ប្រទេសឥណ្ឌា បានរឹតបន្តឹងច្បាប់ពាណិជ្ជកម្មសម្រាប់ប្រទេសជិតខាងក្នុងវិធានការមួយដែលត្រូវបានគេមើលឃើញថា មានគោលដៅទៅលើប្រទេសចិន ខណៈដែលជម្លោះនៅតាមបណ្តោយព្រំដែនរបស់ពួកគេដែលជាប់នឹងភ្នំហិមាល័យ បានធ្វើឲ្យចំណងទាក់ទងនៃមហាប្រទេសទាំងពីរនៅអាស៊ីនេះ ធ្លាក់ចុះដល់ចំណុចទាបបំផុត ក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ។
នៅក្នុងច្បាប់ថ្មី ដែលបានចេញនាពេលថ្មីៗនេះ ប្រទេសឥណ្ឌាបាននិយាយថា ក្រុមហ៊ុនមកពីប្រទេសដែលមានព្រំដែនជាប់នឹងខ្លួន នឹងតម្រូវឲ្យមានការឆែកពិនិត្យផ្នែកនយោបាយ និងសន្តិសុខពីក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ឥណ្ឌា ដើម្បីអាចចូលរួមដេញថ្លៃកិច្ចសន្យារបស់រដ្ឋាភិបាល។
រដ្ឋាភិបាលឥណ្ឌាថា វិធានការនេះ គឺដើម្បីពង្រឹងការការពារប្រទេសឥណ្ឌា និងសន្តិសុខជាតិ។
អ្នកជំនាញពាណិជ្ជកម្មបាននិយាយថា ខណៈពេលដែលច្បាប់ថ្មីនេះ មិនបានចេញឈ្មោះប្រទេសចិនមែន តែវិធានការថ្មីនេះ នឹងជះឥទ្ធិពលដល់ក្រុមហ៊ុនចិនដែលកំពុងស្វែងរកវិធីដើម្បីវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសឥណ្ឌា។
លោក Biswajit Dhar ជាអ្នកវិភាគពាណិជ្ជកម្ម និងជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Jawaharlal Nehru University នៅទីក្រុងញូវ ដែលី បានលើកឡើងថា គឺគម្រោងធំៗ ដែលនឹងរងផលប៉ះពាល់។ ទាំងនេះ គឺជាការវិនិយោគធំៗ។ ឥណ្ឌា ពឹងផ្អែកទៅលើប្រទេសចិនយ៉ាងខ្លាំង ចំពោះគម្រោងធំៗដូចនេះ»។
នេះ គឺជាវិធានការចុងក្រោយនៅក្នុងចំណោមវិធានការមួយចំនួនដែលផ្តោតទៅលើការវិនិយោគរបស់ចិននៅក្នុងប្រទេសឥណ្ឌា គ្រាដែលទីក្រុងញូវដែលី វាយតម្លៃឡើងវិញនូវទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងទីក្រុងប៉េកាំង។
កាលពីខែមិថុនាកន្លងទៅនេះ ប្រទេសឥណ្ឌា បានហាមឃាត់កម្មវិធី appដែលភាគច្រើនជារបស់ចិនចំនួន ៥៩ ក្នុងនោះរួមទាំងកម្មវិធី TikTok ដ៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ ដែលនេះ គឺជាអ្វីដែលរដ្ឋមន្រ្តីថ្នាក់សហព័ន្ធលោក Ravi Shankar Prasad បានពណ៌នាថា ជា«កូដកម្មឌីជីថល» ដែលធ្វើឡើងដើម្បីការពារទិន្នន័យរបស់ប្រជាពលរដ្ឋ។
កាលពីខែមេសា រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ខ្លួននឹងត្រួតពិនិត្យទៅលើការវិនិយោគរបស់បរទេស ដែលមកពីប្រទេសដែលមានព្រំដែនគោកជាប់នឹងខ្លួន។
ខណៈពេលដែលវិធានការទាំងនេះ នឹងជះឥទ្ធិពលតិចតួចដល់សេដ្ឋកិច្ចចិនដែលមានសេដ្ឋកិច្ចធំខ្លាំងជាងឥណ្ឌានោះ ឥណ្ឌានឹងបង្អាក់ទំនាក់ទំនងពាណិជ្ជកម្មមួយ ដែលបានរីកដុះដាលអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយនឹងដែលបានធ្វើឲ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី២ របស់ខ្លួននោះផងដែរ។
