ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ដំណើរការ​ឆ្ពោះ​ទៅ​ការ​កាន់​អំណាច​របស់​លោក Biden ចាប់ផ្ដើម​ជា​ផ្លូវការ ទោះ​លោក Trump នៅ​មិន​ទាន់​ចុះចាញ់​ក៏ដោយ


ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Joe Biden ថ្លែង​ក្នុង​អំឡុងពេល​នៃ​ការ​ប្រកាស​គណៈរដ្ឋមន្ត្រី​របស់​លោក​នៅ​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

ដំណើរការ​ឆ្ពោះ​ទៅ​ការ​កាន់​អំណាច​របស់​លោក Joe Biden ដែល​គេ​សន្មត់​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក បាន​ចាប់ផ្ដើម​ជា​ផ្លូវការ បន្ទាប់​ពី​ទីភ្នាក់ងារ​សេវាកម្ម​ទូទៅ (GSA) របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​បញ្ជាក់​ថា លោក​ជា​អ្នក​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ ២០២០ ទោះបីជា​លោក​ប្រធានាធិបតី Donald Trump នៅ​បន្ត​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​តាម​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​ក៏ដោយ។

មន្ត្រី​ម្នាក់​របស់​រដ្ឋបាល​លោក Trump បាន​និយាយ​ថា សេតវិមាន​បាន​យល់ព្រម​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ឲ្យ​លោក Biden ទទួល​បាន​ការ​ផ្ដល់​ដំណឹង​ប្រចាំ​ថ្ងៃ​ទាក់ទិន​នឹង​កិច្ចការ​សម្ងាត់។

លោក Biden បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ទីតាំង​មូលដ្ឋាន​នៃ​ក្រុម​អន្តរកាល​របស់​លោក​នៅ​ក្នុង​ទីក្រុង Wilmington រដ្ឋDelaware ថា លោក​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​កិច្ចការ​សម្ងាត់​នានា​នៅ​ឡើយ​ទេ ប៉ុន្តែ​រឿង​នេះ​ត្រូវ​បាន​ផ្ដល់​ជូន​លោក​រួច​ហើយ។

គេ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ថាតើ​ពេល​ណា​ដែល​លោក Biden នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​សម្ងាត់​ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​ជាតិ​ជា​លើក​ដំបូង ក្នុង​នាម​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត។

កាល​ពី​យប់​ថ្ងៃ​ចន្ទ ក្រុម​ទីប្រឹក្សា​របស់​លោក Biden បាន​ចាប់ផ្ដើម​ទាក់ទង​ភ្លាមៗ​ទៅ​កាន់​មន្ត្រី​របស់​លោក Trump នៅ​ទូទាំង​រដ្ឋាភិបាល ដើម្បី​ស្វែងយល់​អំពី​ការ​គំរាមកំហែង​លើ​ផ្នែក​សន្តិសុខ​ជាតិ​ដែល​សហរដ្ឋ​អាមេរិក​អាច​ប្រឈម និង​បញ្ហា​បន្ទាន់​ផ្សេងៗ​ទៀត​ដែល​លោក Biden អាច​នឹង​ប្រឈម នៅ​ពេល​ដែល​លោក​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។

មន្ត្រី​ក្រសួង​ការពារ​ប្រទេស​បាន​និយាយ​ថា ក្រុម​ការងារ​អន្តរកាល​របស់​លោក Biden បាន​ទាក់ទង​ក្រសួង​ការពារ​ប្រទេស​ភ្លាមៗ បន្ទាប់ពី​ប្រធាន​ទីភ្នាក់ងារ GSA អ្នកស្រី Emily Murphy បាន​ទទួល​ស្គាល់​ថា លោក Biden ជា​អ្នក​ឈ្នះ «ជាក់ស្ដែង» នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី ហើយ​ថា​ដំណើរការ​ផ្ទេរ​អំណាច​អាច​ចាប់ផ្ដើម​បាន​ហើយ។ ការ​សម្រេច​របស់​អ្នកស្រី Murphy នេះ បាន​អនុញ្ញាត​ឲ្យ​លោក Biden អាច​ប្រើប្រាស់​ថវិកា​សាធារណ:​សម្រាប់​ដំណើរការ​ផ្ទេរ​អំណាច ទទួល​បាន​ការ​ផ្ដល់​ដំណឹង​អំពី​បញ្ហា​សន្តិសុខ និង​ឲ្យ​មន្ត្រី​កិច្ចការ​ផ្ទេរ​អំណាច​របស់​លោក​អាច​ប្រើប្រាស់​អគារ​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG