ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Obama ជឿ​ថា លោក​អាច​យក​ឈ្នះ​ Trump បាន ប្រសិន​បើ​លោក​ឈរ​ឈ្មោះ​ម្ដង​ទៀត


ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ថ្លែង​អំណរគុណនៅ​ក្នុង​កម្មវិធី​មួយ​ទៅកាន់សមាជិក​បម្រើ​សង្គម​និង​ក្រុម​គ្រួសារ​របស់​ពួកគេនៅឯ Marine Corps កោះ​ហាវ៉ៃ ឆ្នេរ Kaneohe កាល​ពី​ថ្ងៃអាទិត្យ​ទី​២៥ ធ្នូ​ ២០១៦។ (AP Photo/Carolyn Kaster)
ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ថ្លែង​អំណរគុណនៅ​ក្នុង​កម្មវិធី​មួយ​ទៅកាន់សមាជិក​បម្រើ​សង្គម​និង​ក្រុម​គ្រួសារ​របស់​ពួកគេនៅឯ Marine Corps កោះ​ហាវ៉ៃ ឆ្នេរ Kaneohe កាល​ពី​ថ្ងៃអាទិត្យ​ទី​២៥ ធ្នូ​ ២០១៦។ (AP Photo/Carolyn Kaster)

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barack Obama និយាយ​ថា លោក​មាន​ជំនឿ​ទុក​ចិត្ត​លើ​ទស្សន​វិស័យ​របស់​លោក​ចំពោះ​ប្រទេស ហើយ​ប្រសិន​បើ​លោក «ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ម្ដង​ទៀត» លោក​ប្រាកដ​ជា​អាច​យក​ឈ្នះ​យក Donald Trump នៅ​ក្នុង​ការ​បោះ​ឆ្នោត​កន្លង​មក។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​នឹង​អតីត​ទីប្រឹក្សា​លោក David Axelrod ដែល​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ជឿជាក់​លើ​ទស្សន​វិស័យ​នេះ ដោយ​សារ​តែ​ខ្ញុំ​មាន​ការ​ជឿជាក់​ថា ប្រសិន​បើ​ខ្ញុំ​ឈរ​ឈ្មោះ​ម្ដង​ទៀត ហើយ​បង្ហាញ​អំពី​ទស្សន​វិស័យ​នេះ ខ្ញុំ​គិត​ថា ខ្ញុំ​អាច​ប្រមូល​ផ្ដុំ​ពលរដ្ឋ​អាមេរិកាំង​ជា​ច្រើន​ឲ្យ​គាំទ្រ​ទស្សន​វិស័យ​នេះ​បាន»។

ទោះ​បី​ជា​លោក​បាន​សរសើរ​លោកស្រី Hillary Clinton ដែល​ជា​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ ក៏​លោក​បាន​រិះគន់​យុទ្ធនាការ​របស់​លោកស្រី​ថា​ជា​យុទ្ធនាការ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ពេក។

លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​នឹង​ឈ្នះ អ្នក​ប្រាកដ​ជា​មាន​ទំនោរ​ថា​អ្នក​នឹង​ឈ្នះ​ជា​មិន​ខាន គឺ​ដូច​ទៅ​នឹង​កីឡា​អញ្ចឹង គឺ​ប្រហែល​ជា​លេង​ដោយ​ប្រយ័ត្ន​ប្រយែង​បន្ថែម​ជាង​មុន»។

លោក Obama បាន​បង្ហាញ​ការ​សរសើរ​ចំពោះ​លោកស្រី Clinton ដោយ​និយាយ​ថា៖ «លោកស្រី​បញ្ចេញ​សមត្ថភាព​បាន​ប្រសើរ​ណាស់​នៅ​ក្រោម​ស្ថានការណ៍​តឹងតែង​បំផុត»។ ប៉ុន្តែ លោក​ក៏​មិន​បាន​រាថយ​ក្នុង​ការ​រិះគន់​យុទ្ធនាការ​របស់​លោកស្រី Clinton ថា​មិន​បាន​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ជាង​នេះ។

លោក Obama ក៏​បាន​និយាយ​ការពារ​កេរ្ដិ៍​តំណែល​របស់​លោក​ផង​ដែរ ដោយ​និយាយ​ថា លោក Donald Trump ក្លាយ​ជា​ប្រធានាធិបតី​នា​អាណត្តិ​បន្ទាប់ មិន​មែន​មាន​ន័យ​ថា ទស្សន​វិស័យ​របស់​លោក​ចំពោះ​ប្រទេស​បាត់​បង់​នោះ​ទេ៕

XS
SM
MD
LG