លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងនៅចំពោះមុខក្រុមមន្ត្រីកងទ័ពនិងនគរបាលជាន់ខ្ពស់កម្ពុជាថាបដិវត្តន៍ពណ៌នៅតែបន្តមាននៅលើពិភពលោកនិងមានសន្ទុះកាន់តែខ្លាំង និងថាដើម្បីឈ្នះបដិវត្តន៍ពណ៌បានគឺមាន«វិធីតែមួយគត់គឺកាន់កម្លាំងប្រដាប់អាវុធឲ្យជាប់»។
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលនិងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីក្នុងរាជធានីភ្នំពេញនៅថ្ងៃពុធនេះលោកហ៊ុន សែន បានអំពាវនាវឲ្យយោធានិងកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសរក្សាអព្យាក្រឹតភាពចំពោះគណបក្សនយោបាយទូទៅតែមិនត្រូវរក្សាអព្យាក្រឹតភាពចំពោះរដ្ឋាភិបាលហើយត្រូវធ្វើអន្តរាគមន៍ជាបន្ទាន់នៅពេលរដ្ឋាភិបាលប្រឈមនឹងការប៉ុនប៉ងផ្តួលរំលំ។
លោកបានថ្លែងថា៖ «យើងត្រូវអព្យាក្រឹត្យចំពោះមុខបណ្តាបក្សនយោបាយទាំងអស់ ដូចៗគ្នា។ យើងការពារឲ្យដូចៗគ្នា។ ឧទាហរណ៍ថា កម្លាំងនគរបាលត្រូវការពារនូវការជួបជុំណាមួយរបស់បក្សនយោបាយក្នុងការឃោសនាបោះឆ្នោត ឬក្នុងកិច្ចការរបស់គេត្រូវការពារឲ្យ។ បក្សកាន់អំណាចក៏យើងការពារបក្សមិនមែនកាន់អំណាចក៏យើងការពារ។ ក៏ប៉ុន្តែរវាងរដ្ឋាភិបាលជាមួយនិងបណ្តាបក្សនយោបាយ រាប់តែបក្សកាន់អំណាចគឺ អត់មានត្រូវអព្យាក្រឹត្យជាមួយទេ»។
នៅក្នុងសំណុំរឿងបដិវត្តន៍នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែនពន្យល់ថាគន្លឹះសំខាន់ដែលមេដឹកនាំបដិវត្តន៍ចង់បានគឺស្ថិតនៅលើអព្យាក្រឹតភាពកងកម្លាំងប្រដាប់អាវុធ។ លោកក៏បានព្រមានខ្លាំងៗដកតំណែងមេដឹកនាំយោធាឬកងកម្លាំងប្រដាប់អាវុធណាដែលមិនគោរពតាមបញ្ជាឲ្យចេញទប់ស្កាត់សកម្មភាពបដិវត្តន៍ពណ៌។
លោកបានបន្តថា៖ «ដរាបណាខ្ញុំមិនទាន់ដកខ្លួនចេញពីនាយករដ្ឋមន្រ្តីទេខ្ញុំនៅតែមានសិទ្ធិបញ្ជាកងទ័ព។ កងទ័ពនគរបាល និយាយរួមកម្លាំងទាំងអស់ ដែលចំណុះនីតិប្រតិបត្តិគឺខ្ញុំបញ្ជាទាំងអស់។ មិនស្តាប់គឺ ដកចេញតែប៉ុណ្ណឹង។ ហ្អែងធ្វើខុស មានរឿងទៀត។ អញ្ចឹងត្រូវចាំ។ កុំមកចង់ធ្វើបដិវត្តន៍ពណ៌មកចាប់ហ៊ុន សែនស្អីៗ អីណា។ ចាប់មកអញ្ជើញមក មកចាប់មក»។
ដំណាលគ្នានោះដែរ លោកហ៊ុន សែន បានរិះគន់យ៉ាងចាស់ដៃទៅនឹងការលើកឡើងរបស់អ្នកវិភាគមួយរូបនិងដែលបានផ្តល់ការអត្ថាធិប្បាយជាមួយប្រព័ន្ធផ្សព្វផ្សាយជុំវិញភារកិច្ចរបស់យោធាក្នុងការតម្រូវឲ្យការពារមេដឹកនាំនៅក្នុងប្រទេសហើយមិនរក្សាអព្យាក្រឹតភាពក្នុងកិច្ចការនយោបាយ។
លោកនាយករដ្ឋមន្ត្រីមិនបាននិយាយចំឈ្មោះអ្នកវិភាគរូបនោះទេប៉ុន្តែទំនងជាលោកសំដៅលើការលើកឡើងរបស់អ្នកវិភាគនយោបាយលោក សេង សារី ដែលកាលពីពេលថ្មីៗនេះបាននិយាយជាមួយវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេសគ្រប់គ្រងលើមេទ័ពនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ហើយសមាជិកកងកម្លាំងប្រដាប់អាវុធសុទ្ធសឹងមកពីគណបក្សនេះដែលការណ៍នេះគឺផ្ទុយពីច្បាប់ដែលថា កងទ័ពជាកម្លាំងអព្យាក្រឹត្យការពារជាតិ មិនមែនការពារគណបក្សនយោបាយនោះទេ។
ពាក្យបដិវត្តន៍ពណ៌ត្រូវបានមេដឹកនាំកម្ពុជានិងក្រុមមន្ត្រីរដ្ឋាភិបាលបានលើកឡើងជាញឹកញាប់ស្របពេលគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាត្រូវបានតុលាការកំពូលរំលាយចោលកាលពីខែវិច្ឆិកាឆ្នាំ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃដែលចោទគណបក្សនិងមេដឹកនាំនោះគឺលោកកឹម សុខា ថា បានរៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលដោយមានអាមេរិកនៅពីក្រោយ។ប៉ុន្តែ ទាំងលោកកឹម សុខានិងសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
កាលពីខែកុម្ភៈឆ្នាំ២០១៧រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយសៀវភៅ «ស» រៀបរាប់ថា កម្ពុជាកំពុងកើតមាននូវបដិវត្តន៍ពណ៌រៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ និងថាមានអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិប្រមាណជា៣០០ បានចូលរួមក្នុងបដិវត្តន៍ពណ៌នោះដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចផងនិងជានាយករដ្ឋមន្ត្រីផងនាពេលបច្ចុប្បន្ននេះ។
តុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ខែវិច្ឆិកា នៅឆ្នាំ២០១៧ដោយចោទពីបទក្បត់ជាតិឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិករៀបចំធ្វើបដិវត្តន៍ពណ៌ ហើយបានហាមឃាត់មន្ត្រីចំនួន១១៨នាក់មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ អ្នកតំណាងរាស្ត្រចំនួន៥៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង៥០០០នាក់ ត្រូវបាត់បង់តំណែង។
ដោយឡែកអ្នកវិភាគនយោបាយលោកឡៅ ម៉ុងហៃ បានផ្តល់ការពន្យល់ថាបដិវត្តន៍ពណ៌គឺជាការហៅតាមអារម្មណ៍ការប្រើប្រាស់សេរីភាពខាងការបញ្ចេញមតិសេរីភាពខាងសារពត៌មានសេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំដូចមានធានានៅក្នងមាត្រា៤១នៃរដ្ឋធម្មនុញ្ញដែលអ្នកហៅយល់ថាប៉ះពាល់ដល់អំណាចរបស់គេហើយមិនចង់ឲ្យគេប្រើប្រាស់សិទ្ធិមនុស្សទាំងនេះទេ។
លោកប្រាប់វីអូអេបន្ថែមថាតាមដឹងច្បាប់ព្រហ្មទណ្ឌអត់បានកំណត់ថា អំពើធ្វើបដិវត្តិពណ៌ជាបទល្មើសព្រហ្មទណ្ឌនិងអត់បានឲ្យនិយមន័យបដិវត្តន៍ពណ៌នោះទេ។
លោកលើកឡើងក្នុងន័យដើមថា៖ «មកទល់ពេលនេះអ្នកដែលបានប្រើប្រាស់សេរីភាពណាមួយខាងលើនិងដែលអ្នកនយោបាយមានអំណាចចាត់ទុកថាបានធ្វើបដិវត្តន៍ពណ៌ច្រើនតែត្រូវបានចាប់ខ្លួន»។
លោកបន្តថាអ្នកទាំងនោះត្រូវបានចោទប្រកាន់ពីបទល្មើសដែលមានចែងក្នុងមាត្រា៤៩៤ គឺ«បទញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍»ជាពិសេសក្នុងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌដែលកំណត់បទល្មើសនេះថាជា»អំពើញុះញុងដោយផ្ទាល់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋឬប្រព្រឹត្តអំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
បើតាមលោកឡៅម៉ុងហៃការបង្កើតនិងការយកបទល្មើសព្រហ្មទណ្ឌទៅរឹតត្បិតបង្ក្រាបការប្រើប្រាស់សិទ្ធិមនុស្សណាមួយខាងលើ គឺបំពានទៅលើច្បាប់សិទ្ធិដែលហាមឃាត់មិនមានការរឹតត្បិតបង្ក្រាបការប្រើប្រាស់សេរីភាពទាំងនោះសូម្បីតែការប្រើប្រាស់ទាំងនោះប៉ះពាល់ដល់អ្នកនយោបាយមានអំណាចក៏ដោយ៕