេ​ទាក់ទង​តាំង​ពី​រឿង​ tax [ពន្ធ​]​ តាំង​រឿង​ច្បាប់​តាំងរឿង​ទម្លាប់​អី​ គេ​ដើរ​ស្រួល​ គឺ​គេមក​រក​ស៊ី​ហើយ​»។

បើតាម​របាយការណ៍​ស្តីពី​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ច​កម្ពុជា​របស់​ធនាគារ​ពិភពលោក​ ឆ្ពោះ​ទៅ​មុខ​កំណើន​សេដ្ឋកិច្ច​អាច​នៅ​តែ​រង​ផល​ប៉ះពាល់​បន្ថែម​ទៀត​ពី​ការ​ចុះខ្សោយ​នៃ​តម្រូវ​ការពិភពលោក​ ឬពី​ការ​ឡើងថ្លៃ​ប្រេង​ឥន្ធនៈ​ និង​ថ្លៃ​ស្បៀង​អាហារ​ឡើងវិញ​។ នៅក្នុង​ស្រុក​ ការកើន​ឡើង​នៃ​បំណុល​គ្រួសារ​ និង​ឥណទាន​ក្នុង​ស្រុក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ នៅ​តែ​ជាហានិភ័យ​ដដែល។

ចំពោះការនាំចេញ​ទៅក្រៅ​ប្រទេស​ របាយការណ៍​ដដែលរបស់​ធនាពិភពលោក​បាន​បង្ហាញ​ថា​ ការ​វិនិយោគលើ​ការ​ផលិត​ទំនិញ​ រួម​ទាំង​សម្លៀក​បំពាក់​ និង​ការ​នាំចេញ​ទំនិញ​សម្រេច​បាន​ធ្លាក់​ចុះ​ ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញអំពី​តម្រូវ​ការ​ទាប​នៅ​លើ​ទីផ្សារ​ពិភពលោក។ ជា​លទ្ធផល​ ការងារ​នៅផ្នែក​ឧស្សាហកម្ម​ផលិត​កម្ម​បាន​ធ្លាក់​ចុះ​៥ភាគរយ​ ដែល​ញាំង​ឲ្យ​អាជ្ញាធរ​ធ្វើ​អន្តរាគមន៍​ផ្តល់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​កម្មករ​ដែល​ត្រូវបាន​បញ្ឈប់​ពីការងារ។ ក្នុងវិស័យ​ទេសចរណ៍​ ទោះបី​មាន​ភ្ញៀវ​អន្តរជាតិចូល​ប្រទេស​វិញ​ជា​ហូរហែ​ក៏ដោយ​ ក៏ប្រាក់​ចំណូល​នៅ​តាម​គោល​ដៅ​ទេស​ចរណ៍​សំខាន់​ៗ​មួយ​ចំនួន​ នៅ​តែ​មាន​ចំនួន​ទាប​ជាង​កម្រិត​មុន​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​នៅ​ឡើយ។​

សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​មួយរូប​ទៀត​លោក​ Faya Hayati បាន​ឲ្យ​ដឹង​នៅក្នុង​បទ​បង្ហាញ​មួយ​ថា​កម្ពុជា​ត្រូវ​ធ្វើការ​កែទម្រង់​ក្នុង​វិស័យអប់រំ​ដល់​ពលរដ្ឋ​ និង បណ្តុះ បណ្តាល​ជំនាញ​ដល់​កម្លាំង​ពលកម្ម​របស់​ខ្លួន​ផងដែរ​ ដើម្បី​បង្កើន​ផលិត​ភាពការងារ​ និងការ​ប្រកួត​ប្រជែង​នៅក្នុង​តំបន់​។

លោក​ប្រាប់​វីអូអេថា​៖«អ្នកដឹង​ទេ​ ឥឡូវ​នេះ​ នៅ​កម្ពុជា​ ជាមធ្យម​ ថ្នាក់​រៀន​មួយបន្ទប់មានសិស្ស​៤៤​នាក់​ ហើយ​និង​គ្រូម្នាក់​ ដែល​វាច្រើន​ជាង​ពីរដង ទៅនឹង​អ្វីដែល​មាន​នៅប្រទេស​វៀតណាម​។ ហើយ​ម្នាក់​ក្នុង​ចំណោមក្មេងៗ​កម្ពុជា​៣នាក់ បានរៀនថ្នាក់​ដដែល​ឡើងវិញ ដែល​វាខ្ពស់​ជាង​ប្រទេស​ថៃ​ និង​វៀតណាម​ ៥ដង។ ដូច្នេះ​ ប្រព័ន្ធ​អប់រំ​ ចាំបាច់​ត្រូវ​តែ​កែម្រួល​តាំងពី​កម្រិត​មូលដ្ឋាន​មក​វិញ ​ដោយ​ចាប់​ផ្តើម​តាំង​ពី​ការ​អប់រំ​នៅមុន​វ័យ​កុមារភាព​ ព្រោះ​អ្នកដឹង​ទេ​ ក្នុងចំណោម​កុមារ​កម្ពុជា​២​នាក់​ មាន​មិន​សឹង​មិនដល់​ម្នាក់​ផង​ដែលបាន​ទទួលការ​អប់រំនៅ​មុន​វ័យកុមារភាព ប៉ុន្តែ​កុមារ​នៅ​វៀត​ណាម​សឹង​តែ​១០០ភាគរយ​ដែល​បាន​ទទួល​ការ​អប់រំដូច​ជា​នៅមុន​វ័យ​កុមារភាព​។ ដូច្នេះ​បើ​អ្នកដឹង​ពីបញ្ហា​ នៃ​បង្កើត​ខ្សែសង្វាក់​ផលិត​កម្ម​ និង​ការ​បង្កើន​មូល​ធន​មនុស្ស​ វា​ត្រូវ​ចាប់​ផ្តើម​តាំង​ពី​មុនវ័យ​កុមារ​ភាព​រហូត​ទៅ​ដល់​កម្រិត​វិទ្យាល័យ​»។

អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់ការិយាល័យ​ធនាគារពិភពលោក​ប្រចាំនៅកម្ពុជាលោក​ Fay Hayati និយាយជាមួយអ្នកកាសែត​ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)
អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​របស់ការិយាល័យ​ធនាគារពិភពលោក​ប្រចាំនៅកម្ពុជាលោក​ Fay Hayati និយាយជាមួយអ្នកកាសែត​ នៅទីក្រុង​ភ្នំពេញ​ ថ្ងៃទី​២២ ខែវិច្ឆិកា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ​)

បើតាម​បទបង្ហាញរបស់​លោក​ Faya Hayati ​ ការចុះ​ឈ្មោះ​ចូលរៀន​នៅ​អនុវិទ្យាល័យ​មាន​អត្រា​ទាប​ ដោយសារ​បញ្ហា​ជីវភាព​ដែល​តម្រូវ​ឲ្យកុមារ​ជួយ​រក​ចំណូល​ផ្គត់​ផ្គង់​គ្រួសារ​។ បទ​បង្ហាញ​បាន​ឲ្យ​ដឹង​ទៀតថា​ ក្នុងចំណោម​កុមារ​កម្ពុជា​ដែល​មាន​អាយុ​១៥​ឆ្នាំ​ មាន​កុមារ​តែ​៣ភាគរយ​ ប៉ុណ្ណោះ​ដែល​មាន​សមត្ថភាព​កម្រិត​មូលដ្ឋាន​លើ​មុខ​វិជ្ជា​គណិត​វិទ្យា ហើយក្នុង​ចំណោម​កុមារ​កម្ពុជា​ដែល​មាន​អាយុ​១៥​ឆ្នាំ​ មាន​កុមារ​តែ​២ភាគរយ​ប៉ុណ្ណោះ​ ដែលមាន​សមត្ថភាព​កម្រិត​មូលដ្ឋាន​លើ​មុខ​វិជ្ជា​អំណាន។ ជាងនេះ​ទៅទៀត​ ក្នុង​ចំណោម​កុមារ​កម្ពុជា​ដែល​មាន​អាយុ​១៥​ឆ្នាំ​ មាន​កុមារ​តែ​១ភាគ​រយ​ប៉ុណ្ណោះ​ ដែល​មាន​សមត្ថភាព​កម្រិត​មូលដ្ឋាន​លើ​មុខ​វិជ្ជា​វិទ្យាសាស្ត្រ។

​រដ្ឋលេខាធិការ​ប្រចាំការ​នៃទីស្តីការ​គណៈរដ្ឋមន្ត្រី​លោក​ហ៊ីង ថូរ៉ាស៊ី​ ដែល​មាន​វត្តមាន​កំឡុង​ពេល​នៃ​ការ​ចេញ​ផ្សាយ​របាយការណ៍​ចុង​ក្រោយ​ស្តីពីបច្ចុប្បន្ន​ភាពសេដ្ឋកិច្ច​កម្ពុជា​កាលពីព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចោទ​សួរ​លើ​ការស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក ទាក់​ទង​នឹង​កំណើន​សេដ្ឋកិច្ច និង​ស្ថានភាព​អប់​រំ​កុមារ​នៅ​កម្ពុជា។ លោក​ថាការ​វាយតម្លៃលើកម្រិត​យល់​ដឹង និងការ​សិក្សារបស់​កុមារ​ និង​សិស្សកម្ពុជា ហាក់ដូចជា​ប្រាសចាកពី​ស្ថានភាព​ជាក់​ស្តែង។

លោក​ថ្លែង​ថា៖«ខ្មែរ​យើងទៅរៀន​នៅ​បរទេស​ កូន​ក្មេង​ គេថា​ គាត់​ខ្សោយ​ ប៉ុន្តែ​ម៉េច​ក៏គាត់​បាន​ពិន្ទុខ្ពស់​ៗ​ម្ល៉េះ​ GPA គាត់​ខ្ពស់​សឹង​៤ចុច ច្រើន​ ហើយ​ម៉េច​ក៏គេ​ថា​ យើង​ខ្សោយ...ហើយ​យើង​បាន​ឈ្នះ​នៅ​ខាង​ mathematic [គណិត​វិទ្យា] in Olympia many times [នៅ​អូឡាំព្យា​ច្រើនដង​]...I'm not sure about this reference [ខ្ញុំមិនច្បាស់​អំពីឯកសារ​យោង​នេះ»។

