ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រធានាធិបតី​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ


ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden ថ្លែង​នៅ​​ក្នុង​ក្រុង Wilmington រដ្ឋ Delaware ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក Joe Biden ដែល​ត្រូវ​គេ​សន្មត​ថា​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​សហរដ្ឋ​អាមេរិក នឹង​ទទួល​បាន​ការ​ជូន​ដំណឹង​ប្រចាំ​ថ្ងៃ​សម្រាប់​ប្រធានាធិបតី​ជា​លើក​ទី​ដំបូង​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​លោក​អាច​ទទួល​បាន​របាយការណ៍​ដែល​រៀបចំ​ឡើង​ដោយ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​អំពី​បញ្ហា​សន្ដិសុខ​ជាតិ ខណៈ​ដែល​លោក​ត្រៀម​ខ្លួន​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាង​មុខ។

នៅ​ថ្ងៃ​ចន្ទ​នេះ​ផង​ដែរ គេ​រំពឹង​ថា លោក Biden និង​អនុ​ប្រធានាធិបតី​ជាប់​ឆ្នោត​អ្នកស្រី Kamala Harris នឹង​បង្ហាញ​ឈ្មោះ​មន្ត្រី​កំពូលៗ​សម្រាប់​តំណែង​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​រដ្ឋបាល​របស់​ពួកគេ។

ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន ដែល​ផ្អែក​លើ​ព័ត៌មាន​ពី​អ្នក​ដែល​ដឹង​អំពី​ដំណើរការ​នេះ បាន​រាយការណ៍​ថា អ្នកស្រី Neera Tanden គឺ​ជា​ជម្រើស​សម្រាប់​ដឹកនាំ​ការិយាល័យ​ថវិកា​របស់​សេតវិមាន ចំណែក​ឯ​អ្នកស្រី Cecilia Rouse ដែលជា​សេដ្ឋវិទូ នឹង​កាន់​តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​ទីប្រឹក្សា​សេដ្ឋកិច្ច។

កន្លង​មក លោក Biden បាន​ជ្រើសរើស​អ្នកស្រី Janet Yellen ដែល​ជា​អតីត​ប្រធាន​ធនាគារ​កណ្ដាល ឲ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ហើយ​គេ​រំពឹង​ថា លោក​នឹង​ជ្រើសរើស​លោក Wally Adeyemo ឲ្យ​ធ្វើ​ជា​អនុ​រដ្ឋមន្ត្រី​កំពូល​របស់​អ្នកស្រី Yellen។

កាល​ពី​ថ្ងៃ​អាទិត្យ លោក Biden និង​អ្នកស្រី Harris បាន​ប្រកាស​អំពី​ការ​ជ្រើសរើស​សមាជិក​ក្រុម​ការងារ​ផ្នែក​ទំនាក់ទំនង​ទាំងអស់​ជាស្ត្រី។

អ្នកស្រី Kate Bedingfield ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Biden និង​អ្នកស្រី Harris ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​សេតវិមាន។

អ្នកស្រី Pili Tobar ដែល​ជា​នាយិការង​អង្គការ America's Voice ដែល​ជា​ក្រុម​តស៊ូមតិ​ផ្នែក​កំណែ​ទម្រង់​អន្តោប្រវេសន៍ នឹង​កាន់​តំណែង​ជា​អនុ​ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​សេតវិមាន។

អ្នកស្រី Ashley Etienne ដែល​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​ប្រធាន​រដ្ឋសភា​អ្នកស្រី Nancy Pelosi ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​អ្នកស្រី Harris។

អ្នកស្រី Jen Psaki ដែល​ធ្លាប់​បាន​កាន់​តំណែង​មួយ​ចំនួន​ផ្នែក​ទំនាក់ទំនង​នៅ​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី Barack Obama ត្រូវ​បាន​តែងតាំង​ជា​អ្នក​នាំពាក្យ​របស់​សេតវិមាន។

ដំណើរការ​ឆ្ពោះ​ទៅការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក Biden បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់ពី​ទីភ្នាក់ងារ​សេវាកម្ម​ទូទៅ​របស់​រដ្ឋាភិបាល​សហព័ន្ធ​បាន​ប្រកាស​ថា លោក Biden គឺ​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០ នេះ ទោះបីជា​លោក​ប្រធានាធិបតី Donald Trump បន្ដ​ព្យាយាម​ប្ដឹង​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះឆ្នោត​ក៏​ដោយ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG