លិខិតនោះផ្តោតលើអនុសាសន៍ជាគោលនយោបាយដែលតាក់តែងឡើងដើម្បីជំរុញ និងលើកស្ទួយសហគ្រិនភាពស្រ្តី នៅក្នុងសហរដ្ឋអាមេរិក ដែលរួមមានការផ្ដល់ដើមទុនវិនិយោគ ការពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារសកល ព្រមទាំងការសម្រួលដល់និតិវិធីប្រតិបត្តិការនានាពីសំណាក់រដ្ឋាភិបាល សម្រាប់សហគ្រិនដែលចង់បង្កើត និងធ្វើឲ្យអាជីវកម្មរបស់ពួកគេដំណើរការ។
យោងតាមក្រុមអ្នកចុះហត្ថលេខា បានឲ្យដឹងថា មានថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណ ៣០ពាន់លានដុល្លារ កំពុងស្ថិតក្នុងភាពប្រថុយប្រថាន។ នៅក្នុងលិខិតនោះ បានដកស្រង់ការសិក្សារបស់វិទ្យាស្ថាន McKinsey Global ដែលរកឃើញថាផលិតផលក្នុងស្រុកសរុបរបស់អាមេរិក អាចកើនឡើងដល់កម្រិតទឹកប្រាក់នោះ ប្រសិនបើស្ត្រី និងបុរស រួមចំណែកស្មើគ្នាក្នុងកិច្ចសហគ្រិនភាព។ ប៉ុន្តែ វិសមភាពយេនឌ័រ នៅក្នុងសង្គម និងនៅកន្លែងធ្វើការ បានកាត់បន្ថយឥទ្ធិពលរបស់ស្ត្រី ហើយជាលទ្ធផល គឺប៉ះពាល់ដល់ការចូលរួមចំណែកក្នុងសេដ្ឋកិច្ច។
លោកស្រី Elizabeth Gore ដែលមានឈ្មោះដំបូងគេក្នុងលិខិតនេះ និងជាសហគ្រិនមួយរូបនៃក្រុមហ៊ុនផលិតកុំព្យូទ័រម៉ាក Dell បាននិយាយថា៖ «ខ្ញុំតែងតែគិតអំពីការខ្វះចន្លោះក្នុងការផ្ដល់ជំនួយអាជីវកម្ម ប៉ុន្តែពិតជាមានចន្លោះមែនក្នុងដំណើរការទាំងមូល។ ស្ត្រីត្រូវការឥណទានបណ្ដោះអាសន្ន ឬ (Bridging Loan)។ ពួកគេមិនមែនត្រូវការការទូតទាត់ប្រាក់ក្នុងរយៈពេល ៩០ថ្ងៃនោះទេ គឺពួកគេត្រូវការទូទាត់ប្រាក់ក្នុងនាមជាអ្នកចុះអនុកិច្ចសន្យាក្នុងរយៈពេល៣០ថ្ងៃ។ ដូច្នេះ ទស្សនៈនៃការទទួលបានដើមទុន ពិតជាធំជាងអ្វីដែលខ្ញុំបានគិត»។
លិខិតនោះ ត្រូវបានផ្ញើកាលពីដើមខែនេះទៅកាន់ លោកស្រី Hillary Clinton និងប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump នៅមុនពេលអ្នកចុះហត្ថលេខាទាំងអស់ដឹងថាអ្នកណានឹងក្លាយជាប្រធានាធិបតីបន្ទាប់។ នៅក្នុងចំណោមអ្នកចុះហត្ថលេខាទាំង៨៥នាក់ មាន៦៣នាក់ជានាយិកា និង ស្ថាបនិកដែលរួមមាន អ្នកស្រី Lisa Price ម្ចាស់ក្រុមហ៊ុនផលិតផល Carol's Daughter អ្នកស្រី Melanie Whelanនៃ SoulCycle និង អ្នកស្រី Sarah Kauss នៃ S'well Bottle។
លោកស្រី Gore បាននិយាយថា៖ «យើងមិនឃើញមានការនិយាយច្រើនអំពីការបង្កើតការងារ អាជីវកម្មខ្នាតតូច និងសហគ្រិនភាព ដែលរឿងនេះជាធម្មតា គឺជាគ្រឹះធំជាងគេមួយរបស់អ្នកនយោបាយ ជាអ្នកនឹងបង្កើតការងារច្រើនបំផុត អ្នកពូកែខាងជំនួញអាជីវកម្ម។ ពួកយើងគិតថាមានឱកាសពិតប្រាកដមួយដើម្បីនិយាយថា តោះយើងធ្វើអ្វីម្យ៉ាងជំរុញឲ្យនិយាយរឿងសហគ្រិនភាពម្តងទៀត ឲ្យក្រឡេកមើលឲ្យមែនទែននូវសហគ្រិនភាពរបស់ស្រ្តីថាជាឱកាសដ៏ធំមួយ»។
យោងតាមរបាយការណ៍ចេញឆ្នាំ២០១០ របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា អាជីវកម្មគ្រប់គ្រងដោយស្រ្តី បានរួមចំណែក«យ៉ាងសំខាន់»នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិក។ របាយការណ៍នេះ បានរកឃើញថា នៅចន្លោះឆ្នាំ១៩៩៧ និង២០០៧ ចំនួនក្រុមហ៊ុនដែលប្រតិបត្តិការដោយស្រ្តី បានកើនឡើងយ៉ាងរហ័សទ្វេដងប្រមាណ ៤៤% ប្រៀបធៀបនឹងក្រុមហ៊ុនគ្រប់គ្រងដោយបុរស។ អាជីវកម្មទាំងនោះ ក៏បានបង្កើតការងារប្រមាណជា ៥០០.០០០ ការងារ។ សម្រាប់លោកស្រី Gore លទ្ធផលចុងក្រោយស្ថិតនៅភាពជោគជ័យ ឬបរាជ័យ។ លោកស្រីបន្ថែមថា «ប្រសិនបើស្ត្រីអាចទទួលបានដើមទុន ពួកគេធ្វើបានល្អជាងបុរសដែលជាអ្នកជំនួញដូចគ្នា។ ... នេះគឺជាភ្នាល់ផ្នែកអាជីវកម្ម មិនគ្រាន់តែកាលភ្នាល់លើរឿងសង្គមនោះទេ»។
មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការចេញពីគណៈបក្សនយោបាយណាមួយចំពោះលិខិតនេះឡើយ។ ប៉ុន្តែ លោកស្រី Gore នៅតែមានសុទិដ្ឋិនិយមថា «នៅខែកុម្ភៈ យើងនឹងទៅរដ្ឋធានី Washington, D.C.ជាមួយអ្នកដែលបានចុះហត្ថលេខាមួយចំនួន ដើម្បីទៅនិយាយជាមួយសមាជិកសភានៅវិមានសភា Capitol ដើម្បីពន្យល់ថាហេតុអ្វីអាជីវកម្មសំខាន់សម្រាប់សេដ្ឋកិច្ចអាមេរិក និងហេតុអ្វីត្រូវទុកភាពជោគជ័យរបស់សហគ្រិនស្រ្តីជាអាទិភាព»៕
ប្រែសម្រួលដោយ សើ សាយ្យាណា