ដោយ​ឡែ​ក​ ឧបនាយករដ្ឋ​មន្ដ្រីប្រចាំការ​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី លោក​វង្សី វិស្សុត បាន​ថ្លែង​ថា​នឹង​មានការ​ពិភាក្សា​គ្នា​ទៅ​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ស្តីពីស្ថានភាព​សេដ្ឋ​កិច្ច​កម្ពុជា​ ទាក់​ទិន​ការប្រើប្រាស់​តួលេខ​ដើម្បី​វិភាគ​ និង​រៀបចំគោល​នយោបាយដែល​លោក​យល់​ថា​ មិន​ត្រឹម​ត្រូវ​។

លោកបន្ថែមថា រដ្ឋាភិបាល​អណត្តិថ្មី​បានផ្តល់​អាទិភាព​លើ​ការពង្រឹង​វិស័យ​សាធារណៈ​ដែល​ជា​ចលករ​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច និងកែលម្អ​វិស័យផ្សេង​ទៀត​ស្របតាម​យុទ្ធ​សាស្ត្រ​បច្ចុកោណ​តំណាក់​កាលទី​មួយ​។

លោកថ្លែងថា៖ «​ចង់ determine [កំណត់ថា​] ​next 20 years 30 years [នៅក្នុង​រយៈពេល​២០ ឆ្នាំ​ ឬ​៣០ឆ្នាំខាងមុខ] យ៉ាង​ម៉េច​ គឺ​ចាប់​ផ្តើម​ពីការ​រៀបចំ​រដ្ឋាភិបាល​ រៀបចំ​វិស័យ​សាធារណៈ​ ហើយ​បាន​ចេញ​ទៅ​បញ្ហា​ធនធាន​មនុស្ស​...ព្រោះកន្លែង​ចង់​ឲ្យ​ខ្លួន​យើង​ពូកែ​ ទាល់​វិស័យ​ education​ [អប់រំ​] ហ្នឹង​ល្អ រដ្ឋបាល​ហ្នឹង​ល្អ​ សេវាសាធារណៈ​ល្អ​។ បើរដ្ឋបាលមិន​ល្អ​ ផ្តល់​សេវា​សាធារណៈ​មិន​ល្អ​ អត់​មាន​គុណភាព​ វានៅ​តែ​អត់​ប្រយោជន៍​ដែរ។ រដ្ឋាភិបាល​ជា​អ្នក​រៀបចំ​គោល​នយោ បាយ​ ជាអ្នក​អនុវត្ត​គោល​នយោបាយ​ ជាអ្នកតាម​ដាន និង​វាយ​តម្លៃ​គោល​នយោបាយ​។ បើយើង​គ្មាន​រដ្ឋាភិបាល​ និងវិស័យ​សាធារណៈ​ ​ដែល​ខ្លាំង....​វាទៅណា​ក៏អត់​រួច​នៅ​ចំពោះ​មុខ​ បញ្ហា​ប្រឈម​ធំៗ​ ដែលមាន​លក្ខណៈ​មិន​ធ្លាប់​មាន​ពីមុន​មក​ unprecedented [ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​] ដូច​ជា climate change ដូច​ជា​បញ្ហា pandemic [ជំងឺ​រាតត្បាត​សាកល] ដូច​ជា​ស្អីថ្មី​ យើង​ត្រូវ​ការ​ strong public sector [វិស័យសាធារណៈ​ដែល​ខ្លាំង​]»។

យ៉ាង​ណាក៏ដោយ ធនាគារ​ពិភពលោក​ថ្លែង​ថា​របាយការណ៍​ខ្លួន​មាន​ផ្នែក​ផ្តោត​ពិសេស​មួយ​ ដែល​គូស​រំលេច​អំពីកំណែ​ទម្រង់​រចនាសម្ព័ន្ធ​ដែល​អាច​ជួយ​កម្ពុជា​ ជំរុញ​ឲ្យ​មាន​កំណើន​ប្រកប​ដោយ​ចីរភាព​ និង​តាម​លំនាំ​ដែលមាន​ផលិត​ភាព​នាំ​មុខ​។ កំណែទម្រង់​ទាំងនោះ​ រួមមាន​ដូច​ជា​ ការ​កែលម្អ​បរិយាកាស​ធុរកិច្ច ដើម្បីបង្កើន​ផលិតភាព​ និងការប្រកួត​ប្រជែង ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ពន្ធ​ និងបណ្តាញ​តភ្ជាប់​ផ្លូវ​ និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជំនាញ​របស់​កម្លាំង​ពល​កម្មជាដើម៕

XS
SM
MD
LG