ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ ដាក់​ទិវា​ឈ្នះ​ឈ្នះ​ជា​បុណ្យ​ជាតិ ខណៈ​អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ចារឹក​កេរ​ដំណែល​នយោបាយ​ផ្ទាល់ខ្លួន


រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។
រូបឯកសារ៖ រូបថតដកស្រង់ពីវីដេអូបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១។

លោក ​ហ៊ុន សែន ​បាន​ដាក់​«ទិវា​ឈ្នះ​ឈ្នះ»​ជា​បុណ្យ​ជាតិ​ក្នុង​ប្រតិទិន​ផ្លូវការ​របស់​រដ្ឋ​ប្រចាំ​ឆ្នាំ​ និង​តម្រូវ​ឱ្យ​មាន​ការ​ប្រារព្ធ​នៅ​គ្រប់​ទី​កន្លែង​ជាមួយ​សារ​«អរគុណ​សន្ដិភាព» ​តែអ្នក​វិភាគ​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ កំពុង​ចារឹក​កេរ​ដំណែល​នយោបាយ​ផ្ទាល់​ខ្លួន​របស់​លោក​ជា​ផ្លូវ​ការ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​កំណត់​ថ្ងៃ​ទី២៩​ ខែ​ធ្នូ ​ថា ​ជា​ទិវា​ឈ្នះ ឈ្នះ ​ដាក់​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ ​ដោយ​មិន​មាន​ការ​ឈប់​សម្រាក​ទេ។ ​ប៉ុន្តែ ​តម្រូវ​ឲ្យ​ស្ថាប័ន​រដ្ឋ​ និង​ឯក​ជន​ទាំង​អស់​រៀបចំ​ពាក្យ​ស្លោក​ ដែល​មាន​ខ្លឹម​សារ​ថា ​«អរគុណ​សន្តិភាព! អរគុណ​នយោបាយ​ឈ្នះឈ្នះ! ដឹង​គុណ​ស្ថាបនិក ​មគ្គុទេសក៍​ឯក ​និង​ប្រតិបត្តិករ​នយោបាយ​ឈ្នះឈ្នះ ​ដែល​នាំ​មក​នូវ​សន្តិភាព ​និង​ការ​ឯកភាព​ជាតិ​ពេញ​លេញ!»។​នេះ​ បើ​តាម​សារាចរ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ចុះ​ថ្ងៃទី​១៤ ​ខែ​មករា​ ឆ្នាំ​២០២២ ​នេះ។

ការ​ដាក់​បញ្ចូល​នេះ​ គឺ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២២ ​នេះ​តទៅ។​

បើ​តាម​លោក ​ហ៊ុន សែន ការ​កំណត់​ដាក់​ថ្ងៃ​២៩ ​ខែ​ធ្នូ​ ចូល​ក្នុង​ប្រតិទិន​នេះ​ គឺ​ដើម្បី​«ដឹង​គុណ ​កត្តញ្ញូ ​និង​ចង​ចាំ​គុណូបការៈ​ដ៏​ថ្លៃ​ថ្លា»​នៃ​នយោបាយ​ឈ្នះឈ្នះ​របស់​លោក ​ហ៊ុន សែន។ ​លោក ​ហ៊ុន សែន ​បាន​បង្ហាញ​ចេតនា​ដំបូង​ក្នុង​ការ​បញ្ចូល​ទិវា​ឈ្នះ ឈ្នះ ​ថ្ងៃ​២៩​ធ្នូ​នេះ​ ជា​បុណ្យ​ជាតិ ​អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​ទីស្តី​ការ​ក្រសួង​ការពារ​ជាតិ​ថ្មី​ កាលពី​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ ឆ្នាំ​២០២១។​

លោក​ ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ការ​ដាក់​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ក្នុង​ប្រតិទិន​ ដោយ​មិន​ឈប់​សម្រាក​នេះ​ គឺ​មិន​មាន​ការ​ប៉ះ​ពាល់​អ្វី​ដល់​ផលិត​ភាព​សេដ្ឋ​កិច្ច​នោះ​ទេ។ ​ហើយ​ការណ៍​នេះ​ គឺ​ជា​ការ​រំឭក​ពី​ស្នាដៃ​នយោបាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ដែល​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​ និង​ឯក​ភាព​ទឹក​ដី​ប្រទេស​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«អាហ្នឹង​ជា​ទិវា​នយោបាយ​មួយ ​ដែល​រំឭក​ឲ្យ​យើង​នឹក​ឃើញ​ តែ​ប៉ុណ្ណឹង ​នូវ​អ្វី​ដែល​នឹក​ឃើញ​អំពី​ថា​ ៥០០​ឆ្នាំ​កន្លង​មក​ យើង​មិន​ដែល​ទទួល​បាន​ឯករាជ្យ​ ឬ​ក៏​ឯកភាព​ទឹក​ដី​ទូទាំង​ប្រទេស​របស់​កម្ពុជា​នោះ​ទេ»។​

