នេះជាលើកទីមួយហើយដែលចំនួនសិស្សអន្តរជាតិនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងលើសឆ្នាំមុនមួយលាននាក់ នេះបើយោងតាមរបាយការណ៍មួយរបស់វិទ្យាស្ថានសម្រាប់ការអប់រំអន្តរជាតិឬ Institute for International Education។
ប៉ុន្តែក្រុមគ្រូបង្រៀននិងនិស្សិតមួយចំនួនបានថ្លែងថា អត្ថាធិប្បាយរិះគន់ទៅលើប្រទេសចិននិងប្រទេសដទៃទៀតរបស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ អាចធ្វើឲ្យប៉ះពាល់ចំនួនសិស្សនិសិ្សតអន្តរជាតិដែលចុះឈ្មោះនៅក្នុងសាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាមេរិក។
អាត្ថាធិប្បាយរបស់លោក ត្រាំ នៅក្នុងសុន្ទរកថានៃយុទ្ធនាការបោះឆ្នោតរបស់លោកទៅលើបញ្ហាអន្តោរប្រវេសន៍នោះ លោកបានលើកឡើងថា៖«យើងនឹងសង់ជញ្ជាំង យើងនឹងសង់ជញ្ជាំងដ៏ពិតប្រាកដមួយ» ហើយទាក់ទិននឹងការផ្តល់ទិដ្ឋាការលោក ត្រាំ បានអំពាវនាវឲ្យបញ្ចប់ការផ្តល់ទិដ្ឋាការដល់អ្នកកាន់សាសនាឥស្លាម។ អតា្ថធិប្បាយទាំងនោះបានធ្វើឲ្យនិស្សិតបរទេសនៅក្នុងសហរដ្ឋអាមេរិក និងនិស្សិតអន្តរជាតិមានការផ្តោតអារម្មណ៍យ៉ាងខ្លាំង។
កញ្ញា Erica Wang គឺជានិស្សិតមួយរូបក្នុងចំណោមនិស្សិតអាស៊ីចំនួន៦ពាន់នាក់នៅក្នុងសកលវិទ្យាល័យ State University of New York នៅក្នុងទីក្រុង Buffalo ហើយនាងក៏ជានិស្សិតសិក្សាថ្នាក់អនុបណ្ឌិតឆ្នាំទី២ផ្នែកពាណិជ្ជកម្មអន្តរជាតិផងដែរ។ នាងបានថ្លែងថា ដោយសារតែសេរីភាពទើបទាក់ទាញនាងមកកាន់សហរដ្ឋអាមេរិក ហើយប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិកមានការបើកចំហ មានការលើកទឹកចិត្តនិងជួយដល់និស្សិតឲ្យជ្រើសរើសផ្លូវដើរដោយខ្លួនឯង។
ប៉ុន្តែឥឡូវនេះ នាងមានការព្រួយបារម្ភ។ កញ្ញា Wang បានប្រាប់ VOAថា៖«ខ្ញុំបានឮលោក ដូណាល់ ត្រាំ លើកឡើងអំពីរឿងនេះជាច្រើនដងនៅពេលដែលលោកឈរឈ្មោះដណ្តើមតំណែងប្រធានាធិបតី។ ប៉ុន្តែខ្ញុំនៅចាំមើលថាតើលោកនឹងធ្វើទៅតាមអ្វីដែលលោកសន្យាដែរឬយ៉ាងណា? ថាតើការផ្លាស់ប្តូរគោលនយោបាយរបស់លោកនឹងប៉ះពាល់ដល់ពួកយើងដែរឬទេ? ពីព្រោះថាមិត្តភ័ក្ត្ររបស់ខ្ញុំជាច្រើនមានការព្រួយបារម្ភចំពោះការលើកឡើងនោះ»។
ក្នុងអំឡុងយុទ្ធនាការរបស់លោក ត្រាំ លោកបានសន្យាថានឹងកាត់បន្ថយឬបញ្ចប់កម្មវិធីផ្តល់ទិដ្ឋាការប្រភេទ H-1B ដែលអនុញ្ញាតឲ្យជនបរទេសដែលមានជំនាញខ្ពស់ធ្វើការនៅក្នុងសហរដ្ឋអាមេរិក ដែលការលើកឡើងនេះបានធ្វើឲ្យនិស្សិតអន្តរជាតិរារែកក្នុងការចុះឈ្មោះចូលរៀននៅសហរដ្ឋអាមេរិក ពីព្រោះថា ពួកគេនឹងពិបាកក្នុងការស្វែងរកការងារធ្វើនៅក្នុងសហរដ្ឋអាមេរិកក្រោយពេលដែលពួកគេរៀនចប់៕