ប្រទេសចិនបានបញ្ជូនយន្តហោះនិងនាវាចម្បាំងជាច្រើនគ្រឿងឆ្លងកាត់ខ្សែបន្ទាត់កណ្តាលដ៏រសើបនៃច្រកសមុទ្រតៃវ៉ាន់នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ ខណៈខ្លួនកំពុងបន្តធ្វើសមយុទ្ធយោធាដែលជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi មកកាន់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារកន្លងទៅ។ នេះបើតាមការឱ្យដឹងរបស់មន្ត្រីនៃក្រសួងការពារជាតិកោះតៃវ៉ាន់។
យោធាតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះស៊ើបយកការណ៍និងកង នាវាជើងទឹករបស់ខ្លួនកំពុងតាមដានសកម្មភាពយោធារបស់ចិន ដែលតៃវ៉ា់ន់ហៅថា ជា «ការបង្កហេតុដ៏ខ្លាំង»នោះ។ នេះជាថ្ងៃទី២ជាប់ៗគ្នាហើយដែលយន្តហោះនិងនាវាចម្បាំងរបស់ចិនបានឆ្លងចូលដែនទឹកដែលកំណត់ព្រំដែនសមុទ្រជាមួយកោះតៃវ៉ាន់នោះ។
ប្រទេសចិនដីគោកបានប្រកាសធ្វើសមយុទ្ធយោធារយៈពេល៤ថ្ងៃនៅក្នុងតំបន់ដែលគេបានកំណត់ចំនួន៦នៅជុំវិញកោះតៃវ៉ាន់។ ការធ្វើសមយុទ្ធយោធានេះ កំពុងបង្កើននូវការភ័យខ្លាចដែលអាចមានការយល់ច្រឡំ បើទោះបីជារហូតមកដល់ពេលនេះ មន្ត្រីតៃវ៉ាន់និងអាមេរិកនិយាយថា ពួកគេមិនមានបំណងដើម្បីធ្វើឱ្យស្ថានភាពនោះតានតឹងក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ប្រទេសចិនបានបាញ់កាំជ្រួចមីស៊ីលយ៉ាងហោចណាស់ក៏១១គ្រាប់ផងដែរទៅលើផ្ទៃទឹកនៅជិតឆ្នេរនៃកោះតៃវ៉ាន់។ បើតាមមន្ត្រីក្រសួងការពារជាតិជប៉ុនបានឱ្យដឹងថា មានកាំជ្រួចមីស៊ីលចិនយ៉ាងហោចណាស់ក៏៤គ្រាប់ដែរបានហោះរំលងលើកោះតៃវ៉ាន់នៅក្នុងអ្វីដែលអ្នកវិភាគស្តីពីវិស័យការពារជាតិជាច្រើននាក់បានពណ៌នាថា ជាការបង្កហេតុមួយដែលមិនធ្លាប់មានពីមុនមក។
មានកាំជ្រួចមីស៊ីលរបស់ចិនចំនួន៥គ្រាប់បានធ្លាក់នៅលើតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ដែលធ្វើឱ្យរដ្ឋាភិបាលក្រុងតូក្យូធ្វើការថ្កោលទោសយ៉ាងខ្លាំងទៅលើរឿងនេះ។
«សកម្មភាពរបស់ចិនបានបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើស្ថិរភាពនិងសន្តិភាពក្នុងតំបន់និងពិភពលោក»។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃសុក្រនេះ បន្ទាប់ពីលោកបានជួបជាមួយប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ដែលបានធ្វើដំណើរមកដល់រាជធានីតូក្យូប្រទេសជប៉ុនដែលជាប្រទេសចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកស្រីនិងគណៈប្រតិភូសភាអាមេរិកនៅក្នុងតំបន់អាស៊ីនោះ។
ប្រទេសចិនដីគោកមានការខឹងសម្បាជាខ្លាំងអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកលោកស្រី Nancy Pelosi ដែលបានមកកោះតៃវ៉ាន់ក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពជាមួយដែនកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនិងមានប្រជាជនចំនួន២៤លាននាក់៕