ពួកមន្ត្រីតៃវ៉ាន់និយាយថាចិនបានបាញ់គ្រាប់ផ្លោងមីស៊ីលចំនួន ១១ គ្រាប់ធ្លាក់នៅជិតឆ្នេរសមុទ្រកោះនេះកាលពីថ្ងៃព្រហស្បតិ៍ ទី ៤ ខែសីហា ដែលនេះគឺជាសមយុទ្ធយោធាធំបំផុតនិងបង្ករឿងខ្លាំងបំផុតដែលមិនធ្លាប់មានពីមុនក្នុងច្រកសមុទ្រតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនម្នាក់បានបន្ទោសសហរដ្ឋអាមេរិកចំពោះភាពតានតឹងនេះ។
ថាតើស្ថានភាពនេះនឹងក្លាយជាភាពធម្មតាថ្មីឬបែបណា អ្នកស្រីនិយាយថាការណ៍នេះ«អាស្រ័យលើសកម្មភាពរបស់ភាគីសហរដ្ឋអាមេរិកនិងកម្លាំងទាមទារបំបែករដ្ឋនៃឯករាជ្យភាពតៃវ៉ាន់»។
រដ្ឋាភិបាលចិនខឹងសម្បាខ្លាំងនឹងទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក ដែលទស្សនកិច្ចនោះបានបញ្ចប់កាលពីថ្ងៃពុធ ទី៣ ខែសីហា។ រដ្ឋាភិបាលក្រុងប៉េកាំងយល់ឃើញថាដំណើរទស្សនកិច្ចនេះជាឧបសគ្គមួយដល់ការអះអាងទាមទាររបស់ខ្លួនលើកោះតៃវ៉ាន់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មានប្រសាសន៍ថាប្រទេសចិនបង្កើនភាពតានតឹងដោយចេតនា។ លោកថ្លែងថា៖
«ខ្ញុំចង់គូសបញ្ជាក់ថាគោលជំហររបស់យើងមិនប្រែប្រួលទេ ហើយខ្ញុំសង្ឃឹមយ៉ាងមុតមាំថារដ្ឋាភិបាលក្រុងប៉េកាំងនឹងមិនបង្កើតវិបត្តិឬរកលេសដើម្បីបង្កើនសកម្មភាពយោធាដ៏គឃ្លើនរបស់ខ្លួននោះទេ»។
នៅក្នុងទីក្រុងតៃប៉ិ ការរស់នៅមានស្ថានភាពដូចធម្មតា។ ពលរដ្ឋរស់នៅក្នុងក្រុងនេះនិយាយថា ពួកគេរស់នៅជាមួយការគំរាមកំហែងរបស់ប្រទេសចិនរាប់ទសវត្សរ៍មកហើយ។ លោក Chen Kuan-Ting ជាប្រធានក្រុមស្រាវជ្រាវមួយមានមូលដ្ឋាននៅទីក្រុងតៃប៉ិ។ លោកថ្លែងថា៖
«យើងនឹងបន្តជីវភាពរស់នៅរបស់យើងតាមធម្មតា។ ប្រជាជនតៃវ៉ាន់ភាគច្រើននឹងបន្តជីវភាពរស់នៅតាមធម្មតារបស់ពួកគេតទៅទៀត។ នេះគឺជាវិធីដ៏ល្អបំផុតដើម្បីធ្វើឱ្យចិនអាក់អន់ចិត្តឬប្រឆាំងនឹងចិន»។
ទោះជាចិនអះអាងទាមទារថាកោះតៃវ៉ាន់ជាផ្នែកមួយរបស់ដែនដីខ្លួនក៏ដោយ ក៏ប្រជាជនច្រើនលើសលប់នៅលើកោះនេះគាំទ្រស្ថានភាពនៅដដែលលើកោះនេះ។ ការស្ទង់មតិមួយកាលពីឆ្នាំទៅបង្ហាញថាមានប្រជាជនតៃវ៉ាន់តែ ១,៦ ភាគរយប៉ុណ្ណោះដែលគាំទ្រការបង្រួបបង្រួមជាមួយប្រទេសចិនដីគោក៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