ក៏ប៉ុន្តែ គ្រាដែលទីក្រុងញូវ ដេលី ព្យាយាមផ្តាច់ខ្លួនពីការពឹងផ្អែកទៅលើទីក្រុងប៉េកាំង ដែលធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចកាន់តែយ៉ាប់យ៉ឺននោះ ឥណ្ឌានឹងជួបប្រទះការខាតបង់ ដោយហេតុថា ប្រទេសចិន មានវត្តមាននៅក្នុងគម្រោងជាច្រើន ចាប់ពីហេដ្ឋារចនាសម្ព័ន្ធ រហូតដល់បច្ចេកវិទ្យា។
លោក Biswajit Dhar បានលើកឡើងទៀតថា៖
«សំណួរសំខាន់បំផុត គឺថាតើលោកអ្នក នឹងបដិសេធមិនឲ្យប្រទេសចិនចូលក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ឥណ្ឌា ឬ? តើនឹងមានប្រទេសណា ដែលនឹងចូលមកជំនួសចិនទេ? ប្រសិនបើលោកអ្នកមើលឲ្យបានទូលំទូលាយជាងនេះ គឺប្រទេសចិនដែលមានប្រាក់ច្រើនជាងគេ ទាក់ទងនឹងការធ្វើវិនិយោគ និងការផ្គត់ផ្គង់ឧបករណ៍នោះ»។
នៅពេលដែលប្រទេសឥណ្ឌា ព្យាយាមកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើទីក្រុងប៉េកាំង ប្រទេសឥណ្ឌា កំពុងអំពាវនាវដល់ក្រុមហ៊ុនអាមេរិកឲ្យបង្កើនការវិនិយោគលើវិស័យជាច្រើន ដូចជាបច្ចេកវិទ្យា ថាមពល ការការពារ និងអវកាស។
នៅក្នុង«កិច្ចប្រជុំកំពូលគំនិតឥណ្ឌា»ដែលរៀបចំឡើងតាមអ៊ីនធឺរណិតដោយក្រុមប្រឹក្សាធុរកិច្ចឥណ្ឌាអាមេរិក កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានថ្លែងថា៖ « ការរីកចម្រើនរបស់ឥណ្ឌាមានន័យថា ការកើនឡើងនូវឱកាសពាណិជ្ជកម្មជាមួយប្រទេសមួយដែលលោកអ្នកអាចទុកចិត្តបាន»។
នៅឯវេទិកាដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បាននិយាយថា ប្រទេសឥណ្ឌាមានឱកាសដើម្បីផ្លាស់ប្តូរ«ខ្សែសង្វាក់ផ្គត់ផ្គង់ ឲ្យចេញឆ្ងាយពីប្រទេសចិន និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនទៅលើក្រុមហ៊ុនចិន នៅក្នុងវិស័យដូចជា ទូរគមនាគមន៍ សម្ភារៈផ្គត់ផ្គង់វេជ្ជសាស្រ្ត និងវិស័យផ្សេងៗទៀត»។
លោក Pompeo បានថ្លែងទៀតថា៖
« ឥណ្ឌាស្ថិតនៅក្នុងតួនាទីនេះ ពីព្រោះឥណ្ឌាបានទទួលការជឿទុកចិត្តពីបណ្តាប្រទេសជាច្រើននៅលើពិភពលោករួមទាំងសហរដ្ឋអាមេរិកផងដែរ»។
ការអំពាវនាវឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក បានកើនឡើង ចាប់តាំងពីមានការប្រឈមមុខរបស់យោធាឥណ្ឌាជាមួយចិនមក។
ទីក្រុងញូវ ដែលី និងទីក្រុងប៉េកាំង បានដាក់ពង្រាយទាហានរាប់ពាន់នាក់នៅតាមព្រំដែនដែលមិនមានកំណត់ជាផ្លូវការជាក់លាក់ ស្ថិតនៅភាគខាងកើតតំបន់ Ladakh ដែលធ្លាប់មានការប៉ះទង្គិចគ្នាមួយ ដែលបានសម្លាប់ទាហានឥណ្ឌា ២០ នាក់ កាលពីខែមិថុនាកន្លងទៅនេះ។
កិច្ចចរចានានា កំពុងបន្តដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាខាងយោធា ក៏ប៉ុន្តែ កិច្ចប្រឹងប្រែងក្នុងការដកទ័ពមកវិញ បានធ្វើឲ្យលទ្ធផលនៃកិច្ចពិភាក្សាទាំងនោះ មានកំណត់រហូតមកដល់ពេលនេះ៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់