ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរាប់​សន្លឹកឆ្នោត​ឡើងវិញ​នៅ​រដ្ឋ Wisconsin បញ្ជាក់​ថា លោក Biden ឈ្នះ​លោក Trump


ប្រជាពលរដ្ឋ កាន់​ផ្ទាំង​អក្សរ​ដែល​សរសេរ​ថា «សម្រេចចិត្តហើយ» នៅ​ខាងក្រៅ​មជ្ឈមណ្ឌល Wisconsin មុន​ពេល​ការរាប់​សន្លឹក​ឆ្នោត​ឡើងវិញ នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​គេ​សន្មត់​ថា​ ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ៨៧ បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋ Wisconsin ក្រោយ​ពេល​ដែល​ការ​រាប់​សនឹ្លកឆ្នោត​ឡើង​វិញ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ចំនួន ២ ម៉ឺន​សំឡេង​លើស​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​នេះ។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ចំណាយ​ប្រាក់​ចំនួន ៣ លាន​ដុល្លារ​សម្រាប់​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ចំនួន ៨ សែន​សន្លឹក​នៅ​ក្នុង​តំបន់​ចំនួន​ពីរ ដែល​មាន​ការ​គាំទ្រ​ខ្លាំង​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ គឺ​ទីក្រុង Milwaukee ដែល​ជា​ទីក្រុង​ធំ​បំផុត​នៅ​ក្នុង​រដ្ឋ​នេះ និង​ទីក្រុង Madison ដែល​ជា​ទីក្រុង​ចម្បង​នៃ​រដ្ឋ​នេះ ដោយ​សង្ឃឹម​ថា ពួកគេ​អាច​កែប្រែ​ជ័យជម្នះ​របស់​លោក Biden បាន។ ប៉ុន្តែ ផ្ទុយទៅវិញ លោក Trump បាន​បរាជ័យ​នៅ​ក្នុង​ការ​ព្យាយាម​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​រដ្ឋ Wisconsin នេះ។

លទ្ធផល​បោះឆ្នោត​មិន​ផ្លូវការ​នៅ​ទូទាំង​ប្រទេស​បង្ហាញ​ថា លោក Biden ទទួល​បាន​អង្គ​បោះឆ្នោត​សរុប​ចំនួន ៣០៦ រី​ឯ​លោក Trump វិញ ទទួល​បាន ២៣២។ អង្គ​បោះឆ្នោត​នេះ​ គឺ​ជា​អ្នក​ដែល​កំណត់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក។ បេក្ខជន​ម្នាក់ៗ​តម្រូវ​ឲ្យ​ទទួល​បាន​អង្គ​បោះឆ្នោត​យ៉ាង​តិច​ចំនួន ២៧០ នាក់​ក្នុង​ចំនួន​អង្គ​បោះឆ្នោត​សរុប ៥៣៨ នាក់ ដើម្បី​បាន​ក្លាយជា​ប្រធានាធិបតី។ ការ​បោះឆ្នោត​របស់​អង្គ​បោះឆ្នោត​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៤ ខែធ្នូ​ខាង​មុខ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG