អភិបាលរដ្ឋ Pennsylvania បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា លោក Joe Biden ត្រូវបានគេប្រកាសជាផ្លូវការថាជាអ្នកឈ្នះការបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។
លោកអភិបាលរដ្ឋ Tom Wolf បានបង្ហោះសារនៅលើ Twitter ថា មន្ទីរកិច្ចការរដ្ឋ Pennsylvania បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការថាលោក Biden ជាអ្នកឈ្នះ។ លោក Wolf ថ្លែងដូច្នេះថា៖ «ដោយតម្រូវតាមច្បាប់សហព័ន្ធ ខ្ញុំបានចុះហត្ថលេខាទទួលស្គាល់ក្រុមអង្គបោះឆ្នោតសម្រាប់លោក Joe Biden និងអ្នកស្រី Kamala Harris»។
ជ័យជម្នះរបស់លោក Biden ធ្វើឲ្យលោកប្រធានាធិបតិ Donald Trump មិនអាចទទួលបានអង្គបោះឆ្នោតចំនួន ២០ របស់រដ្ឋ Pennsylvania។
លទ្ធផលបោះឆ្នោតផ្លូវការនៅក្នុងរដ្ឋ Pennsylvania បានបង្ហាញថា លោក Biden ទទួលបានការគាំទ្រចំនួន ៣ លាន ៤ សែន ៦ ម៉ឺនសំឡេង ចំណែកឯលោក Trump វិញ បានចំនួន ៣ លាន ៣ សែន ៨ ម៉ឺនសំឡេង ហើយអ្នកស្រី Jo Jorgensen នៃគណបក្សអ្នកសេរីនិយម បានចំនួន ៧៩.០០០ សំឡេង៕