ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាក្នុងឱកាសបុណ្យសង្រួមចិត្តលោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតបានសុំឱ្យជនជាតិអាមេរិកចូលរួមជាមួយលោកក្នុងគោលបំណងដើម្បីប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងការបែកបាក់ផ្នែកនយោបាយខណៈ បុរសដែលលោកនឹងជំនួសគឺលោកប្រធានាធីបតី Donald Trump បន្តធ្វើយុទ្ធនាការកាន់តែចុះខ្សោយដើម្បីប្រែក្រឡះ«លទ្ធផលការបោះឆ្នោត»។
នៅក្នុងសុន្ទរកថាមួយថ្ងៃមុនបុណ្យរំឭកគុណ Thanksgiving ទៅកាន់ប្រទេសជាតិកាលពីថ្ងៃពុធ លោក Biden បានផ្តោតលើវិបត្តិកូវីដ១៩កាន់តែធ្ងន់ធ្ងរនេះ ដោយប្តេជ្ញាប្រើអំណាចធំធេងរបស់រដ្ឋាភិបាលសហព័ន្ធនិងបន្ថយជំងឺនេះនៅពេលលោកចូលកាន់តំណែង។ប៉ុន្តែលោកថាដើម្បីធ្វើដូច្នេះបានជនជាតិអាមេរិកត្រូវតែប្រឹងប្រែងដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងជនរួមជាតិរបស់ពួកគេ។
លោក Biden បាននិយាយកាលពីថ្ងៃពុធថា៖ «ខ្ញុំដឹងថាប្រទេសនេះនឿយណាយនឹងការប្រយុទ្ធ ។ យើងត្រូវចាំថាយើងកំពុងធ្វើសង្គ្រាមនឹងវីរុសមិនមែននឹងគ្នាឯងទេ»។
ប្រសាសន៍របស់លោក Biden បានកើតឡើងនៅពេលដែលករណីជំងឺកូវីដ១៩កំពុងកើនឡើងពាសពេញផ្ទៃប្រទេស។
លោកប្រធានាធិបតី Donald Trump ដែលមិនសូវនិយាយអំពីការរាតត្បាតនេះទេ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ទោះបីមានការឆ្លងច្រើនក៏ដោយនោះ ដោយលោកនៅតែបន្តជម្នះការចាញ់បោះឆ្នោតរបស់លោក។ លោកបានបញ្ជូនមេធាវីរបស់លោកឈ្មោះ Rudy Giuliani និងសមាជិកដទៃទៀតនៃក្រុមមេធាវីរបស់លោកទៅជួបសមាជិកព្រឹទ្ធសភាថ្នាក់រដ្ឋគណបក្សសាធារណរដ្ឋនៃរដ្ឋ Pennsylvania នៅឯក្រុង Gettysburg។ នៅខាងក្នុងសណ្ឋាគារមួយនៅជិតទីធ្លាបង្ហាញពីសមរភូមិសង្រ្គាមស៊ីវិលអាមេរិក ពួកគេបានផ្សព្វផ្សាយបណ្តឹងម្តងទៀតអំពីការបោះឆ្នោតនិងការចោទប្រកាន់ម្តងហើយម្តងទៀតអំពីភាពមិនត្រឹមត្រូវនៃក្រុមបក្សប្រជាធិបតេយ្យដែលត្រូវបានតុលាការពិនិត្យនិងសម្រេចបដិសេធហើយនោះ។
លោក Trump បាននិយាយពីការិយាល័យប្រធានាធិបតី ទីដែលលោកបានចូលរួមក្នុងកិច្ចប្រជុំនេះដោយនិយាយតាមទូរស័ព្ទថា «យើងត្រូវតែកែប្រែការបោះឆ្នោត»។
ក្នុងការជំរុញឲ្យជនជាតិអាមេរិកប្រុងប្រយ័ត្នចំពោះផែនការពេកបុណ្យ Thanksgiving លោក Biden បាននិយាយកាលពីថ្ងៃពុធថា លោកក៏ប្រយ័ត្នប្រយែងខ្លួនឯងដែរ ដោយចៀងវាងមិនធ្វើការជួបជុំក្រុមគ្រួសារធំដូចសព្វដងទេ តែគ្រាន់តែដើរកម្សាន្តជាមួយភរិយា កូនស្រីនិងកូនប្រសារ។
លោកកំពុងធ្វើដំណើរជាមួយភរិយាគឺអ្នកស្រី Jill ទៅកាន់ក្រុង Rehoboth Beach ដែលជាក្រុងឆ្នេរសមុទ្ររដ្ឋ Delaware ដែលអ្នកទាំងពីរមានផ្ទះលំហែកាយនៅទីនោះ។ នោះជាកន្លែងដែលពួកគេនឹងរៀបចំបុណ្យ Thanksgiving សម្រាប់អាហារពេលល្ងាចរបស់គ្រួសាររបស់ពួកគេ។
ចំណែកលោក Trump វិញនឹងបោះបង់ចោលផែនការបុណ្យ Thanksgiving នៅក្លឹបឯកជនរបស់លោកនៅរដ្ឋ Florida ដោយលោកនៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៊ីនតោនវិញ៕