រូបឯកសារ៖ លោក​ស្រី សៅ ទី ​លោក ហេង សំរិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងលោកស្រី ប៊ុន រានី ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​ស្រី សៅ ទី ​លោក ហេង សំរិន លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន និងលោកស្រី ប៊ុន រានី ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ថ្ងៃ​ជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។ (រូប​ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)


ដោយ​ឡែក​ អ្នក​វិភាគ​នយោបាយ ​លោក ​សេង សារី​ មើល​ឃើញ​ថា​ ពាក្យ​ស្លោក​ថ្មី​ «អរគុណ​សន្តិភាព»​ គឺ​ជា​ការ​ខំ​បង្កើត​ឡើង​របស់​អ្នក​នយោបាយ​ ដែល​ចង់​ទាញ​ប្រយោជន៍​នយោបាយ ​និង​លើក​ស្ទួយ​ស្នា​ដៃ​បុគ្គល ​តែ​ប៉ុណ្ណោះ។ ​ ខណៈ​ថ្ងៃ​បុណ្យ​ជាតិ​៧ ​មករា​ ដែល​តែងតែ​ត្រូវ​បាន​គេ​លើក​ឡើង​ថា​ ជា​«​ថ្ងៃ​កំណើត​ទី២»​ និង​បង្កើត​ឡើង​ដោយ​សមូហភាព​នោះ​ ហាក់​បី​ដូច​ជា​ស្ងប់​ស្ងាត់​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ​

លោក​ថ្លែង​ថា៖​ «ហើយ​ចម្លែក​មួយ​ ដែល​ជា​រឿង​ឲ្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ។​ យើង​ឃើញ​ថា ​សូម្បី​ថ្ងៃ​៧ ​មករា​ ក៏​ហាក់​មិន​សូវ​ជា​បាន​ចាប់​អារម្មណ៍​ខ្លាំង​ប៉ុណ្ណា​ដែរ​ ​ហើយ​ពាក្យ​ស្លោក​ដែល​យើង​និយាយ​អំពី​រឿង​ ៧​មករា ​ជីវិត​ទី​២​ អរគុណ​៧​ មករា ​ អរគុណ​អី​ជា​ដើម​ហ្នឹង​ គឺ​រៀង​សាប​រលាប​ទៅ​ដែរ។​ ក៏​ប៉ុន្តែ ​យើង​ឃើញ​ពាក្យ​ស្លោក​ថ្មី​មួយ​ដែល​ផុស​ផុល​ប្រើ​ហ្នឹង ​គឺពាក្យ​អរគុណ​សន្តិភាព»។​

លោក​បន្ត​ថា៖ ​«ហើយ​បើ​យើង​មើល​ប្រភព​នៃ​ពាក្យ​អរគុណ​សន្តិភាព​មក​ពី​ណា ​ហើយ​វា​មាន​ចរិត​នយោបាយ​បែប​ណា​ យើង​សង្កេត​ឃើញ​ហើយ​ថា​ ​៧​ មករា ​ជា​សម្បត្តិ​សមូហ​ភាព​រវាង​អ្នក​តស៊ូ​ទាំងអស់​នៅ​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​នឹង​របប​ ប៉ុល ពត។​ ក៏ប៉ុន្តែ អរគុណ​សន្តិភាព​ជា​សម្បត្តិ​តែមួយ​គត់​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដែល​ប្រឹង​ប្រែង​ប្រើ​ប្រាស់​នយោបាយ​ឈ្នះ ឈ្នះ។​ ហើយ​អំឡុង​ពេល​នេះ​ គាត់​មាន​អំណាច​ពេញ​ដៃ គាត់​ត្រូវ​តែ​ Promote ​[ផ្សព្វ​ផ្សាយ]។​ គាត់​ត្រូវ​តែ​លើក​ស្ទួយ​ស្នាដៃ​របស់​គាត់​ហើយ​ អា​ហ្នឹង​ជា​រឿង​អ្នក​នយោបាយ​កម្ពុជា ​តែង​តែ​ធ្វើ​កន្លង​មក»។​

លោក ​សេង សារី​ ចង់​ឃើញ​អ្នក​នយោបាយ​ និង​រដ្ឋាភិបាល​កម្ពុជា​ កំណត់​យក​ស្តង់​ដារ​នៃ​ចំនួន​បុណ្យជាតិ​ឲ្យ​សមល្មម​ ដោយ​យក​តែ​បុណ្យ​ជាតិ​សំខាន់ៗ​ ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ ​រំឭក ​ចង​ចាំ​ពី​សាមគ្គី​ភាព​ និង​ការ​ផ្សះ​ផ្សា​ជាតិ​ជា​ដើម។​

យ៉ាង​ណាក្ដី​លោក ​ផៃ ស៊ីផាន​ បាន​បក​ស្រាយ​ថា ​ទិវា​ឈ្នះ ឈ្នះ ​ថ្ងៃ​២៩ ​ធ្នូ ​នេះ​ គឺ​មាន​សារៈ​សំខាន់​ និង​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ទាំង​មូល។ លោក​បន្តថា ​ទិវា​៧ ​មករា ​និង​ទិវា​បុណ្យ​ជាតិ​ផ្សេងៗ​ទៀត​ ក៏​មាន​សារៈ​សំខាន់​ដូច​គ្នា​ផង​ដែរ​ ដែល​ជា​ការ​រំឭក​ពី​សារៈ​សំខាន់​នៃ​ព្រឹត្តិ​ការណ៍​នីមួយៗ។​

លោក​ ហ៊ុន សែន​ និង​អ្នក​គាំទ្រ​រូប​លោក ​តែង​បាន​លើក​ឡើង​ថា​ ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ​មិន​បាន​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា​នោះ​ទេ តែ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក ​ហ៊ុន សែន​ ផ្ទាល់​ទៅ​វិញ​ទេ ​ដែល​បាន​បញ្ចប់​អង្គការ​ចាត់​តាំង​នយោបាយ ​និង​យោធា​របស់​ខ្មែរ​ក្រហម​ នៅ​ដំណាច់​ទសវត្សរ៍​ទី​១៩៩០។​

រូបឯកសារ៖ កង​កម្លាំង​ទាហាន​ស្លៀកពាក់​ស​ កំពុង​ឈរ​នៅ​ខាង​ក្រោម​វិមាន​នយោបាយ​ឈ្នះ-ឈ្នះ​នាពិធី​សម្ពោធ​វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ (គី ម៉េងលី/វីអូអេ)
រូបឯកសារ៖ កង​កម្លាំង​ទាហាន​ស្លៀកពាក់​ស​ កំពុង​ឈរ​នៅ​ខាង​ក្រោម​វិមាន​នយោបាយ​ឈ្នះ-ឈ្នះ​នាពិធី​សម្ពោធ​វិមាន​នយោបាយ​ឈ្នះ​-​ឈ្នះ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨។ (គី ម៉េងលី/វីអូអេ)

សំណង់​វិមាន​ឈ្នះ​ឈ្នះ​ ត្រូវ​បាន​កសាង​ឡើង​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នៅ​ប៉ែក​ខាង​ជើង​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ឆ្នាំ​២០១៨ ​ចំណាយ​ទឹក​ប្រាក់​១២​លាន​ដុល្លារ​ ហើយ​រដ្ឋ​គ្រោង​នឹង​បន្ត​សាង​សង់​ស្ដូប​អនុស្សាវរីយ៍​នេះ​នៅ​តាម​បណ្ដា​ខេត្ត​នានា​ផង​ដែរ។​ «អង្គភាព​សេនា​តេជោ»​ត្រូវបាន​បង្កើត​ឡើង​នៅ​ក្រសួង​ការពារ​ជាតិ​ ដើម្បី​ទទួល​បន្ទុក​ថែទាំ​ស្ដូប​ទាំង​នោះ ​និង​ផ្សព្វផ្សាយ​នយោបាយ​ឈ្នះ​ឈ្នះ៕

XS
SM
MD
LG